ក្មេងស្រីដែលបង្ហោះសាររិះគន់វៀតណាមសារភាពកំហុស និងសុំទោសរដ្ឋាភិបាលនិងអាជ្ញាធរ

រូបឯកសារ៖ ទង់​ជាតិ​កម្ពុជា​ និង​ទង់ជាតិ​វៀតណាម​ នៅ​ស្តូប​មិត្តភាព​កម្ពុជា​វៀតណាម​ ដើម្បី​​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​របស់​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ​នៅក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៦។​ (ហ៊ាន សុជា​តា​/វីអូអេ)

ក្រោយ​មាន​ភាព​ចម្រូង​ចម្រាស​ពាក់​ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​របស់​ក្មេង​ស្រី​ម្នាក់​ នៅ​ខេត្ត​ត្បូង​ឃ្មុំ ​ដែល​រិះគន់​ថា​ មាន​ជនជាតិ​វៀតណាម​ច្រើន​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា​ ក្មេង​ស្រី​ម្នាក់​នោះ​ត្រូវ​បាន​សម្ភាស​ក្នុង​វីដេអូ​មួយ​ដែល​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក ​ហ៊ុន សែន​ អតីត​នាយក​រដ្ឋមន្រ្តី ​ដោយ​បាន​សារភាព​ទទួល​កំហុស។ ​

ក្មេង​ស្រី​ម្នាក់​នោះ​ក៏​បាន​សុំទោស​ថ្នាក់​ដឹកនាំ ​និង​អាជ្ញាធរ​ថា ​រាល់​ខ្លឹម​សារ​ដែល​ខ្លួន​បាន​បង្ហោះ​នោះ ​មិនមែន​ជា​ការណ៍​ពិត ​ព្រម​ទាំង​គ្មាន​ប្រភព​ច្បាស់​លាស់។

បើ​តាម​វីដេអូ​នៃ​បទ​សម្ភាសន៍ ​ក្មេង​ស្រី​ដែល​ប្រើប្រាស់​គណនី​ហ្វេសប៊ុក​ដាក់​ឈ្មោះ​ថា ​សិរី វឌ្ឍនៈ​(Serey Vattanak)​ នោះ​ ប៉ុន្តែ​ឈ្មោះ​ពិត​គឺ​ វ៉ែន ស៊ាងឡៃ ​អាយុ​១៧​ឆ្នាំ​ រស់​នៅ​ភូមិ​ជីពាំង ​ឃុំ​ក្រែក ​ស្រុក​ពញាក្រែក​ ខេត្ត​ត្បូងឃ្មុំ។ ​កញ្ញា​បាន​សារភាព​ទទួល​កំហុស​និង​សុំទោស​ថ្នាក់​ដឹកនាំ​ថា៖​

«ខ្ញុំ​ឃើញ​គេ​បង្ហោះ​អ៊ីចឹង​ ខ្ញុំ​ចង់​បង្ហោះ​ដែរ​ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​ សោក​ស្តាយ​ដែរ​[ព្រោះ] ​ខ្ញុំ​គិត​ថា​ ជា​ការណ៍​ពិត​ទាំង​ដែល​ខ្ញុំ​មិន​បាន​ឃើញ​អី​ផ្ទាល់។ ...ខ្ញុំ​សុំទោស​ដល់​ថ្នាក់​ដឹកនាំ​ និង​អាជ្ញាធរ​ទាំង​អស់។​ និយាយ​ទៅ ​ខ្ញុំ​ក៏​មាន​អារម្មណ៍​ថា​ខ្ញុំ​ខុស​ដែរ ​បាន​ជា​ខ្ញុំ​បាន​លុប​សារ​សំណេរ​ដែល​ខ្ញុំ​សរសេរ​ទាំង​អស់​ហ្នឹង»។​

យុវតី​រូប​នេះ​បន្ត​ទៀត​ថា​ ការណ៍​ដែល​កញ្ញា​បង្ហោះ​ថា​មាន​គេ​គំរាម​ឱ្យ​លុប​សារ​នោះ​ចេញ ​និង​ថា​មាន​គេ​មក​តាម​សួរ​ខ្លួន​ជា​ច្រើន​ដង​នោះ ​គឺ​ដោយ​សារតែ​កញ្ញា​ឮ​អ្នក​ភូមិ​គេ​និយាយ​តៗ​គ្នា​ បូក​រួម​ទាំង​ការ​ភ័យ​ខ្លាច​របស់​ខ្លួន​ឯង​ផ្ទាល់​តែ​ប៉ុណ្ណោះ។​ កញ្ញា​បន្ថែម​ថា​ មិន​មាន​អ្នក​ណា​មក​ចាប់​ឬ​ក៏​គំរាម​កំហែង​ខ្លួន​ឡើយ។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​កញ្ញា ​វ៉ែន ស៊ាងឡៃ ​បាន​នៅ​ឡើយ​ទេ។​

កាល​ពី​ថ្ងៃ​សៅរ៍ ​អតីត​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ​ក៏​បាន​បង្ហោះ​សារ​អម​ដោយ​វីដេអូ​នៃ​បទ​សម្ភាសន៍​រវាង​អ្នក​សារ​ព័ត៌មាន​ជា​មួយ​ក្មេង​ស្រី ​និង​ក្រុម​គ្រួសារ​ថា​ ក្មេង​ស្រី​នោះ​ប្រព្រឹត្ត​កំហុស​ដោយ​អចេតនា​អំពី​ការ​បង្ហោះ​ខ្លឹមសារ​និង​រូបភាព​គ្មាន​មូលដ្ឋាន។ ​លោក ​ហ៊ុន សែន ​បន្ត​ថា​ លោក​និង​ភរិយា​របស់​លោក​នឹង​ជួយ​ក្មេង​ស្រី​នោះ​ឱ្យ​បន្ត​ការ​រៀន​សូត្រ​រហូត​សម្រេច​នូវ​បំណង​របស់​នាង។​

ជុំវិញ​ករណី​រឿង​នេះ​ដែរ ​ស្នងការដ្ឋាន​នគរបាលខេត្ត​ត្បូងឃ្មុំ ​កាល​ពី​ថ្ងៃ​សៅរ៍​ បាន​ចេញ​សេចក្តី​បំភ្លឺ​ព័ត៌មាន​ដល់​សាធារណ​ជន​ថា​ ពុំ​មាន​ការ​ឃាត់​ខ្លួន​យុវតី​ឈ្មោះ ​វ៉ែន ស៊ាងឡៃ ​នោះ​ទេ។ ​នគរបាល​បញ្ជាក់​ទៀត​ថា​ ក្មេងស្រី​ម្នាក់​នោះ​បាន​បង្ហោះ​សារ​ដែល​មាន​លក្ខណៈ​ញុះញង់​ឱ្យ​មាន​ការ​រើស​អើង​ជាតិ​សាសន៍​និង​ «បំភ្លៃ​និយាយ​អំពី​រឿង​ជនជាតិ​យួន»។​

គួរ​បញ្ជាក់​ថា​ កាល​ពី​សប្តាហ៍​មុន​ ក្មេង​ស្រី​នោះ​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​កញ្ញា​ថា៖​ «ហេតុអ្វី​បាន​ជា​ជនជាតិ​វៀតណាម​មក​រស់​នៅ​លើ​ដី​ខ្មែរ​ច្រើន​កុះករ។ ​គេ​ចូល​ស្រុក​យើង​តាម​អំពើ​ចិត្ត ​តែ​ប្រសិន​បើ​ខ្មែរ​យើង​ចូល​ស្រុក​គេ​វិញ​តឹងរឹង​ខ្លាំង​ណាស់។ ​ហេតុ​អ្វី​ក៏​វៀតណាម​សំណាង​ម៉្លេះ...»។​

កញ្ញា​សរសេរ​ទៀត​ថា៖​ «សម្លាប់​វីរបុរស​របស់​ខ្មែរ​បាន​យ៉ាង​ជោគជ័យ ​ទឹក​ដី​ខ្មែរ​ក៏​លួច​បាន​សម្រេច ​មក​ដល់​សម័យ​ឥឡូវ​នេះ យួន​ចូល​សេរី​ពេញ​ស្រុក​ខ្មែរ​ទៀត»។​

លោក​ អំ សំអាត ​នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​ប្រាប់​វីអូអេ​ថា​ ប្រសិន​បើ​មាន​ការ​បំភិត​បំភ័យ​ឱ្យ​មាន​ការ​ភ័យ​ខ្លាច​ទៅ​លើ​ការ​បញ្ចេញ​មតិ​របស់​បុគ្គល​ណា​ម្នាក់​ នោះ​វា​គឺ​ជា​ការ​រឹត​ត្បិត​និង​ការ​រំលោភ​សិទ្ធិ​សេរីភាព​របស់​បុគ្គល​នោះ ​ហើយ​វា​ក៏​ជា​គំរូ​មិន​ល្អ​ដែរ។

លោក​ថ្លែង​ថា៖​ «បើ​សិន​ជា​ករណី​ក្នុង​ការ​បញ្ចេញ​មតិ​ណា​មួយ​ហើយ​ត្រូវ​ទទួល​បាន​ការ​ភិត​ភ័យ​និង​ទទួល​បាន​ការ​គំរាម​កំហែង​ពី​បុគ្គល​ណា​មួង​ អាហ្នឹង​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​សិទ្ធិ​របស់​គាត់ ​ហើយ​ក៏​ជះ​ឥទ្ធិពល​សម្រាប់​អ្នក​ផ្សេង​ទៀត​ដែល​ ចង់​សម្តែង​មតិ​ចង់​បញ្ចេញ​មតិ​ចូល​រួម​ក្នុង​ការ​កែ​លម្អ​សង្គម​ នាំ​ឱ្យ​មាន​ការ​ភ័យ​ខ្លាច។ ​គាត់​លែង​ហ៊ាន​ក្នុង​ការ​បញ្ចេញ​មតិ​បាទ»។​

លោក​បន្ថែម​ទៀត​រដ្ឋ​និង​អាជ្ញាធរ​ត្រូវ​ធានា​ឱ្យ​បាន​នូវ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​ប្រជា​ពលរដ្ឋ ​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ ​ហើយ​អ្នក​បញ្ចេញ​មតិ​ទាំង​ឡាយ​ក៏​ត្រូវ​គោរព​នូវ​ក្រម​សីលធម៌​វិជ្ជាជីវៈ​ផង​ដែរ៕