ក្រុមមន្រ្តីអាហ្វហ្គានីស្ថានកំពុងរាប់សន្លឹកឆ្នោតបន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃសៅរ៍នៅពេលដែលមានការគំរាមកំហែងម្តងហើយម្តងទៀតដោយពួកតាលីបង់ ហើយនិងមានការភ័យខ្លាចពីភាពចលាចលក្រោយការបោះឆ្នោត។ ថ្វីបើអាជ្ញាធររៀបចំការបោះឆ្នោត និងសន្តិសុខធ្វើកិច្ចការប្រសើរក៏ដោយ ការភ័យខ្លាចនៅតែមានអំពីការខ្វែងគំនិតគ្នាលើលទ្ធផលនៃការបោះឆ្នោត អាចធ្វើប្រទេសនេះធ្លាក់ចូលក្នុងការប្រយុទ្ធដើម្បីដណ្តើមអំណាច។
ស្ថានីយបោះឆ្នោតគ្មានមនុស្ស និងប្រអប់បោះឆ្នោតគ្មានសន្លឹកឆ្នោត។ ទាំងអស់នេះជាទិដ្ឋាភាពដែលក្រុមអ្នកយកព័ត៌មានរបស់ VOA បានឃើញនៅក្នុងរដ្ឋធានីកាប៊ុល និងផ្នែកជាច្រើនទៀតនៅក្នុងប្រទេសកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
ការវាយតម្លៃក្រៅផ្លូវការ បានប្រាប់ឲ្យដឹងថា មនុស្សចេញមកបោះឆ្នោត នឹងមានចំនួនតិចបំផុតនៅក្នុងប្រវត្តិសាស្រ្ត។
ការគំរាមកំហែងយ៉ាងខ្លាំងពីក្រុមតាលីបង់ ការមិនពេញចិត្តរបស់ពួកអ្នកបោះឆ្នោតអំពីពួកបេក្ខជន និងការច្របូកច្របល់អំពីថាតើការបោះឆ្នោតដែលបានពន្យារពេល២ដងនោះ នឹងត្រូវធ្វើឡើងនៅពេលនេះ បានបង្អាក់យុទ្ធនាការឃោសនាបោះឆ្នោតមិនឲ្យមានដំណើរការទៅមុខ។
ឥឡូវនេះ មនុស្សជាច្រើន មានការភ័យខ្លាចថា ជម្លោះអំពីលទ្ធផលនៃការបោះឆ្នោត អាចប្រែក្លាយទៅជាវិបត្តិដ៏ខ្លាំងមួយ។
បេក្ខជនខ្លះ ដូចជាលោក Gulbuddin Hekmatyar អតីតស្តេចសង្គ្រាមដែលក្លាយជាអ្នកនយោបាយ ហាក់ដូចជាប្រុងប្រៀបសម្រាប់វិបត្តិបែបនេះ។
លោក បាននិយាយថា «ការបោះឆ្នោតនឹងនាំឲ្យមានអំពើហិង្សា។ គ្មាននរណានឹងទទួលយកលទ្ធផលជាងអ្នកដែលទាក់ទិននៅក្នុងការលួចបន្លំការបោះឆ្នោត។ ការណ៍នេះនឹងនាំឲ្យមានវិបត្តិ»៕