ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ផ្តល់​ប្រាក់​ជំនួយ​ឥត​សំណង​ដើម្បី​កែ​លម្អ​ស្ថាន​ភាព​ក្នុង​ជំរំ​ជន​រ៉ូហ៊ីងយ៉ា​នៅ​បង់ក្លាដែស

ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​​ម្នាក់​កំពុង​ដើរ​នៅ​ជិត​ជំរំ Kutupalong ដែល​ជន់​លិច នៅ​ស្រុក Cox's Bazar ប្រទេស​បង់ក្លាដែស កាល​ពី​ថ្ងៃទី​៤ កក្កដា ២០១៨។

ប្រទេស​បង់ក្លាដែស​ បាន​ទទួល​ជំនួយ​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ហៅ​កាត់​ថា​ ADB ​ដើម្បី​កែ​លម្អ​ស្ថានភាព​ក្នុង​ជំរំ​ដែល​នៅ​ទីនោះ​ពួក​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ រត់​គេច​ខ្លួន​ពី​ប្រទេស​ភូមា​នៅ​ជិត​ខាងបាន​ស្វះ​ស្វែង​រក​ទី​ជម្រក។

ធនាគារ​នេះ​បាន​យល់​ព្រម​ផ្តល់​ប្រាក់​ជំនួយ​គ្មាន​សំណង​១០០​លាន​ដុល្លារ​ដល់​ប្រទេស​បង់ក្លាដែស។​ ទឹក​ប្រាក់​នេះ​ជា​ចំនួន​ពាក់​កណ្តាល​ទី​មួយ​នៃ​កញ្ចប់​ទឹក​ប្រាក់​សរុប​២០០​លាន​ដុល្លារ។

លោក Takehiko Nakao ប្រធាន​ធនាគារ ​ADB ​បាន​មានប្រសាសន៍​ថា «ជា​មួយ​គោលការណ៍​ត្រូវ​គិត​អំពី​ប្រជារាស្ត្រ​ជា​ដំបូង​ គម្រោង​ការណ៍​របស់​ ADB នេះ​នៅ​ក្នុង​ដំណាក់​ការ​ទីមួយ​នឹង​ស្វះ​ស្វែង​ផ្តល់​ហេដ្ឋា​រចនា​សម្ព័ន្ធ​និង​សេវា​ជា​មូលដ្ឋាន​ដែល​នឹង​បន្ធូរ​បន្ថយ​ភាព​ងាយរង​គ្រោះ​ និងការ​ប្រថុយ​ប្រថាន​អំពី​ការ​ស្រេក​ឃ្លាន, ជំងឺ​និង​មហន្តរាយ»។

ធនាគារ ADB ​បាន​និយាយ​ថា​ នៅ​ពេល​ដែល​សំណើ​សុំ​ជំនួយ​នេះ​បាន​ត្រូវ​ទទួល ADB «បាន​អភិវឌ្ឍ​និង​រៀប​ចំ​គម្រោងការណ៍​នេះ​ដោយ​ល្បឿន​អស្ចារ្យ​តាម​រយៈ​ទម្រង់​ការ​គ្រា​មាន​អាសន្ន»។

ទឹក​ប្រាក់​ដំបូង​នេះ​នឹង​ជួយ​ដល់​ការ​ជួស​ជុល​ផ្លូវ​នៅ​ក្នុង​ជំរំ​នេះ​ដើម្បី​ភ្ជាប់​មជ្ឈ​មណ្ឌលចែក​ចាយ​ម្ហូប​អាហារ​ទៅ​នឹង​មជ្ឈមណ្ឌល​ស្តុក​ម្ហូប​អាហារ, ស្ថាបនា​មន្ទីរ​ពេទ្យ​និង​សាលា​រៀន​និង​កែ​លម្អ​វិធានការ​ជួយ​សង្គ្រោះ​គ្រា​មាន​អាសន្ន​ផង​ដែរ៕