ប្រទេសតូចៗនៅក្នុងតំបន់បាល់ទិកដែលមានកងទ័ពតិចខ្លាំងជាងប្រទេសរុស៊្សីដែលនៅក្បែរខាងខ្លួននោះ បានបន្តជំរុញឲ្យអង្គការអូតង់ បង្កើតវត្តមានកាន់តែធំនិងអចិន្រ្តៃយ៍នៅលើទឹកដីរបស់ខ្លួន បន្ទាប់ពីរុស្ស៊ី បានចូលឈ្លានពានលើប្រទេសអ៊ុយក្រែនមក។
ប្រទេសអេស្តូនី ឡេតូនី និងប្រទេសលីទុយអានីដែលមានប្រជាពលរដ្ឋសរុបបញ្ជូលគ្នាប្រមាណតែ៦លាននាក់នោះ ត្រូវបានគេមើលឃើញថា ជាប្រទេសក្នុងអង្គការអូតង់ដែលងាយនឹងទទួលរងគ្រោះខ្លាំងបំផុត។ ប្រទេសទាំងបីនេះ បានចូលជាសមាជិករបស់អង្គការអូតង់នៅឆ្នាំ២០០៤ ក៏ប៉ុន្តែត្រូវបានភ្ជាប់ទៅកាន់ប្រទេសអឺរ៉ុបផ្សេងទៀតដែលជាសមាជិករបស់អង្គការអូតង់នោះតាមច្រករបៀងតូចចង្អៀតមួយតែប៉ុណ្ណោះដែលឆ្លងកាត់តំបន់ Kaliningrad របស់រស្ស៊ីដែលមានកងទ័ពដ៏ច្រើន និងប្រទេសបេឡារុសដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៊ី។
ប្រទេសក្នុងតំបន់បាល់ទិកទាំងនេះដែលធ្លាប់ស្ថិតក្រោមចំណុះរបស់អតីតសហភាពសូវៀតផងដែរនោះ កំពុងសម្លឹងមើលដោយក្តីព្រួយបារម្ភ ខណៈដែលរុស្ស៊ី បានព្យាយាមបញ្ចេញឥទ្ធិពលលើប្រទេសអឺរ៉ុបខាងកើត។ ទោះជាយ៉ាងនេះក្តី ពួកគេ ទទួលបានការលើកទឹកចិត្ត ខណៈដែលប្រទេសលោកខាងលិច បានពង្រឹងកម្លាំងសម្ព័ន្ធភាពរបស់អង្គការអូតង់នៅក្នុងការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។
អង្គការអូតង់ពុំមានកងកម្លាំងក្នុងផ្នែកខាងកើតរបស់សម្ព័ន្ធមិត្តរហូតដល់ឆ្នាំ២០១៤ នៅពេលដែលខ្លួនបានសម្រេចចិត្តដាក់ពង្រាយកងកម្លាំងចម្រុះមកពីប្រទេសផ្សេងដោយធ្វើការផ្លាស់ប្តូរវេននៅក្នុងប្រទេសក្នុងតំបន់បាល់ទិក និងប្រទេសប៉ូឡូញដែលជាការឆ្លើយតបមួយនៅពេលដែលរុស្ស៊ី បានគ្រប់គ្រងតំបន់ Crimea របស់អ៊ុយក្រែន។
មេដឹកនាំប្រទេសក្នុងតំបន់បាល់ទិកទាំងនោះ បានជំរុញជាយូរមកហើយឲ្យមានការដាក់មូលដ្ឋានកងទ័ពអាមេរិកជាអចិន្រ្តៃយ៍នៅក្នុងទឹកដីរបស់ខ្លួនដែលអាចជាការកំញើញទៅដល់ការប៉ុនប៉ងការឈ្លានពានរបស់រុស្ស៊ី។ ក្នុងដំណើរទស្សនកិច្ចកាលពីដើមខែនេះរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ទៅកាន់ប្រទេសក្នុងតំបន់បាល់ទិកនោះ លោក Blinken បាននិយាយថា ការដាក់ពង្រាយកងទ័ពជាអចិន្ត្រយ៍នៅក្នុងប្រទេសបាល់ទិកទាំងនេះ កំពុងត្រូវបានពិចារណាដែលជាផ្នែកមួយនៃការសើរើពិនិត្យមើលឡើងវិញដ៏ធំរបស់អង្គការអូតង់។ ទោះជាយ៉ាងនេះក្តី ក៏លោក Blinken មិនបានបកស្រាយលម្អិតជុំវិញរឿងនោះទេ ហើយសហរដ្ឋអាមេរិកក្នុងពេលកន្លងទៅមានការស្ទាក់ស្ទើរក្នុងការដាក់ពង្រាយកងទ័ពជាអចិន្ត្រៃយ៍នៅក្នុងប្រទេសក្បែរខាងរុស៊្សីដោយបារម្ភខ្លាចប៉ះពាល់ដល់ទំនាក់ទំនងជាមួយរដ្ឋាភិបាលក្រុងមូស្គូ៕