គ្រាប់បែកបង្កប់ក្នុងរថយន្តមួយ បានផ្ទុះនៅក្នុងទីរួមខេត្ត Logarn នៃប្រទេសអាហ្វហ្គានីស្ថាន បណ្តាលឲ្យមនុស្ស១៧នាក់ស្លាប់ និងរាប់សិបនាក់ទៀត រងរបួស។ នេះបើតាមសម្តីមន្ត្រីក្នុងតំបន់ដែលបាននិយាយប្រាប់វីអូអេ។ ក្រុមមន្ត្រីទាំងនោះបាននិយាយថា ការបំផ្ទុះគ្រាប់បែកអត្តឃាតនោះ សំដៅទៅក្បួនរថយន្តប្រតិភូសន្តិសុខមួយ នៅទីរួមខេត្ត Pul-e-Alam។
មេដឹកនាំតាលីបាន Zabihullah Mujahid បានបដិសេធយ៉ាងឆាប់រហ័ស ថាមិនបានពាក់ព័ន្ធ ដោយនិយាយថា កងទ័ពរបស់ខ្លួនគ្មានទាក់ទិនក្នុងការវាយប្រហារដែលបានកើតឡើងប៉ុន្មានម៉ោងមុនពេលកិច្ចព្រមព្រៀងឈប់បាញ់គ្នាចំនួន៣ថ្ងៃ ក្នុងពេលបុណ្យសាសនា EIDបានចូលជាធរមានទេ។
នៅថ្ងៃសុក្រនេះដែរ អាជ្ញាធរអាហ្វហ្គានីស្ថាន បានចោទថាមានការបាញ់ពីខាងយោធាប៉ាគីស្ថាន ដែលបានសម្លាប់ជនស៊ីវិលយ៉ាងតិច៩នាក់ និងធ្វើឲ្យមនុស្ស៥០នាក់រងរបួសនៅទីក្រុង Spin Boldak ដែលស្ថិតនៅភាគខាងត្បូងនោះ។ មេបញ្ជាការអាហ្វហ្គានីស្ថាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកបានបញ្ជាឲ្យកងកម្លាំងរបស់លោកត្រៀមសងសឹកវិញ ដែលនាំឲ្យភាពតានតឹងកើនឡើង៕