សម្រាប់មនុស្សជាច្រើននៅជុំវិញពិភពលោក ពាក្យ «corgi» មានជាប់ពាក់ព័ន្ធជារៀងរហូតទៅនឹងព្រះមហាក្សត្រិយានី Elizabeth ទី ២ នៃចក្រភពអង់គ្លេស ដែលទើបសោយទិវង្គត។
អ្នកម្នាង Diana បានចាត់ទុកសត្វសុនខទាំងនោះថា «ជាកម្រាព្រំដ៏រស់រវើក» ដែលតែងតែស្ថិតក្បែរព្រះមហាក្សត្រិយានី Elizabeth ទី ២ ជាប់ជានិច្ច។ សត្វសុនខប្រភេទ corgis នេះ មានមាឌល្អិត រោមត្រសុសនិងមានសំឡេងព្រុសឮខ្លាំង ហើយតែងតែស្ថិតនៅជិតព្រះមហាក្សត្រិយានីដែលទើបតែសោយទិវង្គតទៅ តាំងពីព្រះអង្គមានព្រះជន្មពីវ័យក្មេងមកម្លេ៉ះ។
ព្រះមហាក្សត្រីយានី Elizabeth ទី ២ បានចិញ្ចឹមសុនខប្រភេទនេះប្រមាណជិត ៣០ ក្បាល ក្នុងអំឡុងពេលទ្រង់មានជីវិត ហើយសត្វទាំងនេះបានរស់នៅដោយក្តីសប្បាយរីករាយ ដោយទទួលបានការថែទាំដ៏ល្អក្នុងនាមជាសត្វចិញ្ចឹមរបស់ព្រះមហាក្សត្រិយានី។
ការសោយទិវង្គតរបស់ព្រះមហាក្សត្រិយានី Elizabeth ទី ២ កាលពីសប្តាហ៍មុន បានធ្វើឱ្យមានក្តីបារម្ភកើនឡើងថា តើអ្នកណានឹងថែរក្សាសត្វសុនខជាទីស្រលាញ់របស់ព្រះអង្គនោះ។
ទីភ្នាក់ងារព័ត៌មាន Sky News បានរាយការណ៍កាលពីថ្ងៃអាទិត្យ ទី ១១ ខែកញ្ញា ថា បើយោងតាមអ្នកនាំពាក្យរបស់ព្រះបរមរាជវាំងមួយរូប សុនខពូជ corgis ទាំងនោះ នឹងត្រូវយកទៅចិញ្ចឹមបន្តដោយព្រះអង្គម្ចាស់ Andrew និងអតីតព្រះមហេសីរបស់ទ្រង់គឺលោកស្រី Sarah Ferguson។
លោក Robert Lacey អ្នកប្រវត្តិសាស្ត្រនៃគ្រួសាររាជវង្សនិងជាអ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា «ព្រះមហាក្សត្រិយានី Elizabeth II ទី២ និងព្រះរាជដំណាក់ Windsor» បានថ្លែងក្នុងសម្តីដើមថា៖
«មានរឿងមួយដែលមនុស្សជាច្រើនកំពុងចង់ដឹងនិងមានចម្ងល់នោះគឺថា តើក្នុងពិធីបុណ្យព្រះសពរបស់ព្រះមហាក្សត្រិយានីនោះ តើសុនខ corgi នឹងត្រូវគេអនុញ្ញាតឱ្យចូលរួមដែរឬយ៉ាងណានោះ»។
លោកបានថ្លែងបន្ថែមថា៖
«សុនខ corgis ជាមិត្តសំឡាញ់របស់ព្រះមហាក្សត្រិយានី។ សត្វសុនខជើងខ្លី សំឡេងព្រុសខ្លាំង ដែលមនុស្សជាច្រើននៅចក្រភពអង់គ្លេសមិនសូវចូលចិត្តនោះ បានបំពេញតួនាទីដ៏សំខាន់បំផុតសម្រាប់ព្រះមហាក្សត្រិយានី»។
ព្រះមហាក្សត្រិយានី Elizabeth បានចាប់ផ្តើមសព្វព្រះរាជហឫទ័យលើសុនខពូជ corgis នេះ តាំងពីឆ្នាំ ១៩៣៣ មក នៅពេលដែលបិតារបស់ព្រះអង្គ គឺព្រះមហាក្សត្រ George ទី ៦ បានយកសុនខពូជ Pembroke Welsh corgi មួយក្បាលមកព្រះរាជដំណាក់ ហើយបានដាក់ឈ្មោះសុនខតូចនោះថា Dookie។
រូបភាពមួយចំនួនដែលបង្ហាញឱ្យឃើញពីអតីតព្រះមហាក្សត្រីយានីបណ្តើរកូនឆ្កែតូច នៅខាងក្រៅព្រះរាជដំណាក់ដ៏ស្រស់ស្អាតនៅក្នុងទីក្រុងឡុងដ៍ នឹងក្លាយជារូបភាពទី ១ ក្នុងចំណោមរូបភាពនានាជាច្រើនរបស់ព្រះមហាក្សត្រិយានី Elizabeth ទី ២ ជាច្រើនទសវត្សរ៍ខាងមុខទៀត។
នៅពេលដែលព្រះមហាក្សត្រីយានីមានព្រះជន្ម ១៨ ព្រះវស្សា ព្រះអង្គត្រូវបានគេថ្វាយសុនខមួយក្បាល ដោយបានដាក់ឈ្មោះថា Susan ដែលជាសត្វសុនខដំបូងនៃពូជ corgis ជាច្រើនទៀតដែលទ្រង់បានយកមកចិញ្ចឹម។ ក្រោយមកទៀត ក៏មានការបង្កាត់ពូជរវាងសុនខប្រភេទ corgi និងពូជសុនខប្រភេទ dachshund ផងដែរ។
សត្វសុនខទាំងអស់នេះ ក៏បានចាប់ផ្តើមបង្ហាញខ្លួនជាមួយព្រះមហាក្សត្រិយានី Elizabeth នៅតាមទីសាធារណៈ ហើយបានក្លាយជាផ្នែកដ៏សំខាន់មួយនៃព្រះរាជលក្ខណៈសម្បត្តិរបស់ទ្រង់។
ក្នុងរយៈពេលនៃការសោយរាជ្យប្រមាណ ៧០ឆ្នាំ សុនខប្រភេទ corgis នេះតែងតែស្ថិតនៅជិតនឹងព្រះមហាក្សត្រីយានីជានិច្ច ដែលក្នុងនោះក៏មានការធ្វើដំណើរជាផ្លូវការជាមួយព្រះអង្គទៅកាន់កន្លែងនានាជាច្រើនផងដែរ។
សត្វសុនខទាំងអស់នោះមានបន្ទប់ដេកដាច់ដោយឡែក នៅក្នុងព្រះបរមរាជវាំង Buckingham ដោយមានការផ្លាស់កម្រាលជាប្រចាំថ្ងៃ។ មានម្តងម្កាល សត្វសុនខទាំងនេះ បានខាំកែងជើងភ្ញៀវ ឬសមាជិករាជវង្សណាដែលពួកវាមិនដែលស្គាល់។
លោកស្រី Penny Junor អ្នកនិពន្ធជនជាតិអង់គ្លេសម្នាក់ បានសរសេររៀបរាប់ពីជីវិតដ៏ក្លៀវក្លានិងរហ័សរហួនរបស់សត្វសុនខតូចៗទាំងនោះ នៅក្នុងជីវប្រវត្តិរបស់ពួកវាកាលពីឆ្នាំ ២០១៨ ក្នុងសៀវភៅមួយដែលមានចំណងជើងថា «សុនខពូជ Corgis ទាំងអស់របស់ព្រះមហាក្សត្រីយានី»។
អ្នកនិពន្ធរូបនេះបានរៀបរាប់នៅក្នុងសៀវភៅនោះថា ព្រះមហាក្សត្រីយានី បានបណ្តើរឆ្កែនិងដាក់ចំណីដល់ពួកវា បានដាក់ឈ្មោះឱ្យពួកវាដោយផ្ទាល់ ហើយនៅពេលដែលវាងាប់ សាកសពរបស់សុនខនោះត្រូវបានកប់ដោយមានផ្លាកឈ្មោះរៀងៗខ្លួនផងដែរ។
ការមើលថែទាំសត្វសុនខរបស់ព្រះមហាក្សត្រិយានីភាគច្រើន ជាកិច្ចការរបស់អ្នកកាត់សម្លៀកបំពាក់និងជាជំនួយការរបស់ព្រះអង្គ គឺលោកស្រី Angela Kelly និងជំនួយការរបស់លោកស្រី គឺលោក Paul Whybrew ដែលព្រះមហាក្សត្រីយានីបានទុកព្រះរាជហឫទ័យជាខ្លាំង។
អ្នកនិពន្ធរូបនេះបានសរសេរក្នុងសៀវភៅនោះថា៖
«ព្រះមហក្សត្រីយានីបារម្ភជាខ្លាំងចំពោះសត្វសុនខទាំងនោះ នៅពេលទ្រង់សោយទិវង្គត»។
លោកស្រី Angela Kelly ក៏បានកត់សម្គាល់ផងដែរ នៅក្នុងសំណេររបស់លោកស្រីថា សមាជិករាជវង្សខ្លះមិនសព្វព្រះរាជហឫទ័យនឹងសុនខពូជ corgis ដូចព្រះមហាក្សត្រីយានី Elizabeth ឡើយ។
ទោះជាយ៉ាងណាក្តី បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Sky News របស់អង់គ្លេសនោះ សត្វសុនខពូជ corgis ដែលនៅសេសសល់ នឹងត្រូវបានមើលថែទាំដោយព្រះរាជបុត្រមួយអង្គ ក្នុងចំណោមព្រះរាជបុត្រទាំងបីរបស់ព្រះមហាក្សត្រីយានី គឺព្រះអង្គម្ចាស់ Andrew និងអតីតព្រះមហេសីរបស់ទ្រង់គឺលោកស្រី Sarah Ferguson៕