កងទ័ព​ជើង​ទឹក​អាមេរិកហាម​​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​​ក្នុង​ប្រទេស​ជប៉ុន​ក្រោយ​ឧបទ្ទវហេតុ​ស្រវឹង​ពេល​បើកបរ​

រូបភាពឯកសារ៖ ឧទ្ធម្ភាគចក្ររបស់យោធាអាមេរិកកំពុងលើមូលដ្ឋានហោះហើរកងទ័ពជើងទឹកអាមេរិក Futenma នៅ Ginowan ប្រទេសជប៉ុន ឆ្នាំ ២០០៩។

កងទ័ព​ជើង​ទឹក​អាមេរិក បាន​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ខ្លួន​បាន​ហាម​ប្រាម​បុគ្គលិក​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ជប៉ុន មិន​ឲ្យ​ទទួល​ទាន​គ្រឿង​ស្រវឹង​និង​បាន​រឹតត្បិត​សកម្មភាព​នៅ​ខាង​បន្ទាយ ក្រោយ​ពី​ទាហាន​ជើង​ទឹក​ម្នាក់​នៅ​លើ​កោះ​ Okinawa ត្រូវ​បាន​ចាប់ខ្លួន​ក្រោម​ការ​សង្ស័យ​ថា​បាន​បើក​បរ​ដោយ​ស្រវឹង​ស្រា។

កងទ័ព​ជើង​ទឹក​អាមេរិក​បាន​រង​សម្ពាធ​កាន់​តែ​ខ្លាំង​ឡើង​នៅលើ​កោះ Okinawa ដោយ​សារ​ពលរដ្ឋ​ដែល​រស់នៅ​កោះ​នោះ កំពុង​តែ​អំពាវនាវ​ឲ្យ​ដក​មូលដ្ឋាន​ទ័ព​អាមេរិក​ចេញ​ពី​ទី​នោះ​ក្រោយ​ពី​មាន​ការ​ផ្សព្វផ្សាយ​ឧបទ្ទវហេតុ​ធ្ងន់ធ្ងរ​ជាច្រើន​នៅ​លើ​ទំព័រ​មុខ​ ពាក់ព័ន្ធ​នឹងបុគ្គលិក​អាមេរិក​នៅមូលដ្ឋាន​ទ័ព​នោះ​ក្នុង​ពេល​ប៉ុន្មាន​ខែ​ថ្មីៗនេះ។

ឧបទ្ទវហេតុ​ថ្មី​បំផុត​ដែល​បាន​កើត​ឡើង​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ គឺ​ការ​ចាប់ខ្លួន​ព្រឹន្ទបាល​ទោ Aimee Mejia ក្រោយ​ពី​នាង​ត្រូវបាន​ចោទ​ប្រកាន់​ថា បាន​បើក​បរ​បញ្ច្រាស​ទិស​លើ​ផ្លូវ​ធំ​មួយ​ហើយ​ក៏​បុក​គ្នា ជាមួយ​រថយន្ត​ពីរ​គ្រឿង​ទៀត​ដោយ​បណ្ដាល​ឲ្យ​មនុស្ស​ពីរ​នាក់​រង​របួស​ស្រាល យោង​តាម អ្នកនាំពាក្យ​នគរបាល​ឈ្មោះ Takashi Shirado ។

ក្រោយ​ពី​ឧបទ្ទវហេតុបើកបរ​ទាំង​ស្រវឹង​នេះ ទាហាន​ជើង​ទឹក​អាមេរិក​ដែល​ស្ថិត​នៅ​ទូទាំង​ប្រទេស​ជប៉ុន ត្រូវ​បាន​ហាម​ប្រាម​មិន​ឲ្យ​ទទួល​ទាន​គ្រឿងស្រវឹង​ជា​ដាច់ខាត ​យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​មួយ​របស់​កងទ័ព​ជើងទឹក​អាមេរិក៕