សហរដ្ឋ​អាមេរិក​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ចារកម្ម​លើ​កូរ៉េ​ខាងត្បូង​មុន​ជំនួប​មេដឹកនាំ​ទាំងពីរ

រូបឯកសារ៖ បុគ្គលិក​ម្នាក់​បើក​តង់​ដែល​គ្រប​រថពាសដែក Thunder K9 របស់​កូរ៉េខាងត្បូង​នៅ​កំពង់ផែ​កងទ័ព​ជើងទឹក​ប៉ូឡូញ​នៃ​ទីក្រុង Gdynia ប្រទេស​ប៉ូឡូញ កាលពី​ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២។

រដ្ឋាភិបាល​កូរ៉េខាង​ត្បូងកំពុង​ព្យាយាម​ទប់​ការ​ប៉ះពាល់ផ្នែកការទូត​និង​នយោបាយ​ បន្ទាប់​ពីប្រព័ន្ធ​ផ្សព្វផ្សាយ​សហរដ្ឋ​អាមេរិក​មួយ​ចំនួនបាន​រាយការណ៍​ថា​ អាមេរិកដែល​ជា​សម្ព័ន្ធ​មិត្ត​ដ៏​យូរអង្វែង​របស់​ខ្លួន​នោះ​ បានឈ្លបយកការណ៍​លើ​មន្ត្រីសន្តិសុខ​ជាន់ខ្ពស់​កូរ៉េ​ខាង​ត្បូង​ជា​ច្រើន​នាក់។​ ​

ការ​ចោទ​ប្រកាន់​នេះ​កើត​មាន​ឡើង​កាលពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ បន្ទាប់​ពី​កាសែត ​The New York Times ​របស់​អាមេរិក​ បាន​ចេញ​ផ្សាយពី​ការ​បែក​ធ្លាយ​នៃ​លិខិត​ផ្ទៃក្នុង​មួយ​ច្បាប់​របស់​អាមេរិក​ ​ដែល​បាន​ពណ៌នា​ពី​ការ​ពិភាក្សាគ្នា​ ជា​មួយ​នឹង​ការិយាល័យ​ប្រធានាធិបតីកូរ៉េខាង​ត្បូង​ ​ថា​តើគួរ​ត្រូវ​ផ្តល់​អាវុធ​ទៅ​ឱ្យប្រទេសអ៊ុយក្រែន ​ឬ​យ៉ាង​ណា។

លិខិត​ផ្ទៃក្នុង​នេះ ជា​ផ្នែក​មួយនៃ​ឯកសារ​ស៊ើបការណ៍​យោធា​សម្ងាត់របស់​សហរដ្ឋ​អាមេរិក ដែល​បានលេច​ធ្លាយ​ដោយអាថ៍កំបាំង​នៅ​លើ​បណ្តាញ​សង្គម​ ដែល​បង្កើត​ឱ្យ​មាន​បញ្ហា​ឈឺក្បាលនិងប៉ះពាល់ដល់សន្តិសុខ​ជាតិ​ផង​ដែរ សម្រាប់​រដ្ឋាភិបាលក្រុង​វ៉ាស៊ីនតោន និង​សម្ព័ន្ធ​មិត្ត​ជា​ច្រើន​របស់អាមេរិក។​ ​

បើ​ទោះ​បី​ជា​របាយការណ៍​ចារកម្មរបស់​កូរ៉េខាង​ត្បូង​ដែល​ផ្តោត​លើ​រឿង​នេះ​ បាន​បង្ហាញ​តិចតួច ដល់​ព័ត៌មានដែលធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល ឬ​ធ្វើ​ឱ្យ​មាន​ការ​ខូចខាត​នោះ​ ក៏​វា​បាន​បង្ហាញយ៉ាង​ហោច​ណាស់​ក៏​ផ្នែក​ខ្លះ​ដែរ​ ទៅ​លើ​អ្វី​ដែល​គេ​ហៅ​ថា​ ជា​«​សញ្ញា​ចារកម្ម»ដែល​ថា​ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ កំពុង​ធ្វើ​ចារកម្ម​ទៅ​លើសម្ព័ន្ធ​មិត្តដ៏​សំខាន់​មួយ​របស់​ខ្លួន។ ​

ស្ថានភាព​នេះ​ហាក់​ដូច​ជា​កំពុង​ដើរ​បញ្ច្រាស​គ្នា​ ទៅ​នឹង​គោលជំហរ​របស់​ប្រធានាធិបតី​កូរ៉េខាង​ត្បូង​ លោក Yoon Suk Yeol ដែល​បាន​ព្យាយាមដាក់​ប្រទេស​របស់​លោក​ឱ្យកាន់​តែ​ជិតស្និទ្ធ​ថែម​ទៀត​ ជាមួយ​សហរដ្ឋ​អាមេរិក ហើយ​កំពុង​ត្រៀម​រៀប​ចំ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ដ៏​កម្រ​មួយ​ ទៅ​កាន់​សេតវិមាននៅ​ក្នុង​ខែ​មេសា​នេះ​ផង​ដែរ។

កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ គណបក្ស​ប្រជាធិបតេយ្យ ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំមួយរបស់​កូរ៉េខាង​ត្បូង​បាន​ថ្កោល​ទោស​លើ​ឧប្បត្តិហេតុ​ថាជា​ «​ជា​ការ​រំលោភ​ដ៏​ច្បាស់លាស់មួយ»ទៅ​លើ​បូរណភាពរបស់​កូរ៉េខាង​ត្បូង និង​បាន​ចោទ​ប្រកាន់​លោកប្រធានាធិបតី​លោក​ Yoon ថា​ បានមើល​រំលង​ទៅ​លើ​បញ្ហា​គោលនយោបាយ​សន្តិសុខ​ដ៏​ធូររលុងរបស់ប្រទេស​នេះ។​

ខុទ្ទកាល័យ​ប្រធានាធិបតី​កូរ៉េខាង​ត្បូង​ បាន​ធ្វើ​ប្រតិកម្ម​តបតវិញ​ទៅ​លើ​ការ​រិះគន់​នោះ ដោយ​ចោទ​គណបក្សប្រឆាំង​ថា​ បាន​ធ្វើ​ឱ្យ​ខូចខាត​ដល់​សម្ព័ន្ធភាព​រវាង​កូរ៉េខាងត្បូង​និង​សហរដ្ឋ​អាមេរិក​ និង​បាន​ធ្វើឱ្យប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ​ផង​ដែរ៕