ការ​ទាមទារ​ឱ្យ​មាន​ការ​ប្រគល់​សង​នូវ​វត្ថុ​សិល្បៈ​បុរាណ​អាហ្វ្រិក​កំពុង​កើន​ឡើង

  • Lisa Bryant

អ្នកទស្សនា​មើល​រូបបដិមា​ស្តេច​ធ្វើ​ពី​ឈើ​ពី​ប្រទេស​Dahomey ពី​សតវត្សរ៍​ទី១៩ នៅ​សារមន្ទីរ Quai Branly ក្នុង​ទីក្រុង​ប៉ារីស​នៅ​ថ្ងៃទី ២៣ ខែវិច្ឆិកាឆ្នាំ ២០១៨។

ប្រទេស​បារាំង​បាន​ប្រគល់​សង​វត្ថុ​បុរាណ​ដំបូង​បង្អស់​ឲ្យ​ប្រទេស Burkina Faso កាល​ពី​ឆ្នាំ ២០១៧។នៅ​ពេល​នោះ ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​សន្យា​ថា​នឹង​ប្រគល់​សង​វត្ថុ​បុរាណ​នានា​ដោយ​បណ្ដោះអាសន្ន ឬ​ជា​អចិន្ត្រៃយ៍​ឲ្យ​ទ្វីប​អាហ្វ្រិក​វិញ​នៅ​ក្នុង​អំឡុង​ពេល ៥ ឆ្នាំ។

កាលពី ១០ ឆ្នាំ​មុន នៅ​ពេល​ដែល​សារមន្ទីរ​ឯកជន​មួយ​ក្នុង​ប្រទេស​បេណាំង នៃ​ទ្វីប​អាហ្វ្រិក ដាក់​តាំង​បង្ហាញ​វត្ថុ​សិល្បៈ​ដែល​មាន​អាយុកាល​តាំង​ពី​ជំនាន់​អតីត​រាជាណាចក្រDahomeyបុរាណ​មក គេ​ឃើញ​មាន​ជនជាតិ​បេណាំង​ប្រមាណ ២ សែន ៥ ម៉ឺន​នាក់ សម្រុក​ទៅ​មើល​ការ​តាំង​ពិព័រណ៍​ខាងលើ ដែល​ចំនួន​នេះ​ជា​ចំនួន​អ្នក​មក​ទស្សនា​ដ៏​ធំ​សម្បើម​មួយ​សម្រាប់​ប្រទេស​ដ៏​តូច​ក្នុង​តំបន់​អាហ្វ្រិក​ខាងលិច​មួយ​នេះ។

ចំណុច​សំខាន់​គឺ​ថា ទោះបីជា​វត្ថុ​សិល្បៈ​ទាំងនេះ​ជា​ផ្នែក​មួយ​នៃ​បេតិកភណ្ឌ​របស់​ប្រទេស​បេណាំង​ក៏​ដោយ ក៏​វា​មិនមែន​ជា​កម្មសិទ្ធិ​របស់​ប្រទេស​មួយ​នេះ​នោះ​ទេ ប៉ុន្តែ​ជា​វត្ថុ​សិល្បៈ​ដែល​បាន​ខ្ចី​មក​ពី​ប្រទេស​បារាំង ដែល​ជា​អតីត​មហា​អំណាច​ដាក់​អាណានិគម​លើ​ប្រទេស​បេណាំង។

នៅ​ពេល​ដែល​ប្រទេស​បេណាំង​តាំង​ពិព័រណ៍​វត្ថុ​សិល្បៈ​សម័យ Dahomey នេះ​នៅ​ពេល​ក្រោយ ប្រទេស​នេះ​ប្រហែលជា​ធ្វើ​ឡើង​ក្នុង​កាលៈទេសៈ​ផ្ទុយ​ស្រឡះ​ពី​នេះ ដោយសារ​ប្រទេស​បារាំង​បាន​សន្យា​ប្រគល់​រាជ​វត្ថុ​បុរាណ​ចំនួន ២៦ ឲ្យ​ប្រទេស​បេណាំង​វិញ។ វត្ថុ​បុរាណ​ទាំង​នោះ​ត្រូវ​បាន​ទាហាន​បារាំង​រឹប​អូស​យក​កាល​ពី​ឆ្នាំ ១៨៩២។

អ្នកជំនាញ​សិល្បៈ​នៃ​ប្រទេស​បេណាំង Marie-Cecile Zinsou និយាយ​ថា សិល្បៈ​របស់​ប្រទេស​របស់​នាង​អាច​ត្រូវ​បាន​គេ​រក​ឃើញ​នៅក្នុង​ទីក្រុង​នៅ​ភាគខាងលិច​ជាច្រើន​ ប៉ុន្តែ​មិនមែន​នៅ​ប្រទេស​បេណាំង​ទេ។

ការ​ប្រគល់​ជូន​បែប​នេះ​ត្រូវ​បាន​គេ​យល់ឃើញ​ថា​អាច​ជា​ចំណុច​របត់​មួយ​ក្នុង​ការ​ទាមទារ​ជាទូទៅ​ឱ្យ​មាន​ការ​ប្រគល់​មក​វិញ​នូវ​វត្ថុ​បុរាណ​នានា ដែល​ត្រូវ​បាន​យក​ចេញ​ពី​ទ្វីប​អាហ្វ្រិក​ដែល​ជាទី​កន្លែង​ដើម។

អ្នកស្រី Marie Cecile Zinsou ជនជាតិ​បេណាំង​កាត់​បារាំង និង​ដែល​ត្រូវ​បាន​ចាត់ទុកថា​ជា​អ្នក​តស៊ូ​មតិ​នាំ​មុខ​មួយ​រូប​នៅ​ទ្វីប​អាហ្វ្រិក​នៅ​ក្នុង​ការ​ការ​ទាមទារ​ឱ្យ​មាន​ការ​សង​ត្រឡប់​មក​វិញ​នូវ​វត្ថុ​បុរាណ បាន​លើកឡើង​យ៉ាង​ដូច្នេះ​ថា៖ «ប្រសិនបើ​ប្រទេស​បេណាំង​ទទួល​ជោគជ័យ​នៅ​ក្នុង​ការ​ដាក់​តាំង​បង្ហាញ​នូវ​វត្ថុ​បេតិកភណ្ឌ​របស់​ខ្លួន​នោះ ខ្ញុំ​គិត​ថា អ្វី​គ្រប់​យ៉ាង​មុខតែ​ជា​នឹង​ផ្លាស់ប្ដូរ​ជា​មិន​ខាន»។

អ្នកស្រី Zinsou ដែល​មូលនិធិ Zinsou របស់​អ្នកស្រី​បាន​រៀបចំ​ការ​តាំង​ពិព័រណ៍​វត្ថុ​បុរាណ​សម័យ Dahomey កាល​ពី​ឆ្នាំ ២០០៦ បាន​បន្ថែម​ថា៖ «បន្ទាប់​មក អ្នក​នឹង​ឃើញ​ឧទាហរណ៍​ជាក់ស្ដែង​មួយ​អំពី​វិធី​ដែល​បណ្ដា​ប្រទេស​នៅ​ទ្វីប​អាហ្វ្រិក​បាន​ទទួល​វត្ថុ​បេតិកភណ្ឌ​របស់​ពួកគេ​ត្រឡប់​មក​វិញ និង​តាំង​បង្ហាញ​ជូន​សាធារណជន​ទស្សនា។ នោះ មហាជន​នឹង​ជឿជាក់​លើ​រឿង​នេះ​ជា​មិន​ខាន»។

លោក​ប្រធានាធិបតី​បារាំង Emmanuel Macron (ស្តាំ) និង​ប្រធានាធិបតី Patrice Talon (ឆ្វេង) នៃ​ប្រទេស​បេណាំង​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​មួយ​បន្ទាប់ពី​កិច្ចប្រជុំ​មួយ​នៅ​ឯ​វិមាន​អេលីសេ​នៅក្នុង​ទីក្រុង​ប៉ារីស នៃ​ប្រទេស​បារាំង​នៅ​ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០១៨។

លោក Macron ស្នើ​ឲ្យ​ប្រគល់​វត្ថុ​បុរាណ​ទាំង​នេះ​

បន្ទាប់ពី​បាន​តតាំង​នឹង​ការ​ទាមទារ​ឱ្យ​មាន​ការ​សង​វត្ថុ​បុរាណ​ទាំង​នេះ​អស់​រយៈពេល​រាប់​ឆ្នាំ​មក នា​ពេល​បច្ចុប្បន្ន​នេះ ប្រទេស​បារាំង​កំពុង​បង្កើន​សន្ទុះ​ឱ្យ​មាន​ក្ដី​សង្ឃឹម​ថ្មី ក៏​ដូចជា​ក្ដី​បារម្ភ​ផង​ដែរ ដែល​ថា​វត្ថុ​សិល្បៈ​រាប់​ម៉ឺន ដែល​ខ្លួន​បាន​យក​ពី​បណ្ដា​ប្រទេស​នៅ​ទ្វីប​អាហ្វ្រិក​ដែល​ស្ថិត​ក្រោម​អាណានិគម​របស់​ខ្លួន​កាល​ពី​អតីតកាល អាច​ត្រូវ​ប្រគល់​ជូន​ប្រទេស​ម្ចាស់​ដើម​វិញ។

ប្រទេស​បារាំង​បាន​ប្រគល់​សង​វត្ថុ​បុរាណ​ដំបូង​បង្អស់​ឲ្យ​ប្រទេស Burkina Faso កាល​ពី​ឆ្នាំ ២០១៧។នៅ​ពេល​នោះ ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​សន្យា​ថា​នឹង​ប្រគល់​សង​វត្ថុ​បុរាណ​នានា​ដោយ​បណ្ដោះអាសន្ន ឬ​ជា​អចិន្ត្រៃយ៍​ឲ្យ​ទ្វីប​អាហ្វ្រិក​វិញ​នៅ​ក្នុង​អំឡុង​ពេល ៥ ឆ្នាំ។

ស្ថានការណ៍​នៃ​ការ​វិវត្ត​ចុងក្រោយ​បង្អស់​កើតមានឡើង​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន នៅ​ពេល​ដែល​អ្នក​សិក្សា​ស្រាវជ្រាវ​ពីរ​រូប​បាន​ចេញ​ផ្សាយ​នូវ​របាយការណ៍​បើក​ផ្លូវ​មួយ ដែល​ត្រូវ​បាន​ចាត់តាំង​ឱ្យ​ធ្វើ​ដោយ​លោក Macron។ របាយការណ៍​នោះ​បាន​ផ្ដល់​អនុសាសន៍​ឱ្យ​ប្រទេស​បារាំង​ប្រគល់​សង​វិញ​ជា​អចិន្ត្រៃយ៍​នូវ​វត្ថុ​មាន​តម្លៃ​នានា​ដែល​ខ្លួន​យក​បាន​តាម​រយៈ «អំពើ​ចោរកម្ម ការ​លួច ការ​រឹប​អូស​យក ការ​បោក​បន្លំ និង​ការ​អនុញ្ញាត​ក្រោម​ការ​បង្ខិតបង្ខំ»។

លោក Felwine Sarr ដែល​ជា​សេដ្ឋវិទូ​ជនជាតិ​សេណេហ្គាល់ និង​លោក Bénédicte Savoy ដែល​ជា​ប្រវត្តិវិទូ​ជនជាតិ​បារាំង បាន​សរសេរ​រួមគ្នា​ក្នុង​របាយការណ៍​ខាងលើ​ថា នៅ​ក្នុង​ទ្វីប​មួយ​ដែល​មាន​ប្រជាជន​ប្រមាណ ៦០ ភាគរយ មាន​វ័យ​ក្រោម ២០ ឆ្នាំ យុវជន​ផង​ក្មេងៗ​គួរតែ​មាន «លទ្ធភាព​ទទួល​បាន​វប្បធម៌​ផ្ទាល់​របស់​ពួកគេ ក៏​ដូចជា​ភាព​ច្នៃប្រឌិត​ថ្មី និង​ដួង​ព្រលឹង​ដែល​បន្សល់ទុក​ពី​យុគ​សម័យ​មុនៗ»។

អ្នក​ស្រាវជ្រាវ​ទាំង​ពីរ​បាន​សរសេរ​បន្ត​ទៀត​យ៉ាង​ដូច្នេះ​ថា៖ «មិន​ខុស​អ្វី​ពី​យុវជន​បារាំង និង​យុវជន​អឺរ៉ុប​ជា​ទូទៅ​ដែរ​នោះ​ទេ យុវជន​ក្នុង​ទ្វីប​អាហ្វ្រិក​មាន​សិទ្ធិ​ទទួល​បាន​បេតិកភណ្ឌ​សិល្បៈ និង​វប្បធម៌​របស់​ពួកគេ»។

ក្នុង​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ របាយការណ៍​ខាងលើ​បាន​បង្ក​ឱ្យ​មាន​ការ​ទាមទារ​សង​ត្រឡប់​មក​វិញ​នូវ​វត្ថុ​សិល្បៈ​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក បើ​ទោះបីជា​ភាគ​ច្រើន​នៃ​ការ​ទាមទារ​ទាំង​នោះ​មិន​ទាន់​ផ្លូវការ​ក៏​ដោយ។ បន្ទាប់ពី​បាន​ចំណាយ​ពេល​អស់​រាប់​ឆ្នាំ​មក​ហើយ​ទាមទារ​ឱ្យ​មាន​ការ​សង​ត្រឡប់​មក​វិញ​នូវ​វត្ថុ​សិល្បៈ​របស់​ខ្លួន​ដែល​ត្រូវ​បាន​លួច ប្រទេស​បេណាំង​គឺ​ជា​ប្រទេស​ដំបូង​គេ​បង្អស់​ដែល​បាន​ទទួល​ប្រយោជន៍​ពី​នេះ។

ប៉ុន្តែ ប្រទេស​ដទៃ​ទៀត​ដូចជា​ប្រទេស​កូឌីវ័រ និង​ប្រទេស​សេណេហ្គាល់​ជា​ដើម​ក៏​បាន​ទាមទារ​ឲ្យ​មាន​ការ​សង​ត្រឡប់​មក​វិញ​នូវ​វត្ថុ​បុរាណ​របស់​ពួកគេ​ផង​ដែរ។ ឧទាហរណ៍​ដូចជា​លោក Abdou Latif Coulibaly រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ប្រទេស​សេណេហ្គាល់ បាន​លើកឡើង​យ៉ាង​ដូច្នេះ​ថា៖

«បើសិនជា​យើង​មាន​វត្ថុ​សិល្បៈ​មួយ​ម៉ឺន [ក្នុង​ប្រទេស​បារាំង] យើង​ចង់​បាន​វិញ​ទាំង​មួយ​ម៉ឺន»។

រាជបល្ល័ង្ក​នៃ​រាជាណាចក្រ Dahomey ពី​ដើម​សតវត្សរ៍​ទី១៩ ត្រូវ​បាន​គេ​ថត​នៅ​ថ្ងៃទី ១៨ ខែមិថុនាឆ្នាំ ២០១៨ នៅ​សារមន្ទីរ Quai Branly-Jacques Chirac ក្នុង​ទីក្រុង​ប៉ារីស។

ប្រធាន​សារមន្ទីរ​នានា​នៅ​ក្នុង​ប្រទេស​ម៉ាលី និង​ប្រទេស​ឆាដ បាន​ប្រកាស​ថា ប្រទេស​របស់​ពួកគេ​បាន​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​ទទួល​រក្សាទុក​នូវ​វត្ថុ​សិល្បៈ​ដែល​បច្ចុប្បន្ន​ស្ថិត​ក្រោម​ការ​ឃុំ​គ្រង​ក្នុង​ប្រទេស​បារាំង និង​ទីកន្លែង​ដទៃ​ទៀត។

ចំណែក​ឯ​នៅ​ក្នុង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​វិញ លោក​ប្រធានាធិបតី Joseph Kabila បាន​លើក​ឡើង​ថា លោក​នឹង​ស្នើ​ជា​ផ្លូវការ​ទៅកាន់​ប្រទេស​បែលហ្ស៊ិក ដែល​កាល​ពី​អតីតកាល​បាន​ដាក់​អាណានិគម​លើ​ខ្លួន ឱ្យ​ប្រគល់​សង​វិញ​នូវ​វត្ថុ​មាន​តម្លៃ​នានា ដែល​បែលហ្សិក​បាន​យក​នៅ​ពេល​គ្រប់គ្រង​យ៉ាង​ឃោរឃៅ​លើ​ប្រទេស​កុងហ្គោ។

របាយការណ៍​ខាងលើ​របស់​បារាំង​ក៏បាន​បង្ក​ឱ្យ​មាន​ការ​ចាត់វិធានការ​មួយ​ចំនួន​ពីសំណាក់​បណ្ដា​ប្រទេស​បស្ចិម​លោក​ផ្សេងទៀត​ផង​ដែរ។

កាលពី​ខែ​ធ្នូ ឆ្នាំ​មុន មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​សេចក្ដី​សម្រេច​មួយ​ក្នុង​ការ​គាំទ្រ​ឱ្យ​មាន​ការ​បញ្ជូន​វត្ថុ​សិល្បៈ​មាន​តម្លៃ​នានា​ត្រឡប់​ទៅ​ឲ្យ​ប្រទេស​ដើម​វិញ។ មហា​សន្និបាត​នេះ​បាន​អំពាវនាវ​ឱ្យ​បណ្ដា​រដ្ឋ​ជា​សមាជិក​ទាំង​អស់​ឱ្យ​បង្កើត​ប្រព័ន្ធ​ផ្ទុយ​ទិន្នន័យ និង​បង្កើន​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​វត្ថុ​សិល្បៈ​បុរាណ។

សារមន្ទីរ​អង់គ្លេស​បាន​សន្យា​ប្រគល់​សង​វិញ​នូវ​គ្រឿង​ស្ពាន់​ដ៏​មានតម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​ទៅ​ឱ្យ​ប្រទេស​នីហ្សេរីយ៉ា។ ហើយ​ប្រទេស​អាល្លឺម៉ង់​កំពុង​ជួយ​ប្រទេស​កេនយ៉ា​តាមដាន​រក​មើល​វត្ថុ​សិល្បៈ​ដ៏​មាន​តម្លៃ​ដែល​ត្រូវ​បាន​គេ​លួច​ទៅ ដែល​គេ​ឃើញ​មាន​នៅ​តាម​សារមន្ទីរ​នៃ​បណ្ដា​បស្ចិម​ប្រទេស​នានា ដែល​ក្នុង​នោះ​មាន​ទាំង​សារមន្ទីរ​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ផង​ដែរ។

ការ​បង្កើន​ការ​ទាមទារ​ឱ្យ​មាន​ការ​ប្រគល់​សង​វិញ​នូវ​វត្ថុ​បុរាណ​គឺ​ពឹងផ្អែក​លើ​ស្ថិតិ​ដ៏​ជាក់ច្បាស់​មួយ ដែល​ថា​នៅ​ពេល​បច្ចុប្បន្ន​នេះ មាន​វត្ថុ​សិល្បៈ​បុរាណ​របស់​ទ្វីប​អាហ្វ្រិក​ដល់​ទៅ ៩០ ភាគរយ កំពុង​ស្ថិត​នៅ​តាម​កន្លែង​នានា​ក្រៅ​ពី​ទ្វីប​មួយ​នេះ។ ក្នុង​នោះ​មាន​ប្រទេស​បារាំង​ផង​ដែរ ដែល​វត្ថុ​បុរាណ​របស់​ទ្វីប​អាហ្វ្រិក​ប្រហែល ៩ ម៉ឺន កំពុង​ស្ថិត​ក្នុង​សារមន្ទីរ​នានា ដែល​ភាគ​ច្រើន​ស្ថិត​ក្នុង​សារមន្ទីរ Quai Branly Jacques Chirac នៅ​ក្នុង​ទីក្រុង​ប៉ារីស។

អ្នកទេសចរ​ម្នាក់​ដើរ​កាត់ច្រក​នៃ​ព្រះបរមរាជវាំង​របស់​ព្រះមហាក្សត្រ Geleនៃ​នគរ​Dahomeyនៅ​សតវត្សរ៍ទី១៩ នា​ពេល​បច្ចុប្បន្ន​នេះ ជា​ប្រទេស​បេណាំង​នៅ​ឯសារមន្ទីរ​ Quai Branly ក្នុង​ទីក្រុង​ប៉ារីស​នៅ​ថ្ងៃទី ២៣ ខែវិច្ឆិកាឆ្នាំ 2018។

តើ​ត្រូវ​ទុក​វត្ថុ​សិល្បៈ​ទាំងនោះ​នៅ​ទីណា?

ព្រមពេល​នេះ​ដែរ សារមន្ទីរ​ថ្មីៗ​កំពុង​រីក​ចម្រើន​ឡើង ឬ​ក៏​កំពុង​ដំណើរការ​សាងសង់​នៅ​ទូទាំង​ទ្វីប​អាហ្វ្រិក។ បើ​យោង​តាម​អ្នក​គាំទ្រ ការ​អះអាង​ដែល​ថា ទ្វីប​អាហ្វ្រិក​មិន​អាច​រក្សា​ទុក​វត្ថុ​បុរាណ​របស់​ខ្លួន គឺ​ជា​ការ​អះអាង​មិន​ពិត។

សារមន្ទីរ​អរិយធម៌​ជនជាតិ​ស្បែក​ខ្មៅ (Museum of Black Civilizations) បាន​បើក​ដំណើរការ​នៅ​ក្នុង​រដ្ឋធានី​ដា​កា ប្រទេស​សេណេហ្គាល់ កាល​ពី​ខែ​ធ្នូ ឆ្នាំ​មុន។ រី​ឯ​ប្រទេស​កូឌីវ័រ​វិញ បាន​បើក​ឱ្យ​ដំណើរការ​ឡើងវិញ​នូវ​សារមន្ទីរ​ជាតិ​របស់​ខ្លួន​កាលពី​ឆ្នាំ ២០១៧ បន្ទាប់ពី​ត្រូវ​បាន​បិទ​ទ្វារ​ក្នុង​អំឡុង​ពេល​សង្គ្រាម​ស៊ីវិល​អូស​បន្លាយ​កាល​ពី​ពេល​កន្លង​ទៅ។ ចំណែក​ឯ​ប្រទេស​កាបុង សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ និង​ប្រទេស​បេណាំង ក៏​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​សាងសង់ ឬ​ក៏​ស្ដារ​ឡើង​វិញ​នូវ​ទីតាំង​រក្សាទុក​តាំង​លម្អ​វត្ថុ​សិល្បៈ​របស់​ខ្លួន​ផង​ដែរ។

អ្នកស្រី Zinsou បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា៖ «បណ្ដា​ប្រទេស​ក្នុង​ទ្វីប​អាហ្វ្រិក​ទាំង​អស់​នឹង​ទទួល​រ៉ាប់រង​ចាត់ចែង​វត្ថុ​បេតិកភណ្ឌ​របស់​ពួកគេ​ដោយ​ខ្លួន​ឯង​ផ្ទាល់ ដែល​គ្មាន​អ្វី​គួរ​ឲ្យ​ឆ្ងល់​នោះ​ទេ»។

ផែនទី​នៃ​ប្រទេស​បេណាំង

អ្នកស្រី Zinsou បាន​កត់​សម្គាល់​ថា ប្រទេស​បេណាំង​បាន​ប្រកាស​ថា ខ្លួន​នឹង​បើក​សារមន្ទីរ​ថ្មី​ចំនួន ៣ និង​ស្ដារ​ឡើង​វិញ​នូវ​សារមន្ទីរ ៦ កន្លែង​ផ្សេង​ទៀត​ដែល​មាន​ស្រាប់។

ក៏ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​ទៀត​មិន​ច្បាស់​អំពី​រឿង​នេះ​ទេ។

លោក Alexandre Guigello អ្នក​ជំនាញ​ផ្នែក​វិចិត្រ​សិល្បៈ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ថា «យើង​ដឹង​ថា​មាន​ការ​ខ្វះខាត​សារមន្ទីរ​ក្នុង​ទ្វីប​អាហ្វ្រិក» ដែល​មិន​អាច​បម្រើ​ឱ្យ​ការងារ​អភិរក្ស​ជា​ទូទៅ​បាន។ ការ​លើក​ឡើង​របស់​លោក​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​នូវ​ក្ដី​បារម្ភ​ជាទូទៅ​នៅ​បណ្ដា​រដ្ឋធានី​នានា​នៅ​ក្នុង​ទ្វីប​អឺរ៉ុប។

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​បារាំង​បាន​បង្ហាញ​ជំហរ​គាំទ្រ​ចំពោះ​ការ​ផ្ដល់​វត្ថុ​បុរាណ​ជា​លក្ខណៈ​កម្ចី​ដល់​បណ្ដា​ប្រទេស​នៅ​ទ្វីប​អាហ្វ្រិក ជាជាង​ការ​ប្រគល់​ជូន​ជា​អចិន្ត្រៃយ៍។ រី​ឯ​លោក Stephane Martin ប្រធាន​សារមន្ទីរ Quai Branly Jacques Chirac វិញ បាន​ហៅ​របាយការណ៍​របស់​រដ្ឋាភិបាល​អំពី​ការ​ប្រគល់​វត្ថុ​បុរាណ​ឲ្យ​ទ្វីប​អាហ្វ្រិក​វិញ ថា​ជា​ដំណោះស្រាយ​មិន​ល្អ។ លោក​បាន​ប្រាប់​កាសែត​បារាំង La Figaro ថា មាន «វិធី​ផ្សេង​ទៀត​នៅ​ក្នុង​ការ​ផ្សា​ភ្ជាប់​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​វប្បធម៌​ជាមួយ​នឹង​ទ្វីប​អាហ្វ្រិក»។

មក្កុដ​បំពាក់​ព្រះសព​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ Dahomey ពី​ចន្លោះ​ឆ្នាំ ១៨៦០-១៨៨៩ ត្រូវ​បាន​ថត​នៅ​ថ្ងៃទី ១៨ ខែឧសភា​ឆ្នាំ ២០១៨ នៅ​សារមន្ទីរ Quai Branly - Jacques Chirac ក្នុង​ទីក្រុង​ប៉ារីស។

លោក Jean Jacques Aillagonអតីត​រដ្ឋមន្ត្រី​វប្បធម៌​បារាំង ធ្លាប់​បាន​ថ្លែង​ក្នុង​សម្ដី​ធ្ងន់ៗ​ជាង​នេះ​ផង​នៅ​ក្នុង​អត្ថបទ​បញ្ចេញ​មតិ​មួយ​ដែល​បាន​ចេញ​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត La Figaro ថា ការ​ប្រគល់​សង​នូវ​វត្ថុ​សិល្បៈ​ទាំង​នេះ​នឹង «ធ្វើ​ឲ្យ​សារមន្ទីរ​គ្មាន​អ្វី​សល់​នោះ​ទេ» គឺ​សល់​តែ​វត្ថុ​ចម្លង​តែ​ប៉ុណ្ណោះ។

តាម​ការ​ពិត របាយការណ៍​ខាងលើ​បាន​បង្ក​ឱ្យ​មាន​ការ​ចោទសួរ​សំណួរ​មួយ​ចំនួន​អំពី​ព័ត៌មាន​លម្អិត​ទាក់ទិន​នឹង​ការ​ប្រគល់​សង​វិញ​នូវ​វត្ថុ​សិល្បៈ​ដែល​មាន​ប្រភព​មក​ពី​ទ្វីប​អាហ្វ្រិក។ ហើយ​របាយការណ៍​នោះ​បាន​ស្នើ​ថា ដើម្បី​អាច​ធ្វើ​ដូច្នេះ​បាន ទាល់តែ​មាន​ការ​កែប្រែ​ច្បាប់​របស់​ប្រទេស​បារាំង ដែល​បាន​បញ្ជាក់​អំពី​ភាព​មិន​អាច​ទិញដូរ ឬ​ផ្ទេរ​បាន​នូវ​វត្ថុ​បុរាណ​សាធារណៈ​ដូច​នេះ។

នាង Charline Kopf អ្នក​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត​នៅ​សាកល​វិទ្យាល័យ Oslo ដែល​បាន​ធ្វើ​ការ​វិភាគ​លើ​ ការ​ជជែក​ដេញដោល​អំពី​រឿង​នេះ បាន​និយាយ​ដូច្នេះ​ថា៖ «គេ​នៅ​មិន​ទាន់​ច្បាស់​ទេ​អំពី​អ្វី​ដែល​លោក Macron បាន​លើក​ឡើង​ថា​ជា​ការ​ប្រគល់​សង​វិញ​ជា​បណ្ដោះ​អាសន្ន ឬ​ក៏​ពិត​ប្រាកដ​នោះ»។

ការ​បញ្ជូន​វត្ថុ​សិល្បៈ​ទៅ​កាន់​ប្រទេស​ដើម​វិញ ដែល​ព្រំដែន​នៃ​ប្រទេស​ទាំង​នោះ​បាន​ប្រែប្រួល​ក្នុង​រយៈពេល​កន្លង​មក គឺ​ជា​បញ្ហា​មួយ​ទៀត។

នាង Charline Kopf បាន​បន្ថែម​ថា ទោះបីជា​បណ្ដា​ប្រទេស​នៅ​ទ្វីប​អាហ្វ្រិក​បាន​ទាមទារ​ឲ្យ​មាន​ការ​ប្រគល់​សង​នូវ​វត្ថុ​បុរាណ​ទាំង​នេះ​ក៏​ដោយ ក៏ «ពេលខ្លះ ការ​ទាមទារ​ទាំង​នេះ​ក៏​ធ្វើ​ឡើង​ដោយ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ផង​ដែរ ហើយ​វា​មិន​ស៊ី​សង្វាក់​ឲ្យ​តាម​ត្រឹមត្រូវ​ទាល់តែសោះ​ទៅ​នឹង​ខ្សែបន្ទាត់​ព្រំដែន​ដែល​មាន​លើ​ផែនទី»។

លោក Robert Jonard ដែល​ជា​ឈ្មួញ​លក់​វត្ថុ​សិល្បៈ​អាហ្វ្រិក​នៅ​ទីក្រុង​ប៉ារីស បាន​និយាយ​ថា អ្នក​ជួញដូរ​ខ្នាត​តូច​ដូចជា​រូប​លោក មិនសូវ​ជា​មាន​ការ​បារម្ភ​ថា​ពួក​លោក​អាច​ត្រូវ​បាត់បង់​កម្មសិទ្ធិ​ដ៏​មាន​តម្លៃ​លើសលប់​ទាំង​អស់​នោះ​ទេ។ លោក​ថា៖ «ភាគច្រើន​នេះ​ជា​ការ​ពិភាក្សា​នៅ​ថ្នាក់​លើ ដូចជា​ពួក​អ្នក​ជំនាញ​នាំមុខ និង​ប្រធាន​សារមន្ទីរ​ជា​ដើម»។

ដូច​អ្នក​ដែល​មាន​មន្ទិល​សង្ស័យ​ផ្សេង​ទៀត​ដែរ លោក Jonard ក៏​ព្រួយបារម្ភ​ផង​ដែរ​អំពី​ការ​ប្រគល់​សង​នូវ​វត្ថុ​សិល្បៈ​មាន​តម្លៃ​ទាំង​នេះ​ទៅ​កាន់​ទីកន្លែង​ដែល​វត្ថុ​ទាំងនោះ​អាច​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​លួច​សារ​ជា​ថ្មី ឬ​ក៏​មិន​ត្រូវ​បាន​ថែ​រក្សា​ឱ្យ​បាន​ដិតដល់។

លោក​អះអាង​ថា​វត្ថុ​សិល្បៈ​ភាគ​ច្រើន​ត្រូវ​បាន​ឆ្លាក់​តុបតែង​ឡើង​ពី​ដំបូង​សម្រាប់​គោល​បំណង​ជាក់ស្ដែង​អ្វី​មួយ ហើយ​ម្ចាស់​ដើម​នៃ​វត្ថុ​ទាំង​នោះ​មិន​ច្បាស់​ក្នុង​ចិត្ត​ថា​តើ​ត្រូវ​កម្ទេច​ចោល ឬ​ក៏​លក់​វត្ថុ​សិល្បៈ​ទាំង​នោះ នៅ​ពេល​ដែល​វា​អស់តម្លៃ​ឬ​ក៏​យ៉ាង​ណា​នោះ។

លោក Jonard បាន​បន្ថែម​យ៉ាង​ដូច្នេះ​ថា៖ «យើង​អាច​គិត​មើល​ថា​តើ​នឹង​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​សារមន្ទីរ​នានា​នៅ​ប្រទេស​បារាំង ប្រសិនបើ​វត្ថុ​សិល្បៈ​នានា​ដែល​ព្រះ​ចៅ Napoleon បាន​លួច​យក​ពី​ប្រទេស​អ៊ីតាលី​ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​ឲ្យ​ប្រទេស​អ៊ីតាលី​វិញ​នោះ។ ហើយ​តើ​សារមន្ទីរ​នានា​នៅ​ទូទាំង​ពិភពលោក​នឹង​ទៅជា​យ៉ាងណា ប្រសិនបើ​ប្រទេស​នី​មួយៗ​ទាមទារ​វត្ថុ​សិល្បៈ​របស់​ខ្លួន​ត្រឡប់​ទៅ​វិញ​នោះ?»៕

ប្រែ​សម្រួល​ដោយ អូន ឆេងប៉រ