អូបាម៉ា៖ ការលើក​កម្ពស់​សិទ្ធិ​ប្រជាជន​វៀតណាម​មិន​គំរាមកំហែង​ដល់​សង្គម​នោះ​ទេ​

  • Steve Herman

ប្រធានាធិបតី​ស.រ.អា. លោក Barack Obama ថ្លែង​សុន្ទរកថា​នៅ​ឯមជ្ឈមណ្ឌល​សន្និបាត​ជាតិ​ក្នុង​ទីក្រុង​ហាណូយនៅ​ថ្ងៃទី​២៤ ឧសភា ២០១៦។

នៅ​ក្នុង​សុន្ទរកថា​ទូលំទូលាយ​នៅ​ឯ​មជ្ឈមណ្ឌល​សន្និបាត​ជាតិ​នៅ​ក្នុង​ទីក្រុង​ហាណូយ​នៅ​ចំពោះ​មុខ​អ្នកចូលរួម​ជាង​២​ពាន់​នាក់​ដោយ​រួម​មាន​ទាំង​មន្ត្រី​រដ្ឋាភិបាល​វៀតណាម​ផង​នោះ មេដឹកនាំ​អាមេរិក​រូប​នេះ​ក៏​បាន​និយាយ​អំពី​បញ្ហា​សិទ្ធិមនុស្ស​ដែល​ជា​ប្រធានបទ​មួយ​ដែល​ពិបាក​ដោះ​ស្រាយ​​ផង​ដែរ។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា បាន​ថ្លែង​សុន្ទរកថា​អំពី​ការ​សម្លឹង​ឆ្ពោះ​ទៅ​អនាគត​ទៅ​កាន់​ប្រជាជន​វៀតណាម​ថា ប្រជាជន​វៀតណាម និង​ប្រជាជន​អាមេរិកាំង «​ធ្លាប់​ឆ្លង​កាត់​រឿង​រ៉ាវ​ជាច្រើន​មក​ជាមួយ​គ្នា​អស់​រយៈពេល​១០០​ឆ្នាំ​មក​ហើយ»។

ក្នុង​សុន្ទរកថា​ផ្ដោត​លើ​ប្រធាន​បទ​ជាច្រើន​ដែល​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​សន្និបាត​ជាតិ​ក្រុង​ហាណូយ​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ ​ថ្នាក់​ដឹក​នាំ​របស់​សហរដ្ឋ​អាមេរិក​រូប​នេះ​ ក៏​បាន​លើក​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ដែល​ជា​ប្រធាន​បទ​រសើប​ផង​ដែរ។

លោក​ អូបាម៉ា ក៏​បាន​សង្កត់​ធ្ងន់​ផង​ដែរ​ថា សិទ្ធិក្នុង​ការ​បញ្ចេញ​មតិ​ដោយ​សេរី និង​សិទ្ធិ​សេរីភាព​សារព័ត៌មាន​ ក៏​ដូច​ជា​សិទ្ធិ​ក្នុង​ការ​ប្រមូល​ផ្តុំ គឺ​សុទ្ធ​តែ​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​វៀតណាម។ លោក​ក៏​បាន​ថ្លែង​អំពី​ការ​បើក​ឱកាស​ឲ្យបេក្ខជន​ដែល​មក​ពី​គណបក្ស​ផ្សេង​ក្រៅ​ពី​គណបក្ស​កុម្មុយនិស្ត​ ឲ្យ​ចូល​រួម​ដំណើរ​ការ​នយោបាយក្នុង​ប្រទេស​វៀតណាម​ផង​ដែរ។

លោក អូបាម៉ា​ បាន​មាន​ប្រសាសន៍​ដោយ​ផ្ទាល់​ថា៖ «តាម​គំនិត​របស់​ខ្ញុំ ការ​ប្រកាន់​ខ្ជាប់​សិទ្ធិ​មនុស្ស​ទាំង​អស់​នេះ នឹង​មិន​គំរាម​កំហែង​ដល់​ស្ថិរភាព​របស់​ប្រទេស​នោះ​ទេ»។

មាន​អ្នក​ទោស​នយោបាយ​ប្រមាណ​១០០​នាក់​កំពុង​ត្រូវ​បាន​ជាប់​ឃុំ​នៅ​ក្នុង​ប្រទេស​វៀតណាម​ ហើយ​មាន​ការ​ឃាត់​ខ្លួន​ជា​បន្ត​បន្ទាប់​ដែល​ការ​ឃាត់​ខ្លួន​ចុង​ក្រោយ​នោះ គឺ​ទើប​តែ​កើត​ឡើង​កាល​ពី​សប្ដាហ៍​កន្លង​ទៅ​នេះ។​ នេះ​បើ​យោង​ទៅ​តាម​ក្រុម​សកម្មជន​នានា។

រូបភាព​ឯកសារ៖ លោក Nguyen Van Dai ខាង​ស្តាំធ្វើ​ជា​កសិណ​សាក្សី​កាល​ពី​ខែ​មេសា ២០១៣។

នៅ​មុន​ពេល​ថ្លែង​សុន្ទរកថា​នា​ថ្ងៃ​អង្គារ​នេះ លោក​ អូបាម៉ា បាន​ជួប​ជាមួយ​សមាជិក​ក្រុម​សង្គម​ស៊ីវិល​វៀតណាម​៦នាក់ ហើយ​លោក​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​គេ​ថា​មាន «ចំណុច​គួរ​ឲ្យ​បារម្ភ​ខ្លាំង​មួយ​ចំនួន» ជុំវិញ​បញ្ហា​សេរីភាព​នយោបាយ ហើយ​លោក​សម្ដែង​ការ​កោតសរសើរ​ចំពោះ​ជនជាតិ​វៀតណាម​ទាំង​នោះ​ដែល «ហ៊ាន​បញ្ចេញ​មតិ​របស់​ពួក​គេ»។

លោក អូបាម៉ា ក៏​បាន​ទទួល​ស្គាល់​ផង​ដែរ​ពី​សេចក្តី​រាយការណ៍​ដែល​ថា មាន​សកម្មជន​ជនជាតិ​វៀតណាម​មួយ​ចំនួនទៀត​ដែល​ត្រូវ​បាន​រារាំង​មិន​ឲ្យ​ជួប​លោក​កាល​ពី​ថ្ងៃ​អង្គារ។

ដោយ​មិន​បញ្ចេញ​ឈ្មោះ​ប្រទេស​ចិន លោក អូបាម៉ា បាន​រំឭក​សារ​ជា​ថ្មី​ម្ដង​ទៀត​អំពី​សិទ្ធិ​ក្នុង​ការ​ធ្វើ​នាវាចរណ៍​ដោយ​សេរី និង​បាន​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​នៅ​តែ​ប្រកាន់​ជំហរ​គាំ​ទ្រ​សិទ្ធិ​នាវាចរណ៍​នោះ​ចំពោះ​ប្រទេស​ដទៃ​ទៀត​ផង​ដែរ។

លោក​ប្រធានាធិបតី​អាមេរិក បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា៖ «ប្រទេស​ធំ​មិន​គួរ​សន្សំ​រឿង​ជាមួយ​ប្រទេស​តូច​ជាង​ខ្លួន​នោះ​ទេ»។

ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​ទៅ​កាន់​ប្រទេស​វៀតណាម​របស់​លោក អូបាម៉ា កាល​ពី​ថ្ងៃ​ច័ន្ទ​នេះ បាន​ផ្ដល់​ឲ្យ​ប្រទេស​វៀតណាម​នូវ​កាដូ​ដែល​ពួក​គេ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជា​យូរ​មក​ហើយ​នោះ គឺ​ការ​ដក​ទាំង​ស្រុង​នូវ​ទណ្ឌកម្ម​នាំ​ចូល​គ្រឿង​សព្វាវុធ។

លោក​ អូបាម៉ា បាន​បដិសេធ​ថា​ ការ​ដក​ទណ្ឌកម្ម​នាំ​ចូល​គ្រឿង​សព្វាវុធ​នេះ​ មិន​ទាក់​ទង​នឹង​ការ​កើន​ឡើង​នៃ​ក្តី​បារម្ភ​អំពី​សកម្មភាព​យោធា​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ទេ។

អ្នក​វិភាគ​មួយ​ចំនួន​យល់​ឃើញ​ខុស​ពី​នេះ។

លោក Murray Hiebert អ្នក​ប្រឹក្សាជាន់​ខ្ពស់​កម្មវិធី​សិក្សា​តំបន់​អាស៊ី​អាគ្នេយ៍ នៃ​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​យុទ្ធសាស្ត្រ និង​អន្តរជាតិ បាន​ប្រាប់ VOA ថា៖ «ការ​សម្រេច​ចិត្ត​របស់​លោក​ប្រធានាធិបតី​នេះ បាន​ជំរុញ​ឲ្យដំណើរ​ការ​នៃ​ការ​ធ្វើ​ឲ្យ​មាន​ចំណង​ទាក់​ទង​ធម្មតា​រវាង​ប្រទេស​ដែល​ជា​អតីត​សត្រូវ​នឹង​គ្នានេះ ខិត​ទៅ​មុខ​បាន​មួយ​កម្រិត​ទៀត ហើយ​ថែម​ទាំង​ផ្ដល់​ឲ្យ​ប្រទេស​វៀតណាមនូវ​គ្រឿង​ការពារ​ខ្លួន​ដើម្បី​តតាំង​ជាមួយ​នឹង​ភាព​គឃ្លើន​ដែល​ចេះ​តែ​កើន​ឡើង​របស់​ប្រទេស​ចិន​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង»។

កាសែត​ចិន​ឈ្មោះ​ថា​ Global Times ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​កុម្មុយនិស្ត​បាន​សរសេរ​នៅ​ក្នុង​ច្បាប់​ចេញ​ផ្សាយរបស់​ខ្លួន​នៅ​ថ្ងៃ​អង្គារ​ថា ការ​លើក​ឡើង​របស់​លោក អូបាម៉ា ដែល​ថា​ការ​ដក​ទណ្ឌកម្ម​នាំ​ចូល​គ្រឿង​សព្វាវុធ​នៅ​វៀតណាម ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ឃុំ​ចិន​នោះ គឺ​ជា​ការ​ភូត​កុហក។

កាសែត​ដដែល​នេះ​បន្ត​ថា សហរដ្ឋ​អាមេរិក​«កំពុង​តែ​កេង​ចំណេញ​ពី​នយោបាយ​នៅ​វៀតណាម​ដើម្បី​កកូរកកាយ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង»​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អះអាង​ថា​ខ្លួន​មាន​អធិបតេយ្យភាព។

ប្រធានាធិបតី​ប្រទេស​វៀតណាម លោក Tran Dai Quang បាន​មាន​ប្រសាសន៍​នៅ​ឯ​ពិធី​ពិសា​អាហារ​ថ្ងៃ​ត្រង់​កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​នេះ​ថា លោក​មាន​ការ​ដឹង​គុណ​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​សហរដ្ឋ​អាមេរិក ក្នុង​ការ​បញ្ចប់​ «ទំព័រ​ប្រវត្តិសាស្ត្រ​រកាំរកូស​រវាង​ប្រទេស​ទាំង​ពីរ»។

ក្នុង​សុន្ទរកថា​របស់​លោក​កាល​ពី​ថ្ងៃ​អង្គារ លោក​ អូបាម៉ា​ ក៏​បាន​រំឭក​ផង​ដែរ អំពី​សង្គ្រាម​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​វៀតណាម ដោយ​ធ្វើ​ការ​កត់​សម្គាល់​ការ​រំឭក​វិញ្ញាណក្ខន្ធ​កង​ទ័ព​ និង​ជនស៊ីវិល​វៀតណាម​ប្រមាណ​៣លាន​នាក់​ដែល​បាន​បាត់​បង់​ជីវិត​ក្នុង​សម័យ​សង្គ្រាម។

លោក​ប្រធានាធិបតី​ ក៏​បាន​ស្ងើច​សរសើរ​កិច្ចការ​របស់​លោក​រដ្ឋមន្ត្រី​ការបរទេស​ John Kerry ដែល​ជា​អតីត​យុទ្ធជន​សម័យ​សង្គ្រាម​ ក្នុង​ការ​ជួយ​ឲ្យ​មាន​ចំណង​ទាក់ទង​ធម្មតា​រវាង​ក្រុង​ហាណូយ និង​ក្រុង​វ៉ាស៊ីនតោន។ លោក​ប្រធានាធិបតី​បាន​ថ្លែង​ថា៖ «សង្គ្រាម​ដែល​ជា​អ្នក​បំបែក​បំបាក់​យើង​នោះ ឥឡូវ​ក្លាយ​ជា​ប្រភព​ព្យាបាល​ការ​បែក​បាក់​នេះ។ ហើយ​ការ​ធ្វើ​ទស្សនកិច្ច​នេះ នឹង​ជួយ​ធ្វើ​ឲ្យ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កាន់​តែ​មាន​ភាព​រឹង​មាំ​តទៅ​អនាគត»។

លោក John Kerry រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ផ្តល់សន្និសីទសារព័ត៌មាន (Press Statement) អំពីដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជា នៅសណ្ឋាគារ Raffle Le Royal នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦។ (នូវ ពៅលក្ខិណា/VOA)

លោក Carl Thayer សាស្ត្រាចារ្យ​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកល​វិទ្យាល័យ New South Wales ក្នុង​ប្រទេស​អូស្ត្រាលី​បាន​និយាយ​ថា ការ​ដក​ទណ្ឌកម្ម​សព្វាវុធ​ នឹង​អនុញ្ញាត​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ត្រឡប់​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ។

ប៉ុន្តែ​ លោក ​Thayer បាន​លើកឡើង​បន្ថែម​ថា ជាមួយ​នឹង​ការ​ដក​ទណ្ឌកម្ម​នេះ​ចេញ​ដែល​នាំ​ឲ្យ​មាន​សហប្រតិបត្តិការ​នយោបាយ​និង​ការទូត​សម្រាប់​ប្រទេស​វៀតណាម បញ្ហា​សិទ្ធិមនុស្ស​នៅ​តែ​ជា​ធាតុ​គន្លឹះ​នៃ​គោលនយោបាយ​របស់​សហរដ្ឋអាមេរិក។
លោក Thayer បាន​ថ្លែង​ប្រាប់ VOA ថា «ប៉ុន្តែ​នៅ​ក្នុង​ការអនុវត្ត​ជាក់​ស្តែង គ្មាន​អ្វី​ផ្លាស់ប្ដូរ​នោះ​ទេ។ ខណៈ​ដែល​ទណ្ឌកម្ម​សព្វាវុធ​ត្រូវ​បាន​ដក​ចេញ ឥឡូវ​នេះ​វៀតណាម​នឹង​នៅ​តែ​មាន​គំនាប​ដដែល ដែល​អ្នក​ទិញ​គ្រឿង​សព្វាវុធ​ចង់​បាន​ពី​សហរដ្ឋអាមេរិក ហើយ​គោលនយោបាយ​ដែល​ផ្សារ​ភ្ជាប់​ទៅ​នឹង​សិទ្ធិមនុស្ស​របស់​អាមេរិក​នៅ​តែ​មាន​ដដែល»។


អត្ថប្រយោជន៍​សម្រាប់​ប្រទេស​វៀតណាម​ដែល​បាន​មក​ពី​ការផ្លាស់ប្ដូរ​នេះ មាន​ន័យ​ថា គឺ​ជា​ការ​បញ្ចប់​ការ​រើសអើង​នយោបាយ។ ចំណែក​ឯ​សម្រាប់​អាមេរិក​វិញ វា​គឺ​ជា​ការ​ដក​ចេញ​នូវ​ឧបសគ្គ​ដ៏​ធំ​មួយ​ពី​ក្នុង​កិច្ច​សហប្រតិបត្តិការ​ការពារ​ជាតិ។

ប៉ុន្តែ​លោក Thayer បាន​លើកឡើង​ថា ក្នុង​រយៈពេល​ខ្លី​នេះ វៀតណាម​នឹង​ត្រូវ​ពឹងផ្អែក​លើ​រុស្សី ដែល​ជា​ដៃគូ​របស់​វៀតណាម​ជា​យូរ​ណាស់​មក​ហើយ ដើម្បី​ទិញ​គ្រឿង​សព្វាវុធ​យោធា​សំខាន់ៗ។

«គ្រឿង​សព្វាវុធ​យោធា​ដ៏​ទំនើប​បំផុត​របស់​វៀតណាម ដូចជា យន្តហោះ​ចម្បាំង Su-30s នាវា​ចម្បាំង​ប្រភេទ Gepard និង​នាវា​មុជ​ទឹក​ប្រភេទ Kilo គឺ​ទិញ​ពី​រុស្សី​ទាំងអស់»។​

ប៉ុន្តែ ​លោក Thayer រំពឹង​ថា ប្រទេស​វៀតណាម​នឹង​ទន្ទឹង​រង់ចាំ​បច្ចេកវិទ្យា​ទំនាក់ទំនង​ដ៏​ទំនើប​ពី​អាមេរិក បច្ចេកវិទ្យា​ផ្កាយរណប​នៅ​ឆ្នេរ​សមុទ្រ​និង​ការ​ស៊ើប​ការណ៍សម្ងាត់ និង​បច្ចេកវិទ្យា​ឈ្លប​យកការណ៍​ដើម្បី​ជួយ​ដល់​ការ​ត្រួតពិនិត្យ​មើល​ដែនសមុទ្រ។

លោក Thitinan Pongsudhirak អ្នក​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកលវិទ្យាល័យ Chulalongkorn បាន​ពិពណ៌នា​ការ​ដក​ទណ្ឌកម្ម​សព្វាវុធ​នេះ​ថា​ ជា​ការ​ឈាន​ដល់​គោលដៅ​សំខាន់​មួយក្នុង​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក​និង​វៀតណាម។ ​

លោក Thitinan បាន​និយាយ​ថា ប្រទេស​ទាំង​ពីរ​នេះ​មាន​តម្រូវការ​រៀងខ្លួន​ក្នុង​ការ​កសាង​ទំនាក់ទំនង​នេះ។

លោក​បាន​ថ្លែង​ប្រាប់ VOA យ៉ាង​ដូច្នេះ​ថា៖ «ប្រទេស​វៀតណាម​ពិត​ជា​ត្រូវ​ការ​សហរដ្ឋអាមេរិក​ដើម្បី​ប្រឆាំង​នឹង​ប្រទេស​ចិន ហើយ​ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ សហរដ្ឋអាមេរិក​ចង់​បន្សល់​ទុក​នូវ​កេរ្តិ៍​ដំណែល ដែល​លោក Obama បាន​បញ្ចូល​ទៅ​ក្នុង​យុទ្ធសាស្ត្រ​ឲ្យ​មាន​តុល្យភាព​ឡើងវិញ​របស់​លោក។ ហើយ​ខ្ញុំ​គិត​ថា ​បច្ចុប្បន្ន​នេះ សហរដ្ឋអាមេរិក​ពិត​ជា​កំពុង​តែ​បោះជំហាន​ចូល​ទៅ​ក្នុង​តំបន់​នេះ ជាពិសេស​នៅ​ផ្នែក​ដែនសមុទ្រ»។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា (ឆ្វេង) និង ប្រធានាធិបតី​ប្រទេស​វៀតណាម លោក Tran Dai Quang ចាប់​ដៃ​គ្នា​នៅ​វិមាន​ប្រធានាធិបតី​នា​ក្រុង​ហាណូយ ថ្ងៃច័ន្ទ ទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៦។ លោក​ប្រធានាធិបតី​កំពុង​ធ្វើ​ទស្សនកិច្ច​រយៈពេល​១​សប្តាហ៍​ទៅ​តំបន់​អាស៊ី​ ដែល​ជា​ផ្នែក​១​នៃ​កិច្ច​ខិត​ខំ​ប្រឹងប្រែង​របស់​លោក​ដើម្បី​បង្កើន​ការ​ចាប់​អារម្មណ៍​ក្នុង​តំបន់ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ខាង​សេដ្ឋកិច្ច និង​សន្តិសុខ។ (រូបភាព AP/Carolyn Kaster)

ប៉ុន្តែ​ ចិន​បាន​បង្កើន​ឥទ្ធិពល​ការទូត​របស់​ខ្លួន​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ជាពិសេស​នៅ​ក្នុង​ប្រទេស​កម្ពុជា ថៃ និង​ឡាវ ដែល​ជា​ប្រទេសសមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ដែល​ហៅ​កាត់​ថា អាស៊ាន។ ហើយ​ប្រទេស​ហ្វីលីពីន ​ក៏​បាន​ចូល​រួម​ប្រជែង​នឹង​ការ​ទាមទារ​កាន់​តែ​ខ្លាំង​ជាង​មុន​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ផង​ដែរ ហើយ​ប្រទេស​នេះ​ក៏​បាន​ទន្ទឹង​រង់ចាំ​ការ​គាំទ្រ​បន្ថែម​ទៀត​ពី​សហរដ្ឋអាមេរិក។​

លោក Thitinan បាន​មាន​ប្រសាសន៍​ដើម​យ៉ាង​ដូច្នេះ​ថា៖ «នេះ​មាន​ន័យ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​ស្ថិត​នៅ​ក្រោម​សំពាធ​ខ្លាំង​ជាង​មុន ហើយ​ឥឡូវ​នេះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ប្រហែល​ជា​ព្យាយាម​បំបែកបំបាក់​ប្រទេស​នៅ​អាស៊ាន​បន្ថែម​ទៀត ដោយសារ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​មាន​អារម្មណ៍​ថា ខ្លួន​កាន់​តែ​មិន​មាន​សុវត្ថិភាព​ពី​ដំណើរ​ការវិវឌ្ឍន៍​នយោបាយ​នេះ ដោយ​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក​និង​ហ្វីលីពីន​ត្រូវ​បាន​បង្កើន​ឡើង ស្រប​ពេល​ដែល​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក​និង​វៀតណាម​ក៏​ត្រូវ​បាន​បង្កើន​ឡើង​ដែរ។ ​

លោក Tay បាន​ថ្លែង​ប្រាប់ VOA ពី​ប្រទេស​សិង្ហបុរី​មក​ថា៖ «ក្នុង​បរិបទ​នេះ អាស៊ាន​ប្រឈម​នឹង​ការ​បែកបាក់​គ្នា ដោយ​ការ​កាន់​ជំហរ​កណ្ដាល​របស់​អាស៊ាន​ដែល​មាន​ប្រទេស​ជា​សមាជិក​ទាំង​១០​នឹង​ត្រូវ​ទន់​ខ្សោយ​ភា្លមៗ ហើយ​ប្រទេស​នីមួយៗ​នឹង​ក្លាយ​ទៅ​ជា​ប្រទេស​រណប​ឲ្យ​ប្រទេស​មហាអំណាច​មួយ​ឬ​ច្រើន»។

ស្រប​ពេល​ដែល​វៀតណាម​គឺ​ជា​ប្រទេស​សមាជិក​សំខាន់​មួយ​នៃ​កិច្ចព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ឬ​ហៅ​ថា TPP ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក វៀតណាម​ក៏​ពឹងផ្អែក​លើ​ចិន​សម្រាប់​ការ​វិនិយោគ​ពាណិជ្ជកម្ម​និង​ជំនួញ​ផង​ដែរ ហើយ​ចិន​គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​នាំមុខ​គេ​របស់​វៀតណាម។ ​

លោក Thitinan បាន​មាន​ប្រសាសន៍​ថា៖ «ចិន​គឺ​ជា​ប្រទេស​ជិតខាង​ដ៏​ធំ​របស់​វៀតណាម ដែល​វៀតណាម​មិន​អាច​បង្ករឿង​ជាមួយ​បាន​នោះ​ទេ។ ហើយ​ខណៈ​ពេល​ជាមួយ​គ្នា​នេះ​ដែរ វៀតណាម​កំពុង​តែ​គាំទ្រ​ដល់​កិច្ចព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្មឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នេះ។ ដូច្នេះ​វៀតណាម​បាន​បោះ​ជើង​ចូល​ក្នុង​ដែន​អាមេរិក​រួច​ហើយ​ពេល​នេះ ហើយ​ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ វៀតណាម​មិន​ប្រឆាំង​ជាមួយ​នឹង​ចិន​ដោយ​បើក​ចំហ​នោះ​ទេ។ នេះ​គ្រាន់​តែ​ជា​ការ​លេង​យុទ្ធសាស្ត្រ​ភូមិសាស្ត្រ​របស់​វៀតណាម​តែ​ប៉ុណ្ណោះ»។

លោក​ប្រធានាធិបតី អូបាម៉ា បាន​បន្ត​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ហូជីមិញ ដែល​កាល​ពី​មុន​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ទីក្រុង Saigon ដែល​នៅ​ទីនោះ​សុន្ទរកថា​របស់​លោក​បាន​ងាក​ទៅ​ផ្ដោត​សំខាន់​លើការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​នឹង​បណ្ដា​នាយក​ក្រុមហ៊ុន​និង​សហគ្រិន​វិញ៕

ប្រែ​សម្រួល​ដោយ​ ហឿន សុភ័ក្ត្រ និង ហុង ចិន្តា