ការស៊ើបអង្កេតរបស់រដ្ឋអាជ្ញាពិសេសលោក Robert Mueller មិនបានរកឃើញភស្តុតាងណាមួយដែលបញ្ជាក់ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ និងយុទ្ធនាការរបស់លោក ឬអ្នកពាក់ព័ន្ធនឹងរូបលោក បានសមគំនិត ឬសហការជាមួយប្រទេសរុស្ស៊ី ដើម្បីជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០១៦នោះឡើយ។ នេះបើយោងតាមសេចក្ដីសង្ខេបមួយ ដែលបានចេញកាលពីថ្ងៃអាទិត្យដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកគឺលោក William Barr ។
ប៉ុន្តែ លោក Barr មានប្រសាសន៍ថា របាយការណ៍របស់លោក Mueller ក៏មិនបានឱ្យលោកប្រធានាធិបតី រួចផុតពីការចោទប្រកាន់ដែរ។
បើយោងតាមលោក Barr លោក Mueller បានសរសេរនៅក្នុងរបាយការណ៍របស់លោកថា «ខណៈដែលរបាយការណ៍នេះ មិនបានសន្និដ្ឋានថាលោកប្រធានាធិបតី បានប្រព្រឹត្តឧក្រិដ្ឋកម្មណាមួយនោះ វាក៏មិនបានធ្វើឱ្យលោកប្រធានាធិបតី រួចផុតពីការចោទប្រកាន់ដែរ»។
លោក Barr បានប្រគល់ជូនសភានូវសេចក្ដីសង្ខេបនិងការសន្និដ្ឋានសំខាន់ៗរបស់លោក ចេញពីរបាយការណ៍របស់លោក Mueller ដែលគេទន្ទឹងរង់ចាំយ៉ាងយូរមកហើយនោះ។
លោក Muller បានចំណាយពេលអស់២២ខែ ដើម្បីស៊ើបអង្កេតទៅលើការជ្រៀតជ្រែករបស់ប្រទេសរុស្ស៊ីក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦ និងពិនិត្យមើលថាតើលោកប្រធានាធិបតី ដូណាល់ ត្រាំ បានព្យាយាមរារាំងការស៊ើបអង្កេតនេះដែរឬអត់ ក្រោយពីបានឡើងកាន់អំណាចហើយនោះ។
លោក Barr និងជំនួយការរបស់លោកជាច្រើននាក់ បានចំណាយពេលជាច្រើនម៉ោងកាលពីថ្ងៃសៅរ៍ ដើម្បីពិនិត្យមើលដោយសញ្ជប់សញ្ជឹងលើរបាយការណ៍ដែលលោក Muller បានដាក់ជូនកាលពីយប់ថ្ងៃសុក្រ៕