វេជ្ជបណ្ឌិត​មួយ​ចំនួន​បាន​ស្លាប់​ក្នុង​ការ​ផ្ទុះ​គ្រាប់​មីន​នៅ​អាហ្វហ្គានីស្ថាន

កងកម្លាំង​សន្ដិសុខ​អាហ្វហ្គានីស្ថាន​​​នាំ​គ្នា​យក​រថយន្ដ​មួយ​គ្រឿង​ដែល​រង​​គ្រោះ​ដោយសារ​ការ​ផ្ទុះគ្រាប់មីន ​ចេញ​ពី​ដង​ផ្លូវ​ក្នុង​ទីក្រុង​កាប៊ុល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។

យ៉ាង​ហោច​ណាស់​ មាន​វេជ្ជបណ្ឌិត​អាហ្វហ្គានីស្ថាន​ចំនួន​៣​នាក់​ និង​អ្នក​បើក​បរ​របស់​ពួក​គាត់​ម្នាក់​បាន​ស្លាប់​ និង​ម្នាក់​ទៀត​រង​របួស​ នៅ​ក្នុង​ការ​ផ្ទុះ​មួយ​ នៅ​ផ្នែក​ខាង​ត្បូងទី​ក្រុង​កាប៊ុល​ ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ ខណៈ​ពួក​គេ​ កំពុង​ជិះ​រថយន្ត​ទៅ​ធ្វើ​ការ​នៅ​ទី​តាំង​ពន្ធនាគារ​មួយ​ដែល​ធំ​បំផុត​របស់​ប្រទេស​នេះ។​ ​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ អាជ្ញាធរ​ពន្ធនាគារ​ Pul-e-Charkhi បាន​សម្តែង​នូវ​សេចក្តី​សោក​ស្តាយ​យ៉ាង​ខ្លាំងចំពោះ​ព័ត៌មាន​ដ៏​រន្ធត់​នេះ​ ដែល​អគ្គនាយក​ស្តី​ទី​នៃ​នាយកដ្ឋានសុខាភិបាល​ពន្ធនាគារ​ លោក​ឧត្តមសេនីយ​ត្រី​វេជ្ជបណ្ឌិត Nazefa Ibrahimi ​បាន​ស្លាប់​នៅ​ក្នុង​ការ​ផ្ទុះ​នោះ​ ជាមួយ​វេជ្ជបណ្ឌិត​២នាក់ផ្សេងទៀត​ និង​អ្នក​បើក​បរ​ម្នាក់​ផង​ដែរ​ ដែល​បាន​ស្លាប់​ក្នុងការ​ផ្ទុះ​គ្រាប់​មីននៅ​លើ​ផ្លូវ​ នៅ​វេលា​ម៉ោង​ប្រមាណ​៧:៣០​នាទី​ព្រឹក​ថ្ងៃអង្គារ​នេះ។

អ្នក​នាំ​ពាក្យ​រង​ក្រសួង​សុខាភិបាល​អាហ្វហ្គានីស្ថាន​និយាយ​ថា​ មាន​អ្នក​ធ្វើ​ដំណើរតាម​ផ្លូវជា​ច្រើន​ បាន​ ក៏​ទទួល​រង​របួស​ ក្នុង​ការ​ផ្ទុះ​គ្រាប់​មីន​នោះផង​ដែរ​។​

ភារៈធារី​សា្ថនទូត​អាមេរិក​ ប្រចាំ​ប្រទេស​អាហ្វហ្គានីស្ថាន លោក​Ross Wilson បាន​ថ្កោលទោសការ​វាយ​ប្រហារដោយ​ការ​បង្កប់​គ្រាប់​មីន​នោះ ដោយ​បាន​លើក​ឡើង​ថា​ វា​ជា​ការ​រន្ធត់​មួយ​ ដែល​បាន​ដឹង​ពី​ការ​ស្លាប់​របស់ វេជ្ជបណ្ឌិត​ នៃ​ការិយាល័យ​រដ្ឋបាល​ពន្ធនាគារ​ ដែល​បាន​ខិត​ខំបំពេញ​ការ​ងារ​ ដោយ​មិន​ខ្លាច​នឿយ​ហត់ជា​រៀង​រាល់​ថ្ងៃ​ ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស ជា​ពិសេស​ក្នុង​ពេល​ដែល​មាន​ការ​រីក​រាល​ដាល​ឆ្លង​នៃ​ជំងឺ​កូវីដ​១៩​ ដែល​ជា​ពេល​វេលា​ដែល​ត្រូវ​ការ​ជា​ជាំ​បាច់​នូវ​ក្រុម​គ្រូពេទ្យ​ជួរមុខ​ទាំង​នោះ៕