កងកម្លាំងសន្តិសុខក្នុងប្រទេសអាហ្វហ្គានីស្ថាន បានអះអាងថាពួកគេបានវាយរុញច្រានពួកតាលីបាន់ពីផ្នែកនានានៃទីរួមខេត្តសំខាន់មួយក្នុងប៉ែកខាងត្បូងប្រទេសហើយបានសម្លាប់ពួកប្រឆាំងច្រើននាក់ នៅពេលដែលអរិភាពរបស់ពួកបះបោរហាក់ដូចជាបានចុះថមថយនៅក្នុងខេត្តឯទៀតៗដែលមានសង្គ្រាម។
ពួកបះបោរនេះបានបើកការវាយលុកធំមួយលើក្រុង Lashkar Gah ដែលជាទីក្រុងនៃខេត្ត Helmand កាលពីមួយសប្តាហ៍មុននេះ ដោយបានជម្រុលទៅមុខទៅក្នុងផ្នែកនានានៃក្រុងនេះដែលជិតត្រូវឡោមព័ទ្ធទាំងស្រុង។
ពួកទាហានរដ្ឋាភិបាលអាហ្វហ្គានីស្ថានរាប់សិបនាក់បានបាត់បង់ជីវិតនៅក្នុងការប៉ះទង្គិចគ្នាក្នុងថ្ងៃបន្ទាប់មកហើយមានទាហានច្រើននាក់ត្រូវរបួសផងដែរ បណ្តាលឱ្យក្រុមយោធាស.រ.អា.ធ្វើការវាយប្រហារតាមអាកាសដើម្បីគាំទ្រកងកម្លាំងរដ្ឋាភិបាល។
លោកអភិបាលខេត្ត Helmand បាននិយាយប្រាប់ VOA កាលពីថ្ងៃអាទិត្យថាកងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលបានវាយយកបានមកវិញនូវតំបន់ខ្លះៗដែលពួកគេបានបាត់បង់ទៅក្នុងកណ្តាប់ដៃពួកតាលីបាន់ ដែលការយកបានមកវិញនេះមានការគាំទ្រពីកងកាំភ្លើងធំ និងការវាយប្រហារតាមអាកាស។
លោក Hayatullah Hayat អភិបាលខេត្ត Helmand បាននិយាយអះអាងថា ការវាយលុកនេះបានបណ្តាលឱ្យយុទ្ធជនតាលីបាន់៨៨នាក់ស្លាប់ដោយមានរួមបញ្ចូលទាំងពួកយុទ្ធជនបរទេសផងដែរ ហើយមានពួកតាលីបាន់៩០នាក់ទៀតបានត្រូវរបួស។
អភិបាលខេត្តរូបនេះបាននិយាយអះអាងថា «ឡានមួយចំនួនមានផ្ទុកដោយគ្រឿងផ្ទុះដែលបានត្រូវប្រុងប្រៀបសម្រាប់ធ្វើការវាយប្រហារអត្តឃាតក៏បានត្រូវបានបំផ្លាញចោលដែរ»។
កងកម្លាំងសន្តិសុខបាននិយាយថាការប្រយុទ្ធគ្នាយូរៗម្តងនៅតែមានធ្វើតទៅទៀតនៅក្នុងតំបន់នោះ៕