នៅពេលដែលអង្គការសហប្រជាជាតិស៊ើបអង្កេតប្រទេសយ៉ាងហោចណាស់៧នៅទ្វីបអាហ្រ្វិកពីលទ្ធភាពនៃការរំលោភការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើកូរ៉េខាងជើង ប្រទេសជាច្រើនផ្សេងទៀតនៅទូទាំងទ្វីបនោះក្នុងប៉ុន្មានឆ្នាំថ្មីៗនេះមានចំណងទាក់ទងខាងសេដ្ឋកិច្ចយ៉ាងខ្លាំងជាមួយរបបកូរ៉េខាងជើងដែលមិនសេធគប់ប្រទេសណាមួយនៅទ្វីបអាស៊ី។
ចាប់តាំងពីឆ្នាំ២០០០ដល់ឆ្នាំ២០១៥ ការនាំចេញទំនិញពីកូរ៉េខាងជើងទៅកាន់ប្រទេសប៊ូគីណាហ្វាសូ ម៉ូហ្សំប៊ិកនិងប្រទេសសំប៊ី បានកើនឡើងក្នុងអត្រារីកលូតលាស់ជាមធ្យមប្រចាំឆ្នាំ១,៥៨ ភាគរយក្នុងរយៈពេលដូចគ្នា។ នៅទូទាំងទ្វីបអាហ្វ្រិក ទំនិញលក់ដូរជាមួយកូរ៉េខាងជើងមានចំនួនជាង១០០លានដុល្លារក្នុងមួយឆ្នាំ។
ការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិដែលបានធ្វើឡើងមុនដំបូងនៅឆ្នាំ២០០៦ បានផ្តោតលើការដាក់ទណ្ឌកម្មអាវុធនិងការរឹតត្បិតពាណិជ្ជកម្មនៅពេលដែលមានការព្រួយកង្វល់កើនឡើងអំពីការអភិវឌ្ឍន៍កម្មវិធីអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង។
ប្រទេសដែលស្ថិតនៅក្រោមការពិនិត្យពិច្ច័យត្រូវបានរងការចោទប្រកាន់ពីការបានទទួលជំនួយខាងយោធាពីកូរ៉េខាងជើង។ យោងតាមអង្គការសហប្រជាជាតិ បានប្រាប់ឲ្យដឹងថា រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានធ្វើការហ្វឹកហាត់ខាងយោធាក្នុងប្រទេសអង់ហ្គោឡា អ៊ូហ្គាន់ដា និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងបានប៉ុនប៉ងដឹកជញ្ជូនឧបករណ៍គមនាគមន៍ខាងយោធាទៅឲ្យប្រទេសអេរីទ្រា ដឹកជញ្ជូនអាវុធទៅឲ្យប្រទេសម៉ូហ្សាំប៊ិក ជួសជុលឧបករណ៍យោធាក្នុងប្រទេសតង់ហ្សានី ហើយនឹងស្ថាបនាទីកន្លែងដែលពាក់ព័ន្ធនឹងយោធានៅក្នុងប្រទេសណាមីប៊ី៕