អ្នក​ជំនាញ​អាហ្រ្វិក​ស្វែងរក​កិច្ចសហការ​ល្អ​រវាង​សហភាព​អាហ្រ្វិក​និង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ

នេះ​ជា​រូបថត​កាលពី​ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤ និង​ចេញ​ផ្សាយ​ដោយ​បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ប្រទេស​ស៊ូដង់​ខាង​ត្បូង។ ​អ្នក​តំណាង​ជាន់​ខ្ពស់​របស់​អង្គការ​សហ​ប្រជាជាតិ​ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស (រូប​កណ្តាល) ​ជួប​ជាមួយ​លោក Riek Machar (រូប​ស្តាំ) អតីត​អនុ​ប្រធានាធិបតី​ស៊ូដង់​ខាង​ត្បូង ហើយ​ដែល​ឥឡូវ​លោក​ជា​មេដឹកនាំ​ក្រុម​បះបោរ​នៅ​ក្នុង​ប្រទេស​ស៊ូដង់​ខាង​ត្បូង។

ក្រុម​អ្នក​ជំនាញ​ជើង​ចាស់​ខាង​សិទ្ធិ​មនុស្ស​នៅ​អាហ្រ្វិក​បាន​បង្កើត​ស្ថាប័ន​មួយ​ដែល​មាន​គោលដៅ​ដ៏​ធំ​ក្នុង​ការ​បញ្ចប់​និទណ្ឌភាព​នៅ​ទូទាំង​ទ្វីប​អាហ្រ្វិក។

ក្រុម​អ្នក​ជំនាញ​ជើង​ចាស់​ខាង​សិទ្ធិ​មនុស្ស​នៅ​អាហ្រ្វិក​បាន​បង្កើត​ស្ថាប័ន​មួយ​ដែល​មាន​គោលដៅ​ដ៏​ធំ​ក្នុង​ការ​បញ្ចប់​និទណ្ឌភាព​នៅ​ទូទាំង​ទ្វីប​អាហ្រ្វិក។

អង្គការ​អាហ្វ្រិក​ដើម្បី​យុត្តិធម៌​ និង​គណនេយ្យភាព (ការ​ទទួល​ខុសត្រូវ) ទើប​នឹង​បើក​សម្ពោធ​នា​ពេល​ថ្មីៗ​នេះ​ ដែល​ជា​ផ្នែក​មួយ​នៃ​ក្រុម​រដ្ឋ​សមាជិក​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ (ICC)​ នៅ​ទីក្រុង​ឡាអេ។

អង្គការ​នេះ​មាន​សុទ្ធតែ​អ្នក​ជំនាញ​ជនជាតិ​អាហ្រ្វិក​ ខាង​ផ្នែក​ច្បាប់​ឧក្រិដ្ឋកម្ម​អន្តរជាតិ ​ច្បាប់​សិទ្ធិ​មនុស្ស​ ហើយ​និង​អ្នក​នយោបាយ។

លោក​ស្រី​ Bettina Ambach ​ជា​នាយក​មូលនិធិ​ Wayamo​ និង​ជា​លេខាធិការ​របស់​អង្គការ​នេះ​បាន​និយាយ​ថា​ សមាជិកអង្គការ​នេះ​នឹង​គាំទ្រ​រាល់​កិច្ចការទាំង​អស់​ដើម្បី​នាំ​យក​ឧក្រិដ្ឋជន​សង្រ្គាម​មក​វិនិច្ឆ័យ​តាមរយៈ​ការ​កសាង​សមត្ថភាព​នៅ​ក្នុង​ប្រទេស​និង​តំបន់​ ការ​ផ្សព្វផ្សាយ​ទៅ​ដល់​ពលរដ្ឋ​ និង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​អាហ្រ្វិក​ និង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ (ICC)។

ក្រុម​អ្នក​ជំនាញ​របស់​អង្គការ​ខាង​លើ​នេះ​គ្រោង​នឹង​ជួប​ជាមួយ​បណ្តា​អង្គការ​សង្គម​ស៊ីវិល​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​នៅ​ទូទាំង​អាហ្រ្វិក​ នៅ​ក្នុង​ខែ​មីនា​ ឆ្នាំ​ក្រោយ​នេះ​ ដែល​ការ​ជួប​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ទិសដៅ​កសាង​សមត្ថភាព​របស់​អង្គការ​នេះ។

នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​នឹង​ VOA​ លោក​ស្រី​ Athaliah Molokomme ​អគ្គ​រដ្ឋ​អាជ្ញា​របស់​ប្រទេស​បុតស្វាណា (Botswana)​ បាន​ឲ្យ​ដឹង​ពី​គោល​បំណង​របស់​អង្គការ​នេះ​ថា៖​ «យើង​កំពុង​ពិនិត្យ​មើល​លើ​ប្រព័ន្ធ​ច្បាប់​ព្រហ្មទណ្ឌ​អន្តរជាតិ​ទាំង​មូល​ ដែល​នេះ​ជា​ភារកិច្ច​របស់​យើង​ គឺ​ត្រូវ​ជួយ​ទ្រទ្រង់​ដល់​ការងារ​ពង្រឹង​យុត្តិធម៌​ និង​វិធានការ​ទទួល​ខុស​ត្រូវ​នៅ​អាហ្រ្វិក។ អង្គការ​នេះ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​ទៅ​លើ​កិច្ចការ​ពាក់ព័ន្ធ​នឹង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ដោយសារ​តែ​ ICC ជា​តុលាការ​កម្រិត​អន្តរជាតិ​តែ​មួយ​គត់​នៅ​ពេល​នេះ​ ដែល​ធ្វើ​ការ​ទាក់​ទង​នឹង​បញ្ហា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ និង​ឧក្រិដ្ឋកម្ម​សង្រ្គាម​ជាដើម»។

«យើង​កំពុង​ពិភាក្សា​អំពី​វិធីសាស្រ្ត​ដ៏​រឹងមាំ​ដែល​យើង​អាច​ប្រើ​ដើម្បី​ជួយ​ពង្រឹង​ ឬ​ទ្រទ្រង់​ដល់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​បញ្ចប់​និទណ្ឌភាព​នៅ​ទ្វីប​អាហ្រ្វិក​ កិច្ច​ខិត​ខំ​ប្រឹងប្រែង​ក្នុង​ការ​ធានា​ឲ្យ​មាន​យុត្តិធម៌​ និង​ការ​ទទួល​ខុស​ត្រូវ​នៅ​ទូទាំង​ទ្វីប​អាហ្វ្រិក»។

ក្រុម​អ្នក​រិះគន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បាន​និយាយ​ថា​ តុលាការ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡាអេ​មួយ​នេះ​មាន​ភាព​លម្អៀត​ និង​ស្វែង​រក​យុត្តិធម៌​តែ​ករណី​ប្រឆាំង​នឹង​ជនជាតិ​អាហ្រ្វិក​ណា​ដែល​ពួកគេ​ចង់​ដោះ​ស្រាយ​តែ​ប៉ុណ្ណោះ។​ ក្រុម​អ្នក​រិះគន់​ទាំង​នោះ​កត់សម្គាល់​ឃើញ​ជា​ញឹកញាប់​ថា​ នា​ពេល​ថ្មីៗ​នេះ​ មាន​រឿងក្តី​ជាង​៨០​ភាគរយនៅ​ឯ​តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរជាតិ​នេះ​ គឺជា​រឿង​ពាក់​ព័ន្ធ​នឹង​ជន​ជាតិ​អាហ្រ្វិក។​ ការ​ចោទ​ប្រកាន់​ និង​ករណី​សង្ស័យ​នេះ​បាន​បង្កើត​នូវ​ភាព​តានតឹង​រវាង​សហភាព​អាហ្រ្វិក​ និង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ​ICC។

លោក​ស្រី​ Molokomme​ បាន​និយាយ​ថា​ ភាព​តាន​តឹង​នោះ​គឺជា​រឿង​គួរឲ្យ​សោក​ស្តាយ៖​

«ខ្ញុំ​មិន​គិត​ថា​ វា​ពិតជា​មាន​ជម្លោះ​ ឬ​វិវាទ​រវាង​សហភាព​អាហ្រ្វិក និង​តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរជាតិ ICC ឡើយ។​ ជា​ឧទាហរណ៍​គឺ​កិច្ច​ព្រមព្រៀង​រដ្ឋ​ធម្មនុញ្ញ​នៃ​ការ​រួម​សហការ​នេះ​មាន​ចែង​ថា​ សហភាព​អាហ្រ្វិក​ត្រូវ​ធ្វើ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​និទណ្ឌភាព​នៅ​ទ្វីប​អាហ្រ្វិក។ ដូច្នេះ​ ជា​គោលការណ៍​ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ICC ​គួរ​តែ​ជា​ស្ថាប័ន​មួយ​ដែល​ត្រូវ​ទទួល​ស្វាគមន៍សហភាព​អាហ្រ្វិក»។

លោក​ស្រី​ Navi Pillay ​គឺ​ជា​អតីត​អ្នក​តំណាង​ជាន់​ខ្ពស់​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស និង​ជា​សមាជិក​ដ៏​លេចធ្លោ​ម្នាក់​របស់​អង្គការ​នេះ។ លោក​ស្រីនិយាយ​ថា​

សមាជិក​របស់​អង្គការ​លោក​ស្រី​នឹង​ស្វែង​រក​វិធី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវកិច្ច​សហ​ប្រតិបត្តិការ​រវាង​បណ្តា​ប្រទេស​នៅ​ទ្វីប​អាហ្រ្វិក​ និង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ​ICC។​

«ខ្ញុំ​ចូលចិត្ត​គំនិត​ដែល​ថា​យើង​នឹង​ធ្វើ​ការ​កសាង​សមត្ថភាព​ទាំង​ក្នុង​ប្រទេស​ និង​ថ្នាក់​តំបន់​ នៅ​ទូទាំង​ទ្វីប​អាហ្រ្វិក​ ដោយ​ផ្តល់​ការ​ណែនាំ​ និង​ការ​ផ្សព្វ​ផ្សាយ​ទូលំទូលាយ​ឲ្យ​ទៅ​ដល់​តំបន់​ឆ្ងាយៗ។​ មាន​ន័យ​ថា​ យើង​នឹង​ផ្តល់​នូវ​ព័ត៌មាន​ត្រឹមត្រូវទៅ​ដល់​អង្គការ​សង្គម​ស៊ីវិល​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល»។

មាន​ការ​ព្រួយ​បារម្ភ​អំពី​ថា​តើ​អង្គការ​មួយ​នេះ​នឹង​ស្វែងរក​ថវិកា​ដោយ​របៀប​ណា​ដើម្បី​ទ្រទ្រង់​សកម្មភាព​របស់​ខ្លួន​នោះ។​ មនុស្ស​មួយ​ចំនួន​និយាយ​ថា​ ភាព​សុច្ចរិត​ និង​ភាព​មិន​លម្អៀង​របស់​អង្គការ​នេះ​អាច​នឹង​ជួយ​ដោះស្រាយ​បញ្ហា​នេះ​បាន​ ប្រសិនបើ​ជំនួយ​ថវិកា​ភាគច្រើន​បាន​មក​ពី​ប្រទេស​លោក​ខាងលិច។

លោក​ស្រី​ Pillay និយាយ​ថា៖ ​«រឿង​ជំនួយ​ថវិកា​នេះ​គឺ​ជា​រឿ​ង​សំខាន់​ហើយ​ ប៉ុន្តែ​នៅ​ពេល​យើង​មាន​បទពិសោធន៍​ដល់​កម្រិត​នេះ​ហើយ​ គឺ​គ្មាន​ផ្លូវ​ដែល​យើង​នឹង​បាត់​បង់​ឯករាជ្យភាព​របស់​យើងដោយសារ​តែ​មូលនិធិ​ដែល​យើង​ទទួល​បាន​នោះ​ឡើយ»។​

សមាជិក​របស់​អង្គការនេះមាន៖

លោក​ស្រី​ Athaliah Molokomme អគ្គ​រដ្ឋ​អាជ្ញា​របស់​ប្រទេស​បុតស្វាណា (Botswana)។​

លោក​ស្រី​ Navi Pillay ជា​អតីត​អ្នក​តំណាង​ជាន់​ខ្ពស់​របស់​អង្គការ​សហ​ប្រជាជាតិ​ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​ប្រទេស​អាហ្រ្វិក​ខាង​ត្បូង។​

លោក​ Mohamed Chande Othman ជា​ប្រធាន​តុលាការ​យុត្តិធម៌​របស់​ប្រទេស​តង់សានី (Tanzania)។

លោក​ Hassan Bubacar Jallow នៃ​ប្រទេស​ហ្គំប៊ី (Gambia) ជា​ព្រះ​រាជ​អាជ្ញា​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​សម្រាប់​ប្រទេស​រវ៉ាន់ដា​ និង​យន្តកម្ម​សំណល់​អន្តរជាតិ​សម្រាប់​តុលាការ​ព្រហ្មទណ្ឌ។

លោក​ Abdul Tejan-Cole​ នៃ​ប្រទេស​សៀរ៉ាឡែអូន (Sierra Leone) ជា​នាយក​ប្រតិបត្តិ​របស់​អង្គការ​ផ្តួចផ្តើម​សង្គម​បើក​ទូលាយ​សម្រាប់​អាហ្រ្វិក​ខាង​លិច។

លោក​ស្រី​ Fatiha Serour នៃ​ប្រទេស​អាល់ហ្សេរី (Algeria) ជា​នាយក​ក្រុមហ៊ុន Serour Associates សម្រាប់​ការ​ចូលរួម​ និង​សមភាព (Serour Associates for Inclusion and Equity)។

លោក​ Richard Goldstone នៃ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ ជា​អតីត​ប្រធាន​ព្រះ​រាជ​អាជ្ញា​នៃ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​របស់​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​ប្រទេស​រវ៉ាន់ដា​ និង​អតីត​យូហ្គោស្លាវី (Yugoslavia)។

លោក​ Femi Falana នៃ​ប្រទេស​នីហ្សេរីយ៉ា​ (Nigeria) ជា​សកម្មជន​សិទ្ធិ​មនុស្ស​ និង​ជា​មេធាវី។

ប្រែ​សម្រួល​ដោយ​ សើ​ សាយ្យាណា