នៅថ្ងៃអាទិត្យ ទី២៦ ខែមីនានេះ នៅក្នុងទីក្រុងហុងកុង គណៈកម្មាធិការរៀបចំការបោះឆ្នោតមួយដែលបានសមាជិក១២០០នាក់ ភាគច្រើនជាអ្នកស្មោះត្រង់នឹងរដ្ឋាភិបាលក្រុងប៉េកាំង នឹងជ្រើសរើសប្រធានប្រតិបត្តិរបស់ទីក្រុងនោះសម្រាប់រយៈពេល៥ឆ្នាំ។
ការប្រកួតប្រជែងនេះបានត្រូវគេមើលឃើញថាជាការប្រកួតប្រជែងរវាងលោកស្រី Carrie Lam បេក្ខជនលម្អៀតទៅរដ្ឋាភិបាលចិន ហើយនិងលោក John Tsang ជាបេក្ខជនមានប្រជាប្រិយភាពយ៉ាងខ្លាំង។
ហើយខណៈដែលមនុស្សភាគច្រើនជឿជាក់ថា លោក Lam ប្រាកដជាបានទទួលការធានាដើម្បីទទួលបានជ័យជម្នះដោយមានការគាំទ្រពីរដ្ឋាភិបាលក្រុងប៉េកាំងនោះ សំណួរនៅតែមានអំពីថាតើគណៈកម្មាធិការរៀបចំការបោះឆ្នោតនឹងត្រូវធ្វើការបែងចែកសន្លឹកឆ្នោតនោះយ៉ាងដូចម្តេចហើយថាលទ្ធផលនៃការបោះឆ្នោតនោះនឹងមានផលប៉ះពាល់ដូចម្តេចដល់ការអំពាវនាវឲ្យមានការធ្វើទម្រង់ខាងនយោបាយនោះ។
រយៈពេល២០ឆ្នាំហើយចាប់តាំងពីចក្រភពអង់គ្លេសបានប្រគល់ទីក្រុងហុងកុងទៅឲ្យប្រទេសចិនមក ហើយអតីតអាណានិគមនេះនៅតែមានភាពចម្រុះរស់រវើកតាមបែបលោកខាងកើតនិងលោកខាងលិច។
រថយន្តរត់លើផ្លូវដែកនិងរថយន្តក្រុង២ជាន់បានបើកទៅវិញទៅមកតាមផ្លូវតូចចង្អៀតដែលនៅទីនោះជិតកន្លែងលក់គ្រឿងសមុទ្រស្ងួតដែលមានក្លិនយ៉ាងខ្លាំងនៅក្នុងខ្យល់។ ការប្រណាំងសេះដែលនៅមានតាំងពីអតីតសម័យអាណានិគមនៅមានប្រជាប្រិយភាពនៅឡើយ។
ក៏ប៉ុន្តែ ការបោះឆ្នោតជ្រើសរើសដំណែងប្រធានប្រតិបត្តិក្រុងហុងកុង ជាការប្រកួតប្រជែងមួយដែលមនុស្សជាច្រើនសង្ឃឹមថា នឹងធ្វើឲ្យមានការប្រែប្រួល។
នៅឆ្នាំ២០១៧នេះ កាលពីដំបូងជាឆ្នាំដែលក្រុងហុងកុង អាចត្រូវបានគេអនុញ្ញាតឲ្យបោះឆ្នោតដោយផ្ទាល់ដើម្បីជ្រើសរើសមេដឹកនាំកំពូលរបស់ខ្លួន។ តែផ្ទុយទៅវិញ កណ្ដាប់ដៃខាងនយោបាយរបស់ចិនបានរឹតបន្តឹង ហើយពលរដ្ឋបានផ្តាច់ការទាក់ទងកាន់តែខ្លាំងឡើងជាមួយមេដឹកនាំកុម្មុយនិស្តរបស់ក្រុងនោះនៅក្នុងទីក្រុងប៉េកាំង។
ជាពិសេស មនុស្សក្មេងៗមានការរកាំចិត្តជាមួយការជាប់គាំងការធ្វើកំណែទម្រង់ខាងនយោបាយ។
អ្នកស្រី Triang Kong ជាអ្នកបង្ហាត់រាំបាននិយាយថា៖ «ខ្ញុំមិនមានសិទ្ធិបោះឆ្នោតទេ ហើយខ្ញុំមិនអាចធ្វើអ្វីបានទាំងអស់»។
លោក Michael Wong ជាវិចិត្រករបាននិយាយថា៖«មនុស្សដូចជាយើង ពលរដ្ឋដូចជាយើង មិនមានសិទ្ធិដើម្បីនិយាយទេ។ ទោះបីយើងនិយាយក៏ដោយ វាមិនមានការផ្លាស់ប្តូរច្រើនទេ»។
អ្វីដែលសាធារណជនចង់បានសម្រាប់យុវជននិងមនុស្សចាស់មិនច្រើនទេគឺ៖ នីតិរដ្ឋ សេដ្ឋកិច្ចរុងរឿងនិងមនុស្សម្នាក់សន្លឹកឆ្នោតមួយសន្លឹកដើម្បីជ្រើសរើសមេដឹកនាំកំពូលរបស់ខ្លួនដែលពួកគេសង្ឃឹមថា នឹងគិតគូរដល់ផលប្រយោជន៍របស់អ្នកក្រុងចំនួន៧លាននាក់របស់ទីក្រុងនោះ។
ការបរាជ័យរបស់លោក C.Y. Leung ប្រធានប្រតិបត្តិនៅពេលបច្ចុប្បន្ននេះរបស់ទីក្រុង បានបណ្តាលឲ្យមានបាតុកម្មដ៏ធំមួយដែលមានរយៈពេលរាប់ខែហៅថា Occupy Central ឬចលនាឆ័ត្រ ដែលបានតវ៉ាប្រឆាំងការសម្រេចរបស់ចិននៅឆ្នាំ២០១៤ដើម្បីពិនិត្យបេក្ខជននាយកប្រតិបត្តិរបស់ទីក្រុងនោះនៅក្នុងការបោះឆ្នោតដោយផ្ទាល់ដែលបានស្នើរឡើង។
ការបាត់ខ្លួនម្ចាស់ហាងលក់សៀវភៅនៅចុងឆ្នាំ២០១៥ បានធ្វើឲ្យមានការភ័យខ្លាចរួចទៅហើយថា «ប្រទេសមួយ ប្រព័ន្ធ២ ដែលបានបង្កើតឡើងដោយចិន ក្លាយទៅជា«ប្រទេមួយ ប្រព័ន្ធមួយ»។
ដោយបដិសេធការចូលរួមខាងនយោបាយ ពួកសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យនិយាយថា ពួកគេមិនភ័យខ្លាចដើម្បីបង្ហាញនូវការបំពានម្តងទៀតទេ បើរដ្ឋាភិបាលក្រុងប៉េកាំងបន្តមិនអើពើដល់សំឡេងពិតរបស់ទីក្រុងហុងកុងនោះ។
លោកស្រី Yvonne Leung អតីតមេដឹកនាំនិសិ្សតបាននិយាយថា៖ « រដ្ឋាភិបាលចិនកំពុងព្យាយាមយ៉ាងខ្លាំងដើម្បីប្រយុទ្ធប្រឆាំងចលនាប្រជាធិបតេយ្យ។ ក៏ប៉ុន្តែ ខ្ញុំជឿជាក់ថា ការណ៍នេះមានសារៈបំផុតសម្រាប់ប្រជាពលរដ្ឋទីក្រុងហុងកុងដើម្បីលើកតម្លើងតម្លៃដ៏សំខាន់របស់ពួកគេ ពីព្រោះតែភាពគគ្លើនកាន់តែខ្លាំងរបស់រដ្ឋាភិបាលក្រុងប៉េកាំង ពលរដ្ឋកាន់តែច្រើនឡើងនឹងរងផលប៉ះពាល់»។
នៅពេលឥឡូវនេះ ចិនប្រហែលជានឹងអាចធ្វើទៅតាមអ្វីដែលពួកគេចង់ធ្វើ។ ពួកអ្នកសង្កេតការនិយាយថា លោកស្រី Carrie Lam ដែលជាបេក្ខជនដែលជ្រើសរើសដោយផ្ទាល់ដោយរដ្ឋាភិបាលក្រុងប៉េកាំង ត្រូវគេរំពឹងនឹងទទួលបានសន្លឹកឆ្នោតយ៉ាងច្រើនជាងលោក John Tsang ដែលជាគូប្រកួតប្រជែងដែលពួកអ្នកគាំទ្រប្រជាធិបតេយ្យមានសំឡេងឆ្នោតតែ១ភាគ៤តែប៉ុណ្ណោះ។
ក៏ប៉ុន្តែ ការបោះឆ្នោតនេះមិនទំនងជាសញ្ញានៃការបញ្ចប់ភាពចលាចលខាងនយោ បាយទេ។
លោក Dixon Sing ជាអ្នកវិភាគខាងនយោបាយបាននិយាយថា៖ «ការបែកបាក់នឹងបន្តមានឡើង ក៏ប៉ុន្តែបន្ទាប់មក វាក៏ជាបញ្ហានៃការធ្វើការសម្របសម្រួលរួមមានការ គោរពមតិសាធារណៈនៅពេលបច្ចុប្បន្ននេះ»។
គេនៅមិនទាន់ដឹងទេថាតើមេដឹកនាំថ្មីរបស់ទីក្រុងហុងកុងឬរដ្ឋាភិបាលក្រុងប៉េកាំងនឹងស្តាប់ការទាមទារចង់បានរបស់ពលរដ្ឋក្រុងហុងកុងឬទេនោះ។
ប្រែសម្រួលដោយជឹង ប៉ូជីន