អង្គការសិទ្ធិមនុស្ស Human Rights Watch កាលពីថ្ងៃអង្គារបានចោទប្រកាន់ពួកយោធាមីយ៉ាន់ម៉ាពី «ការប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ» នៅពេលដែលជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាមរាប់សែននាក់រត់គេចចេញពីអំពើហិង្សានៅរដ្ឋ Rakhine។
លោក James Rose នាយកខាងច្បាប់ និងគោលនយោបាយនៅឯអង្គការសិទ្ធិមនុស្ស Human Rights Watch បាននិយាយថា «ពួកយោធាមីយ៉ាន់ម៉ាបានបណ្តេញជនជាតិភាគតិចរ៉ូហ៊ីងយ៉ាយ៉ាងព្រៃផ្សៃចេញពីរដ្ឋ Rakhine។ ការសម្លាប់រង្គាលពួកអ្នកភូមិ និងការដុតផ្ទះដែលបណ្តេញមនុស្សចេញពីផ្ទះសម្បែងរបស់ពួកគេទាំងអស់នេះជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
អង្គការសហប្រជាជាតិបានប្រាប់ឲ្យដឹងថា ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាមជាង៤សែននាក់បានរត់គេចខ្លួនទៅកាន់ប្រទេសបង់ក្លាដែសដើម្បីគេច ចេញពីការធ្វើទុកបុកម្នេញដោយរដ្ឋាភិបាលមីយ៉ានម៉ា។ យោងតាមទីភ្នាក់ងារអង្គការសហប្រជាជាតិនោះបានប្រាប់ឲ្យដឹងទៀតថា មនុស្ស៤ម៉ឺន៥ពាន់នាក់បានរត់គេចខ្លួនទៅកាន់បង់ក្លាដែសក្នុងរយៈពេល២ថ្ងៃកន្លងមកនេះ។
អំពើហិង្សាកាលពីពេលថ្មីៗនេះនៅក្នុងរដ្ឋ Rakhine នៃប្រទេសមីយ៉ាន់ម៉ាបានផ្ទុះឡើងកាលពីថ្ងៃទី២៥ ខែសីហានៅពេលដែលក្រុមបះបោររ៉ូហ៊ីងយ៉ាបានចាប់ផ្តើមវាយប្រហារដ៏ប្រល័យទៅលើប៉ុស្តិ៍សន្តិសុខ។ មីយ៉ាន់ម៉ាបានឆ្លើយតបដោយប្រើកិច្ចប្រតិបត្តិបោសសម្អាតខាងយោធាដើម្បីកម្ចាត់ពួកឧទ្ទាម។
អង្គការសិទ្ធិមនុស្ស Human Rights Watch បានចោទប្រកាន់ពួកយោធាមីយ៉ាន់ម៉ាពីការប្រព្រឹត្តការវាយប្រហារយ៉ាងខ្លាំង និងជាប្រព័ន្ធដោយផ្ទាល់ទៅលើជនជាតិភាគតិចកាន់សាសនាឥស្លាម។ អង្គការនោះបានប្រាប់ឲ្យដឹងទៀតថា ការស្រាវជ្រាវរបស់ខ្លួនបានចង្អុលបង្ហាញថា ឧក្រិដ្ឋកម្មបានធ្វើឡើងដោយពួកយោធាមីយ៉ាន់ម៉ារួមទាំងការនិរទេសខ្លួនហើយនិងការបង្ខំឲ្យមនុស្សផ្លាស់ទីលំនៅ សម្លាប់ និងការប៉ុនប៉ងសម្លាប់ ចាប់រំលោភហើយនិងរំខានយាយីខាងផ្លូវភេទ៕