កាលពីថ្ងៃពុធពួកតាលីបាន់បានវាយយកបានទីរួមស្រុកមួយក្នុងប៉ែកខាងត្បូងនៃប្រទេសអាហ្វហ្គានីស្ថាន ដែលបានបណ្តាលឱ្យទាហានរដ្ឋាភិបាលយ៉ាងតិចណាស់ ១៣ នាក់ស្លាប់។
ការប្រយុទ្ធគ្នានេះបានកើតមានឡើងនៅពេលដែលប្រទេសរុស្សីបាននិយាយអះអាងថា ពួកតាលីបាន់មានកម្លាំងខ្លាំងឡើងៗ ហើយបានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងច្រើនជាងមុន ដើម្បីធ្វើឱ្យមានដំណោះស្រាយមួយតាមរយៈកិច្ចចរចាគ្នាដល់សង្គ្រាមមានរយៈពេល ១៧ ឆ្នាំមកហើយនេះ។
ក្រុមមន្ត្រីក្នុងមូលដ្ឋាននិងប្រភពពួកបះបោរបានរាយការណ៍ថា ពួកយុទ្ធជនបះបោរបានវាយលុកស្រុក Shamulzayi ក្នុងខេត្ត Zabul នៅមុនពេលថ្ងៃរះ ដោយបានបង្ខំឱ្យកងកម្លាំងសន្តិសុខរដ្ឋាភិបាលអាហ្វហ្គានីស្ថានដកថយពីទីរួមស្រុកនេះ ហើយពួកបះបោរក៏បានកាន់កាប់ការិយាល័យតំបន់នៃទីភ្នាក់ងារស៊ើបការសម្ងាត់របស់រដ្ឋាភិបាលហៅកាត់ថា NDS។
មន្ត្រីសន្តិសុខខេត្តម្នាក់ ដែលសុំមិនឱ្យគេបញ្ចេញឈ្មោះ បាននិយាយប្រាប់វីអូអេថា ការប្រយុទ្ធគ្នានេះបាននាំឱ្យកងទ័ពជាតិអាហ្វហ្គានីស្ថានយ៉ាងតិចណាស់ ១៣ នាក់បាត់បង់ជីវិត។
ក្រសួងការពារជាតិអាហ្វហ្គានីស្ថានបានប្រកាសថា ការវាយប្រហារតបតកំពុងមានធ្វើដើម្បីវាយយកកន្លែងបាត់បង់មកវិញ ដោយបានអះអាងថា ពួកបះបោរមានការបាត់បង់ធ្ងន់ធ្ងរនៅក្នុងដំណើរការនេះ។ ក្រសួងការពារជាតិអាហ្វហ្គានីស្ថាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «កងទ័ពអាកាសបានធ្វើសកម្មភាពនៅក្នុងតំបន់នោះ។ ពួកយុទ្ធជនតាលីបាន់បានរត់គេចខ្លួនចេញពីស្រុកនោះហើយ»។
លោក Qari Yousaf Ahmadi អ្នកនាំពាក្យតាលីបាន់បានទទួលស្គាល់ថា មានការប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅក្នុងតំបន់នោះ «ពីព្រោះកន្លែងឈរជើងខ្លះរបស់ពួកសត្រូវ» បានធ្វើការទប់ទល់។ លោកបានច្រានចោលការអះអាងរបស់មន្ត្រីរដ្ឋាភិបាលដែលថា កងកម្លាំងរដ្ឋាភិបាលបានវាយយកបានមកវិញនូវទីរួមស្រុកនេះពីពួកតាលីបាន់»៕