ពិន្ទុនៃក្រុមសិស្សវិទ្យាល័យក្នុងសហរដ្ឋអាមេរិកក្នុងការធ្វើតេស្ត ACT សម្រាប់ចូលរៀនក្នុងមហាវិទ្យាល័យបានធ្លាក់ដល់កម្រិតទាបបំផុតក្នុងពេលជាងបីទសវត្សរ៍ ដែលបង្ហាញឱ្យឃើញថាក្រុមសិស្សទាំងនេះមិនបានប្រុងប្រៀបសម្រាប់ការសិក្សានៅកម្រិតមហាវិទ្យាល័យទេ។ នេះបើតាមអង្គការមិនគិតកម្រៃមួយដែលចាត់ចែងតេស្តនេះ។
ពិន្ទុនៃការធ្វើតេស្តនេះបានធ្លាក់ចុះ៦ឆ្នាំបន្តគ្នា តែទំនោរនេះបានលឿននៅពេលមានការរាតត្បាតជំងឺកូវីដ១៩។
ក្រុមសិស្សក្នុងឆ្នាំសិក្សា២០២៣ដែលពិន្ទុពួកគេត្រូវបានរាយការណ៍កាលពីថ្ងៃពុធទី ១១តុលា បានរៀនក្នុងវិទ្យាល័យក្នុងឆ្នាំទីមួយរបស់ពួកគេនៅពេលអាមេរិកមានជំងឺកូវីដ។
អ្នកស្រី Janet Godwin ប្រធានមន្ត្រីខាងកិច្ចការប្រតិបត្តិរបស់អង្គការមិនគិតកម្រៃ ACT បាននិយាយថា«ការពិតជាក់ស្តែងគឺថាយើងមិនបានចាត់វិធានការឱ្យបានគ្រប់ គ្រាន់ដើម្បីធ្វើឱ្យប្រាកដថាក្រុមសិស្សមានសញ្ញាប័ត្រពេលរៀនចប់ក្នុងវិទ្យាល័យបានប្រុងប្រៀបសម្រាប់ជោគជ័យក្នុងមហាវិទ្យាល័យនិងអាជីពក្រោយរៀនចប់ក្នុងវិទ្យា ល័យ»។
ពិន្ទុ ACT ជាមធ្យមភាគរបស់សិស្សអាមេរិកាំងគឺ១៩,៥លើ៣៦។ កាលពីឆ្នាំទៅ ពិន្ទុមធ្យមគឺ១៩,៨។
ពិន្ទុមធ្យមខាងការអាន វិទ្យាសាស្ត្រនិងគណិតវិទ្យានៅក្រោមលក្ខណៈវិនិច្ឆ័យដែល ACT និយាយថាក្រុមនិស្សិតត្រូវតែធ្វើឱ្យសម្រេចសម្រាប់ជោគជ័យក្នុងការសិក្សាក្នុងឆ្នាំទីមួយនាមហាវិទ្យាល័យ។ ពិន្ទុមធ្យមខាងភាសាអង់គ្លេសមានលើសលក្ខណៈវិនិច្ឆ័យបន្តិច តែនៅតែចុះថយប្រៀបធៀបនឹងឆ្នាំទៅ។
សាកលវិទ្យាល័យជាច្រើនបានធ្វើការធ្វើតេស្តសម្រាប់ចូលរៀនជាស្តង់ដារជាជម្រើសដោយធ្វើក៏បាន មិនចាំបាច់ធ្វើក៏បាន នៅពេលមានការរិះគន់ថាពួកគេអនុគ្រោះតែពួកអ្នកមានហើយបានដាក់ក្រុមនិស្សិតមានប្រាក់ចំណូលទាបក្នុងភាពចាញ់ប្រៀប។
សាកលវិទ្យាល័យខ្លះមានរួមសាកលវិទ្យាល័យរដ្ឋ California ផងមិនពិចារណាពិន្ទុ ACT ឬ SAT ទេទោះជាត្រូវដាក់ស្នើក៏ដោយ។
អ្នកស្រី Godwin បានថ្លែងថាពិន្ទុនៅតែមានប្រយោជន៍សម្រាប់ដាក់និស្សិតឱ្យរៀនមុខវិជ្ជាសមស្របក្នុងមហាវិទ្យាល័យហើយចាត់ចែងទីប្រឹក្សាខាងការសិក្សាឱ្យជួយគាំទ្រនិស្សិតឱ្យបានល្អជាងមុន។
អ្នកស្រី Godwin បានពោលថា«ស្តីពីការប្រុងប្រៀបចូលរៀនក្នុងមហាវិទ្យាល័យ ទោះ ជាការធ្វើតេស្តជាជម្រើសដោយធ្វើក៏បាន មិនធ្វើក៏បាន ពិន្ទុនៃការធ្វើតេស្តទាំងនេះអំពីការប្រុងប្រៀបចូលរៀនក្នុងមហាវិទ្យាល័យមានសារៈសំខាន់ណាស់»។
មានសិស្សប្រមាណ១លាន៤សែននាក់ក្នុងសហរដ្ឋអាមេរិកបានធ្វើតេស្ត ACT នៅឆ្នាំនេះ ដោយកើនច្រើនជាងឆ្នាំទៅ។ តែយ៉ាងណាក៏ដោយ ក៏តួលេខនេះមិនបានកើនឡើងដល់កម្រិតមុនការរាតត្បាតជំងឺកូវីដ១៩ទេ។ អ្នកស្រី Godwin បាននិយាយថាអ្នកស្រីយល់ថាតួលេខទាំងនោះនឹងមិនកើនឡើងពេញលេញទេ ជាផ្នែក ដោយសារគោលនយោបាយសុំចូលរៀនដោយមានជម្រើស ចង់ធ្វើតេស្តក៏បាន មិនចង់ធ្វើក៏បាន។
ក្នុងបណ្តាពួកនិស្សិតដែលបានធ្វើតេស្ត មានតែ២១%ប៉ុណ្ណោះដែលបានទទួលលទ្ធផលតាមលក្ខណៈវិនិច្ឆ័យសម្រាប់ជោគជ័យក្នុងការសិក្សាកម្រិតមហាវិទ្យាល័យក្នុងមុខវិជ្ជាទាំងអស់។
ការស្រាវជ្រាវរបស់អង្គការមិនគិតកម្រៃនេះបង្ហាញថាពួកសិស្សដែលបានពិន្ទុតេស្តតាមលក្ខណៈវិនិច្ឆ័យទាំងនោះមានឱកាស៥០%ទទួលពិន្ទុ B ឬល្អជាងនេះនិងមានឱកាសជិត៧៥%ក្នុងការទទួលពិន្ទុCឬល្អជាងនេះក្នុងមុខវិជ្ជាដែលពួកគេរៀន៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ