តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ត្រូវបង្កើតឡើងដើម្បីជំនុំជម្រះក្តីឧក្រិដ្ឋកម្មពិភពលោកដ៏សាហាវយង់ឃ្នងបំផុតគឺនៅទីកន្លែងណាដែលមិនអាចផ្តល់យុត្តិធម៌បាន។ គ្មានជនល្មើសណាមានអំណាចគេចផុតពីការចោទប្រកាន់របស់តុលាការ ដែលមានមូលដ្ឋានក្នុងទីក្រុងឡាអេនេះទេ។ នេះជាមូលហេតុនៃការបង្កើតតុលាការនេះ។ តែបរាជ័យចំពោះសំណុំរឿងប្រឆាំងនឹងប្រធានាធិបតីគេនយ៉ា Uhuru Kenyatta និងដំណើរការថយក្រោយដទៃទៀតរបស់ ICC កំពុងបង្កើតឲ្យមានការដេញដោលអំពីប្រសិទ្ធភាពនៃតុលាការនេះហើយនឹងសារៈសំខាន់នៃតុលាការនេះ។
កាលពីដើមខែនេះ ជោគជ័យតុលាការឧក្រិដ្ឋកម្មអន្តរជាតិមួយគឺថា ចៅក្រម តុលាការឧទ្ធរណ៍ក្នុងក្រុងឡាអេបានកាត់ទោសមេដឹកនាំយោធាកុងហ្គោឈ្មោះThomas Lubanga តាមសេចក្តីសម្រេចតុលាការសាលាដំបូង។ ការកាត់ទោសបានបញ្ចប់សំណុំរឿងដំបូងរបស់តុលាការ ហើយការកាត់ទោសនេះគឺនាំឲ្យសំណុំរឿងចំនួនបីក្នុងតុលាការនេះត្រូវបញ្ចប់តាំងពីតុលាការនេះចាប់ផ្តើមប្រតិបត្តិការក្នុងឆ្នាំ២០០២ គឺរួមទាំងសំណុំរឿងមួយដែលបានដោះលែងជនជាប់ ចោទឲ្យរួចខ្លួនវិញនោះ។
ប៉ុន្តែសម្រាប់ព្រឹត្តិការណ៍នៅខែធ្នូនេះ ព្រឹត្តិការណ៍ដែលគេចាំច្បាស់ជាងគេគឺបរាជ័យនៃការកាត់ទោសសំណុំរឿងចោទប្រកាន់ប្រឆាំងនឹងលោកអ៊ូហ៊ូរ៊ូ គេននីយ៉ាតា (Uhuru Kenyatta) ប្រធានាធិបតីប្រទេសកេនយ៉ា។ រដ្ឋអាជ្ញាតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC គឺលោកស្រី Fatou Bensouda បានដកពាក្យបណ្តឹងចោទប្រកាន់ទាក់ទងនឹងអំពើហិង្សាក្រោយការបោះឆ្នោតក្នុងប្រទេសកេនយ៉ា។ លោកស្រីបានស្តីបន្ទោសថា អាជ្ញាធរគេនយ៉ាបានគំរាមកំហែងក្រុមសាក្សីហើយនឹងខកខានក្នុងការផ្តល់ឯកសារ ដែលរដ្ឋអាជ្ញាអះអាងថា ជារឿងសំខាន់ក្នុងការកសាងសំណុំរឿងរបស់ខ្លួននោះ។
នៅបច្ចុប្បន្ននេះ សំណុំរឿងលោក Kenyatta កំពុងបង្កើនការសួរដេញដោលពាក់ព័ន្ធនឹងសំណួរជាមូលដ្ឋានថា តើតុលាការឧក្រិដ្ឋកម្ម ICC គួរមានតទៅទៀតទេ?
លោក Anthony Dworkin ជាអ្នកជំនាញការខាងសិទ្ធិមនុស្សនៃក្រុមប្រឹក្សាអឺរ៉ុប សម្រាប់ទំនាក់ទំនងអន្តរជាតិ បានឆ្លើយថា តុលាការនេះត្រូវតែនៅមានជាបន្ត។
«ខ្ញុំជឿទៅលើគោលការណ៍នៃការទទួលខុសត្រូវចំពោះបទឧក្រិដ្ឋកម្មដ៏អាក្រក់ទាំងនេះ។ ហើយខ្ញុំគិតថា ប្រសិនបើតុលាការឧក្រិដ្ឋកម្មត្រូវគេលុបចោលពេលនេះ នោះគឺជាគ្រោះមហន្តរាយសម្រាប់យុត្តិធម៌អន្តរជាតិ។ ដូច្នេះខ្ញុំពិតជាសូមជំទាស់រាល់ទង្វើឈានទៅបំបាត់ចោលតុលាការ ICC នេះ»។
មានមតិជាច្រើនមិនយល់ស្របនឹងគំនិតនេះ។ ក្រុមអ្នករិះគន់បានលើកឡើងថា តុលាការ ICC មិនត្រឹមតែរងឥទ្ធិពលពីបញ្ហាយុត្តិធម៌ទេ តែរងឥទ្ធិពលពីនយោបាយដែរ។ ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.បញ្ជូនលទ្ធផលនៃការស៊ើបអង្កេតទៅកាន់តុលាការ ICC ។ តែសមាជិកចំនួនបីរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.គឺរុស្ស៉ី ចិន និងស.រ.អា. មិនមែនជារដ្ឋជាសមាជិករបស់តុលាការនេះទេ។ ក្រុមអ្នករិះគន់និយាយថា សមិទ្ធិផលរបស់តុលាការនេះដែលកាត់ទោសបានតែពីរករណីក្នុងរយៈពេលជាង១០ឆ្នាំនោះគឺមិនសមនឹងតម្លៃដ៏ធំមហិមារនៃដំណើរការរបស់តុលាការនេះទេ។ មេដឹកនាំអាហ្វ្រិកខ្លះបានអះអាងថា តុលាការមានភាពលម្អៀង ដោយសារថា មនុស្សទាំងអស់ដែលត្រូវនាំយកមកកាត់ក្តីក្នុងតុលាការនេះ មកទល់ពេលនេះ គឺជាជនជាតិអាហ្វ្រិក។
លោក Steve Lamony គឺជាទីប្រឹក្សាជាន់ខ្ពស់សម្រាប់ក្រុមមួយឈ្មោះថា សម្ព័ន្ធភាពសម្រាប់តុលាការ ICC ជាក្រុមដែលស្ថិតនៅក្រោមដំបូលឆ័ត្រអន្តរជាតិតែមួយ។ លោកបានចុះបញ្ជីចំនួនសំណុំរឿង ដែលតុលាការបានធ្វើដោយជោគជ័យនៅឆ្នាំនេះ ក្នុងនោះរួមទាំងការបញ្ជាក់អំពីការចោទប្រកាន់ប្រឆាំងនឹងលោក Laurent Gbagbo អតីតប្រធានាធិបតីកូឌីវ័រ ដែលការកាត់ទោសរបស់លោកនឹងចាប់ផ្តើមនៅឆ្នាំខាងក្រោយ។ លោកSteve ថ្លែងថា តុលាការត្រូវការធនធាននិងការគាំទ្រដើម្បីបំពេញកិច្ចការរបស់ខ្លួនឲ្យមានប្រសិទ្ធភាព គឺរួមទាំងជំនួយមកពីប្រទេសអាហ្រ្វិក ដែលជាអ្នករិះគន់តុលាការនេះផងដែរ។
«ចំនួនភាគច្រើននៃករណីសម្រាប់ស្ថានការណ៍ក្នុងប្រទេសអាហ្វ្រិកគឺបញ្ជូនមកពីប្រទេសអាហ្វ្រិក ហើយវាលើសពីចំនួនករណីដែលបញ្ជូនមកពីក្រុមប្រឹក្សាសន្តិ សុខ និងកន្លែងផ្សេងទៀត។ ដរាបណាមានភស្តុតាងចង្អុលបង្ហាញថា គេគួរតាម អង្កេតសំណុំរឿងទាំងនោះ ខ្ញុំគិតថា ពួកគេត្រូវតែធ្វើកិច្ចការនោះ»។
នៅក្នុងសំណុំរឿងរបស់លោកKenyatta លោក Dworkin ដែលជា អ្នកវិភាគថ្លែងថា ការកាត់ទោសបានអូសបន្លាយវែងឆ្ងាយពេក។
«ការតាមអង្កេតសំណុំរឿងប្រឆាំងនឹងប្រមុខរដ្ឋប្រទេសអាហ្រ្វិកមួយដោយគ្មានភស្តុតាងដើម្បីគាំទ្រសំណុំរឿងគឺជាស្ថានការណ៍ដ៏គួរឲ្យសោកស្តាយមួយ ដែលកើតឡើង។ បើទោះណាជាវាពាក់ព័ន្ធដ៏សាមញ្ញទៅក្នុងអង្គហេតុមែន វាជាការលំបាកសម្រាប់តុលាការដើម្បីកសាងសំណុំរឿងប្រឆាំងនឹងប្រមុខរដ្ឋ និងរដ្ឋា ភិបាល ដែលមិនសហការ។ ហើយវាជារឿងដែលមិនអាចទៅរួចទេសម្រាប់តុលាការក្នុងការធ្វើកិច្ចការនេះ ដោយគ្មានការគាំទ្រពីអន្តរជាតិឲ្យបានខ្លាំងក្លាជាងនេះ»។
តែនៅខែនេះ តុលាការបានដកថយ នៅពេលខ្លួនដឹងថា គ្មានការគាំទ្រពីអន្តរជាតិ។ អ្នកស្រី Bensouda ប្រធានរដ្ឋអាជ្ញាតុលាការនេះ បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.ថា លោកស្រីបានព្យួរការស៊ើបអង្កេតចំពោះបទឧក្រិដ្ឋកម្មសង្គ្រាមនៅតំបន់ Darfur ប្រទេសស៊ូដង់ ដោយសារតែការខ្វះខាតការគាំទ្រពីស្ថាប័នក្រុមប្រឹក្សាសន្តិសុខអ.ស.ប.។
ក្រុមអ្នកឃ្លាំមើលតុលាការបាននិយាយថា វាជារឿងមិនមិនអាចដំណើរការទៅមុខទេ ដោយសារថា សមាជិកក្រុមប្រឹក្សាសន្តិសុខមួយគឺប្រទេសចិន បានគាំទ្រ ស៊ូដង់ជាប្រពៃណីទៅហើយនោះ។ លោក Omar al-Bashir ប្រធានាធិបតី ស៊ូដង់ដែលត្រូវតុលាការ ICC ចេញដីការចាប់ខ្លួនពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍និងបទឧក្រិដ្ឋកម្មផ្សេងៗទៀតនោះ បានប្រកាសថា លោកបានជោគជ័យ។
លោក Steve Lamony ទីប្រឹក្សាសម្ព័ន្ធភាពសម្រាប់តុលាការអន្តរជាតិ ICCបាននិយាយថា៖
«ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.ខ្លួនឯងហាក់ដូចជាមិនបានតាំងចិត្តនិងចាត់វិធានការណាមួយសោះ ពេលដែលរដ្ឋាភិបាលស៊ូដង់ខកខានមិនសហការដើម្បីចាប់ខ្លួន Omar al-Bashir។ ក្រុមប្រឹក្សាសន្តិសុខត្រូវចាត់វិធានការខ្លាំងក្លាថែមទៀតក្នុងសំណុំរឿង ដែលរដ្ឋជាសមាជិកខកខានមិនបានធ្វើតាមសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខនោះ»។
មានសំណុំរឿងផ្សេងទៀត ដែលតុលាការកំពុងចាប់ធ្វើការ។ ក្រៅពីទ្វីប អាហ្វ្រិកនាពេលបច្ចុប្បន្ននេះ តុលាការក៏បានធ្វើការស៊ើបអង្កេតសំណុំរឿងក្នុងប្រទេសកូឡុំប៊ី (Columbia) ហ្សកហ្ស៉ី (Georgia)ហុងឌូរ៉ាស (Honduras) អ៊ីរ៉ាក់ (Iraq) និងប្រទេសអ៊ុយក្រែន (Ukraine)ផងដែរ។ លោកស្រី Bensouda ថ្លែងថា ក្នុងប្រទេសអាហ្វហ្កានីស្ថាន (Afghanistan) លោកស្រីកំពុងពិនិត្យមើលបញ្ហាចោទប្រកាន់ពីការប្រើប្រាស់ទណ្ឌកម្មរបស់យោធាស.រ.អា.ដែលហៅថា វិធីពង្រីកការស៊ើបអង្កេតនោះ។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមិនមែនជាប្រទេសហត្ថលេខីនៃលក្ខខន្តិកៈក្រុងរ៉ូមដែលបង្កើតតុលាការ ICC ទេ តែប្រទេសអាហ្កានីស្តានគឺជាប្រទេសហត្ថលេខី។
អ្នកវិភាគ Dworkin និយាយថា ឧទាហរណ៍ប្រទេសអាហ្វហ្គានីស្ថានគឺជាការ បញ្ជាក់អំពីបញ្ហាលំបាកជាមូលដ្ឋានរបស់តុលាការ ICC។
«ការស៊ើបអង្កេតសំណុំរឿង ដែលមានការលំបាកផ្នែកនយោបាយ កាន់តែច្រើន នោះគឺសំណុំរឿងពាក់ព័ន្ធនឹងមហាអំណាចធំៗ ដូចជាស.រ.អា.។ បើទទួលផលកាន់តែតិច នោះវាជារឿងដែលទំនងជាអាចការបង្ករឿងកាន់តែធំឡើងក្នុងចំណោមមហាអំណាចធំៗ។ ផ្ទុយទៅវិញ ខ្ញុំមិនគិតថា វាជាវិធីអាចសម្រេចបានទៅមុខទៀតទេ ចំពោះតុលាការដែលមើលទៅរកយុត្តិធម៌ជាសាមាញ្ញៗ ដោយនាំយកតែប្រទេសទន់ខ្សោយក្នុងពិភពលោកមកកាត់ទោសរកយុត្តិធម៌នោះ»។
លោក Dworkin និយាយថាដំណោះស្រាយគឺថា មិនត្រូវបំបាត់តុលាការនេះទេ តែត្រូវពង្រឹងសមត្ថភាពតុលាការនេះដើម្បីឲ្យតុលាការនេះបានបំពេញកិច្ចការរបស់ខ្លួនបានដោយត្រឹមត្រូវ។ហើយធ្វើកិច្ចការតាមលក្ខណៈប្រាកដនិយមអំពីអ្វីៗ ដែលតុលាការនេះអាចសម្រេចបាននិងធ្វើអ្វីៗដែលតុលាការនេះមិនទាន់អាចសម្រេចបាន៕
ប្រែសម្រួលដោយ សុខ ខេមរា