សមាគម​អាដហុក​ស្នើ​អាជ្ញាធរ​គោរព​សេចក្តី​ណែនាំ​ក្រសួង​មហាផ្ទៃ​ក្នុង​ការ​ផ្តល់​សិទ្ធិ​សេរី​ភាព​ដល់​អង្គការ​សង្គម​ស៊ីវិល

រូបឯកសារ៖ លោក​ ស៊ឹង សែន​ករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ (Adhoc)​ ថ្លែង​ទៅ​កាន់​​អ្នកកាសែត​ ភ្នំពេញ ថ្ងៃទី​២១ ខែ​មិថុនា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី​/វីអូអេ)

សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ជំរុញ​ឲ្យ​អាជ្ញាធរ​ថ្នាក់​ជាតិ និង​មូលដ្ឋាន​ពង្រឹង​ការ​ផ្សព្វ​ផ្សាយ និង​គោរព​តាម​សេចក្តី​ណែនាំ​របស់​ក្រសួង​មហា​ផ្ទៃ ដែល​អនុញ្ញាត​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​មាន​សិទ្ធិ​សេរី​ភាព​ពេញ​លេញ​ក្នុង​ការ​ធ្វើ​សកម្មភាព។

ការ​ជំរុញ​នេះ​ធ្វើ​ឡើង​ក្រោយ​មាន​ករណី​ប្រឈម​ដាក់​គ្នា​រវាង​អាជ្ញាធរ​ក្រុង​សែន​មនោរម្យ និង​មន្រ្តី​សមាគម​អាដ​ហុក ដែល​មន្រ្តី​សិទ្ធិ​មនុស្ស​ចោទ​ប្រកាន់​ថា​មាន​ការ​រារាំង​ពី​សំណាក់​អាជ្ញាធរ​មូល​ដ្ឋាន នៅ​ពេល​ពួកគេ​រៀប​ចំ​វគ្គ​បណ្តុះ​បណ្តាល​ដោយ​មាន​ការ​ចូល​រួម​ពី​ប្រជាពលរដ្ឋ។

ឃ្លីប​វីដេអូ​រយៈពេល​១៥​វិនាទី​ ដែល​ត្រូវបានបង្ហោះ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​អង្គការ​អាដហុក​កាល​ពី​ថ្ងៃ​ចន្ទ ទី​៤ ខែ​មេសា បាន​បង្ហាញ​ពី​ការ​ពន្យល់​ពី​មន្រ្តី​អង្គការ​អាដហុក​ទៅ​កាន់​អាជ្ញាធរ​មូលដ្ឋាន​នៅ​ខេត្ត​មណ្ឌល​គិរី ជុំវិញ​ការ​សម្រប​សម្រួល​ និង​ហេតុ​ផលពី​ការ​បដិសេធ​មិន​ឲ្យ​អាជ្ញាធរ​ចុះ​ផ្តិត​រូប​អំឡុង​ពេល​វគ្គ​បណ្តុះ​បណ្តាល​រៀប​ចំ​ឡើង​ដោយ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ ក្នុង​សង្កាត់​ស្ពាន​មានជ័យ​ ក្រុង​សែន​មនោរម្យ ខេត្ត​មណ្ឌលគិរី។ ​

អ្នកនាំពាក្យ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក លោក ស៊ឹង សែន​ករុណា ដែល​មាន​វត្តមាន​នៅ​ក្នុង​ហេតុ​ការណ៍​ខាង​លើ បាន​ប្រាប់​វីអូអេនៅ​ថ្ងៃ​អង្គារ​នេះ​ថា សមាគម​សិទ្ធិ​មនុស្ស​អាដហុក​បាន​រៀប​ចំ​វគ្គ​បណ្តុះ​បណ្តាល​រយៈ​ពេល​បី​ថ្ងៃ ដែល​គ្រោង​សម្រាប់​ការ​ចូលរួម​ពីពលរដ្ឋ​ចំនួន​៣០​នាក់ ហើយវគ្គបណ្តុះបណ្តាល​នោះផ្តោត​លើ​ប្រធាន​បទ​ផ្សេងៗ​ទាក់​ទង​នឹង​បញ្ហា​សុវត្ថិភាព ​ដូចជា​សុវត្ថិភាព​អ៊ីនធឺណិត សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា ក៏ដូចជា​ការ​ក្រើន​រំឭក​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស និង​រឿង​យុត្តិធម៌​សង្គម​ជា​ដើម។

លោក​បន្ត​ថា ​នៅ​ម៉ោង​ប្រមាណ​៨​ព្រឹក​ ថ្ងៃ​ចន្ទ ទី៤​ ខែ​មេសា​ អាជ្ញាធរ​មូលដ្ឋានពីរ​នាក់​បាន​មក​សាក​សួរ​ព័ត៌មាន និង​ទាមទារ​ថតរូប​វគ្គ​បណ្តុះ​បណ្តាល។ ប៉ុន្តែ​នៅ​ពេល​មន្រ្តី​អង្គការ​អាដហុក​សង្កេត​ឃើញ​ថា ​ពលរដ្ឋ​ចូលរួម​មើល​ទៅ​មាន​ការ​ភ័យ​ខ្លាច ដោយ​សារ​ឃើញ​មន្រ្តី​សមត្ថកិច្ច​ក្នុងឯក​សណ្ឋាន។ ដូច្នេះ​ខាង​អង្គការ​ស្នើ​មិន​ឲ្យ​មន្រ្តី​ទាំង​នោះ​ថតរូប។

លោក​ឲ្យ​ដឹង​ទៀត​ថា​ ក្រោយ​ពី​ត្រូវ​បាន​បដិសេធ​មិន​ឲ្យ​ថត​ផ្តិត​រូប មន្រ្តី​ខាង​លើ​បាន​ត្រឡប់​ទៅ​វិញ ប៉ុន្តែ​មួយ​សន្ទុះ​បន្ទាប់​មក​ បាន​វិលត្រឡប់​មក​ជាមួយ​មន្រ្តី​ថ្នាក់​លើ និង​បាន​រៀបរាប់​ថា​អង្គការ​អាដហុក​មិន​បាន​ជូន​ដំណឹង មិន​អនុញ្ញាត​ឲ្យ​ថតរូប និង​ត្រូវ​តម្រូវ​ឲ្យ​ធ្វើ​លិខិត​ជូន​ដំណឹងរ​យៈ​ពេល​បី​ថ្ងៃ​ជាមុនទៅ​អាជ្ញាធរ​មូលដ្ឋាន​ជា​មុន​សិន​ មុន​នឹង​រៀបចំ​វគ្គ​បណ្តុះ​បណ្តាល។

យ៉ាង​ណាក្តី ក្រោយ​ពី​លោក​បាន​ពន្យល់និង​លើក​ឡើង​ពី​សេចក្តីជូន​ដំណឹង​របស់​ក្រសួង​មហាផ្ទៃ ដែល​មិន​តម្រូវ​ឲ្យ​អង្គការ សមាគម និង​សហគមន៍​មូលដ្ឋាន​ជូន​ដំណឹង​ជាមុន​ ទើប​អាជ្ញាធរ​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​បន្ត​ដំណើរ​ការ​វគ្គ​បណ្តុះ​បណ្តាល​ឡើង​វិញ។

​លោក ស៊ឹង សែនករុណា យល់​ថា​ករណី​ខាង​លើ​នេះ​កើត​មាន​ ដោយ​សារ​តែ​មន្រ្តី​មូលដ្ឋាន​ដែល​បាន​ចុះ​មក​ត្រួតពិនិត្យ​ «មាន​ការ​យល់​ច្រឡំ និង​មិន​បាន​ទទួល​ដំណឹង​ពី​ថ្នាក់លើ»។ លោកស្នើ​ឲ្យ​មាន​ការ​ពង្រឹង​នូវ​ការ​ផ្តល់​ព័ត៌មានគ្រប់​ជ្រុង​ជ្រោយ​ពីសេចក្តី​ជូនដំណឹង​របស់​ក្រសួង​មហាផ្ទៃ​ជាជាង «ការ​បន្ត​តាម​ដាន ​ឃ្លាំមើល និង​រឹតត្បិត​សេរីភាព» របស់​អង្គការ​សង្គម​ស៊ីវិល។

លោក​ថ្លែង​ថា៖ «រឿង​ខេត្ត​មណ្ឌលគិរី​នេះ យើង​ឃើញ​ថា ក្រោយ​ពី​មាន​ការ​ពន្យល់​លើ​ករណី​រឿង​ហ្នឹង​មួយ​ មិន​ដឹង​ថាទៅ​មុខ នៅ​កន្លែង​ផ្សេង​ទៀត គាត់​នៅ​តាម​ដាន​យើង​ទៀត ឬ​យ៉ាង​ម៉េច។ អាហ្នឹង​យើង​អត់​ទាន់​ដឹង​ដូច​គ្នា​។ យើង​សង្ឃឹម​ថា នៅ​ពេល​មាន​ការ​ជជែក​គ្នា​ពេល​ហ្នឹង​ នឹង​មាន​ការ​រាយ​ការណ៍​ទៅ​ថ្នាក់​ដឹកនាំ​ខេត្ត​ ឯក​ឧត្តម​អភិបាល​ខេត្ត​អាច​មាន​ការ​ពិនិត្យ​មើល​ថា​តើ​មាន​ការ​ណែនាំ​មក​ដល់​ថ្នាក់​ក្រោម​តាម​ស្មារតី​ស.ជ.ណ (សេចក្តី​ជូន​ដំណឹង) របស់​ក្រសួង​មហាផ្ទៃ និង​នាំ​គ្នា​អនុវត្ត​ឲ្យ​ត្រឹមត្រូវ​ឡើង​វិញ ឬ​យ៉ាង​ម៉េច។ អាហ្នឹង​អាស្រ័យ​យើង​រង់​ចាំ​មើល​ទាំង​អស់​គ្នា​ទៀត»។

មន្រ្តី​សិទ្ធិ​មនុស្ស​រូប​នេះឲ្យ​ដឹង​ទៀត​ថា​កន្លង​មក​ក៏​មាន​ករណី​មក​ឃ្លាំ​មើល ថត​ផ្តិត​រូប និង​ហាម​ឃាត់​ស្រដៀង​គ្នា​នេះ​ផង​ដែរ នៅ​ពេល​មាន​វគ្គបណ្តុះ​បណ្តាល​ ឬ​ផ្សព្វផ្សាយនៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ពី​សំណាក់​អង្គការ​របស់​លោក និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួនទៀត​នៅ​កម្ពុជា។

ស្នងការ​នគរបាល​ខេត្ត​មណ្ឌល​គិរី លោក ឡោ សុខា ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ជា​ទូទៅ​ រាល់​ការ​ចុះ​ត្រួត​ពិនិត្យ​ពី​មន្រ្តី​មូលដ្ឋាន​ គឺ​មាន​គោលដៅ​រក្សា​សុវត្ថិភាព និង​សន្តិសុខ​តែ​ប៉ុណ្ណោះ។

លោក​ថ្លែង​ថា៖ «អត់​មាន​អ្នក​ណា​ចុះ​ទៅ​ឃាត់​ទេ។ ខាង​ខ្ញុំ​អត់​មាន​អ្នក​ចុះ​ទៅ​ឃាត់​អី អត់​មាន​អី​ទេ។ បើ​សិន​ជា​គេ​ចុះ​ទៅ​គឺ ​ក្នុង​នាម​ការពារ​សន្តិសុខ​ឲ្យ​ទេ។ ខ្ញុំ​គ្មានអីណា ទៅ​ប៉ះពាល់​ទេ​ណា។ ដូច​មិនមាន​នោះ​ទេ»។

លោក​សុំ​បង្វែរ​សំណួរ​លម្អិត​ពាក់ព័ន្ធ​នឹង​ហេតុ​ការណ៍​ខាង​លើ​ទៅ​កាន់​មន្រ្តី​មូលដ្ឋាន​ និង​ថ្នាក់​ដឹកនាំនៅ​សង្កាត់​ស្ពានមានជ័យ​ ​ក្នុង​ក្រុង​សែន​មនោរម្យ ខេត្ត​មណ្ឌលគិរី​វិញ។

មន្រ្តី​នគរបាល​ទទួល​បន្ទុក​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្ពាន​មាន​ជ័យ ក្នុង​ក្រុង​សែន​មនោរម្យ​ លោក មេ ថាវីរៈ ច្រាន​ចោលការ​លើក​ឡើង​របស់​មន្រ្តី​សមាគម​អាដ​ហុក ដោយ​លោក​ថា​មិន​មាន​ការ​ឃាត់​ឃាំង ឬ​បង្អាក់វគ្គ​បណ្តុះ​បណ្តាល​នោះ​ទេ។ លោក​បញ្ជាក់​ថា​ អាជ្ញាធរ​គ្រាន់​តែ​ចុះទៅ​ត្រួត​ពិនិត្យ​សកម្ម​ភាព និង​ទីតាំង​រៀបចំ​វគ្គបណ្តុះ​បណ្តាល​តែ​ប៉ុណ្ណោះ។

លោក​ថ្លែង​ថា៖ «អត់​ទេ អត់​ទេ គ្រាន់​តែ​យើង​ទៅ​រក​ព័ត៌មាន​ថា​គាត់​ប្រជុំ​ពី​ខ្លឹម​សារ​អី រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ មក​ពី​ខាង​ណា ប៉ុន្មាន​នាក់ៗ​ទេ។ ហើយ​គាត់​ប្រជុំ​រឿង​អី​ជា​រឿង​របស់​គាត់​តើ យើង​អត់​មាន​ទៅ​ហាម​ឃាត់​គាត់​ទេ»។

មន្រ្តី​នគរ​បាល​រូប​នោះ​បន្តថា​ការ​ថត​ផ្តិត​រូប​ គឺ​ជា ផ្នែក​មួយ​នៃ​ការងាររបស់​អាជ្ញាធរ​ និងថា​ អាជ្ញាធរ​មូល​ដ្ឋាន​មាន​បំណង​ចុះ​ទៅ​ពន្យល់​ពី​វិធាន​ការ​បង្ការ​ជំងឺ​កូវីដ​១៩​តែ​ប៉ុណ្ណោះ។

បើ​តាម​សារ​បង្ហោះ​អម​នឹង​វីដេអូ​ឃ្លីប​របស់​សមាគម​អាដហុក សមាគម​បាន​យោង​សេចក្តី​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ​ លេខ ២០០៦ ស.ជ.ណ ចុះ​ថ្ងៃ​ទី២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ដែល​មាន​ខ្លឹមសារ​ថា អង្គការ​ សមាគម និង​សហគមន៍​មូលដ្ឋាន​ ដែល​ចុះ​បញ្ជី​ត្រឹមត្រូវ​ មាន​សិទ្ធិ​សេរីភាព​ពេញ​លេញ​ក្នុង​ការ​ធ្វើ​សកម្មភាព​នៅ​កម្ពុជា ស្រប​តាម​ច្បាប់ និង​លិខិត​បទដ្ឋាន​នានា ព្រម​ទាំង​លក្ខន្តិកៈ​ដែល​បាន​តម្កល់​នៅ​ក្រសួង​មហាផ្ទៃ​ ដោយ​ពុំ​ចាំបាច់​ជូន​ដំណឹង​អាជ្ញាធរ​មូលដ្ឋាន​ ក្នុង​រយៈ​ពេល​បី​ថ្ងៃ មុន​ពេល​ចាប់​ផ្តើម​ធ្វើ​សកម្ម​ភាព​ឡើយ៕