ទិវាឯករាជ្យជាតិឬហៅថាថ្ងៃ៤ កក្កដា នោះ គឺជាថ្ងៃបុណ្យឈប់សម្រាកសហព័ន្ធរបស់អាមេរិកចាប់តាំងពីឆ្នាំ១៩៤១មក។ ប៉ុន្តែទំនៀមទម្លាប់នៃការប្រារព្ធទិវាបុណ្យឯករាជ្យចាប់ផ្តើមតាំងពីសតវត្សរ៍ទី១៨ និងបដិវត្តន៍អាមេរិកមកម៉្លេះ។
នៅថ្ងៃទី២ខែកក្កដា ឆ្នាំ១៧៧៦ សភាទ្វីបអាមេរិកបានបោះឆ្នោតគាំទ្រឯករាជ្យ។
ពីរថ្ងៃក្រោយមក គណប្រតិភូមកពីអាណានិគមចំនួន១៣បានអនុម័តលើសេចក្តីប្រកាសឯករាជ្យនេះ ដែលជាឯកសារប្រវត្តិសាស្រ្តនិងព្រាងដោយលោក Thomas Jefferson។ បញ្ញវន្តខាងរដ្ឋធម្មនុញ្ញមួយចំនួនអះអាងថា ពលរដ្ឋអាមេរិកាំងគួរតែប្រារព្ធទិវាឯករាជ្យនៅថ្ងៃទី២ខែកក្កដាវិញ ដោយផ្អែកលើការបោះឆ្នោតជាលក្ខណៈប្រវត្តិសាស្ត្រ។
នៅក្នុងសហរដ្ឋអាមេរិកបច្ចុប្បន្ននេះ សហគមន៍រាប់ពាន់ប្រារព្ធពិធីបុណ្យនេះដោយការបាញ់កាំជ្រួច។ ក្នុងចំណោមរដ្ឋទាំងនោះ រដ្ឋធានីវ៉ាស៊ីនតោនមានការបាញ់កាំជ្រួចផងដែរ។
ទំនៀមទម្លាប់នេះបានធ្វើជាយូរយារណាស់មកហើយ។ សភាបានអនុញ្ញាតឲ្យបាញ់កាំជ្រួចដើម្បីប្រារព្ធទិវាឯករាជ្យក្នុងទីក្រុង Philadelphia កាលពីឆ្នាំ១៧៧៧។
ចាប់តាំងពីពេលនោះការប្រារព្ធទិវាឯករាជ្យតែងតែមានបាញ់កាំជ្រួចរហូតមក៕