មេធាវីមួយរូបបានដាក់ពាក្យបណ្តឹងទៅតុលាការរាជធានីភ្នំពេញដោយប្តឹងអធិការរងនៃអធិការដ្ឋានស្រុកអង្គស្នួល ខេត្តកណ្តាលនិងនគរបាលពាក់ព័ន្ធផ្សេងទៀតពីបទបង្ខាំងរូបលោកទុកនិងរារាំងការអនុវត្តន៍ច្បាប់។ នេះបើយោងតាមពាក្យបណ្តឹងរបស់លោក សុខា បារាំង ដែលជាសមាជិកគណៈមេធាវីកម្ពុជានិងជាប្រធានការិយាល័យមេធាវីឈ្មោះបារាំង & អាសូស៊ីអ៊ែត (Barang & Associates)។ ពាក្យបណ្តឹងនេះដាក់ទៅព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី៧ ខែកក្កដា។
បន្ថែមពីលើពាក្យបណ្តឹងនេះ លោកមេធាវី សុខា បារាំង ក៏បានដាក់លិខិតសុំអន្តរាគមន៍ពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ផងដែរ។ នេះបើយោងតាមលិខិតដែលបង្ហោះនៅលើហ្វេសប៊ុករបស់ការិយាល័យមេធាវីរបស់លោក។
នៅក្នុងពាក្យបណ្តឹងនោះមេធាវីបានប្តឹងឈ្មោះ ផាច ផល្លា អធិការរងស្រុកអង្គស្នួលនិងមន្រ្តីនគរបាលឈ្មោះ ធួក ចាន់ធី និងមន្រ្តីពាក់ព័ន្ធផ្សេងទៀតដោយលោកថាបានបង្ខាំងរូបលោកក្នុងបន្ទប់«ដោយខុសច្បាប់»រយៈពេល៣ម៉ោងនិង៣០នាទី នៅពេលលោកចុះទៅជួបកូនក្តីនិងដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលអង្គស្នួលកាលព្រឹកថ្ងៃទី៥ ខែកក្កដា។ លោកបន្ថែមថាកូនក្តីរបស់លោកគឺលោក លី ទីទីបានប្តឹងបកប្រឆាំងបុគ្គលម្នាក់ឈ្មោះប្រាក់ រុន ពីបទ«បរិហារបង្កាច់កេរ្តិ៍» ប្រឆាំងនឹងការប្តឹងកូនក្តីរបស់លោកពីបុគ្គលម្នាក់។
ការដាក់ពាក្យប្តឹងបកនេះនាំឲ្យមានការតតាំងគ្នាជាពាក្យសម្តីរវាងកូនក្តីមេធាវី ជាមួយលោក ផាច ផល្លា ដែលជាអធិការរងទទួលបន្ទុកពាក្យបណ្តឹង។ពាក្យបណ្តឹងឲ្យដឹងទៀតថាអធិការរងនោះបានប្រើពាក្យសម្តី«ចាប់មេធាវី» ក្នុងពេលមានភាពតានតឹង។ ពាក្យបណ្តឹងបញ្ជាក់ថា៖ «អញធ្លាប់ធ្វើស៊ីអ្នកកាសែតបាន ឥឡូវអញធ្វើស៊ីមេធាវីហ្នឹងម្តងមើល»។
លោក សុខា បារាំង ដែលជាមេធាវីដាក់ពាក្យបណ្តឹងបានប្រាប់ VOA នៅថ្ងៃសុក្រនេះថា នៅមុនពេលកើតហេតុនេះកូនក្តីរបស់លោកត្រូវបានអ្នកស្រីប្រាក់ រុន ដាក់ពាក្យបណ្តឹងនិងចោទប្រកាន់ពីបទ«ប៉ុនប៉ងរំលោភ និងចូលលួច»។ លោកឲ្យដឹងថាកូនក្តីរបស់លោកនិងភាគីម្ខាងទៀតដែលមានដីជាប់គ្នាតែងតែមានទំនាស់រកាំរកូសនឹងគ្នាជាច្រើនលើកមកហើយ។ ទំនាស់នេះនាំឲ្យមានការប្តឹងផ្តល់ទៅនគរបាលផងដែរ។
លោកមេធាវីឲ្យដឹងទៀតថា កាលពីថ្ងៃទី២ ខែកក្កដាអធិការស្រុកអង្គស្នួលលោក មាន សំណាងបានចេញលិខិតកោះហៅកូនក្តីរបស់លោកឲ្យចូលខ្លួនបំភ្លឺប៉ុន្តែកូនក្តីមិនបានដឹងនោះទេ ដោយសារជាប់រវល់ការងារ។ការកោះនេះលោកមេធាវីមើលឃើញថាមានភាពមិនប្រក្រតី លោកក៏បានឲ្យកូនក្តីរបស់លោកដាក់ពាក្យបណ្តឹងតបវិញពីបទ«បង្កាច់កេរ្តិ៍»។ ប៉ុន្តែពេលមកដល់នគរបាលដ្ឋានស្រុកអង្គស្នួលកាលពីថ្ងៃទី៥ ខែកក្កដាអធិការរង លោក ផាច ផល្លាមិនបានទទួលពាក្យបណ្តឹងនិងបោះត្រាលើពាក្យបណ្តឹងទេហើយថែមទាំងបង្ខាំងដោយខុសច្បាប់ទៀតផង។
លោកថ្លែងថា៖ «គេអត់បោះត្រាឲ្យខ្ញុំទេជាចុងក្រោយឃាំងខ្ញុំក្នុងបន្ទប់ដោយខុសច្បាប់។ ខ្ញុំសូមប្រើពាក្យអញ្ចឹង។ ហើយខ្ញុំចេញមកវិញ[នៅម៉ោងរសៀល] ១និង៣នាទីក៏គាត់មិនព្រមបោះដែរ។ ប៉ុន្តែគាត់យកឯកសារខ្ញុំទាំងអស់ហើយអញ្ចឹងឯកសារពាក្យបណ្តឹងដែលខ្ញុំធ្វើហ្នឹង៤ច្បាប់ហ្នឹងគឺគាត់យកអស់ហើយគាត់អត់បោះត្រាឲ្យទេគាត់គាត់ទុកនៅគាត់ហ្នឹង។ បានន័យថាវាគ្នានអ្វីជាការបញ្ជាក់ពាក្យបណ្តឹងហ្នឹងត្រូវបានទទួលយកដោយមន្ត្រីនគបាលយុត្តិធម៌ស្របតាមនីតិវិធីច្បាប់នោះទេពីព្រោះថាបែបបទនៃការទទួលពាក្យបណ្តឹងត្រូវមានបោះត្រាចូលឬហត្ថលេខាទទួលយកដើម្បីជាភស្តុតាង»។
លោកបន្ថែមថានគរបាលក៏បានឲ្យលោកផ្តិតមេដៃលើកំណត់ហេតុដែលលោកបានបដិសេធមិនធ្វើតាម។
លោកបន្ថែមថា៖ «អញ្ចឹងអ្នកធ្វើកំណត់ហេតុចម្លើយគឺគាត់សរសេរតាមកំណត់ហេតុដែលមានស្រាប់ហើយមិនដឹងថាជាចម្លើយរបស់អ្នកណាគេទេពីព្រោះមិនមែនជាចម្លើយរបស់ខ្ញុំ។ ហើយជាចុងក្រោយគេយកកំណត់ហេតុហ្នឹងមកឲ្យខ្ញុំផ្តិតមេដៃក៏ប៉ុន្តែខ្ញុំថាមិនមែនជាចម្លើយរបស់ខ្ញុំខ្ញុំមិនផ្តិតមេដៃនោះទេ។ ប៉ុន្តែខ្ញុំមើលអត្ថន័យទៅ គឺរៀបអង្គហេតុដើម្បីមូលបង្កាច់ខ្ញុំ ហើយខ្ញុំអត់ផ្តិតមេដៃទេ។ ប៉ុន្តែខ្ញុំចារនៅទំព័រទី២ដាក់ថានេះមិនមែនជាចម្លើយរបស់ខ្ញុំទេហើយខ្ញុំសូមបដិសេធទាំងស្រុង និងបានស៊ីញ៉េនៅខាងក្រោម»។
បើតាមលោក សុខា បារាំង បើមិនមានការអន្តរាគមន៍ពីលោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៅពេលនោះទេ មិនដឹងថានគរបាលនឹងបង្ខាំងរូបលោកដល់ពេលណានោះទេ។
វីអូអេបានទាក់ទងលោក ផាច ផល្លា អធិការរងស្រុកអង្គស្នួលដែលរងពាក្យបណ្តឹងប៉ុន្តែលោកហាក់មិនចង់អត្ថាធិប្បាយ។ ទោះជាយ៉ាងណា លោកបានបដិសេធថាលោកមិនបានបង្ខាំងមនុស្សនោះទេ ហើយអ្វីដែលលោកធ្វើនោះ គឺតាមបញ្ជាថ្នាក់លើរបស់លោកតែប៉ុណ្ណោះ។
លោកថ្លែងថា៖ «ធ្វើតាមការបញ្ជារបស់លោកស្នងការហៅសួរនាំទៅ [ហើយ]ទៅបង្ខាំងអី។ ខ្ញុំមានសិទ្ធិអីទៅបង្ខាំងគាត់»។
វីអូអេព្យាយាមទាក់ទងទៅស្នងការខេត្តកណ្តាលលោក ឈឿន សុចិត្ត និងអធិការស្រុកអង្គស្នួលលោក មាន សំណាងប៉ុន្តែមិនមានការឆ្លើយតបនៅថ្ងៃសុក្រនេះ។
កូនក្តីរបស់មេធាវីលោក សុខា បារាំង គឺលោក លី ទីទី អាយុ២១ឆ្នាំបានប្រាប់VOAថាសមត្ថកិច្ចបង្ខំរូបលោកឲ្យដោះអាវការងារនិងសួរចម្លើយលោកខណៈពេលដែលរូបលោកគ្រាន់តែដាក់ពាក្យបណ្តឹងតបវិញតែប៉ុណ្ណោះ។
លោកថ្លែងថា៖ «ខ្ញុំថាមានមេធាវី[ប៉ូលីស]លេងសុទ្ធគំរាមខ្ញុំថាមេធាវីគ្មានសិទ្ធិនៅទីនេះទេ។ ហើយគាត់និយាយទៅកូនចៅគាត់ថាបើមេធាវីមកកុំឲ្យចូលកន្លែងគាត់។ ដល់ពេលមេធាវីខ្ញុំមកដល់ក៏អត់ដោះខោអាវអត់អីខ្ញុំវិញអញ្ចឹងទៅហើយថាទៅនិយាយជាមួយមេធាវីយកខ្ញុំទៅបន្ទប់ផ្សេង។ដល់ពេលនិយាយជាមួយមេធាវីខ្ញុំមេធាវីខ្ញុំសុំដាក់ពាក្យបណ្តឹងគាត់និយាយលេសរហូតម្តងអញ្ចេះ ម្តងអញ្ចុះ។ គាត់អត់ព្រមទទួលពាក្យបណ្តឹងហ្នឹងសោះដល់ពេលបានមួយសន្ទុះមកគាត់ប្រាប់កូនចៅគាត់ម្នាក់ទៀត... ថាឲ្យទៅលួចថតកាតមេធាវីខ្ញុំមកស្រួលគាត់រាយការណ៍ទៅមេគាត់ធ្វើស៊ីមេធាវីខ្ញុំ»។
លោកបន្ថែមថា៖ «គាត់[លោកផាច ផល្លាអធិការរងស្រុកអង្គស្នួល]ឲ្យកូនចៅគាត់ម្នាក់ទៀតទទួលពាក្យបណ្តឹង។ អញ្ចឹងដល់ពេលហៅមកគាត់មានហៅមកទទួលពាក្យបណ្តឹងគាត់ហៅមកឃុំខ្លួនគាត់ឃុំខ្លួនទាំងខ្ញុំឃុំខ្លួនទាំងមេធាវីខ្ញុំទៀត។តាំងពីម៉ោង៨ព្រឹករហូតដល់ម៉ោង២ល្ងាចបានគាត់ឲ្យចេញ»។
កាលពីខែមករា ឆ្នាំ២០២១ ប្រធានគណៈមេធាវីលោក លី ច័ន្ទតុលាធ្លាប់បានជួបជាមួយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេងដោយរដ្ឋមន្រ្តីបានបញ្ជាក់ថានឹងណែនាំបន្ថែមទៅមន្រ្តីនគរបាលយុត្តិធម៌ទាំងអស់ឲ្យអនុញ្ញាតមេធាវីអាចអមឬការពារកូនក្តីនៅដំណាក់កាលនគរបាលយុត្តិធម៌លើកលែងតែករណីឃាត់ខ្លួនជាក់ស្តែងដែលត្រូវរង់ចាំរយៈពេល២៤ម៉ោងក្រោយធ្វើការឃាត់ខ្លួនសិន។
យោងតាមក្រមព្រហ្មទណ្ឌ ត្រង់មាត្រា២៥៣ បទ«ចាប់ឃុំឃាំងនិងបង្ខាំងដោយខុសច្បាប់» ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ បើការចាប់ ការឃុំឃាំងឬការបង្ខាំងខ្លួននោះមានរយៈពេលតិចជាង៤៨ម៉ោង។
លោកអំ សំអាតនាយករងទទួលបន្ទុកឃ្លាំមើលនិងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូប្រាប់VOAថា ជនរងគ្រោះដែលត្រូវគេចោទប្រកាន់មានសិទ្ធិក្នុងការប្តឹងវិញដូចគ្នាបើគេមិនសុខចិត្ត។ លោកបញ្ជាក់ថានគរបាលត្រូវទទួលពាក្យបណ្តឹងនោះដូចគ្នា។
លោកថ្លែងថា៖ «ការចាប់និងការឃាត់មិនមានបទល្មើសវាមិនអាចឃាត់ ឬបង្ខាំងទុកបានទេកាលណាឃាត់និងបង្ខាំងគេទុកដោយគ្មានពាក់ព័ន្ធបទល្មើសវាជារឿងខុសច្បាប់»។
ចំណែកលោកមេធាវី សំសុគង់ ដែលបានអធិប្បាយនៅលើហ្វេសប៊ុករបស់លោកទាក់ទងនឹងទំនាស់ប្តឹងផ្តល់នេះ បានប្រាប់ VOAនៅថ្ងៃសុក្រថាកាលណាសមត្ថកិច្ចបង្ខាំងមនុស្សឲ្យហួសម៉ោងរដ្ឋបាលសម្រាកគឺអាចចាត់ទុកថាជាបទល្មើសព្រហ្មទណ្ឌ ហើយករណីនេះរំលោភលើវិជ្ជាជីវៈមេធាវីទៀតផង។
លោកថ្លែងថា៖ «ខ្ញុំយល់ឃើញថាទីមួយអាជ្ញាធរគាត់មិនយល់អំពីការងារវិជ្ជាជីវៈរបស់មេធាវីពីព្រោះមេធាវីអាចការពារកូនក្តី តំណាងកូនក្តីបានគ្រប់ដំណាក់កាលមិនមែនសំដៅទៅលើតែ នៅពេលរឿងក្តីនៅតុលាការហើយទីពីរ អ្វីដែលខ្ញុំបានឃើញព័ត៌មានមេធាវីថាបង្ខាំងគាត់រហូតដល់ឆ្លងពេលបាយឆ្លងម៉ោងរដ្ឋបាលអញ្ចឹងកាលណាឆ្លងម៉ោងរដ្ឋបាលទុកគាត់នៅក្នុងបន្ទប់ឃុំឃាំងបែបនេះវាជាបទល្មើសបង្ខាំងមនុស្សខុសច្បាប់ ក្នុងនាមវិជ្ជាជីវៈមេធាវី គាត់ការពារកូនក្តី ហើយយកគាត់ទៅចាក់សោក្នុងបន្ទប់ដែលមិនឲ្យគាត់មានសេរីភាព អញ្ចឹងចូលលក្ខណៈហៅថាបង្ខាំងមនុស្សខុសច្បាប់ដែលច្បាប់បានចែងថាជាបទល្មើសព្រហ្មទណ្ឌ»។
លោកសំ សុគង់ ចោទជាសំណួរថាប្រសិនបើករណីនេះកើតឡើងលើប្រជាពលរដ្ឋធម្មតាតើនឹងមានការបំពានកម្រិតណា៕