មាន​ភាព​ស្ងប់​ស្ងាត់​បន្ទាប់​ពី​ការ​លុកលុយ​ចូល​ក្នុង​អាគារ​រដ្ឋា​ភិបាល​អ៊ីរ៉ាក់ដោយ​ពួក​បាតុករ

ប៉ូលិស​ប្រឆាំង​កុប្បកម្ម​របស់​អ៊ីរ៉ាក់ រារាំង​ក្រុម​បាតុករ​មិន​ឲ្យ​សម្រុក​ចូល​ក្នុង​អាគារ​ទីស្តីការ​ខេត្ត ក្នុង​ពេល​មាន​បាតុកម្ម​នៅ​ក្រុង​ Basra ៥៥០គ.ម ភាគខាង​លិច​ទីក្រុង​បាកដាដ កាលពី​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦។

កាលពី​ថ្ងៃ​សោរ៍​ តំបន់​អន្តរជាតិ​មាន​ការ​ការពារ​មាំទាំ​នៃ​ក្រុង​បាកដាដ​ មាន​ភាព​ស្ងប់​ស្ងៀម​តែ​នៅ​តែ​តាន​តឹង​នៅ​ក្រោយ​មាន​អំពើ​ហិង្សា​កាល​ពី​ថ្ងៃ​សុក្រ​ដោយ​ពួក​បាតុករ​ដែល​បាន​ឆ្មក់​ចូល​លុក​លុយ​ក្នុង​តំបន់​នោះ​ ដោយ​មិន​ខ្លាច​គ្រាប់​កាំ​ភ្លើង​និង​គ្រាប់​បែក​ផ្សែង​របស់​សន្តិសុខ។​

កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ គេ​បាន​ឮ​ស្នូរ​ឧទ្ធម្ភាគចក្រ​ដែល​ភាគ​ច្រើន​បាន​ហោះ​ចូល​និង​ហោះ​ចេញ​ពី​តំបន់​មាន​ដែល​មាន​កិច្ច​ការពារ​សន្តិសុខ​មាំទាំ​នេះ​ ដែល​នៅ​ទី​នោះ​មាន​អាគារ​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​អ៊ីរ៉ាក់។​

នៅ​ពេល​ដែល​ពួក​បាតុករ​បាន​រត់​ចេញ​ពី​ការ​បាញ់​កាំភ្លើង​និង​គ្រាប់​បែក​ផ្សែង​កាល​ពី​រសៀល​ថ្ងៃ​សុក្រ​ ដោយ​មាន​បាតុករ​ខ្លះ​បាន​គ្រា​មិត្តភ័ក្តិ​ពួក​គេ​ដែល​មាន​របួស​ចេញ​ពី​តំបន់​អន្តរជាតិ​នោះ​ ពួក​បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល​បាន​ប្តេជ្ញា​ថា​នឹង​វិល​ត្រឡប់​មក​វិញ​ជា​មួយ​អាវុធ។​

បាតុករ​ច្រើន​នាក់​ជា​អ្នកដើរ​តាម​បព្វជិត​ឥស្លាម​និកាយ​ Shi'ite ​ឈ្មោះ​ Muqtada al-Sadr ដែល​ដូច​ជា​អ្នកដឹក​នាំ​នយោបាយ​ច្រើន​នាក់​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ដែរ​គឺ​គាត់​មាន​កង​ជីវពល​ប្រដាប់​អាវុធ​ផ្ទាល់​របស់​លោក​ដែល​មាន​ឈ្មោះ​ថា​ ពួក​កង​ពលតូច​សន្តិភាព​ដែល​ភាសា​អង់គ្លេស​ហៅ​ថា​ Peace Brigades។​

បព្វជិត​ឥស្លាម Sadr រូប​នេះ​បាន​គាំទ្រ​អ្វី​ដែល​លោក​បាន​ពណ៌នា​ថា​ជា​«បដិវត្តន៍»​របស់​ប្រជារាស្ត្រ​ប្រឆាំង​នឹង​រដ្ឋាភិបាល។​

កាល​ពី​ថ្ងៃ​សៅរ៍​ កង​កម្លាំង​សន្តិសុខ​បាន​រាំង​ខ្ទប់​កន្លែង​ចូល​ទាំង​អស់​ទៅ​កាន់​តំបន់​អន្តរជាតិ​ហើយ​បាន​បង្កើន​កន្លែង​ឆែក​ឆេរ​របស់​កង​កម្លាំង​ពិសេស​នៅ​តាម​ផ្លូវ​ក្នុង​រដ្ឋធានី​ផងដែរ។

នៅ​ខាង​ក្នុង​តំបន់​អន្តរជាតិ​មាន​ឡាន​ធុន​ Humvees ប្រមាណ​៤០​គ្រឿង​បាន​ចត​នៅខាង​ក្រៅ​អាគារ​សភា​ហើយ​មាន​ការ​តាំង​ទី​កង​កម្លាំង​សន្តិសុខ​នៅ​ឯ​ចំណុច​សំខាន់ៗ​ផងដែរ។

អ្នក​ស្រុក​ខ្លះ​ក្នុង​ក្រុង​បាកដាដ​ បាន​ចាប់​ផ្តើម​ស្តុក​ទុក​ម្ហូបអាហារ​ ទឹក ​និង​ថ្នាំ​ពេទ្យ​ដោយ​មាន​ការ​ព្រួយ​បារម្ភថា​ ស្ថានការណ៍​អាច​អាក្រក់​ជាង​មុន​ហើយ​ពួក​បាតុករ​អាច​ចាប់​ផ្តើម​ធ្វើ​កុប្បកម្ម​និង​លួច​ប្លន់​នៅ​ក្នុង​ក្រុង​នេះ​ថែម​ទៀត​ផង៕