រដ្ឋាភិបាលនៃប្រទេសឥណ្ឌា និងអង្គការដៃគូសំខាន់ៗ បានរៀបចំវេទិកាភាពជាដៃគូស្តីអំពីសុខភាពមាតា ទារក និងកុមារ (PMNCH) លើកទី៤ មានចំនួនរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី១២-១៣ ខែធ្នូ ឆ្នាំ២០១៨ ក្នុងទីក្រុងញូវដេលី ប្រទេសឥណ្ឌា ដោយមានអ្នកចូលរួមប្រមាណជាជាង១,៥០០នាក់ មកពីជុំវិញពិភពលោក រួមទាំងកម្ពុជាផងដែរ។ វេទិកានេះ មានកិច្ចពិភាក្សាសំខាន់ៗចំនួនបួន ដែលផ្តោតលើការដឹកនាំនយោបាយ សកម្មភាពពហុវិស័យ គណនេយ្យភាព និងអំណាចនៃភាពជាដៃគូ។

អ្នកចូលរួមកំពុងស្តាប់កិច្ចពិភាក្សាពាក់ព័ន្ធនឹងការលើកកម្ពស់សុខភាពស្រ្តី និងកុមារ ក្នុងវេទិកាដៃគូអន្តរជាតិស្តីអំពីសុខភាពស្រ្តី ទារក និងកុមារ នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។ (កាន់ វិច្ឆិកា/VOA)
វេទិកាភាពជាដៃគូអន្តរជាតិស្តីអំពីសុខភាពមាតា ទារក និងកុមារ (PMNCH) ដែលធ្វើឡើងនៅដើមខែធ្នូ ឆ្នាំ២០១៨ មានអ្នកចូលរួមប្រមាណជា១,៥០០នាក់នៅទូទាំងពិភពលោក ក្នុងនោះរួមមានមន្រ្តីរដ្ឋាភិបាល អ្នកនយោបាយ អង្គការសង្គមស៊ីវិល សាស្រ្តាចារ្យ អ្នកជំនាញ និងយុវជនជាដើម។ អ្នកចូលរួមទាំងអស់បានពិភាក្សា ចែករំលែកចំណេះដឹង និងបទពិសោធន៍ ដោយបានប្រមូលនូវសន្ទុះនយោបាយកាន់តែខ្លាំង ដែលជារបៀបវារៈនៃផ្លាស់ប្តូរ ក្នុងការជួយឲ្យសម្រេចបាននូវយុទ្ធសាស្រ្តសកល ដែលជាទិសដៅឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។
វេទិកាភាពជាដៃគូអន្តរជាតិស្តីអំពីសុខភាពមាតា ទារក និងកុមារ (PMNCH) លើកទី៤ ដែលរៀបចំដោយអង្គការសុខភាពពិភពលោក និងរដ្ឋាភិបាលឥណ្ឌា ព្រមទាំងដៃគូសំខាន់ៗជាច្រើនទៀត បានធ្វើឡើងចំនួនពីរថ្ងៃ គឺនៅថ្ងៃទី១២-១៣ ខែធ្នូ ឆ្នាំ២០១៨ ក្នុងទីក្រុងញូវដេលី ប្រទេសឥណ្ឌា ដោយមានអ្នកចូលរួមប្រមាណជាជាង១,៥០០នាក់ជុំវិញពិភពលោក រួមទាំងកម្ពុជាផង។ វេទិកានេះមានកិច្ចពិភាក្សាសំខាន់ៗចំនួនបួន ដែលផ្តោតលើការដឹកនាំនយោបាយ សកម្មភាពពហុវិស័យ គណនេយ្យភាព និងអំណាចនៃភាពជាដៃគូ។

នាយករដ្ឋមន្រ្តីឥណ្ឌា លោក Shri Narendra Modi ថ្លែងក្នុងពិធីបើកវេទិកាដៃគូអន្តរជាតិស្តីអំពីសុខភាពស្រ្តី ទារក និងកុមារ ដែលមានអ្នកចូលរួមចំនួនជាង១,៥០០នាក់ មកពី៨៥ប្រទេស នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា ពីថ្ងៃទី១២-១៣ ខែធ្នូ ឆ្នាំ២០១៨។ (កាន់ វិច្ឆិកា/VOA)
ក្នុងកិច្ចចាប់ផ្តើមវេទិកាដោយមានការចូលរួមបើកពីនាយករដ្ឋមន្រ្តីប្រទេសឥណ្ឌា លោក Shri Narendra Modi ផងនោះ ក្រុមមន្រ្តីដឹកនាំរដ្ឋាភិបាលជាន់ខ្ពស់ និងមន្រ្តីនៃស្ថាប័នអន្តរជាតិធំៗតាមបណ្តាប្រទេសមួយចំនួន បានលើកឡើងអំពីសារសំខាន់នៃភាពជាអ្នកដឹកនាំរបស់ស្រ្តី ព្រមទាំងការរួមគ្នាក្នុងការលើកកម្ពស់សុខភាពស្រ្តី ទារក និងកុមារ។
ក្រុមអ្នកជំនាញអន្តរជាតិដែលចូលរួមក្នុងវេទិកាដែលផ្តោតសំខាន់លើស្រ្តី និងកុមារនោះលើកឡើងថា អ្នកតំណាងរាស្រ្ត ជាពិសេសស្រ្តីដែលជាតំណាងរាស្រ្ត គឺជាក្រុមមនុស្សដ៏សំខាន់ក្នុងការជំរុញផ្នែកសុខភាពស្រ្តី និងកុមារឲ្យមានភាពប្រសើរឡើង។
អ្នកស្រី Gabriela Cuavas Barron ប្រធានសហភាពអន្តរសភាប្រទេសស្វីស ថ្លែងក្នុងកិច្ចពិភាក្សាស្តីអំពីតួនាទីរបស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំនយោបាយ ក្នុងវេទិកាដៃគូអន្តរជាតិស្តីអំពីសុខភាពស្រ្តី ទារក និងកុមារ នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។ (កាន់ វិច្ឆិកា/VOA)
អ្នកស្រី Gabriela Cuevas Barron ប្រធានសហភាពអន្តរសភា (IPU) ថ្លែងក្នុងវេទិកាភាពជាដៃគូអន្តរជាតិនាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ថា តំណាងរាស្រ្តដែលជាអ្នកធ្វើការក្នុងរដ្ឋសភា គឺជាបុគ្គលសំខាន់ក្នុងការជំរុញឲ្យមានការយកចិត្តទុកដាក់លើបញ្ហាសុខភាពរបស់ស្រ្តី និងកុមារ ដោយសារពួកគេជាអ្នកតាក់តែងច្បាប់សម្រាប់អនុវត្តក្នុងប្រទេស។ អ្នកស្រីបន្ថែមថាតំណាងរាស្រ្តនៅលើពិភពលោកនេះមានចំនួន៤ម៉ឺន៦ពាន់នាក់ និងថា ពិភពលោកមិនត្រូវការការចេញសេចក្តីថ្លែងការណ៍នយោបាយពីតំណាងរាស្រ្តទាំងនោះទេ ប៉ុន្តែពិភពលោកត្រូវការការតាំងចិត្ត និងការបញ្ចេញសកម្មភាពការងារដោយផ្ទាល់របស់ក្រុមតំណាងរាស្រ្តទាំងនោះ ក្នុងការជំរុញឲ្យស្ថានភាពសុខភាពស្រ្តី កុមារ និងមនុស្សវ័យជំទង់មានភាពប្រសើរឡើង។
អ្នកស្រីមានប្រសាសន៍ថា៖
«យើងត្រូវធ្វើការដោយផ្ទាល់ជាមួយរដ្ឋាភិបាល។ យើងត្រូវអនុវត្តកាតព្វកិច្ចរបស់យើងក្នុងការត្រួតពិនិត្យ។ ហើយជាការពិតមួយនៃអាណត្តិសំខាន់បំផុតគឺត្រូវធ្វើការកាន់តែជិតស្និទ្ធជាមួយសហគមន៍ដែលយើងតំណាងឲ្យ។ មធ្យោបាយតែមួយគត់ដើម្បីផ្លាស់ប្តូរពិភពលោក គឺយើងចាប់ផ្តើមពីសហគមន៍ផ្ទាល់របស់យើង ហើយនោះជាមូលហេតុដែលសមាជិកសភាមានសារៈសំខាន់ហើយចាំបាច់សម្រាប់ការអនុវត្តនេះ»។
ក្នុងកិច្ចពិភាក្សាមួយជជែកអំពីតួនាទីស្រ្តីក្នុងភាពជាអ្នកដឹកនាំនយោបាយ ដែលជាកិច្ចពិភាក្សាមួយនៃវេទិកាភាពជាដៃគូអន្តរជាតិនោះ អ្នកស្រី Gabriela Cuevas Barron បានលើកឡើងអំពីតួនាទីសំខាន់របស់ស្រ្តីក្នុងការដឹកនាំនយោបាយ។ អ្នកស្រីនិយាយថា ស្រ្តីក្នុងតួនាទីជាអ្នកដឹកនាំនយោបាយ អាចផ្តល់នូវគំរូសំខាន់ៗសម្រាប់ការតស៊ូមតិដើម្បីផ្លាស់ប្តូរ និងធ្វើច្បាប់ដើម្បីកែលំអរសុខភាព និងសុខុមាលភាពរបស់ស្ត្រីកុមារ និងមនុស្សវ័យជំទង់។ យ៉ាងណាក្តី អ្នកស្រីថា ការប្រឡូកចូលក្នុងវិស័យនយោបាយរបស់ស្រ្តី ជារឿយៗត្រូវបានរារាំងដោយកង្វះការអប់រំ និងប្រាក់ចំណូល ហើយសូម្បីតែនៅពេលពួកគេចូលរួមក្នុងនយោបាយ ក៏ពួកគេមិនត្រូវបានតែងតាំងឲ្យមានតួនាទីសំខាន់ ឬមានឥទ្ធិពលនោះដែរ។
ចំណែកអ្នកស្រី Helga Fogstad នាយិកាប្រតិបត្តិនៃវេទិកាភាពជាដៃគូអន្តរជាតិស្តីអំពីសុខភាពមាតា ទារក និងកុមារ (PMNCH) ប្រទេសស្វីស ប្រាប់ VOA ក្នុងអំឡុងនៃការប្រាព្ធវេទិកាពិភពលោកនោះថា បច្ចុប្បន្នការផ្តល់អំណាចដល់ស្រ្តី គឺជាចំណុចសំខាន់បំផុតដែលគ្រប់គ្នាត្រូវចូលរួម និងជំរុញក្នុងការធ្វើឲ្យប្រសើរឡើងដល់ភាពស្មើគ្នា និងសុខភាពរបស់ស្រ្តី និងកុមារនៅទូទាំងពិភពលោក។ អ្នកស្រីបន្តថា គ្រប់ភាគី គ្រប់មជ្ឈដ្ឋានទាំងអស់ សុទ្ធតែមានភារកិច្ចក្នុងការចូលរួមលើកកម្ពស់សុខភាពស្រ្តី និងកុមារ ដែលក្នុងចំណោមនោះ អ្នកតំណាងរាស្រ្តគឺជាបុគ្គលដែលសំខាន់ជាងគេក្នុងការអនុវត្ត។
អ្នកស្រីមានប្រសាសន៍ថា៖
«ខ្ញុំគិតថា តំណាងរាស្រ្តមានតួនាទីយ៉ាងសំខាន់។ ហើយក្នុងវេទិកាអន្តរជាតិនេះ យើងមានសន្និបាតសភាមួយ។ ពីព្រោះសភាជាសំឡេងរបស់សមាជិកសភា និងជាសំឡេងរបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋបានបោះឆ្នោតជ្រើសរើសពួកគេ ដូច្នេះពួកគេត្រូវបន្ទាបខ្លួនក្នុងការទទួលខុសត្រូវតាមរយៈការតាមដានសិទ្ធិរបស់ប្រជាពលរដ្ឋម្នាក់ៗ»។
វេទិកាដៃគូអន្តជាតិនោះបានធ្វើឡើងចំទិវាផ្តល់សេវាសុខភាពជាសាកល ដែលត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី១២ ខែធ្នូ និងត្រូវបានគាំទ្រដោយអង្គការសុខភាពពិភពលោក (WHO) ។
ការដាក់តាំងបង្ហាញអំពីអាហារូបត្ថម្ភ ដើម្បីបង្កើនការយល់ដឹងដល់អ្នកចូលរួមក្នុងវេទិកាស្តីអំពីសុខភាពមាតា ទារក និងកុមារ ដែលប្រព្រឹត្តទៅក្នុងទីក្រុងញូវដេលី ប្រទេសឥណ្ឌា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។ (កាន់ វិច្ឆិកា/VOA)
ស្រ្តី និងកុមារនៅទូទាំងពិភពលោក ជាពិសេសស្រ្តី និងកុមារក្នុងប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍន៍ មិនទទួលបានការយកចិត្តទុកដាក់គ្រប់គ្រាន់នោះទេ ជាពិសេសលើភាពស្មើគ្នា និងបញ្ហាសុខភាព។
វីដេអូឃ្លីបមានរយៈពេលជិត១នាទី ដែលជាការថ្លែងរបស់លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ត្រូវបានចាក់ផ្សាយក្នុងវេទិកាដៃគូអន្តរជាតិទាំងមូលនោះ ដោយលើកឡើងអំពីការរួមគ្នារបស់ប្រទេសនានា ដៃគូពាក់ព័ន្ធ ម្ចាស់ជំនួយ និងសង្គមស៊ីវិល ក្នុងការលើកកម្ពស់សុខភាពស្រ្តី និងកុមារ។
លោក António Guterres ថ្លែងក្នុងវីដេអូនោះតាមន័យដើមថា៖ «ឥឡូវនេះយើងត្រូវបន្តជំរុញទៅមុខនូវដំណើរការវិវត្តទៅមុខនេះ ជាមួយនឹងវិធានការអន្តរវិស័យថ្មីៗ ដែលគាំទ្រពីក្រោយដោយយន្តការដូចជា អង្គការហិរញ្ញវត្ថុអន្តរជាតិ។ ហើយយើងត្រូវការសកម្មភាពជារួមដ៏រឹងមាំពីភាពជាដៃគូសម្រាប់ផ្នែកសុខភាពមាតា ទារក និងកុមារ។ អង្គការសហប្រជាជាតិប្តេជ្ញានឹងធ្វើការជាមួយអ្នកដើម្បីធានាការលើកកម្ពស់សុខាភាពមនុស្សទូទៅ និងការផ្តល់សេវាសុខាភិបាលជាសាកល»។បើតាមលោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus នាយកអង្គការសុខភាពពិភពលោក (WHO) លើកឡើងក្នុងវេទិការនោះថា យ៉ាងហោចណាស់ ពាក់កណ្តាលនៃប្រជាជននៅលើពិភពលោក មិនអាចទទួលបានសេវាសំខាន់ៗ ខណៈដែលស្ត្រី កុមារ និងក្មេងជំទង់ គឺស្ថិតក្នុងចំណោមជនដែលងាយរងគ្រោះជាងគេ។ ស្រ្តីចំនួន៨៣០នាក់នៅតែស្លាប់ជារៀងរាល់ថ្ងៃនៅពេលសម្រាល ឬទាក់ទងនឹងផលវិបាកផ្សេងៗ។ ជារៀងរាល់ឆ្នាំ កុមារចំនួន៥លាន៦សែននាក់បានស្លាប់ក្នុងអំឡុងក្រោយការសម្រាល៥ថ្ងៃ។ ចំណែកមនុស្សវ័យជំទង់ចំនួន១លាន២សែននាក់ ត្រូវបាត់បង់ជីវិតជារៀងរាល់ឆ្នាំ។
លោក ប៉ូច ប៊ុនណាក់ រដ្ឋលេខាធិការក្រសួងផែនការកម្ពុជា កំពុងថ្លែងក្នុងកិច្ចពិភាក្សាមួយស្តីពី «ការរួមសហការគ្នា ពីការដែលគ្រាន់តែនិយាយឲ្យក្លាយទៅជាការពិត» នូវការសម្រេចឲ្យបានគោលការណ៍អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៅឆ្នាំ២០៣០ ក្នុងវេទិកាស្តីអំពីសុខភាពមាតា ទារក និងកុមារ ដែលប្រព្រឹត្តទៅក្នុងទីក្រុងញូវដេលី ប្រទេសឥណ្ឌា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។ (កាន់ វិច្ឆិកា/VOA)
នៅកម្ពុជា ស្រ្តីត្រូវបានគេចាត់ទុកថាជាឆ្អឹងខ្នងសំខាន់សម្រាប់ការអភិវឌ្ឍជាតិ។ យ៉ាងនេះក្តី ស្រ្តីនៅតែត្រូវបានមជ្ឈដ្ឋានមួយចំនួនចាត់ទុកថាជាភេទទន់ខ្សោយ និងត្រូវរងការរើសអើង ព្រមទាំងមិនមានឱកាសគ្រប់គ្រាន់ដើម្បីឈានចូលក្នុងវិស័យនយោបាយជាដើម។
អង្គការយូនីសេហ្វបានបង្ហាញថា ស្រ្តីស្លាប់ដោយសារកង្វះការថែរទាំពេលសម្រាលកូននៅពេលដែលមានស្ថានភាពត្រូវជួយសង្គ្រោះបន្ទាន់ និងដោយសារតែកង្វះក្រុមបុគ្គលិកពេទ្យដែលមានជំនាញថែទាំនៅពេលស្រ្តីសម្រាលកូន។
កញ្ញា សេង រាសី នាយិកាប្រតិបត្តិអង្គការសីលការដែលជាអង្គការធ្វើការពាក់ព័ន្ធនឹងសិទ្ធិស្រ្តី លើកឡើងថា ស្រ្តីនៅកម្ពុជាមានការប្រឈមច្រើនទាំងផ្នែកសុខភាព និងការចូលរូមដឹកនាំ និងសម្រេចចិត្តក្នុងសង្គម ដោយសារស្រ្តីត្រូវបានចាត់ទុកថាជាភេទទន់ខ្សោយ រួមនឹងផ្នត់គំនិតដែលថា ស្រ្តីគួរនៅផ្ទះថែរទាំកូនជាដើម។ កញ្ញាបន្តថា កម្ពុជាចាំបាច់ត្រូវលើកទឹកចិត្ត និងផ្តល់អំណាចផ្នែកនយោបាយឲ្យបានកាន់តែច្រើនដល់ស្រ្តី ដើម្បីជំរុញការអភិវឌ្ឍក្នុងសង្គមឲ្យមានភាពប្រសើរឡើង។
កញ្ញាលើកឡើងថា៖
«គោលនយោបាយនៃច្បាប់ហ្នឹងមានហើយ ប៉ុន្តែផ្នត់គំនិតហ្នឹងអត់ទាន់ផ្លាស់ប្តូរ។ ដូច្នេះការចាប់ផ្តើមផ្លាស់ប្តូរផ្នត់គំនិត ការផ្តល់វគ្គបណ្តុះបណ្តាល ស្តីអំពីការផ្លាស់ប្តូរឥរិយាបថ និងផ្នត់គំនិតថ្នាក់ដឹកនាំអ្នកនយោបាយ ក្នុងការឲ្យមើលឃើញថា យេនឌ័រជារឿងអាទិភាពមួយ ហើយយេនឌ័រមិនមែនជារឿងរបស់ស្ត្រី យេនឌ័រមិនមែនជារឿងរបស់កុមារទេ ប៉ុន្តែសមភាពយេនឌ័រគឺជារឿងដែលជាកត្តាជំរុញឲ្យវិស័យផ្សេងៗហ្នឹង អាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ជាពិសេសក្រុមដែលងាយរងគ្រោះ»។
នាយិកាប្រតិបត្តិដែលទើបចូលកាន់តំណែងថ្មីរូបនេះបន្ថែមថា នៅពេលដែលស្រ្តីមានតួនាទីក្នុងនយោបាយ ស្រ្តីអាចជំរុញ និងដោះស្រាយបញ្ហាជាច្រើនពាក់ព័ន្ធនឹងតម្រូវការ និងផលវិបាករបស់ស្រ្តី និងកុមារបានកាន់តែប្រសើរ។
កញ្ញាបញ្ជាក់ថា៖
«ពេលដែលយើងធ្វើគោលនយោបាយបាយ យើងត្រូវឈរលើគោលការណ៍មួយថា តើគោលនយោបាយ ឬច្បាប់ហ្នឹង បានឆ្លើយតបនឹងឆន្ទៈរាស្រ្ត ឬមួយក៏ផលប្រយោជន៍របស់រាស្រ្ត ជាពិសេសក្រុមដែលងាយរងគ្រោះជាស្រ្តី និងកុមារនោះដែរ ឬអត់? អញ្ចឹងប្រសិនបើស្រ្តីគាត់ដែលជាថ្នាក់ដឹកនាំ ឬមួយជាអ្នកនយោបាយហ្នឹង គាត់មានឱកាសនៅខាងក្នុងហ្នឹង គាត់នឹងពាំនាំបញ្ហាទាំងអស់ហ្នឹង ដែលភាគច្រើនបញ្ហាទាំងអស់ហ្នឹងអត់ត្រូវបានមើលឃើញឬទេ»។
VOA បានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយពីអ្នកស្រី ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាលនិងកិច្ចការនារីនៃរដ្ឋសភាកម្ពុជាជាច្រើនដង តែរហូតមកដល់ពេលនេះនៅតែមិនមានការឆ្លើយតប។
ការដាក់តាំងបង្ហាញផលិតផលថ្នាំពេទ្យ និងបរិក្ខាមួយចំនួនទៀតពាក់ព័ន្ធនឹងសុខភាពម្តាយ ទារក និងកុមារ ក្នុងវេទិកាស្តីអំពីសុខភាពមាតា ទារក និងកុមារ ដែលប្រព្រឹត្តទៅក្នុងទីក្រុងញូវដេលី ប្រទេសឥណ្ឌា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។ (កាន់ វិច្ឆិកា/VOA)
ស្ត្រីមានផ្ទៃពោះនៅប្រទេសកម្ពុជា ជាញឹកញាប់តែងតែរងគ្រោះដោយសារកង្វះអាហារូបត្ថម្ភ។ ជាឧទាហរណ៍ អ្នកសិក្សាស្រាវជ្រាវជាច្រើន បានរកឃើញថា យ៉ាងហោចណាស់ ពាក់កណ្តាលនៃស្ត្រី មានផ្ទៃពោះទាំងនោះ មានជំងឺស្លេកខ្លាំងដោយសារការចុះថយនៃគោលិកាក្រហមរបស់ឈាម។ ផលប៉ះពាល់នេះ មិនត្រឹមតែមានទៅលើសុខភាពរបស់មាតាប៉ុណ្ណោះទេ តែវាក៏ប៉ះពាល់ដល់សុខភាពរបស់កុមារផងដែរ ជាមួយនឹងភាពទាក់ទងគ្នារវាងជំងឺមាតា និងទារកមិនគ្រប់ខែ និងមិនគ្រប់ទម្ងន់។
ក្នុងវេទិកាដៃគូអន្តជាតិនោះ រដ្ឋមន្រ្តីក្រសួងសុខាភិបាលរបស់ប្រទេសជាច្រើនបានឡើងថ្លែងអំពីការតាំងចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់ និងជំរុញផ្នែកសុខភាព និងសិទ្ធិរបស់ស្រ្តី និងកុមារតាមបណ្តាប្រទេសនីមួយៗ។ ចំណែកតំណាងពីប្រទេសកម្ពុជា ដែលមានរដ្ឋលេខាធិការក្រសួងផែនការ និងស្ថិតិកម្ពុជា មិនបានឡើងថ្លែងអំពីការតាំងចិត្តរបស់ប្រទេសកម្ពុជាក្នុងវេទិកានោះទេ។ យ៉ាងណាក្តី ក្នុងគេហទំព័ររបស់ភាពជាដៃគូអន្តរជាតិស្តីអំពីសុខភាពមាតា ទារក និងកុមារ (PMNCH) បានផ្សព្វផ្សាយអំពីសេចក្តីថ្លែងការណ៍នៃការតាំងចិត្តរបស់ក្រសួងសុខាភិបាលកម្ពុជា ផងដែរ។
ក្នុងសេចក្តីថ្លែងការណ៍ដែលគ្រាន់តែបញ្ជាក់ថាជារបស់ក្រសួងសុខាភិបាលកម្ពុជា តែមិនមានឈ្មោះរូបវ័ន្តបុគ្គលណាម្នាក់នោះ ក្រសួងសុខាភិបាលកម្ពុជាប្តេជ្ញាចាត់វិធានការប្រកបដោយចីរភាព ដើម្បីបញ្ចប់រាល់ការស្លាប់ដែលអាចការពារបានលើស្ត្រី កុមារ និងក្មេងជំទង់ ក្នុងជំនាន់មួយ និងធានាបាននូវសុខុមាលភាពរបស់ពួកគេ។
ក្នុងសេចក្តីថ្លែងការណ៍នៃការតាំងចិត្តរបស់ក្រសួងសុខាភិបាលកម្ពុជាជាភាសាអង់គ្លេសនោះ ត្រូវបានបញ្ជាក់ក្នុងន័យដើមថា៖
«ក្នុងនាមក្រសួងសុខាភិបាលនៃរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមបញ្ជាក់សារជាថ្មីនូវការគាំទ្ររបស់យើងចំពោះយុទ្ធសាស្រ្តសកលសម្រាប់សុខភាពកុមារ និងយុវវ័យ (២០១៦-២០៣០) ដែលជាការខិតខំប្រឹងប្រែងជាសកលមួយ ដើម្បីនាំយកភាគីពាក់ព័ន្ធទាំងអស់មកជាមួយគ្នា ក្នុងការគាំទ្រដល់ការងាររបស់ប្រទេសនានាដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ស្ត្រីកុមារ និងយុវវ័យ»។
ក្រសួងសុខាភិបាលកម្ពុជាបានប្តេជ្ញាថា បង្កើត និងអនុវត្ដគោលនយោបាយ និងយុទ្ធសាស្រ្តដែលជាមជ្ឈមណ្ឌលស្ត្រីកុមារ និងវ័យជំទង់ដើម្បីកែលម្អរសុខភាពបន្តពូជមាតា ទារក និងក្មេងជំទង់ និងអាហារបំប៉ន (RMNCAH-N) រួមមានការចាក់ថ្នាំបង្ការរោគ បង្កើនការបែងចែកថវិកាជាតិទៅវិស័យសុខាភិបាលស្របតាមកំណើនសេដ្ឋកិច្ចជាតិ និងក្នុងថវិកាសុខភាពជាតិដោយផ្តោតជាពិសេសលើសុខភាពរបស់ស្រ្តី កុមារ និងកុមារវ័យជំទង់។ បង្កើតយន្តការដើម្បីជួយដល់ការថែទាំសុខភាពស្បូន និងទារក និងសេវាផែនការគ្រួសារសម្រាប់ក្រុមងាយរងគ្រោះបំផុត រួមមានទារក កុមារ កុមារវ័យជំទង់ និងស្ត្រីពិការ តាមរយៈគម្រោងការពារសុខភាពសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា។
ស្រ្តីអ្នកចូលរួមជាជនជាតិឥណ្ឌាម្នាក់ កំពុងបិទក្រដាសពណ៌បង្ហាញពីបទពិសោធន៍ក្នុងការទទួលបានអាហារបីពេលកាលពីពេលនៅវ័យកុមារ ដែលប្រព្រឹត្តទៅក្នុងទីក្រុងញូវដេលី ប្រទេសឥណ្ឌា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។ (កាន់ វិច្ឆិកា/VOA)
ក្នុងចំណោមប្រជាជនកម្ពុជាជាង១៦លាននាក់ ចំនួនស្រ្តីមានប្រមាណ៥២ភាគរយ ប៉ុន្តែចំនួនស្រ្តីក្នុងតំណែងដឹកនាំគ្រប់លំដាប់ថ្នាក់ មានចំនួនទាបនៅឡើយ។ ក្នុងចំណោមសមាជិករដ្ឋសភា សរុបទាំង១២៥មកពីគណបក្សប្រជាជនកម្ពុជា មានតែស្រ្តី២៥នាក់តែប៉ុណ្ណោះគឺស្មើនឹង២០ភាគរយ។ ចំណែកសមាជិកព្រឹទ្ធសភាស្រ្តីមានប្រមាណ១៨ភាគរយ។ សម្រាប់តំណែងមន្រ្តីរដ្ឋាភិបាល ទាំងគ្រប់កម្រិតភាគច្រើនគ្រប់ដណ្តប់ដោយបុរស។
សម្រាប់ក្រុមប្រឹក្សាឃុំសង្កាត់១១៥៧២នាក់ ស្រ្តីមានចំនួន២៣២៣នាក់គឺស្មើនឹងប្រមាណ២០ភាគរយ។ ហើយក្នុងចំណោមឃុំសង្កាត់ទូទាំងប្រទេសសរុប១៦៤៦ឃុំសង្កាត់ មានឃុំសង្កាត់ជាង៣០០មិនមានក្រុមប្រឹក្សាស្រ្តីសូម្បីតែម្នាក់។ ប៉ុន្តែការងារដឹកនាំឃុំសង្កាត់តម្រូវឲ្យមានក្រុមប្រឹក្សាម្នាក់ទទួលបន្ទុកផ្នែកស្រ្តីនិងកុមារ នៅក្នុងឃុំ៕