នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បាននិយាយនៅថ្ងៃចន្ទនេះថា លោកសង្ឃឹមថានឹងប្រើប្រាស់ «វិធីសាស្ត្រការទូតដ៏ខ្លាំងក្លា និងការសម្រេចចិត្តត្រឹមត្រូវទាន់ពេលវេលា» ដើម្បីដោះស្រាយបញ្ហាទាក់ទិននឹងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង។
លោក Shinzo Abe បានថ្លែងយ៉ាងដូច្នេះថា៖ «ប្រទេសជប៉ុននឹងពង្រឹងកិច្ចសម្របសម្រួលជាមួយនឹងសហគមន៍អន្តរជាតិ ដើម្បីឲ្យកូរ៉េខាងជើងផ្លាស់ប្ដូរទិសដៅរបស់ខ្លួន»។
លោកថ្លែងទៅកាន់អ្នកសារព័ត៌មានដូច្នេះ គឺក្នុងរយៈពេលមួយថ្ងៃក្រោយមកបន្ទាប់ពីសម្ព័ន្ធភាពគណបក្សរបស់លោកបានឈ្នះការបោះឆ្នោតរដ្ឋសភាក្នុងសំឡេងពីរភាគបីភាគច្រើនលើសលុបកាលពីថ្ងៃអាទិត្យម្សិលមិញ។
លោក Shinzo Abe បាននិយាយថា បញ្ហាកូរ៉េខាងជើងនឹងក្លាយជាផ្នែកមួយនៃការពិភាក្សានៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ធ្វើទស្សនកិច្ចនៅក្នុងប្រទេសជប៉ុននៅខែក្រោយ។
ដោយមានគោលបំណងទាញផលប្រយោជន៍ពីការកើនឡើងនៃការគាំទ្ររបស់សាធារណជនចំពោះគោលជំហរតឹងតែងរបស់លោកប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង លោក Shinzo Abe បានរំលាយរដ្ឋសភាកាលពីខែកញ្ញាកន្លងទៅនេះ នឹងបានអំពាវនាវឲ្យមានការបោះឆ្នោតមុនកាលកំណត់ក្នុងខែតុលានេះ ជាជាងរង់ចាំដល់ពេលដែលអាណត្តិរបស់រដ្ឋសភាបញ្ចប់នៅខែធ្នូឆ្នាំ ២០១៨ ខាងមុខ។
ប៉ុន្តែ ប្រជាពលរដ្ឋជប៉ុននៅតែមានការខ្វែងគំនិតគ្នាពាក់ព័ន្ធនឹងសំណើរបស់លោក Shinzo Abe ក្នុងការអនុញ្ញាតឲ្យយោធាមានសិទ្ធិអំណាចបន្ថែមទៀតក្នុងការប្រឆាំងនឹងការគំរាមកំហែងដែលអាចកើតឡើងណាមួយពីប្រទេសមួយចំនួនដូចជាកូរ៉េខាងជើង និងចិនជាដើម និងក្នុងការគាំទ្រសម្ព័ន្ធមិត្តដូចជាសហរដ្ឋអាមេរិកនេះជាដើម៕