កងកម្លាំងអាហ្វហ្គានីស្ថានបានដណ្តើមយកផ្នែកខ្លះនៃទីក្រុង Kunduz ពីក្រុមប្រយុទ្ធតាលីបង់នៅព្រឹកថ្ងៃព្រហស្សតិ៍នេះ ក្រោយពីការប្រយុទ្ធគ្នាដែលក្រុមមន្ត្រីពិព៌ណនាថាមានសភាពយ៉ាងខ្លាំងក្លា។
លោក Abdul Rauf Ibrahimi អ្នកនាំពាក្យនៃសភាជាន់ទាបបានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន ក្នុងទីក្រុងកាប៊ុលថា កងកម្លាំងរដ្ឋាភិបាលកំពុងបោះជំហានទៅមុខក្នុងទីក្រុង Kunduz ប៉ុន្តែមិនបានបញ្ជាក់ថាតើខ្លួនកាន់កាប់ទីក្រុងនេះបានឬនៅទេ។
លោក Ibrahimi ថ្លែងថា «ការប្រយុទ្ធគ្នាកំពុងកើតឡើងក្នុងទីក្រុង Kunduz ហើយពិបាកនិយាយថាតើផ្នែកណាមួយស្ថិតនៅក្រោមការកាន់កាប់របស់រដ្ឋាភិបាល ហើយផ្នែកណាស្ថិតនៅក្រោមការកាន់កាប់របស់សត្រូវបានទេ។ លោកបន្តទៀតថា ការឆ្ពោះទៅមុខ និងការដកថយវិញជាផ្នែកមួយនៃការធ្វើសង្គ្រាម។
Sediq Sediqqi អ្នកនាំពាក្យក្រសួងមហាផ្ទៃបានប្រាប់ VOA ថា កងកម្លាំងអាហ្វហ្គានីស្ថានបានធ្វើការវាយប្រហារមួយកាលពីយប់មិញ ហើយថាចំណាត់ការនេះទទួលបានជោគជ័យខ្លាំងណាស់៕