ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani ទំនងជាទទួលបានជ័យជម្នះសម្រាប់តំណែងជាប្រធានាធិបតីនៅក្នុងអាណត្តិទីពីររបស់លោក។ នេះបើយោងតាមលទ្ធផលបឋមនៃការបោះឆ្នោតប្រធានាធិបតីដែលត្រូវបានប្រកាសនៅថ្ងៃអាទិត្យនេះ។ ការបោះឆ្នោតប្រជែងយកតំណែងប្រធានាធិបតីដ៏ចម្រូងចម្រាសនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ ខែកញ្ញា កន្លងទៅ។
អ្នកស្រី Hawa Alam Nuristani ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតឯករាជ្យហៅកាត់ថា IEC នៃប្រទេសអាហ្វហ្គានីស្ថាន បានចេញផ្សាយលទ្ធផលនៃការបោះឆ្នោតដែលត្រូវបានរង់ចាំអស់រយៈពេលយ៉ាងយូរនេះ នៅឯសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងកាប៊ុល។ អ្នកស្រីបានបញ្ជាក់ថា លោក Ghani ទទួលបានសំឡេងឆ្នោតគាំទ្រប្រហែល៥១% ក្នុងចំណោមសន្លឹកឆ្នោតជាង១លាន៨សែនសន្លឹក។
អ្នកស្រី Nuristani បានថ្លែងទៀតថា នាយកប្រតិបត្តិនៃប្រទេសអាហ្វហ្គានីស្ថាន លោក Abdullah Abdullah ដែលជាគូប្រជែងចម្បងនិងជាដៃគូគ្រប់គ្រងប្រទេសរបស់លោក Ghani នៅក្នុងរដ្ឋាភិបាលបង្រួបបង្រួមអាហ្វហ្គានីស្ថាន ទទួលបានសំឡេងឆ្នោតគាំទ្រចំនួន៣៩,៥២%។ អ្នកស្រី Nuristani បានលើកឡើងបន្ថែមថា សំឡេងឆ្នោតដែលនៅសេសសល់បានទៅបេក្ខជនដទៃទៀត។
អាជ្ញាធររៀបចំការបោះឆ្នោត កាលពីដើមឡើយ គ្រោងនឹងចេញផ្សាយលទ្ធផលបោះឆ្នោតបឋមនៅថ្ងៃទី១៩ ខែតុលា ប៉ុន្តែត្រូវពន្យារពេលម្ដងហើយម្ដងទៀត ដោយសារតែមានការចោទប្រកាន់ពីបេក្ខជនដទៃទៀត ជាពិសេសពីលោក Abdullahថា មានការបន្លំសន្លឹកឆ្នោត រួមជាមួយនឹងបញ្ហាបច្ចេកទេសមួយចំនួនទៀត៕