ក្រុម​តាលីបង់​នៃ​អាហ្វហ្គានីស្ថាន​និង​មន្ត្រី​ប៉ាគីស្ថាន ពិភាក្សា​អំពី​កិច្ចសហ​ប្រតិបត្តិការ​ប្រឆំាង​ភេរវកម្ម

ទាហាន​ប៉ាគីស្ថាន​ម្នាក់​(ឆ្វេង) និង​ក្រុមប្រយុទ្ធ​តាលីបង់ ឈរ​យាម​នៅ​ផ្នែក​រៀងៗខ្លួន​នៅ​ចំណុច​ឆ្លងកាត់​ព្រំដែន​រវាង​ប៉ាគីស្ថាន​និង​អាហ្វហ្គានីស្ថាន​នៅ​ស្រុក Khyber ប្រទេស​ប៉ាគីស្ថាន​ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១។

ក្រុម​តាលីបង់​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​ថ្លែង​កាល​ពី​ចន្ទ​ថា ​ពួកគេ​បាន​ពិភាក្សា​អំពី​កិច្ច​សហ​ប្រតិបត្តិការ​សន្តិសុខ​ទ្វេភាគី​ជាមួយ​ប្រទេស​ប៉ាគីស្ថាន​ រួម​ទាំង​វិធាន​ការ​ចាំបាច់​នៅ​ច្រកព្រំដែន​រវាង​ប្រទេស​ទាំងពីរ​ដើម្បី​ទប់ស្កាត់​ចលនា​ភេរវករ​ចូល​ក្នុង​ប្រទេស​ប៉ាគីស្ថាន។​

អ្នក​នាំពាក្យ​ក្រុម​តាលីបង់​ លោក​ Zabihullah Mujahid ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ទីក្រុង​កាប៊ុលថា​ គណៈ​ប្រតិភូ​រដ្ឋាភិបាល​ក្រុង​អ៊ីស្លាមាបាដ ​បាន​មក​ទស្សនកិច្ច​ប្រទេស​អាហ្វហ្គានីស្ថាន​កាល​ពី​ចុង​សប្តាហ៍​ដើម្បី​ពិភាក្សា​គ្នា។ ​ភាគី​ប៉ាគីស្ថាន​ត្រូវ​បាន​ដឹកនាំ​ដោយ​លោក​ឧត្តម​សេនីយ៍ ​Faiz Hameed ​ប្រធាន​ទីភ្នាក់ងារ​ចារកម្ម​របស់​ប៉ាគីស្ថាន​ដែល​គេ​ហៅ​ថា ​អន្តរ​សេវា​កម្ម​ស៊ើប​ការណ៍។​

លោក ​Mujahid ​បាន​និយាយ​ថា​ ភាគី​ប៉ាគីស្ថាន​បាន​បង្ហាញ​កង្វល់​របស់​ពួកគេ​ចំពោះ​ការ​បំបែក​គុក​ជា​ច្រើន​ក្នុង​អំឡុង​ពេល​ពួក​តាលីបង់​ចូល​កាន់​កាប់​ប្រទេស​អាហ្វហ្គានីស្ថាន​និង​ដោះលែង​អ្នក​ទោស​រាប់​រយនាក់​ដែល​ពាក់ព័ន្ធ​នឹង​ការ​វាយប្រហារ​របស់​ពួក​សកម្ម​ប្រយុទ្ធ​នៅ​ប្រទេស​ប៉ាគីស្ថាន។ ​លោក​បាន​និយាយ​ថា​ ក្រុម​តាលីបង់​បាន​ធានា​នឹង​គណៈ​ប្រតិភូ​ថា​ គ្មាន​នរណា​ម្នាក់​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើ​ទឹក​ដី​អាហ្វហ្គានីស្ថាន​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​ប្រទេស​ប៉ាគីស្ថាន​ឡើយ។​

លោក ​Mujahid ​និយាយ​ថា ​«មាន​កិច្ច​ពិភាក្សា​ផង​ដែរ​ថា ​នឹង​មាន​ប្រព័ន្ធ​ត្រួត​ពិនិត្យ​ឬ​ការ​ត្រួត​ពិនិត្យ​នៅ​ច្រក​ព្រំដែន​ដើម្បី​ស្វែងរក​បុគ្គល​ណា ​ដែល​មាន​បំណង​មិន​ល្អ​មក​លើ​ប្រទេស​ប៉ាគីស្ថាន​ដោយ​សារ​តែ​ព័ត៌មាន​របស់​ពួកគេ​ ហើយ​យើង​មិន​ដឹង​អំពី​ពួកគេ​ទេ ពីព្រោះ​យើង​កំពុង​ដោះស្រាយ​ស្ថានភាព​ថ្មី​នេះ ព្រោះ​ទ្វារ​គុក​បាន​បើក​រួច​ទៅ​ហើយ»។

លោក ​Mujahid ​បាន​និយាយ​ថា ​ភាគី​របស់​លោក​បាន​សង្កត់​ធ្ងន់​លើ​តម្រូវការ​មិន​ប្រើ​បញ្ហា​នេះ​ដើម្បី​បិទ​ច្រក​ព្រំដែន​ដែល​ប៉ះពាល់​អ្នក​ដំណើរ​អាហ្វហ្គានីស្ថាន​រួមទាំង​អ្នក​ជំងឺ​គ្រួសារ​ជនភៀសខ្លួន​និង​កម្មករ​រក​ប្រាក់​ឈ្នួល​ប្រចាំ​ថ្ងៃ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ព្រំដែន​រក​ការងារ​ធ្វើ។​

ប្រភព​ផ្លូវការ​នៅ​ក្នុង​ទីក្រុង​អ៊ីស្លាមបាដ​បាន​ប្រាប់​វីអូអេ​ថា ​ប្រធាន​អន្តរ​សេវា​កម្ម​ស៊ើប​ការណ៍​ បាន​ទៅ​ទីក្រុង​កាប៊ុល​ដើម្បីពិភាក្សា​ជាមួយ​តំណាង​ក្រុម​តាលីបង់​ទាក់ទង​នឹង​ការ​គ្រប់គ្រង​ព្រំដែន​ និង​«បញ្ហា​សន្តិសុខ​រួម​ដើម្បី​ធានា​ថា ​អ្នក​បង្ក​រឿង​និង​អង្គការ​ភេរវករ​ មិន​អាច​ឆ្លៀត​កេង​ចំណេញ​ពី​ស្ថានការណ៍​នេះ»។​

ប្រភព​នានា​បាន​និយាយ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ពី​ព្រោះពួក​គេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​និយាយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទេ៕