សន្និសីទ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​អនុញ្ញាត​ និង​ស្នើ​ឲ្យ​បើក​ការិយាល័យ​ពួក​តាលីបង់​ក្នុងទីក្រុង​កាប៊ុល​ដោយ​គ្មាន​លក្ខខណ្ឌ

ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​លោក Ashraf Ghani ថ្លែង​ក្នុង​កិច្ចពិភាក្សា​មួយ​នៅ​សារមន្ទីរ Asia Society ក្នុង​ក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧។

ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​លោក Ashraf Ghani នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​សន្និសីទ​អន្តរជាតិ​មួយ​នៅ​ថ្ងៃពុធ​នេះ​ ដែល​ក្រុមមន្ត្រី​និយាយ​ថា​ លោក​នឹង​អំពាវនាវ​សារ​ជា​ថ្មី​ម្តង​ទៀត​ឲ្យ​មាន​ការចរចា​សន្តិភាព ​«គ្មាន​លក្ខខណ្ឌ»​ ជាមួយ​ពួក​តាលីបង់​និង​អនុញ្ញាត​ឲ្យ​ក្រុមប៉ះបោរ​បើក​ការិយាល័យ​របស់​ពួកគេ​នៅ​ក្នុង​ទីក្រុង​កាប៊ុល​ដើម្បី​ចូលរួម​ក្នុង​ការ​ចរចា​នេះ។

អ្នក​នាំ​ពាក្យ​ប្រធានាធិបតី​បាន​ប្រាប់​ក្រុម​អ្នក​សារពត៌មាន​កាល​ពី​ថ្ងៃអង្គារ​ថា​ សំណើ​នេះ​នឹង​ធ្វើ​ឡើង​តាម​សំណើ​យុទ្ធសាស្ត្រ​នៃ «គម្រោង​ចរចា​សន្តិភាព​ទូលំទូលាយ​មួយ» ដែល​លោក​ប្រធានាធិបតី​នឹង​លើកឡើង​នៅ​ក្នុង «ដំណើរការ​កិច្ចប្រជុំ​សន្តិភាព​ក្នុង​ទីក្រុង​កាប៊ុល» ដែល​មាន​តំណាង​ម​កពី​ប្រទេស​ជាង២០​ និង​អង្គការ​អន្តរជាតិ​នានា​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ។ អ្នក​នាំ​ពាក្យ​ លោក Haroon Chakhansuri បាន​ថ្លែង​ថា៖​ «រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន មិនបាន​ដាក់​លក្ខខណ្ឌ​អ្វី​ជា​មុន​ទេ​នៅក្នុង​ការ​ចរចា​នេះ​ ហើយ​សង្ឃឹម​ថា​ពួកតាលីបង់​នឹង​ទទួល​យក​សំណើ​នេះ​ដើម្បី​ជួយ​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​ និង​សន្តិភាព​នៅក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន»។

លោក​បាន​ថ្លែង​បន្ត​ថា​ រដ្ឋាភិបាល​បាន​ត្រៀម​រួចរាល់​ហើយ​ក្នុង​ការ​ចាត់វិធានការណ៍​នានា​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​កិច្ចសន្ទនា​នេះ​ និង​ធានា​ពី​សន្តិសុខដល់​ក្រុម​បេសកជន​តាលីបង់​ ប្រសិន​បើ​ពួកគេ​យល់ព្រម​ធ្វើ​ដំណើរ​មក​ចូល​រួម​ក្នុង​កិច្ចចរចា​នៅក្នុង​ទីក្រុង​កាប៊ុល។ ពួក​តាលីបង់​បាន​បដិសេធ​មិន​ចូលរួម​ចរចា​ជាមួយ​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ ដោយ​បាន​ហៅ​មន្ត្រី​អាហ្វហ្គានីស្ថាន​ថា​ជា «អាយ៉ង់​អាមេរិក»៕