ខណៈដែលប្រទេសបារាំងមានការតក់ស្លុតនឹងការវាយប្រហារភេរវកម្មបន្តគ្នាកាលពីសប្តាហ៍មុន សៀវភៅប្រលោមលោកមួយដែលនិយាយអំពីប្រទេសបារាំងក្រោមច្បាប់ Sharia របស់សាសនាអ៊ីស្លាម បានដាក់លក់នៅតាមហាងលក់សៀវភៅ។ ការបោះពុម្ពសៀវភៅនេះដែលមានចំណងជើងជាភាសាអង់គ្លេសថា Submission និងជាភាសាបារាំងថា Soumission របស់លោក Michel Houellebecq គឺជារឿងដ៏ចៃដន្យ ប៉ុន្តែឥឡូវសៀវភៅប្រលោមលោកនេះក្លាយទៅជាផ្នែកនៃការតស៊ូមតិគ្នាមួយអំពីអត្តសញ្ញាណរបស់ប្រទេសបារាំង។
ហាងសៀវភៅ Gibert Jeune នៅទីក្រុង ប៉ារីស គឺស្ទើរតែគ្មានមនុស្សនៅពេលល្ងាចមួយ។ មានភ្ញៀវពីរបីនាក់បានដើរមើលសៀវភៅអក្សរសាស្ត្រ។ ប៉ុន្តែ សៀវភៅមួយគំនរដែលមានក្របពណ៌ក្រហម និងស មិនត្រូវបានគេចាប់អារម្មណ៍ទាល់តែសោះ រហូតដល់ពេលដែលអ្នកស្រី Jacqueline Buades បញ្ចេញការយល់ស្របជាមួយនឹងសៀវភៅនេះ។
អ្នកស្រី Buades ចូលចិត្តអ្នកនិពន្ធ Michel Houellebecq។ លោក Houellebecqនិយាយអំពីសាសនាអ៊ីស្លាម ដែលជាប្រធានបទមួយដែលអ្នកស្រីចាប់អារម្មណ៍។ អ្នកស្រី Buades កើតនៅប្រទេស Algerie ដែលមានម្តាយជាជនជាតិជ្វីហ្វ។ អ្នកស្រីចូលចិត្តស្មារតីរបស់លោក Houellebecq ដែលចូលចិត្តបង្កហេតុ ហើយលោកស្រីក៏ជាអ្នកបង្កហេតុដែរ។
សៀវភៅប្រលោមលោកថ្មីបង្អស់របស់លោក Houellebecq ដែលដាក់គរគ្នានៅក្នុងហាងលក់សៀវភៅ ក្រោមចំណងជើងថា Soumission ជាភាសាបារាំង ឬSubmission ជាភាសាអង់គ្លេស។ មុនពេលសៀវភៅនេះត្រូវបានបោះពុម្ពកាលពីសប្តាហ៍មុន សៀវភៅនេះទទួលបានការចាប់អារម្មណ៍ជាសាធារណៈ។ សៀវភៅប្រលោមលោកនេះប្រឌិតថា នៅឆ្នាំ២០២២ ប្រទេសបារាំងនឹងមានគណបក្សអ៊ីស្លាមដែលនឹងឈ្នះការបោះឆ្នោតតែងតាំងប្រធានាធិបតី។
កាលពីមុន លោក Houellebecq បានបង្កភាពចម្រូងចម្រាស់រួចទៅហើយ។ លោកត្រូវបានគេប្តឹង ហើយត្រូវបានកាត់សេចក្តីឲ្យរួចទោស ពីបទបំបះបំបោរឲ្យមានអំពើហិង្សាខាងពូជសាសន៍។ មានម្តងនោះ លោកបានហៅសាសនាអ៊ីស្លាមថាជា «ជំនឿដ៏ល្ងង់ខ្លៅបំផុត» បើទោះបីជាថ្មីៗនេះលោកបានបន្ទន់ឥរិយាបថរបស់លោក ដោយនិយាយថាគម្ពីកូរ៉ាន មិនជាអាក្រក់ណាស់ណាទេ។
ប៉ុន្តែ ការបោះពុម្ពរឿងប្រលោមលោក Submission ត្រូវបានរំខានដោយព្រឹត្តិការណ៍ដ៏ធំមួយ។ សៀវភៅនេះត្រូវបានដាក់លក់នៅតាមបណ្ណាគារក្នុងថ្ងៃដែលភេរវជនអ៊ីស្លាមបានវាយប្រហារការិយាល័យទស្សនាវដ្តី Charlie Hebdo នៅទីក្រុងប៉ារីស។ លោក Houellebecq ដែលបាននិយាយជាមួយបណ្តាញសារព័ត៌មានដើម្បីផ្សព្វផ្សាយសៀវភៅរបស់លោក បានបាត់ខ្លួនមិនបញ្ចេញមតិមួយរយៈ ទាក់ទងនឹងហេតុការណ៍នេះ។
ប៉ុន្តែ ក្នុងបទសម្ភាសន៍មួយជាមួយនឹងទូរទស្សន៍បារាំងពេលយប់មុនការវាយប្រហារនោះ លោក Houellebecq បាននិយាយថា ករណីដែលគណបក្សអ៊ីស្លាមមិនជ្រុលនិយមឡើងកាន់អំណាចនៅប្រទេសបារាំងអាចទៅរួច។ ក្នុងសៀវភៅរបស់លោក ប្រទេសបារាំងដែលឋិតនៅក្រោមច្បាប់អ៊ីស្លាម Sharia ទំនងជាមិនអាក្រក់ណាស់ណាទេ។
លោក Houellebecq និយាយថា ផ្នែកដំបូងនៃរឿងប្រលោមលោក Submission អាចនឹងធ្វើឲ្យមនុស្សគ្រប់គ្នាភ័យខ្លាច។ ប៉ុន្តែ អ្នកកាន់សាសនាអ៊ីស្លាមដែលឡើងកាន់អំណាចសំខាន់បំផុតគឺជាអ្នកនយោបាយ។ អ្នកនោះជាបុរសមានមហិច្ឆតាខ្ពស់ និងមានប្រាជ្ញាឈ្លាសវៃ។
ក្រោយពីការវាយប្រហារភេរវកម្មកាលពីសប្តាហ៍មុន ការភ័យខ្លាចបំផុតរបស់ប្រជាជនបារាំងអំពីសាសនាអ៊ីស្លាមជ្រុលនិយម បានក្លាយជាការពិត។ ប៉ុន្តែ ការវាយប្រហារនេះក៏បានជំរុញឲ្យមានសាមគ្គីភាពដ៏អស្ចារ្យមួយដែរ។ ខណៈដែលប្រទេសបារាំងបានដើរឆ្ពោះទៅមុខ សៀវភៅរបស់លោក Houellebecq គឺជាផ្នែកនៃសំណួរមួយ ថាតើប្រទេសបារាំងនឹងឆ្លើយតបទៅក្រុមសកម្មប្រយុទ្ធអ៊ីស្លាមដោយភាពភ័យខ្លាច និងការស្អប់ជនបរទេស ឬក៏ដោយស្មារតីទទួលយកជំនឿ អត្តសញ្ញាណ និងវប្បធម៌ចម្រុះ?
កាលពីថ្ងៃអាទិត្យមុននេះ សាមគ្គីភាពត្រូវបានបង្ហាញឲ្យឃើញដោយប្រជាពលរដ្ឋបារាំងជាច្រើនលាននាក់ ដែលបានដើរដង្ហែរក្បួនក្នុងប្រទេសរបស់ខ្លួន ដើម្បីគាំទ្រសេរីភាពក្នុងការបញ្ចេញមតិ និងដើម្បីប្រឆាំងនឹងភាពជ្រុលនិយម។
នៅទីក្រុងប៉ារីស បាតុករជាច្រើនរួមមានយុវតី Amina Tadjouri អាយុ១៧ឆ្នាំ បានលើកបង្ហាញកាសែតជី្វហ្វមួយក្បាល។
នាងនិយាយថា៖ «ខ្ញុំជាអ្នកកាន់សាសនាអ៊ីស្លាម ហើយខ្ញុំប្រឆាំងនឹងការសម្លាប់មនុស្ស។ អ្នកកាន់សាសនាជី្វហ្វ និងអ៊ីស្លាម មិនព្រមធ្វើជាសត្រូវនិងគ្នាទេ។ ហើយយើងមិនបណ្តាលឲ្យមានការសម្លាប់មនុស្សដោយសារតែសេរីភាពក្នុងការបញ្ចេញមតិនោះទេ។ មនុស្សគ្រប់គ្នាគួរតែត្រូវបានទទួលការអនុញ្ញាតិឲ្យនិយាយពីអ្វីដែលគេចង់និយាយ»។
មេដឹកនាំបារាំងកំពុងតែផ្ញើសារពីការរួបរួមគ្នា។ លោកនាយករដ្ឋមន្ត្រី Manuel Valls បាននិយាយកាលពីសប្តាហ៍មុនថា ប្រទេសបារាំងមិនមែនដូចលោក Houellebecq ទេ គឺមិនមែនជាប្រទេសមិនចេះអត់អោន មានការស្អប់ខ្ពើម និងភាពភ័យខ្លាចទេ។
អ្នករិះគន់និយាយថា សៀវភៅរបស់លោក Houellebecq ក៏ដូចគ្នានឹងរូបថ្លុកសាសនារបស់ទស្សនាវដ្តី Charlie Hebdo បានដំឡើងកម្រិតព្រំដែននៃសេរីភាពក្នុងការបញ្ចេញមតិ។ ទស្សនាវដ្តីបានបោះពុម្ពសារជាថ្មីម្តងទៀតជាលើកដំបូង ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃពុធ ដោយចម្អកព្យាការី Muhammed ដដែល។ ក្នុងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ពោះ ទស្សនាវដ្តីនេះបានលក់អស់។
អ្នកស្រី Defne Gursoy បានរកមើលទស្សនាវដ្តី Charlie Hebdo នៅកន្លែងលក់ទស្សនាវដ្តីតាមដងផ្លូវ។ គាត់ជាអ្នកចូលចិត្តអាន ប៉ុន្តែមិននិយមអានសៀវភៅរបស់លោក Houellebecq ទេ ប៉ុន្តែ គាត់និយាយថា ទាំងទស្សនាវដ្តី Charlie Hebdo ទាំងសៀវភៅរបស់លោក Houellebecq បានបង្ហាញពីសេរីភាពក្នុងការបញេ្ចញមតិ។
អ្នកស្រីនិយាយថា៖ «ទាំងទស្សនាវដ្តី Charlie Hebdo ទាំងសៀវភៅរបស់លោក Houellebecq គឺជារឿងប្រឌិតឡើង។ ក្នុងរឿងប្រលោមលោក មេឃគ្មានដែនកំណត់ទេ ថាទៅអ្វីៗគ្មានដែនកំណត់ទេ។ សម្ផស្សនៃរឿងប្រលោមលោក គឺថាយើងអាចធ្វើអ្វីបានទាំងអស់»។
ប៉ុន្តែ អ្នកកាន់សាសនាម៉ូស្លីមភាគច្រើនភ័យខ្លាចនឹងប្រតិកម្មខ្លាំងមកលើពួកគេ បន្ទាប់ពីព្រឹត្តិការណ៍វាយប្រហារកាលពីសប្តាហ៍មុន។ លោក Abdallah Zekri ដែលជាប្រធានអង្គភាពអង្កេតជាតិប្រឆាំងនឹងការភ័យខ្លាចនឹងសាសនាអ៊ីស្លាម ឲ្យដឹងថា ប៉ុន្មានថ្ងៃកន្លងទៅនេះ វិហារអ៊ីស្លាម និងនិមិត្តរូបសាសនាអ៊ីស្លាមមួយចំនួនត្រូវបានរងការបំផ្លិចបំផ្លាញ។ លោកថា រឿងប្រលោមលោករបស់លោក Houellebecq និងទស្សនាវដ្តី Charlie Hebdo នឹងបន្តបង្កហេតុទៅមុខទៀត។
លោក Zekri និយាយថា អ្នកកាន់សាសនាម៉ូស្លីមជាតិបារាំងធុញទ្រាន់ដែលខ្លួនត្រូវបានមើលងាយ និងជាអ្នករងកំហុសសម្រាប់អ្វីដែលបានកើតមានឡើង។ ទាក់ទងនឹងករណីដែលថាប្រទេសបារាំងអាចនឹងឋិតនៅក្រោមមេដឹកនាំម៉ូស្លីមតាមរឿងប្រលោមលោករបស់លោក Houellebecq នោះ ចម្លើយរបស់លោក Zekri គឺថា វាអាចទៅរួច។ លោកថា សហរដ្ឋអាមេរិកមានលោក បារ៉ាក់ អូបាម៉ា ជាមេដឹកនាំស្បែកខ្មៅ ដូច្នេះ វាគ្មានបញ្ហាអ្វីទេ ក្នុងការជ្រើសតាំងប្រធានាធិបតីម៉ូស្លីមក្នុងប្រទេសបារាំង។
អ្នកសង្កេតការណ៍ យល់ស្របថា សៀវភៅរបស់លោក Houellebecq បង្កឲ្យមានភាពច្របូកច្របល់ និងភាពលំអៀងរបស់ប្រជាពលរដ្ឋបារាំង ដូចជាលោក Francklin Boulot ដែលបានចូលរួមដើរដង្ហែរក្បួនកាលពីថ្ងៃអាទិត្យ មិនមែនដើម្បីគាំទ្រសេរីភាពក្នុងការបញ្ចេញមតិទេ តែដើម្បីប្រឆាំងនឹងជំនឿរបស់សាសនាម៉ូស្លីម។
លោក និយាយថា សាសនាអ៊ីស្លាមចង់បំផ្លាញសង្គមបារាំង ហើយនឹងធ្វើអ្វីគ្រប់យ៉ាងទាំងអស់ដើម្បីសម្លាប់ប្រជាពលរដ្ឋបារាំង។
ដូច្នេះ ភាពតានតឹងនឹងកើនឡើងសារជាថ្មីម្តងទៀតនៅប្រទេសបារាំង ដែលទំនងជាបង្ហាញថា ការរួបរួមគ្នាដ៏កម្រក្រោយពីការវាយប្រហារកាលពីសប្តាហ៍មុនអាចនឹងត្រូវបានសាបរលាបទៅហើយ៕
ប្រែសម្រួលដោយនាង ទែន សុខស្រីនិត