ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេចក្តីសម្រេច​របស់​តុលាការ​អ៊ូហ្គង់ដា​លើ​រឿង​ក្តី​ម្តាយ​ស្លាប់​ពេល​សម្រាល​កូន​​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​


រូបភាពឯកសារ៖ គ្រូពេទ្យ​ម្នាក់​នៅ មជ្ឈមណ្ឌលថែរក្សា​សុខភាព ៥​ នៃ​Busiu ក្នុង​ស្រុក​Mbale ភាគខាងកើត​ប្រទេស​អូហ្គង់ដា កាលពីថ្ងៃ​ទី ២៧​ កញ្ញា ឆ្នាំ២០១១ ពិនិត្យ​មើលអ្នកនាង Mary Watera ដែលមានគ៌ភបុត្រទី១​របស់​នាង។
រូបភាពឯកសារ៖ គ្រូពេទ្យ​ម្នាក់​នៅ មជ្ឈមណ្ឌលថែរក្សា​សុខភាព ៥​ នៃ​Busiu ក្នុង​ស្រុក​Mbale ភាគខាងកើត​ប្រទេស​អូហ្គង់ដា កាលពីថ្ងៃ​ទី ២៧​ កញ្ញា ឆ្នាំ២០១១ ពិនិត្យ​មើលអ្នកនាង Mary Watera ដែលមានគ៌ភបុត្រទី១​របស់​នាង។

ករណី​ឡើង​ដល់​តុលាការ​មួយ​នៅ​ក្នុង​ប្រទេស​អ៊ូហ្គង់ដា​អំពី​ស្រ្តី​ពីរ​រូប​ដែល​បាន​ស្លាប់​អំឡុង​ពេល​សម្រាល​កូន​នៅ​ក្នុង​មន្ទីរ​ពេទ្យ​រដ្ឋ​ អាច​មាន​ផល​ប៉ះ​ពាល់​ផ្នែក​ផ្លូវច្បាប់​ជាច្រើន​។​ សេចក្តី​សម្រេច​របស់​តុលាការ​កំពូលមួយ​​បាន​បើក​ចំហ​ឲ្យ​មាន​ការ​ពាក្យ​បណ្តឹង​ក្នុង​ករណី​ណា​ ដែល​រដ្ឋាភិបាល​មិន​អាច​ផ្តល់​សេវា​ថែ​ទាំ​សុខភាព​បាន​ត្រឹមត្រូវ​។

ស្រ្តី​ពីរ​រូប​បាន​ស្លាប់​អំឡុង​ពេល​សម្រាល​កូន​ក្នុង​មន្ទីរ​ពេទ្យ​រដ្ឋកាល​ពី​ឆ្នាំ​២០០៩​ និង​២០១០ បន្ទាប់​ពី​បុគ្គលិក​វេជ្ជសាស្រ្ត​មិន​ព្រម​ព្យាបាល​ពួក​គេ​ដោយសារតែ​ពួកគេ​មិន​អាច​បង់​សំណូក។​ សេវា​ថែ​ទាំ​ផ្នែក​សម្រាល​កូន​ គឺ​មិន​ត្រូវ​យក​កម្រៃទេ​នៅ​ប្រទេស​អ៊ូហ្គង់ដា។​

យោងតាម​លោក​David Kabanda មេធាវី​តំណា​ងគ្រួសារ​របស់​ស្រ្តី​ទាំង​ពីរ​រូប​នោះ​ថា​ រដ្ឋាភិបាល​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះការស្លាប់​របស់​ពួកគេ​។​

លោក​បាន​មាន​ប្រសាសន៍​ថា​ «អ្នកណា​ដែល​ត្រូវ​សង់​មន្ទីរពេទ្យ? គឺ​រដ្ឋាភិបាល។​ អ្នកណា​ត្រូវ​ជួយ​ផ្តល់​ឲ្យ​មន្ទីរ​ពេទ្យ​នូវ​អ្នក​ជំនាញ​គ្រប់គ្រាន់? ឧបករណ៏​ប្រើប្រាស់​ផ្នែក​សុខភាព​គ្រប់​គ្រាន់​ និង​របស់​របរ​ផ្សេងៗ​ទៀត? គឺ​រដ្ឋាភិបាល»។

តុលាការ​ធម្មនុញ្ញ​បដិសេធ​បណ្តឹង​ដំបូង​របស់​ក្រុម​គ្រួសារ​នោះ​ ដែល​បាន​ដាក់​ឡើង​នៅ​ឆ្នាំ​២០១១។​ ចៅក្រម​ជាច្រើន​បាន​និយាយ​ថា​ ពួក​គេ​គ្មាន​សិទ្ធ​អំណាច​លើ​បញ្ហា​ដូច​ជា ​ការ​បែង​ចែក​កញ្ចប់​ថវិកា​សម្រាប់មន្ទីរពេទ្យ​ ដែល​ស្ថិត​នៅ​ក្រោម​អំណាចនីតិ​ប្រតិបត្តិ​នោះ​ទេ។​

ប៉ុន្តែ​តុលាការ​កំពូល​អ៊ូហ្គង់ដា​បាន​ច្រាន​ចោល​ការសម្រេច​របស់​តុលាការ​ធម្មនុញ្ញ​កាល​ពី​ខែ​វិច្ឆិកា​ ហើយ​បាន​បញ្ជា​ឲ្យ​តុលាការ​ថ្នាក់ក្រោម​ទទួល​រឿងក្តី​នោះ។​

លោក​ Peter Walumbiri អ្នកជំនាញ​រដ្ឋធម្មនុញ្ញ​ម្នាក់​និយាយ​ថា​ ការ​សម្រេច​ដូច​នេះ​របស់​តុលាការកំពូល​ជា​ការ​សម្រេចមួយ​ដ៏​សំខាន់។​

«ការសម្រេច​នោះ​បាន​បើក​ចំហឲ្យ​មាន​ការប្តឹង​ផ្តល់នៅ​ផ្នែក​នេះ ដើម្បី​ឲ្យ​តុលាការ​ពិនិត្យ​ពិច័្ចយ​លើ​គោល​នយោបាយ​ សកម្មភាព​ ការលុប​បំបាត់​ផ្សេងៗ​ របស់រដ្ឋាភិបាល។ វា​មាន​ផលប៉ះពាល់ជំពាក់ជំពិនវែងឆ្ងាយ​ ប្រសិនបើ​សាធារណជន​ក្នុង​ប្រទេស​អ៊ូហ្គង់ដា​ ទាញ​ផល​ប្រយោជន៏​ពី​ការសម្រេច​ចិត្ត​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​មួយ​នេះ»។

អ្នក​ជំនាញ​មិន​បាន​រំពឹង​ថា ​តុលាការ​នឹង​ទទួល​បាន​ពាក្យ​បណ្តឹង​ច្រើន​ក្នុង​ពេល​ឆាប់​ៗ​នេះ​ទេ​ ប៉ុន្តែលោកស្រី Salima Namusobya ​នៃ​អង្គការ​ផ្តួចផ្តើម​សិទ្ធិ​សង្គម​និង​សេដ្ឋកិច្ច​ និយាយ​ថា​ ពួកគេ​កំពុង​រៀប​ចំ​ករណី​ជា​ច្រើន​ដែល​អាច​ទាញ​យក​ផលប្រយោជន៍​ពី​ករណី​គំរូ​មួយ​នេះ។​

«នៅ​ក្នុង​អង្គការ​របស់​ខ្ញុំ​ មាន​ករណី​ស្រដៀង​នេះ​ជា​ច្រើន​ ឧទាហរណ៍​ បញ្ហា​កញ្ចប់​ថវិកា​សម្រាប់​ការអប់រំ​ ប៉ុន្តែ​ក៏​មាន​ករណី​ដែល​ទាក់ទង​នឹង​ការ​ខកខាន​ក្នុង​ការផ្តល់​សេវាអប់រំ​ដល់​ក្រុម​ប្រជាជន​ជាក់លាក់​មួយ​ចំនួន។​ ដូច្នេះ​ មាន​កន្លែង​មួយ​ចំនួន​ដែល​មិន​មាន​សាលា​រដ្ឋ​ ហើយ​អ្នក​នឹង​ប្រកែក​អំពី​បញ្ហា​សមភាព​ និង​ការ​មិន​រើសអើង​ ពីព្រោះ​កន្លែង​ទាំង​នោះ​គួរ​តែ​ទទួល​បាន​ផល​ប្រយោជន៍​ស្មើៗ​គ្នា​ពីធនធាន​សាធារណៈ​ដូចជា​កន្លែង​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​អ៊ូហ្គង់ដា»។

Kabanda និយាយ​ថា ​ករណី​ស្រ្តី​ពីរ​រូប​ដែល​បាន​ស្លាប់​នោះ​កំពុង​តែ​ជះ​ឥទ្ធិពល​រួច​ទៅ​ហើយ។​

«ចាប់​តាំងពី​ពេល​យើងដាក់​ពាក្យ​បណ្តឹង​ យើង​បាន​ឃើញ​ថា​មាន​ការ​ផ្លាស់ប្តូរ​ជាច្រើន​ពី​រដ្ឋាភិបាល។​ យើង​បាន​ឃើញពួកគេ​ធ្វើការត្រួត​ពិនិត្យ​លើ​ការ​ស្លាប់​របស់​ម្តាយ​ពេល​សម្រាល​កូន។​ យើងបាន​ឃើញ​ពួកគេ​បង្កើន​ចំនួន​បុគ្គលិក​ផ្នែក​សុខាភិបាល​ជាច្រើន។​ ថ្មី​ៗ​នេះ​ យើង​ថែម​ទាំង​បាន​ប្តឹង​អាជ្ញាធរ​តំបន់​មួយ​ដែល​មិន​បាន​ត្រួត​ពិនិត្យ​បុគ្គលិក​ផ្នែក​សុខាភិបាល​របស់​ខ្លួន​ ដែល​ធ្វើ​ឲ្យ​មាន​ការស្លាប់​ ហើយ​ពួក​គេ​ត្រូវ​បាន​ថ្កោលទោស​លើ​ការខាតបង់​នានា​។​ ហើយ​ពួកគេ​ក៏​ត្រូវ​បាន​ថ្កោលទោស​បង់​សំណងខូចខាត​នានា​ផង​ដែរ​»។​

តុលាការ​ធម្មនុញ្ញ​របស់​អ៊ូហ្គង់ដា​ ត្រូវ​បាន​រំពឹង​ថា​ នឹង​ទទួល​កាត់ក្តី​ករណី​ស្រី្ត​ដែល​បាន​ស្លាប់​ នៅ​ដើម​ឆ្នាំ​នេះ៕

ប្រែសម្រួល​ដោយ ទុំ ម្លិះ

XS
SM
MD
LG