ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម​អង្គការ​ស៊ីវិល​អាមេរិកាំង​ផ្ដោត​លើ​បញ្ហា​បែក​បាក់​គ្នា​នៅ​ក្នុង​សង្គម​អាមេរិក

  • Greg Flakus

មនុស្ស​ម្នា​បោះឆ្នោត​នៅ​ស្ថានីយ​បោះឆ្នោត​មួយ​នៅ​ក្នុង​ក្រុង Bradfordton រដ្ឋ Illinois កាលពី​ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

នៅ​ក្នុង​សហរដ្ឋ​អាមេរិក ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​កាល​ពី​ឆ្នាំ ២០១៦ បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​បែកបាក់​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ក្នុង​សង្គម ដែល​អ្នក​វិភាគ​ជា​ច្រើន​បាន​និយាយ​ថា ការ​បែកបាក់​នេះ គំរាម​កំហែង​ដល់​ស្ថិរភាព​ជាតិ និង​អនាគត​ប្រជាធិបតេយ្យ។ អង្គការ​មិន​ស្វែង​រក​ប្រាក់​កម្រៃ​ជា​ច្រើន​បាន​ផ្ដោត​លើ​បញ្ហា​នេះ ដោយ​គាំទ្រ​ឲ្យ​មាន​ការ​រៀបចំ​កម្មវិធី​នានា ដើម្បី​លើក​ទឹកចិត្ត​ឲ្យ​មាន​កិច្ច​ពិភាក្សា​រវាង​ប្រជាពលរដ្ឋ ដែល​មាន​ប្រវត្តិ និង​ការ​យល់​ដឹង​អំពី​នយោបាយ​ផ្សេងៗ​គ្នា។

អ្នក​តំណាង​មកពី​អង្គការ​មិន​ស្វែង​រក​ប្រាក់​កម្រៃ និង​អង្គការ​សាសនា​ជា​ច្រើន បាន​គាំទ្រ​ដល់​ «ចលនា​អាមេរិក​តែ​មួយ‍» (One America Movement) និង​លោក Andrew Hanauer ដែល​ជា​ប្រធាន​របស់​ចលនា​នេះ។

លោក Andrew Manauer បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «នៅ​ពេល​នេះ ប្រទេស​របស់​យើង​កំពុង​បែកខ្ញែក​គ្នា​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ការ​បែកបាក់​គ្នា​នេះ​បាន​គំរាមកំហែង​ដល់​សង្គម និង​ប្រទេស​របស់​យើង‍»។

លោក​បាន​បន្ថែម​ថា អ្នក​ដែល​ខឹង​សម្បា​មកពី​ភាគី​ទាំង​សង​ខាង​នៃ​ការ​បែកបាក់​គ្នា​នេះ ជាទូទៅ​មិន​ព្យាយាម​ស្វែង​យល់​អំពី​ទស្សនៈ​របស់​ភាគី​ម្ខាង​ទៀត​នោះ​ទេ។

«ចលនា​អាមេរិក​តែ​មួយ‍» នេះ គាំទ្រ​ដល់​គម្រោង​របស់​អ្នក​ស្ម័គ្រចិត្ត​ណា ដែល​មាន​សារៈសំខាន់​ចំពោះ​គោល​បំណង​ទាំង​ឡាយ​ណា​ដែល​មាន​ប្រយោជន៍ ដោយ​ការ​ប្រមូល​ផ្ដុំ​ប្រជាពលរដ្ឋ​ដែល​មាន​ទស្សនៈ​នយោបាយ និង​សាសនា​ផ្ទុយ​គ្នា ឲ្យ​មក​ធ្វើ​ការ​ជាមួយ​គ្នា ចែក​រំលែក​ម្ហូប​អាហារ​ហូប​ចុក​ជាមួយ​គ្នា និង​ធ្វើ​ការ​ពិភាក្សា​អំពី​កិច្ចការ​សាធារណៈ​ក្នុង​បរិយាកាស​គោរព​គ្នា​ទៅ​វិញ​ទៅ​មក។ គម្រោង​ដំបូង​មួយ​របស់ «ចលនា​អាមេរិក​តែ​មួយ‍» នេះ បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​អាទិត្យ​ទី២១ ខែ​ឧសភា កន្លង​ទៅ​នេះ នៅ​កន្លែង​ស្នាក់អាស្រ័យ​របស់​អ្នក​គ្មាន​ផ្ទះ​សម្បែង​ជ្រក​កោន នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

លោក Andrew Hanauer បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «យើង​ទទួល​បាន​ការ​ឆ្លើយតប​យ៉ាង​ល្អ​ពី​អ្នក​ដែល​ចង់​ចូលរួម ចង់​ចេញ​ទៅ​ជួយ​សហគមន៍​របស់​ពួកគេ និង​ចង់​ធ្វើ​កិច្ចការ​នេះ​ទាំង​អស់​គ្នា‍»។

ប៉ុន្តែ លោក​បាន​បញ្ជាក់​ថា គោល​បំណង​នៃ​ចលនា​នេះ គឺ​មិន​មែន​ដើម្បី​ដោះស្រាយ​គ្រប់​បញ្ហា​ផ្ទុយ​គ្នា​នោះ​ទេ។

«គោល​បំណង​របស់​យើង​គឺ​មិន​មែន​ឲ្យ​មនុស្ស​គ្រប់​គ្នា​ឯកភាព​ជាមួយ​នឹង​បញ្ហា​គ្រប់​យ៉ាង​នោះ​ទេ។ ខ្ញុំ​គិត​ថា យើង​ចង់​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ពិភាក្សា​ជាមួយ​គ្នា ដូច្នេះ​ហើយ នៅ​ចុង​បញ្ចប់ ទោះបីជា​ពួកគេ​មិន​ឯកភាព​គ្នា​ក៏​ដោយ ក៏​ពួកគេ​បាន​យល់​អំពី​ទស្សនៈ​របស់​អ្នក​ដទៃ​ដែរ‍»។

ក្រុម​អ្នក​កាន់​សាសនា​គ្រិស្ត អ្នក​កាន់​សាសនា​យូដា​របស់​ជនជាតិ​ជ្វីហ្វ និង​អ្នក​កាន់​សាសនា​ឥស្លាម គឺ​ស្ថិត​ក្នុង​ចំណោម​អ្នក​គាំទ្រ​ដ៏​ខ្លាំងក្លា​បំផុត​ចំពោះ​កិច្ច​ប្រឹងប្រែង​ក្នុង​ការ​ប្រមូល​ផ្ដុំ​ប្រជាពលរដ្ឋ​មក​ចូលរួម​ជាមួយ​គ្នា ដើម្បី​ជួយ និង​ស្វែងយល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​នេះ។

លោកស្រី Ilhan Cagri មកពី​អង្គការ​ក្រុមប្រឹក្សា​កិច្ចការ​សាធារណៈ​នៃ​សាសនា​ឥស្លាម (Muslim Public Affairs Council) បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «នៅ​ពេល​យើង​ចូលរួម​នៅ​ក្នុង​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក តាម​ពិត យើង​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ភាព​អស្ចារ្យ​បំផុត​នៃ​ភាព​មនុស្ស​ធម៌​របស់​យើង»។

ប៉ុន្តែ អង្គការ​ដែល​មាន​ឆន្ទៈ​ដ៏​មោះមុត ដូច «ចលនា​អាមេរិក​តែ​មួយ‍» នេះ ប្រឈម​នឹង​បញ្ហា​រុញរា នៅ​ក្នុង​ប្រទេស​មួយ​ដែល​កំហឹង និង​ការ​ថ្នាំងថ្នាក់​ចិត្ត ជា​រឿយៗ​ប៉ះពាល់​ដល់​កិច្ច​ប្រឹងប្រែង​នៅ​ក្នុង​ការ​គាំទ្រ​ដល់​ការ​ពិភាក្សា​របស់​ប្រជាពលរដ្ឋ​សាមញ្ញ៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG