ភាព​តាន​តឹង​នយោបាយ​​របស់​មេដឹកនាំ​អាហ្វហ្គានីស្ថានបាន​លេចចេញ​ជា​សាធារណៈ

ប្រធានាធិបតី​អាហ្វហ្គានីស្ថាន Ashraf Ghani (ឆ្វេង) និង​លោក Abdullah Abdullah ប្រធានប្រតិបត្តិ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ក្នុង​ឆ្នាំ២០១៤។

ភាព​តាន​តឹង​ខាង​នយោបាយ​ដែល​កំពុង​កើត​មាន​ឡើង​រយៈ​ពេល​មួយ​សប្តាហ៍ រវាង​ពួក​មេដឹកនាំ​កំពូល​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន ​បាន​លាត​ត្រដាង​នៅ​ពេល​ដែលលោក Ashraf Ghani ​ប្រធានា​ធិបតី​អាហ្វហ្គានីស្ថាន​ហើយ​និង​លោក ​Abdullah Abdullah ​ប្រធាន​ប្រតិបត្តិ​ដែល​ជា​ដៃ​គូ​ក្នុង​រដ្ឋាភិបាល ​បាន​រិះ​គន់គ្នា​ទៅ​វិញ​ទៅមក។ ភាព​តាន​តឹង​នេះ​កំពុង​បង្កើន​សំណួរ​អំពី​ការ​រស់រាន​មាន​ជីវិត​នៃ​រដ្ឋាភិបាល​ឯកភាព​ជាតិ​ដែល​កំពុង​មាន​ការ​ប្រេះ​ឆារ​នេះ។

ជម្លោះ​ខាង​នយោបាយ ​បាន​ផ្ទុះ​ឡើង​នៅ​ពេល​ដែល​ពួក​បះ​បោរ​តាលីបាន​បាន​ពង្រីក​ការ​គំរាម​កំហែង​ដើម្បី​កាន់​កាប់​រដ្ឋធានី​របស់​ខេត្ត ​Helmandដែល​ជា​ខេត្ត​ដ៏​ធំ​បង្អស់​នៅ​ក្នុង​តំបន់​ភាគ​ខាង​ត្បូង​ ហើយ​និង​ខេត្ត​នានា​នៅ​ផ្នែក​ខាង​ជើង​នៃ​ប្រទេស​អាហ្វហ្គានី​ស្ថាន។

លោក ​Abdullah ​ប្រធាន​នីតិ​ប្រតិបត្តិ​អាហ្វហ្គានីស្ថាន ​បាន​ធ្វើ​សន្ទរកថា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ដោយនិយាយ​ថា ​ប្រធានា​ធិបតី ​Ghani ​មិន​ស័ក្តិសម​ដឹកនាំ​ប្រទេស​ទេ​ ពី​ព្រោះ​តែ​លោក​ខកខាន​មិន​បាន​ធ្វើ​ការ​សហការណ៍​គ្នា​ហើយ​មិន​បាន​អនុវត្ត​ទៅ​តាម​ការ​ប្តេជ្ញា​ថា​នឹង​ដើម្បីធ្វើ​កំណែ​ទម្រង់​ច្បាប់​បោះឆ្នោត។

​កាល​ពី​ថ្ងៃ​សុក្រ ​ប្រធានាធិបតី ​ Ghani​ បាន​រិះគន់លោក ​Abdullah ​វិញ​តាម​រយៈ​អ្នកនាំ​ពាក្យ​របស់​លោក​ ដោយ​អះអាង​ថា​លោក Abdullah ​មិន​បាន​ប្រើ​ប្រាស់​មុខងារ​ជា​ប្រធាន​ប្រតិបត្តិ​របស់​លោក​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ។

​អ្នកនាំ​ពាក្យ​រូបនោះ ​បាន​និយាយ​ថា៖ «​ជាអកុសល ​សេចក្តី​ថ្លែងការណ៍​ដែល​ធ្វើ​ឡើង​ដោយ​ឯក​ឧត្តម​បណ្ឌិត ​Abdullah Abdullah ​កាល​ពី​ម្សិលមិញ​ជា​ការ​ផ្ទុយ​ទៅ​នឹង​ស្មារតី​និង​សីលធម៌​អភិបាល​កិច្ច‍»៕