បន្ទាប់ពីជួបប្រជុំគ្នាតាមអនឡាញអស់រយៈពេល ៣ ឆ្នាំមក ក្រុមសហករណ៍សហគ្រិនភាពស្ត្រីអាហ្រ្វិក (AWEC) បានរៀបចំកិច្ចប្រជុំនៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ាកាលពីពេលថ្មីៗនេះ ដែលជាកិច្ចប្រជុំដោយផ្ទាល់ជាលើកដំបូង បង្អស់ចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ១៩ មក។
កម្មវិធីក្រុមសហករណ៍សហគ្រិនភាពស្ត្រីអាហ្រ្វិកនេះគឺជាកម្មវិធីរយៈពេលមួយឆ្នាំ ដែលត្រូវបានបង្កើតឡើងដោយមជ្ឈមណ្ឌល Center for Global Enterprise ដែលជាវិទ្យាស្ថានស្រាវជ្រាវមិនរកប្រាក់កម្រៃដែលមានមូលដ្ឋាននៅក្នុងទីក្រុង New York សហរដ្ឋអាមេរិក។
លោក Christopher Caine នាយកមជ្ឈមណ្ឌល Center for Global Enterprise បានប្រាប់ VOA ថា កម្មវិធីនេះបានដំណើរការរយៈពេល ៥ ឆ្នាំមកហើយ។
លោកថ្លែងដូច្នេះថា៖ «វាត្រូវបានបង្កើតឡើងដើម្បីជួយម្ចាស់អាជីវកម្មជាស្ត្រីនៅអាហ្រ្វិកបង្កើតអាជីវកម្មដែលមានភាពធន់។ យើងធ្វើដូច្នេះដោយផ្តោតលើសមត្ថភាពជំនាញគ្រប់គ្រងរបស់ពួកគេនិងលើអ្វីៗទាំងអស់ដែលអ្នកដឹកនាំអាជីវកម្មត្រូវការដើម្បីជោគជ័យ»។
អ្នកស្រី Dawn Leaness នាយកគ្រប់គ្រងកម្មវិធីក្រុមសហករណ៍សហគ្រិនភាពស្ត្រីអាហ្រ្វិក បានប្រាប់ VOA ថា ស្ត្រីប្រមាណ ២០០ នាក់ត្រូវបានជ្រើសរើសជារៀងរាល់ឆ្នាំចេញពីបេក្ខជនប្រមាណ ៣.០០០ នាក់។ អ្នកស្រីបាននិយាយថា ពួកគេផ្តោតលើការសិក្សាបែបអនុវត្តផ្ទាល់។
អ្នកស្រីថ្លែងដូច្នេះថា៖ «ស្ត្រីគ្រប់រូបនៅទីនេះគឺជាសហគ្រិន។ ពួកគេកំពុងគ្រប់គ្រងអាជីវកម្មផ្ទាល់ខ្លួន ហើយក្នុងអំឡុងពេលកម្មវិធីនេះ ពួកគេប្រើប្រាស់អាជីវកម្មរបស់ពួកគេជាករណីសិក្សា។ ឧទាហរណ៍ ពួកគេរៀនអំពីប្រធានបទមួយដូចជាអំពីទីផ្សារឌីជីថលជាដើម ហើយបន្ទាប់មក ពួកគេតាក់តែងឡើងវិញនូវយុទ្ធសាស្រ្តទីផ្សារឌីជីថលសម្រាប់អាជីវកម្មរបស់ពួកគេនៅថ្ងៃបន្ទាប់។ ពេលយើងបណ្ដុះបណ្ដាលអំពីការគ្រប់គ្រងហិរញ្ញវត្ថុ ពួកគេបានយកតារាងតុល្យការរបស់ពួកគេមកសិក្សា»។
អ្នកស្រី Elizabeth Njorge ម្ចាស់ហាង Liz Njorge Collection បានថ្លែងថា អ្នកស្រីបានធ្វើអាជីវកម្មអស់រយៈពេល ២០ ឆ្នាំមកហើយ ប៉ុន្តែស្ទើរតែរកប្រាក់មិនបាន។
អ្នកស្រី Njorge បានលើកឡើងដូច្នេះថា៖ «សម្រាប់សហគ្រិនយើងភាគច្រើនដែលធ្វើអាជីវកម្ម ដោយសារយើងមិនអាចរកប្រាក់បាន យើងមិនដឹងថាយើងកំពុងធ្វើអ្វីទេ ប៉ុន្តែយើងនៅប្រឹងបន្តទៅមុខពីមួយថ្ងៃទៅមួយថ្ងៃ និងសង្ឃឹមថាអ្វីៗនឹងល្អប្រសើរ។ ប៉ុន្តែនៅពេលអ្នកកំពុងធ្វើអាជីវកម្ម អ្នកមានរចនាសម្ព័ន្ធនិងប្រព័ន្ធនៅក្នុងអាជីវកម្មរបស់អ្នក។ ឧទាហរណ៍ នៅពេលអ្នកងាកចេញពីទិសដៅរបស់អ្នក អ្នកមានភាពភាពងាយស្រួលក្នុងការត្រឡប់ទៅរកទិសដៅនោះវិញ»។
អ្នកស្រី Uzoamaka Igweike នាយកគ្រប់គ្រងក្រុមហ៊ុន Loom Craft Chocolate ដែលជាក្រុមហ៊ុនកែច្នៃគ្រាប់កាកាវនិងផលិតសូកូឡានៅទីក្រុងអាប៊ូហ្សានៃប្រទេសនីហ្សេរីយ៉ា បានថ្លែងថា កម្មវិធីក្រុមសហករណ៍សហគ្រិនភាពស្ត្រីអាហ្រ្វិកនេះបានជួយអ្នកស្រីដោយធ្វើឱ្យជំនាញលក់របស់អ្នកស្រីប្រសើរឡើងនិងផ្តោតលើអតិថិជន។
អ្នកស្រី Igweike បានលើកឡើងដូច្នេះថា៖ «ដោយបានឆ្លងកាត់កម្មវិធីរយៈពេល ១២ ខែនេះ ខ្ញុំឃើញមានភាពខុសគ្នាច្បាស់ណាស់រវាងពេលដែលយើងចាប់ផ្តើមនិងពេលដែលយើងបញ្ចប់។ នៅពេលយើងចាប់ផ្តើម យើងលក់ឱ្យហាងដែលភាគច្រើននៅទីក្រុងអាប៊ូហ្សា ប៉ុន្តែឥឡូវនេះយើងលក់ឱ្យហាងជិត ១០០ កន្លែងនៅទូទាំងប្រទេស»។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកេនយ៉ាអ្នកស្រី Meg Whitman ក៏បានចូលរួមនៅក្នុងការប្រជុំនេះផងដែរ។ ក្នុងនាមជាអតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុន eBay និងក្រុមហ៊ុន Hewlett Packard អ្នកស្រី Whitman បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Princeton និងសាកលវិទ្យាល័យ Harvard ដែលនៅក្នុងថ្នាក់របស់អ្នកស្រីគឺមានស្ត្រីតែ ១០% ប៉ុណ្ណោះ។ ប៉ុន្តែអ្នកស្រីបានប្រាប់ក្រុមសហករណ៍សហគ្រិនភាពស្ត្រីអាហ្រ្វិកថា អ្វីៗបានប្រសើរឡើងហើយ។
អ្នកស្រី Whitman ថ្លែងដូច្នេះថា៖ «មានការផ្លាស់ប្តូរយ៉ាងខ្លាំង ប៉ុន្តែអ្វីដែលខ្ញុំនឹងប្រាប់អ្នកបន្ទាប់ពីបានធ្វើការក្នុងវិស័យអាជីវកម្មអស់រយៈពេលជិត ៤៥ ឆ្នាំចុងក្រោយនេះគឺថាវាលំបាកសម្រាប់ស្ត្រី។ សព្វថ្ងៃនេះ វាងាយស្រួលជាងពេលខ្ញុំទើបរៀនចប់ ប៉ុន្តែវានៅតែលំបាក។ ប៉ុន្តែជារឿយៗ យើងអាចប្រឹងប្រែងធ្វើការជាងមុននិងត្រូវឆ្លាតជាងមុនហើយតស៊ូស្វិតស្វាញ ដែលនេះគឺជាការចាំបាច់ក្នុងនាមជាសហគ្រិន»។
អ្នកស្រី Harriette Chiggai ទីប្រឹក្សាប្រធានាធិបតីកេនយ៉ាទទួលបន្ទុកផ្នែកសិទ្ធិស្ត្រី គឺជាវាគ្មិនកិត្តិយសនៅក្នុងការប្រជុំនេះ។ អ្នកស្រីបានប្រាប់ VOA ថា មិនថាពួកគេជួបការលំបាកបែបណានោះទេ សហគ្រិនជាស្ត្រីគួរតែបន្តដំណើរទៅមុខ។
អ្នកស្រី Chiggai បានបញ្ជាក់ដូច្នេះថា៖ «ចំណុចសំខាន់មួយដែលខ្ញុំចង់ផ្តាំគឺចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ ស្ត្រីគ្រប់រូបចាំបាច់ត្រូវអាចបណ្តុះបណ្តាលនិងកសាងសមត្ថភាពដើម្បីអាចគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនបាន»។
អ្នកស្រីបានថ្លែងថា ខណៈស្ត្រីជាច្រើនរកប្រាក់បាន ការដឹងអំពីរបៀបប្រើប្រាស់ប្រាក់នោះគឺជារឿងសំខាន់៕