អាជ្ញាធរអាហ្វហ្គានីស្ថានបាននិយាយ កាលពីថ្ងៃសៅរ៍ថា ការវាយប្រហារតាមអាកាសរបស់ក្រុមចម្រុះនៅក្នុងខេត្តភាគខាងកើត បានសម្លាប់ពួកសកម្មប្រយុទ្ធរដ្ឋឥស្លាមរហូតដល់ ៥០ នាក់ ខណៈពួកអ្នកបះបោរតាលីបង់បានសម្លាប់កងកម្លាំងរដ្ឋាភិបាលយ៉ាងហោចណាស់ ៧ នាក់ នៅក្នុងស្រុកមួយនៅភាគខាងលិច។
ក្រសួងការពារជាតិអាហ្វហ្កានីស្ថានបាននិយាយថា ការវាយប្រហារតាមអាកាសពេលយប់ធ្វើឡើងដោយមានកិច្ចសហការជាមួយកងកម្លាំងជើងគោកអាហ្វហ្គានីស្ថាន ហើយពួកគេបានវាយប្រហារមជ្ឈមណ្ឌលហ្វឹកហ្វឺនរបស់ពួករដ្ឋឥស្លាមនៅក្នុងស្រុក Chapa Darah ខេត្ត Kunar ។ ពួកគេអះអាងថា ពួកសកម្មប្រយុទ្ធបរទេស រួមមានជនជាតិអ៊ូសបេគីស្ថាន និងប៉ាគីស្ថានផង ស្ថិតក្នុងចំណោមពួកសកម្មប្រយុទ្ធដែលត្រូវបានសម្លាប់។
លោក Gul Mohammad Baidar អភិបាលរងខេត្តនេះបានប្រាប់វីអូអេថា មេបញ្ជាការសំខាន់ម្នាក់របស់ពួករដ្ឋឥស្លាមជនជាតិអ៊ូសបេគីស្ថាន ក៏នៅក្នុងចំណោមអ្នកស្លាប់ដែរ។ លោកបានបញ្ជាក់ថា មិនមានគ្រោះថ្នាក់ក្នុងប៉ះទង្គិចគ្នានៅក្នុងស្រុកនេះ ជាមួយពួកបះបោរតាលីបង់និងពួកសកម្មប្រយុទ្ធរដ្ឋឥស្លាមទេ។
ភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិបានរាយការណ៍ថា ការប្រយុទ្ធគ្នានៅរដ្ឋ Chapa Darah បានបង្ខំឱ្យជនជាតិអាហ្វហ្គានីស្ថានរាប់ពាន់គ្រួសារភៀសខ្លួនទៅរកសុវត្ថិភាពក្នុងសប្ដាហ៍ថ្មីៗនេះ។
ពួកតាលីបង់និងរដ្ឋឥស្លាមតែងតែធ្វើវាយប្រហារគ្នាទៅវិញទៅមកនៅក្នុងខេត្ត Kunar និងផ្នែកខ្លះនៃខេត្ត Nangarhar ដែលនៅជិតខាងក្នុងការព្យាយាមពង្រីកឥទ្ធិពលរបស់ពួកគេ។ ខេត្តទាំងពីរនេះជាប់ព្រំដែនប្រទេសប៉ាគីស្ថាន។
ដោយឡែកមន្ត្រីនៅក្នុងខេត្ត Badghis នៅភាគខាងលិចអាហ្វហ្គានីស្ថានបានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា ពួកតាលីបង់បានវាយប្រហារប៉ុស្តិ៍សន្ដិសុខទាំងយប់នៅឯស្រុក Qadis ដោយបានសម្លាប់ប៉ូលិស៧នាក់និងធ្វើឲ្យរងរបួសជាច្រើននាក់ទៀត។
អាជ្ញាធរនៅក្នុងខេត្ត Ghanzi ភាគខាងកើតបាននិយាយថា ការវាយប្រហារតាមអាកាសដោយកងកម្លាំងអាហ្វហ្គានីស្ថាននិងដៃគូអន្តរជាតិកាលពីយប់ថ្ងៃសុក្របានសម្លាប់ជនស៊ីវិល៨នាក់ ហើយឧបទ្ទវហេតុនេះកំពុងត្រូវបានស៊ើបអង្កេត៕