ក្រសួង​កសិកម្ម​ប្រតិកម្ម​នឹង​សារព័ត៌មាន VOD ថា មាន​របៀប​វារៈ​នយោបាយ​និង​រាយការណ៍​បំភ្លៃ​ការណ៍​ពិត

រូប​ឯកសារ៖ លោក ​ឌិត ទីណា ​​រដ្ឋ​មន្ត្រី​ថ្មី​នៃ​​​ក្រសួង​​កសិ​កម្ម​ ញញឹម​ទៅ​កាន់​រដ្ឋ​មន្ត្រី​​​ក្រសួង​ផ្សេង​ទៀត​ដែល​បាន​ចូល​រួម​ពិធី​ផ្ទេរ​តំណែង​ដល់​រូប​លោក​​​​នៅ​​ទីស្តី​ការ​ក្រសួង​កសិ​កម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​នៅថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០២២​។ (លាស់ លីបលីប/វីអូអេ)

ក្រសួង​កសិកម្ម​បាន​ប្រតិកម្ម​ទៅ​នឹង​អត្ថបទ​ជា​ភាសា​អង់គ្លេស​ចំនួន​បី​របស់​ស្ថាប័ន​ព័ត៌មាន​វីអូឌី​ (VOD)​ ដោយ​លើក​ឡើង​ថា​ ស្ថាប័ន​មួយ​នេះ​ចុះ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ម្តង​ហើយ​ម្តង​ទៀត។​ នេះ​បើ​យោង​តាម​លិខិត​ជា​ភាសា​អង់គ្លេស​របស់​ក្រសួង​កសិកម្ម​ទៅ​កាន់​ស្ថាប័ន​វីអូឌី ​ចុះ​ថ្ងៃទី​៣០​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២។​

អត្ថបទ​ចំនួន​បី​របស់​ VOD English ​ដែល​បាន​ចុះ​ផ្សាយ ​កាល​ថ្ងៃទី​១៧​ ដល់​២៤​ ខែ​វិច្ឆិកា ​ឆ្នាំ​២០២២​ រួមមាន​ក្រសួង​កសិកម្ម​ព្រមាន​កសិករ​ឲ្យ​ឈប់​រិះគន់​តាម​ប្រព័ន្ធ​អនឡាញ ​និង​ពាក់ព័ន្ធ​នឹង​តម្លៃ​ស្រូវ​ចុះ​ថ្លៃ​ជា​ដើម។​

ក្រសួង​កសិកម្ម​បាន​ចោទ​ប្រកាន់​សារ​ព័ត៌មាន​វីអូឌី​ថា​ កង្វះ​វិជ្ជាជីវៈ​ និង​ក្រម​សីលធម៌​ ហើយ​អ្នក​ព័ត៌មាន​ដែល​ជាជន​ជាតិ​ខ្មែរ​មិន​បាន​យល់​អត្ថន័យ​ឱ្យ​បាន​ស៊ី​ជម្រៅ​នៃ​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​កសិកម្ម​ជា​ភាសាខ្មែរ។​

លិខិត​ដដែល​បញ្ជាក់​ថា៖​ «ការណ៍​ពិត​គឺ​ថា​អ្នក​កែ​សម្រួល​អត្ថបទ​របស់​វីអូឌី​បាន​អនុញ្ញាត​ឱ្យ​កើត​មាន​ការ​បក​ប្រែ​ខុស​តាំង​ពី​ដំបូង​ ដែល​បង្ហាញ​ពី​ការ​គ្មាន​វិជ្ជាជីវៈ​ ហើយ​ប្រហែល​ជា​មាន​បំណង​ព្យាបាទ​ និង​ជា​សេចក្តី​រាយ​ការណ៍​ដោយ​មាន​និន្នាការ​នយោ​បាយ​លម្អៀង​ប្រឆាំង​នឹង​ក្រសួង​កសិកម្ម»។​

អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​និង​នេសាទ ​កញ្ញា ​អ៊ឹម រចនា ​ប្រាប់​វីអូអេ​បន្ថែម​ពី​លើ​សេចក្តី​ថ្លែង​ការណ៍​ថា៖ ​«ករណី​វីអូឌី​នេះ ​ការណ៍​ពិត​ទៅ​ដោយ​សារ​ថា​គាត់​ ​misinterpret (បក​ប្រែ​ខុស)​ច្រើន​ដង​ពេក។ ​ អ៊ីចឹង​ហើយ​បាន​ក្រសួង​ចាំបាច់​បំភ្លឺ​ជូនវិញ។ ​យើង​អត់​ចង់​បាន​អី​ក្រៅ​តែ​ពី​ការ​រាយ​ការណ៍​ត្រឹម​ត្រូវ​ ស្រប​តាម​ខ្លឹមសារ​ដែល​យើង​បាន​ចេញ​ផ្សាយ​តែ​ប៉ុណ្ណឹង​ឯង»។​

លោក ​អ៊ិត សុធឿត ​នាយក​ស្ដីទី​នៃ​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ ហៅ​កាត់​ថា ​CCIM ​ដែល​គ្រប់​គ្រង​សារ​ព័ត៌មាន​វីអូឌី ​ប្រាប់​វីអូអេ​ថា​ វីអូឌី​តែង​តែ​គោរព​ទៅ​តាម​វិជ្ជាជីវៈ​និង​ក្រម​សីល​ធម៌ ​និង​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ថា​ វីអូឌី​មាន​របៀប​វារៈ​នយោបាយ ​ឬ​ក៏​និន្នាការ​នយោបាយ​ទៅ​ខាង​ក្រុម​ណា​មួយ។​

លោក​ថ្លែង​ថា៖ ​«ក៏​ប៉ុន្តែ​សម្រាប់​ក្រសួង​គាត់​យល់​ឃើញ​បែប​ណា​ អាហ្នឹង​គឺ​ជា​សេរី​ភាព​របស់​គាត់ ​ហើយ​គាត់​បាន​ប្រើ​ប្រាស់​នូវ​យន្តការ​របស់​គាត់​ តាម​រយៈ​ការ​ចេញ​លិខិត​ ហើយ​សម្រាប់​ខាង​យើង យើង​ក៏​បាន​ចេញ​ជា​អត្ថបទ​បន្ថែម​ បង្ហាញ​ពី​អ្វី​ជា​ការ​យល់​ឃើញ​របស់​ក្រសួង​ដែរ»។​

នាយក​ប្រតិបត្តិ​នៃ​សមាគម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា ​លោក ​ណុប វី​ ប្រាប់​វីអូអេ​ថា ​ស្ថាប័ន​សារ​ព័ត៌មាន​វីអូឌី​គួរ​តែ​មាន​សិទ្ធិ​សេរី​ភាព​ពេញ​លេញ​នៅ​ក្នុង​ការ​រាយ​ការណ៍​នូវ​អ្វី​ដែល​ពួក​គេ​ចង់​រាយ​ការណ៍​ និង​ថា ​ក្រសួង​កសិកម្ម​ក៏​មាន​សិទ្ធិ​កែ​តម្រូវ ​តាម​រយៈ​ការ​ចេញ​លិខិត​របស់​ខ្លួន។​ លោក​បន្ត​ថា​ ការ​អះអាង​ថា​ សារ​ព័ត៌មាន​មាន​របៀប​វារៈ​នយោ​បាយ​ មិន​មែន​ជា​ការ​ស្ថាបនា ​និង​មិន​អាច​នាំ​ភាព​រីក​ចម្រើន​ទៅ​មុខ​ឡើយ។​

លោក​ថ្លែង​ថា៖​ «នៅ​ក្នុង​ស្ថាន​ភាព​សង្គម​ប្រជា​ធិបតេយ្យ ​សង្គម​យើង​ គឺ​គួរ​តែ​មាន​ការ​បើក​ចិត្ត​ទូលាយ​ ហើយ​យើង​គួរ​តែ​មាន​ភាព​ចាស់​ទុំ​នៅ​ក្នុង​ការ​ឆ្លើយ​តប​ នៅ​ក្នុង​ការ​ប្រតិកម្ម​ ហើយ​យើង​មាន​ច្បាប់​ទៅ​ទៀត។​ យើង​មាន​ច្បាប់​ស្តីពី​របប​សារ​ព័ត៌មាន។​ បើ​សិន​ជា​យើង​យល់​ឃើញ​ថា​ ចំណុច​ណា​មួយ​ដែល​មាន​ភាព​ខ្វះ​ចន្លោះ​ មាន​ការ​មិន​ទាន់​ពេញ​លេញ ខ្ញុំ​គិត​ថា​ អាច​នឹង​ដាក់​លិខិត ​ឬ​ក៏​យើង​អាច​នឹង​ពន្យល់​ឆ្លើយ​តប​ទៅ​អ្នក​សារ​ព័ត៌មាន​បាន​វិញ​ទេ»។​

គួរ​បញ្ជាក់​ថា​ មួយ​រយៈ​ចុង​ក្រោយ ​នៅ​ពេល​ដែល​មាន​រដ្ឋមន្រ្តី​ថ្មី​ដឹក​នាំ ​ក្រសួង​កសិកម្ម​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​បណ្តាញ​សារ​ព័ត៌មាន​ និង​រង​ការ​រិះគន់​ជា​បន្ត​បន្ទាប់​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ផង​ដែរ។ រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម ​លោក ​ឌិត ទីណា ​ដែល​ជា​កូន​ប្រុស​របស់​ប្រធាន​តុលាការ​កំពូល ​ក៏​រង​ការ​រិះគន់​ចំពោះ​ការ​ថ្លែង​របស់​លោក​ពាក់ព័ន្ធ​នឹង​ការ​ណែនាំ​ឲ្យ​កសិករ​មើល​ទីផ្សារ​ មុន​នឹង​ដាំ​ដុះ​ដំណាំ៕