​អ្នកប្រើប្រាស់​អ៊ីនធឺណិត​នៅ​កម្ពុជា​ប្រឈម​ហានិភ័យ ​ពេល​រដ្ឋាភិបាល​​រឹត​បន្តឹង​ការ​គ្រប់គ្រង​បណ្ដាញ​នេះ

អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ កំពុង​តាមដាន​ការផ្សាយ​ព័ត៌មាន​របស់​ ​VOD​ ​តាម​រយៈ​ហ្វេសប៊ុក​ ​នៅ​លើអេក្រង់​កំព្យូទ័រ​របស់​គាត់​នៅ​រាជធានី​ភ្នំ​ពេញ​កាល​ពីថ្ងៃ​ព្រហស្បតិ៍​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧។​ ​(នៅ វណ្ណារិន/VOA)

នៅ​កម្ពុជា ​ដែល​ជា​ប្រទេស​ក្រីក្រ​បំផុត​មួយ​នៅ​អាស៊ី ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​ខាង​បណ្ដាញ​អ៊ីនធឺណិត​ និង​លទ្ធភាព​ដែល​ពលរដ្ឋ​អាច​ប្រើប្រាស់​ទូរស័ព្ទ​ទំនើបៗ​បាន​កើន ឡើង​កាន់​តែ​ច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ហើយ​វា​បាន​ពង្រឹង​សិទ្ធិ​អំណាច​ពលរដ្ឋ​បាន​កាន់​តែ​ច្រើន​ជាង​មុន។​

ពលរដ្ឋ​ជា​ច្រើន​លាន​នាក់ ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​ប្រមាណ​១៥​លាននាក់ ​បាន​នាំគ្នា​ប្រើប្រាស់​អ៊ីនធឺណិត​តាម​ទូរស័ព្ទ​ដៃ ​កុំព្យូទ័រ​ និង​ឧបករណ៍​បច្ចេកវិទ្យា​ផ្សេងៗ​ទៀត ​ដើម្បី​ចូល​ទៅ​ប្រើប្រាស់​បណ្ដាញ​សង្គម​នានា​ដូច​ជា ​Facebook​ និង​ Twitterជា​ដើម។​

បណ្ដាញ​អ៊ីនធឺណិត​នេះ​បាន​ផ្ដល់​ដល់​អ្នក​ប្រើប្រាស់​នូវ​មធ្យោបាយ​ទំនាក់​ទំនង ​និង​ជា​ប្រភព​ព័ត៌មាន​ឯករាជ្យ​មួយ​នៅ​ក្នុង​សង្គម​ដែល​ក្រីក្រ​ និង​រង​ការ​គាបសង្កត់​ជា​យូរយា​ណាស់​មក​ហើយ​នោះ។

សកម្មជន​ខ្មែរ​មួយ​ចំនួន​ ​ដែល​ចូល​ចិត្ត​បច្ចេកវិទ្យា​ ដូចជា​លោក​ ង៉ែត ម៉ូសេ ​ជាដើម ​បាន​ប្រមើល​ពី​និន្នាការ​វិវឌ្ឍ​បែបនេះ ហើយ​ក៏​បាន​ចាប់ផ្ដើម​ប្រើប្រាស់​អំណាច​នៃ​បច្ចេកវិទ្យា​អ៊ីនធឺណិត​ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​សង្គម​ តាំង​ពី​ប៉ុន្មាន​ឆ្នាំ​មុន​មក​ម្ល៉េះ។

រូបឯកសារ៖ បុរសម្នាក់កំពុង​ចូល​មើល​ទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

បច្ចុប្បន្ន​ជា​ប្រធាន​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​បច្ចេកវិទ្យា​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ ​និង​សិទ្ធិ​មនុស្ស​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ភ្នំពេញ​ លោក​ ម៉ូសេ ​បាន​ធ្វើ​យុទ្ធនាការ​តាម​បណ្ដាញ​អ៊ីនធឺណិត ​តាមរយៈ​វេទិកា​ផ្សេងៗ ​ដើម្បី​បុព្វហេតុ​សិទ្ធិ​មនុស្ស​ និង​ការ​ចូលរួម​របស់​ពលរដ្ឋ​ក្នុង​កិច្ច​អភិវឌ្ឍ​សង្គម ​និង​នយោបាយ។

លោក​បាន​បណ្ដុះបណ្ដាល​អង្គការ​យុវជន ​និង​សមាជិក​មួយ​ចំនួន​ក្នុង​ការ​ធ្វើ​យុទ្ធនាការ​តាម​បណ្ដាញ​អ៊ីនធឺណិត​ និង​រៀបចំ​វេទិកា​សម្ដែង​មតិ​ និង​ចែក​រំលែក​បទពិសោធន៍​អំពី​បច្ចេកវិទ្យា​តាម​អ៊ីនធឺណិត​មួយ​ចំនួន​ទៀត ​ដូចជា ​Open Cyber Talk ​ជាដើម។

ប៉ុន្តែ ​ក្នុង​អំឡុង​ពេល​ប្រមាណ​១​ឆ្នាំ​ចុងក្រោយ​នេះ សុទិដ្ឋិនិយម​របស់​ក្រុម​សកម្មជន​អំពី​ផល​វិជ្ជមាន​នៃ​ការ​មាន​អ៊ីនធឺណិត​ប្រើប្រាស់​កាន់​តែ​ច្រើន​ឡើង​នេះ​ ​បាន​ប្រែក្លាយ​ទៅ​ការ​ភ័យ​ខ្លាច​កាន់តែ​ខ្លាំង​ឡើង​ទៅវិញ ​នៅ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ ដើម្បី​កាត់បន្ថយ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​តាម​បណ្ដាញ​អ៊ីនធឺណិត ​និង​កាត់​បន្ថយ​ការ​ប្រឆាំង​ផ្នែក​នយោបាយ។​

លោក​ ង៉ែត ម៉ូសេ ​បាន​ថ្លែង​ថា​ ទាំង​រូប​លោក​ ទាំង​អ្នក​ប្រើប្រាស់​បណ្ដាញ​អ៊ីនធឺណិត​ជា​ច្រើន​ទៀត ​ហាក់​មាន​ការ​ប្រយ័ត្ន​ប្រយែង​ជាង​មុន​ ក្នុង​ការ​ធ្វើ​អត្ថាធិប្បាយ​ ឬ​បង្ហោះ​សារ​ទាក់ទង​នឹង​នយោបាយ ​ដោយ​សារ​តែ​មាន​ការ​កើន​ឡើង​នូវ​សកម្មភាព​ឃ្លាំមើល​ខ្លឹមសារ​តាម​បណ្ដាញ​អ៊ីនធឺណិត​ និង​ការ​ព្រមាន​ ឬ​ការ​ចាប់ខ្លួន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ជា​បន្ត​បន្ទាប់។

«‍សេរីភាព​ក្នុង​ការ​ប្រើប្រាស់​អ៊ីនធឺណិត​ក្នុង​ប្រទេស​កម្ពុជា​ បើ​យើង​មើល​នៅ​លើ ​Surface [ផ្ទៃ​ខាង​លើ ]​ គឺ​ថា​ បើក​ទូលំទូលាយ​ច្រើន។​ ប៉ុន្តែ​នៅ​ពេល​ដែល​យើង​មើល​ទៅ​លើ​ការ​អនុវត្ត​ខាង​ក្នុង​វិញ​ ​ថា​តើ​ប្រជា​ពលរដ្ឋ​ភ័យខ្លាច​ក្នុង​ការ​និយាយ​ស្ដី​ ប្រជា​ពលរដ្ឋ​ភ័យខ្លាច​ក្នុង​ការ​បញ្ចេញ​មតិ​ខ្លួន​ឯង​អត់​នោះ​ ​ជា​ទូទៅ​របាយ​ការណ៍​ យើង​មើល​ឃើញ​ហើយ​ថា ​ប្រជា​ពលរដ្ឋ​នៅ​តែ​មាន​ការ​ភ័យខ្លាច​ដដែល​ទេ»។​

ទន្ទឹម​ពេល​ជា​មួយ​គ្នា​នេះ​ លោក​ នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ និង​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​កំពុង​កាន់អំណាច ​បាន​បង្កើន​សកម្មភាព​របស់​ខ្លួន​លើ​បណ្ដាញ​អ៊ីនធឺណិត​យ៉ាង​សកម្ម ​នៅ​មុន​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំ​ក្រោយ​ ដើម្បី​និយាយ​ទៅ​កាន់​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ថ្មីៗ​រាប់​លាន​នាក់។​

នៅដើម​ឆ្នាំ២០១៦ ​ច្បាប់​ទូរគមនាគមន៍​ថ្មី​បាន​បង្កើន​សិទ្ធិ​អំណាច​របស់​រដ្ឋាភិបាល​លើ​ឧស្សាហកម្ម​ទូរគមនាគមន៍​ ដោយ​ផ្ដល់​អំណាច​ដល់​រដ្ឋ​ក្នុង​ការ​«ឈ្លប​យក​ការណ៍​ ឬ​ឃ្លាំ​មើល​សកម្មភាព​នានា‍» ​ដែល​ការណ៍​នេះ​បង្ក​«ការ​គំរាមកំហែង​ដល់​ឯកជន​ភាព​របស់​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ម្នាក់ៗ‍»។ នេះ​បើ​យោង​តាម​អង្គការ​ Freedom House ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក។

ច្បាប់​ទូរគមនាគមន៍​ថ្មី​នេះ​រួម​បញ្ចូល​ទាំង​ទោស​ទណ្ឌ​ចំពោះ​បទល្មើស​ជាច្រើន។​ ក្នុង​នោះ ទោស​ជាប់​ពន្ធនាគារ​ពី​៧​ដល់​១៥​ឆ្នាំ ​ចំពោះ​ការ​គំរាម​កំហែង​ដល់​«‍សន្តិសុខជាតិ»។ ​បទ​ចោទ​កាន់​ប្រកាន់​នេះ​ត្រូវ​បាន​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​មើល​ឃើញ​ថា ​មាន​លក្ខណៈ​ស្រពិចស្រពិល ​និង​ផ្ដល់​លទ្ធភាព​ឲ្យ​មាន​ការ​រំលោភ​បំពាន​ផ្នែក​នយោបាយ។

ចំណែក​ច្បាប់​មួយ​ទៀត​ស្ដីពី​ឧក្រិដ្ឋកម្ម​លើ​បណ្ដាញ​អ៊ីនធឺណិត ​ដែល​មិន​ទាន់​ត្រូវ​បាន​អនុម័ត​នៅឡើយ​នោះ ​ ក៏​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​កាន់តែ​ខ្លាំង​ឡើង​អំពី​កំហិត​ផ្លូវ​ច្បាប់​ទៅលើ​អ្វី​ដែល​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​អាច​បង្ហោះ​នៅ​លើ​បណ្ដាញ​នេះ។​

នៅ​ឆ្នាំ​២០១៦​ តុលាការ​បាន​ប្រើប្រាស់​ច្បាប់​ចំណាស់​មួយ​ ដើម្បី​ដាក់ទោស​អ្នក​ប្រឆាំងរដ្ឋាភិបាល​តាម​បណ្ដាញ​អ៊ីនធឺណិត​ ដោយ​បាន​កាត់ទោស​និស្សិត​ម្នាក់​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១៨​ខែ ​ពី​បទ​ញុះញង់ ​ដោយសារ​តែ​គាត់​បង្ហោះ​សារ​មួយ​នៅ​បណ្ដាញ​សង្គម ​ Facebook​ ដែល​មាន​លក្ខណៈ​រិះគន់​គណបក្ស​កាន់​អំណាច។

រូបឯកសារ៖ លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភានៃគណបក្សប្រឆាំង ត្រូវបាន​នាំខ្លួនដោយកម្លាំងមានសមត្ថកិច្ចចេញពីតុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥។

ជាមួយ​គ្នា​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ជា​បក្ស​ប្រឆាំង​បាន​ក្លាយ​ជា​គោលដៅ​នៃ​ការ​វាយ​ប្រហារ​កាន់​តែ​ខ្លាំង​ឡើង​ប្រឆាំង​នឹង​សេចក្ដី​ថ្លែង​ការណ៍​តាម​បណ្ដាញ​អ៊ីនធឺណិត​របស់​ខ្លួន។​ ក្នុង​នោះ ​សមាជិក​ព្រឹទ្ធសភា​គឺ​លោក​ ហុង សុខហួរ ​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​៧​ឆ្នាំ ​ពី​បទ​ចោទ​ដែល​ថា ​លោក​បាន​បង្ហោះ​ឯកសារ​ផែនទី​ក្លែងក្លាយ​នៅ​លើ​បណ្ដាញ​សង្គម​ Facebook​ ទាក់ទង​នឹង​ព្រំដែន​កម្ពុជា-វៀតណាម។ ​សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​ប្រឆាំង​រូប​នេះ​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ ក្រោយ​ពី​មាន​ព្រះរាជ​ក្រឹត្យ​បង្គាប់​ឲ្យ​ដោះលែង​លោក​ តាម​សំណើ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។

កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ ​ អ្នក​លក់​ផ្លែឈើ​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ប៉ែក​ខាង​លិច​ប្រទេស​កម្ពុជា ​ហើយ​ស្រ្តី​វ័យ​២០​ឆ្នាំ​រូប​នេះ​ក៏​ត្រូវ​បាន​រាយការណ៍​ថា ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ និង​ជេរ​ប្រមាថ​លោក​ ហ៊ុន សែន ​និង​មហា​ក្សត្រិយានី​ នរោត្តម ​មុនីនាថ ​សីហនុ ​នៅ​លើ​បណ្ដាញ​សង្គម​ Facebook។​

អ្នក​នាង សន រ៉ាមាណា ​អ្នក​សម្រប​សម្រួល​គម្រោង​ការពារ​សេរីភាព​មូលដ្ឋាន​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​បាន​ថ្លែង​ប្រាប់​វីអូអេ​តាម​សារ​អេឡិចត្រូនិក​ថា៖​

«‍ស្ថាន​ការណ៍​នៃ​សេរីភាព​លើ​បណ្ដាញ​អ៊ីនធឺណិត​នៅ​កម្ពុជា​មាន​សភាព​គួរ​ឲ្យ​បារម្ភ​កាន់តែ​ខ្លាំង​ឡើង»។

អ្នក​នាង​ រ៉ាមាណា ​បន្ថែម​ទៀត​ថា ​សមត្ថភាព​ខាង​បច្ចេក​វិទ្យា​របស់​រដ្ឋាភិបាល​ក្នុង​ការ​ប្រមូល​ទិន្នន័យ​តាម​បណ្ដាញ​សង្គម​ និង​ទូរគមនាគមន៍​នានា​ពី​អ្នក​ប្រើប្រាស់​ម្នាក់ៗ​ ក៏​កាន់​តែ​មាន​ការ​រីកចម្រើន​ខ្លាំង​ដែរ។

«‍ក្នុង​បរិយាកាស​នយោបាយ​បច្ចុប្បន្ន​ ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ត្រូវ​តែ​ដឹង​ពី​ហានិភ័យ​ទាក់ទង​នឹង​អ្វី​ដែល​ពួកគេ​បង្ហោះ​ ឬ​ចែក​បន្ត​នៅ​លើ​ Facebook​ និង​លើ​បណ្ដាញ​អ៊ីនធឺណិត​ផ្សេងៗ​ទៀត»។

លោក ណុប វី ​នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ​ក៏​បាន​បន្ទរ​ការ​ព្រួយបារម្ភ​ទាំង​នេះ​ដែរ។

«‍យើង​ក៏​មាន​ការ​ព្រួយបារម្ភ​ដែរ​ទាក់ទង​ទៅ​នឹង​ការ​ជ្រៀតជ្រែក​ចូល ​ឬ​ក៏​យើង​ប្រើ​ភាសា​បច្ចេកទេស​ យើង​ហៅ​ថា​ ការ​ Hack ​ចូល​ទៅ​ក្នុង​គណនេយ្យ​ទាំង​អស់​ហ្នឹង​ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម ​ អ្នក​ធ្វើ​ការ​សង្គម​ ឬ​មួយ​ក៏​សកម្មជន​សិទ្ធិ​មនុស្សគឺ​ថា​ គាត់​មិន​មាន​សុវត្ថិភាព​នៅ​ក្នុង​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម ​Facebook ​ទាំង​អស់​ហ្នឹង​ទេ​ នៅ​ក្នុង​ការ​ឆ្លើយឆ្លង ​ឬ​មួយ​ក៏​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ពួក​គាត់»។​

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​ថ្លែង​ប្រាប់​វីអូអេ​ថា ​ការ​រិះគន់​បែប​នេះ​គឺ​គ្រាន់តែ​ជា​ការ​បំប៉ោង​ស្ថាន​ការណ៍​ខុសពី​ការណ៍​ពិត​តែ​ប៉ុណ្ណោះ ​ហើយ​ថា ​ការ​កាត់ទោស​ជន​ណា​ម្នាក់​ដោយសារ​តែ​ខ្លឹមសារ​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត​នោះ ​គឺ​ពាក់ព័ន្ធ​តែ​អ្នក​ទាំងឡាយ​ណា ដែល​ធ្វើ​ការ​បរិហារ​កេរ្តិ៍​អ្នក​ដទៃ​ដោយ​អយុត្តិធម៌​ ឬ​បង្ក​គ្រោះថ្នាក់​ពិតប្រាកដ​តែ​ប៉ុណ្ណោះ។

លោក ​ផៃ ស៊ីផាន​ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​ មាន​ប្រសាសន៍​ថា៖

«‍យើង​យល់​ឃើញ​ថា ​ការ​ទិតៀន​ជា​ព័ត៌មាន​ដែល​លើកឡើង​តាម​រយៈ​ពហុ​មតិ​ ​ក៏​ប៉ុន្តែ​អ្នក​បរិហារ​ អ្នក​រៀបចំ​យុទ្ធនាការ​ឃោសនា​ ​វិទ្ធង្សនា យើង​អត់​ត្រូវ​ការ ​ហើយ​យើង​អត់​ចង់​ឲ្យ​អ្នក​និយាយ​ហ្នឹង ​និយាយ​ស្រេច​តែ​នឹកឃើញ​ និយាយ​ក្នុង​លក្ខណៈ​វិទ្ធង្សនា​ ឬ​យុទ្ធនាការ​ប្រឆាំង​បំបាក់​កិត្តិយស​អ្នក​ដទៃ ​ហើយ​អ្នក​ហ្នឹង​ក៏​ត្រូវ​តែ​ទទួល​ខុស​ត្រូវ។ ​សួរ​ថា​ តើ​មាន​វិធានការ​ទេ?​ គឺ​ច្បាប់​យើង​មាន!»

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​លោក​ សុខ ឥសាន ​ក៏​បាន​បន្ថែម​ដែរ​ថា៖​

«‍ខ្ញុំ​យល់​ថា​ មនុស្ស​ល្អ​អត់​ចេះ​ភ័យ​ខ្លាច​ទេ​ បើ​ទោះជា​គេ​តាម​ដាន​យ៉ាង​ម៉ិច​ក៏ដោយ​ ក៏​មិន​ជា​រឿង​ភ័យខ្លាច​អីដែរ បើ​ខ្លួន​ឯង​អត់​មាន​អី​ ធ្វើ​ឲ្យ​គេ​ចាប់​ពិរុទ្ធភាព​បាន​នោះ។ តែ​អ្នក​ភ័យ​ខ្លាច​នោះ​ច្រើន​តែ​ជា​អ្នក​មាន​ខ្លួន។ ​អ្នកមាន​ខ្លួន​ហ្នឹង​គឺ​អ្នក​ប្រព្រឹត្ត​ល្មើស​ហើយ​ចង់​លាក់​បាំង»។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ​ការ​គាបសង្កត់​ដែល​កាន់​តែ​ខ្លាំង​ឡើង​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត​នេះ​ កើតឡើង​ចំ​ពេល​ដែល​មាន​ការ​បង្ក្រាប​ជា​ទូទៅ​លើ​គណបក្ស​ប្រឆាំង​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ នៅ​មុន​ការ​បោះឆ្នោត​ជាតិ​នៅ​ខែ​កក្កដា​ ឆ្នាំ​២០១៨។

កាលពី​ខែ​កញ្ញា​កន្លង​ទៅ​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក កឹម សុខា ​ត្រូវ​បាន​ចាប់ខ្លួន ​ហើយ​ត្រូវ​ចោទប្រកាន់​ពី​បទ​ក្បត់​ជាតិ។ លោក ​ហ៊ុន សែន ​បាន​ប្រកាស​ថា​ ​គណបក្ស​ប្រឆាំង​នេះ​នឹង​ត្រូវ​រំលាយ ហើយ​សមាជិក​គណបក្ស​នេះ​ជា​ច្រើន​រូប​ ​រួម​ទាំង​អនុប្រធាន​គណបក្ស​ដែល​ទទួល​បាន​ការ​គោរព​ច្រើន​គឺ​លោកស្រី ​មូរ សុខហួរ​ ផង​នោះ​ ​បាន​រត់​គេច​ខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា​ជា​បន្តបន្ទាប់​ ដោយសារ​ខ្លាច​ការ​ចាប់ខ្លួន។​

ទន្ទឹម​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ កាសែត​ឯករាជ្យ​ជា​ភាសា​អង់គ្លេស​ និង​ខ្មែរ គឺ​ The Cambodia Daily ​ដែល​បាន​ដំណើរ​ការ​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជាង​២៤​ឆ្នាំ​កន្លង​មក​ហើយ​នោះ ​បាន​បិទ​ទ្វារ​លែង​ដំណើរការ​ ក្រោយ​ពី​ស្ថាប័ន​សារ​ព័ត៌មាន​មួយ​នេះ​ត្រូវ​បាន​អាជ្ញាធរ​តម្រូវ​ឲ្យ​បង់​ពន្ធ​គិត​ជា​ទឹកប្រាក់​ជាង​៦​លាន​ដុល្លារ​អាមេរិក។

រូបផែនទីកម្ពុជា បង្ហាញពី ចំនួនហ្រ្វេកង់ FM ទាំង៣២ នៅក្នុង ខេត្តទាំង២០ ដែលត្រូវបានបិទផ្សាយការផ្សាយបន្តពី VOA វិទ្យុ RFA និង VOD។ (រូបថតដោយលីកាដូ)

ការិយាល័យ​ភាសា​ខ្មែរ​របស់​វិទ្យុ​អាស៊ី​អាស៊ី​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ​ក៏​បាន​បិទ ​ហើយ​ស្ថានីយ​វិទ្យុ​ FM​ ក្នុងស្រុក​ក៏​ត្រូវ​បាន​បង្គាប់​ឲ្យ​ឈប់​ចាក់​ផ្សាយ​ ឬ​ផ្សាយ​បន្ត​កម្មវិធី​ព័ត៌មាន​ជា​ភាសាខ្មែរ​របស់​វិទ្យុ​អាស៊ី​សេរី ​និង​វីអូអេ​ផង​ដែរ។​

បន្ថែម​ពី​នេះ​ទៀត​ វិទ្យាស្ថាន​ជាតិ​ប្រជា​ធិបតេយ្យ​ (NDI) ​ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​សហរដ្ឋ​អាមេរិក​ ក៏​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​ ក្រោយ​ពី​អង្គការ​នេះ​បាន​ប្រតិបត្តិការ​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ។ ​អង្គការ​ជាតិ​មួយ​ចំនួន​ ដែល​ទទួល​មូលនិធិ​ពី​បរទេស ​ក៏​ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​ឲ្យ​ផ្អាក​ដំណើរ​ការ​ដែរ​ ដោយ​សំអាង​ហេតុផល​ថា ​អង្គការ​ទាំង​នោះ​មិន​បាន​បំពេញ​តាម​លក្ខខណ្ឌ​ចាំបាច់​មួយ​ចំនួន​ដែល​ច្បាប់​តម្រូវ។

ការ​បង្ក្រាប​ដ៏​អាក្រក់​បំផុត​ក្នុង​អំឡុង​ពេល​ប្រមាណ​២០​ឆ្នាំ​ចុងក្រោយ​នេះ ​បាន​ញ៉ាំង​ឲ្យ​មាន​ការ​ថ្កោលទោស​ជា​អន្តរជាតិ ​និង​មាន​ការ​ព្រមាន​អំពី​ចំណាត់​ការ​ផ្សេងៗ​ ពី​សហគមន៍​អឺរ៉ុប​ និង​សហ​រដ្ឋ​អាមេរិក​ជាដើម ​ប៉ុន្តែ​កម្ពុជា​ ដែល​ពឹង​ផ្អែក​លើ​ការ​គាំទ្រ​និង​ជំនួយ​របស់​ចិន​នោះ ​ហាក់​មិន​ចាប់​អារម្មណ៍​នឹង​ការ​ព្រមាន​ទាំង​នេះ​ទេ។

ទោះ​ជា​មាន​ការ​បង្ក្រាប​យ៉ាង​ទូលំទូលាយ​បែប​នេះ​ក្ដី ​ក៏​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​ នា​ពេល​បច្ចុប្បន្ន​នេះ ​បាន​នាំ​គ្នា​ប្រើប្រាស់​បណ្ដាញ​សង្គម​ Facebook ​ហើយ​ភ្ជាប់​ទំនាក់​ទំនង​របស់​ពួកគេ​តាម​រយៈ​កម្មវិធី​ទូរគមនាគមន៍​ផ្សេងៗ ​ដែល​ជួល​កាល​ កម្ម​វិធី​នោះ​មាន​ការ​ដាក់​លេខ​សម្ងាត់ ​ដើម្បី​កុំ​ឲ្យ​មាន​ការ​លួច​ចូល​មើល​ព័ត៌មាន​ ឬ​លួច​ស្ដាប់​ការ​សន្ទនា​របស់​ពួកគេ​ថែម​ទៀត​ផង។

អ្នក​ជំនាញ​ និយាយ​ថា ​រដ្ឋាភិបាល​ណា​ក៏​ដោយ ​ដែល​មាន​លក្ខណៈ​រឹតត្បិត​ គឺ​ត្រូវ​ប្រឈម​ការ​លំបាក​ក្នុង​ការ​ត្រួតពិនិត្យ​ការ​ចែក​ចាយ​ព័ត៌មាន​ឯករាជ្យ ​ដែល​អាច​ធ្វើ​ឲ្យ​សាធារណជន​ដឹង​ពី​បញ្ហា​រសើប​ខាង​នយោបាយ​នានា។

នៅ​ឆ្នាំ​២០១៥ ​ បណ្ដាញ​អ៊ីនធឺណិត​ ឬ​ Facebook ​បាន​ក្លាយ​ជា​ប្រភព​ព័ត៌មាន​ដ៏​សំខាន់​ទី​១​សម្រាប់​ពលរដ្ឋ​ខ្មែរ​ ​ហើយ​អ្នកប្រាស់​ប្រាស់​បណ្ដាញ​នេះ​ដើម្បី​ទទួល​ព័ត៌មាន​ ​មាន​ចំនួន​៣០​ភាគរយ ​គឺ​បាន​វ៉ា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទូរទស្សន៍​ ​និង​វិទ្យុ​ភាគច្រើន​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ ឬ​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​រដ្ឋាភិបាល ​ដែល​មាន​អ្នក​ប្រើប្រាស់​២៩​ភាគរយ សម្រាប់​ទូរទស្សន៍​ ​និង​១៥​ភាគរយ​សម្រាប់​វិទ្យុ។ ​នេះ​បើ​យោង​តាម​របាយ​ការណ៍​សិក្សា​ស្រាវជ្រាវ​មួយ​របស់​អង្គការ​មូលនិធិ​អាស៊ី​ Asia Foundation។

លោក​ Mike Godwin ​អ្នក​ជំនាញ​ការ​ខាង​សេរីភាព​លើ​បណ្ដាញ​អ៊ីនធឺណិត ​និង​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន​ R Street ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ បាន​ថ្លែង​ប្រាប់​វីអូអេ​ថា ​លទ្ធភាព​ដែល​ពលរដ្ឋ​កាន់តែ​ច្រើន​ឡើង​អាច​ទទួល​បាន​ព័ត៌មាន​តាម​បណ្ដាញ​អ៊ីនធឺណិត​ ឬ​បណ្ដាញ​សង្គម​នេះ ​ជា​រឿយៗ ​ធ្វើ​ឲ្យ​ពួកគេ​ភ្ញាក់​ខ្លួន ​ហើយ​ទំនង​ជា​រិះគន់​រដ្ឋាភិបាល​កាន់តែ​ច្រើន​ឡើង។

«‍តាម​ពិត​ទៅ ​កិច្ចប្រឹងប្រែង​ក្នុង​ការ​គ្រប់គ្រង​ខ្លឹមសារ​តាម​បណ្ដាញ​អ៊ីនធឺណិត ​ប្រហែល​ជា​មិន​មាន​ប្រសិទ្ធភាព ​ដូច​ពួកគេ​គិត​នោះ​ទេ ​ពី​ព្រោះ​ការ​ធ្វើ​បែប​នេះ​អាច​ជះ​ឥទ្ធិពល​ ធ្វើ​ឲ្យ​ពលរដ្ឋ​ភ្ញាក់​រឭក ​ហើយ​មិន​សប្បាយចិត្ត​ទៅ​វិញ»។

នៅ​ពេល​ដែល​អ្នកវិភាគ​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព​គឺ​លោក​បណ្ឌិត កែម ឡី ​ត្រូវ​បាន​គេ​ធ្វើ​ឃាត​កាល​ពី​ឆ្នាំ​មុន ​ក្បួន​ដង្ហែ​សព​របស់​លោក​ចេញ​ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ស្រុក​កំណើត​របស់​លោក​នៅ​ខេត្ត​តាកែវ​នោះ ​បាន​ទាក់ទាញ​មនុស្សម្នា​រាប់​សែន​នាក់ ដែល​ភាគច្រើន​ ត្រូវ​បាន​គេ​រាយ​ការណ៍​ថា ​បាន​ដឹង​ដំណឹង​អំពី​ការ​ហែ​សព​របស់​លោក​ តាម​រយៈ​ការ​ចែកចាយ​សារ​បន្ត​គ្នា​តាម​បណ្ដាញ​សង្គម។

ផ្អែក​តាម​អង្គការ ​Freedom House ​សមត្ថភាព​និង​កិច្ច​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការ​ត្រួតត្រា​ខ្លឹមសារ​លើ​បណ្ដាញ​អ៊ីនធឺណិត​នេះ ​គឺ​នៅ​មាន​កម្រិត​នៅ​ឡើយ ​បើ​ធៀប​នឹង​ប្រទេស​ជិត​ខាង​របស់​កម្ពុជា។​ អង្គការ​នេះ​បាន​ចាត់​ថ្នាក់​កម្ពុជា​ ​ថា​ជា​ប្រទេស​ដែល​មាន​សេរីភាព​ខ្លះៗ​នៅ​តាម​បណ្ដាញ​អ៊ីនធឺណិត ​កាល​ពី​ឆ្នាំ​២០១៦។​

ប៉ុន្តែ​អ្នកនាង Earp Maleline ​អ្នក​វិភាគ​ និង​ស្រាវជ្រាវ​របស់​អង្គការ​ Freedom House ​ដែល​ទទួល​បន្ទុក​ត្រួត​ពិនិត្យ​របាយ​ការណ៍​សេរីភាព​តាម​បណ្ដាញ​អ៊ីនធឺណិត​នៅ​តំបន់​អាស៊ី​ រួម​ទាំង​កម្ពុជា​ផង​នោះ ​បាន​ថ្លែង​ប្រាប់​វីអូអេ​ថា ​សេរីភាព​លើ​បណ្ដាញ​អ៊ីនធឺណិត​នៅ​កម្ពុជា ​នឹង​បន្ត​ធ្លាក់​ចុះ​ថែម​ទៀត ​នៅ​ឆ្នាំ​នេះ ​ដោយ​សារ​តែ​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​លើ​សំឡេង​រិះគន់​តាម​បណ្ដាញ​អ៊ីនធឺណិត​នេះ។

«‍ជា​ការណ៍​ពិត​ណាស់ ​ សហគមន៍​អន្តរជាតិ​គួរ​តែ​បន្ត​បញ្ចេញ​សំឡេង​គាំទ្រ​ពលរដ្ឋ​ដែល​បាន​ និង​កំពុង​ប្រើប្រាស់​បណ្ដាញ​អ៊ីនធឺណិត​នេះ ​ដើម្បី​ឲ្យពួក​គេអាច​សម្ដែង​មតិ​របស់​ពួក​គេ»។

ខណៈ​ដែល​មាន​ការ​ត្រួតត្រា​របស់​រដ្ឋាភិបាល​កាន់​តែ​តឹងរ៉ឹង​ឡើង​ទៅលើ​សំឡេង​ប្រឆាំង​តាម​បណ្ដាញ​អ៊ីនធឺណិត​នោះ​ លោក​ ហ៊ុន សែន​ និង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​បាន​ព្យាយាម​ពង្រីក​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​របស់​ខ្លួន ​ដើម្បី​និយាយ​ទៅកាន់​សាធារណជន​ឲ្យបាន​កាន់តែ​ច្រើន​ឡើង ​មុន​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​ក្រោយ។​

នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​គណបក្ស​សង្គ្រោះ​ជាតិ តែ​បន្តិច​ប៉ុណ្ណោះ បើ​ផ្អែក​លើ​លទ្ធផល​ដែល​មាន​ការ​ជំទាស់​ពី​គណបក្ស​ប្រឆាំង។​

បុរស​ខ្លាំង​គឺ​លោក​ ហ៊ុន សែន ​ក៏​បាន​ជំរុញ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​ ប្រើប្រាស់​បណ្ដាញ​សង្គម​ ហើយ​រូប​លោក​ផ្ទាល់​ក៏​មាន​ទំព័រ​ Facebook​ របស់​លោក​ដែរ​ ដែល​មាន​អ្នក​តាម​ដាន​ជិត​៩​លាន​នាក់។​

រូបឯកសារ៖ រូបថតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​លោក​បាន​បង្ហោះនៅលើទំព័រហ្វេសប៊ុក នៅពេលលោកកំពុងបើកបររថយន្ត។

រូបថត ​និង​វីអូអេ​នានា​របស់​នាយករដ្ឋមន្ត្រី​វ័យ​៦៥​ឆ្នាំ​រូប​នេះ ​ក៏បាន​បង្ហាញ​អំពី​សកម្មភាព​ផ្សេងៗ​របស់​លោក ​ដូចជា​ លោក​បើកបរ​រថយន្ត​ដោយ​ខ្លួន​ឯង​ និង​ចូលរួម​ក្នុង​ពិធី​ផ្សេងៗ ហើយ​នឹង​រូប​លោក​ហាត់ប្រាណ​ជា​ញឹកញាប់​ជាដើម។

អ្នក​ស្រាវជ្រាវ​ខ្លះ​និយាយ​ថា ​រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​កម្មវិធី​ទូទាំង​ប្រទេស​មួយ​ ដោយ​មាន​ក្រុម​ទទួល​បន្ទុក​កិច្ចការ​អ៊ីនធឺណិត​នៅ​ថ្នាក់​មូលដ្ឋាន​ ដោយ​ចែកចាយ​សារ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ វាយ​បក​គណបក្ស​ប្រឆាំង ​និង​វាយ​ប្រហារ​ទៅលើ​ការ​រិះគន់​នានា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ ​តាម​បណ្ដាញ​សង្គម។

លោក ង៉ែត ម៉ូសេ ​សកម្មជន​អង្គការ​ដែល​ចូលចិត្ត​ប្រើប្រាស់​បច្ចេកវិទ្យា​នោះ​ និយាយ​ថា ​ការ​ក្រសោប​យក​បណ្ដាញ​សង្គម​ថ្មីៗ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ត្រឹម​តែ​ធ្វើ​ឲ្យ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា​កាន់​តែ​ធ្លាក់​ដុនដាប​ថែម​ទៀត ​ដូច​ដែល​លោក​បាន​មើល​ឃើញ​ ​តាម​រយៈ​វិធី​គ្រប់គ្រង​ ដែល​គេ​ប្រើប្រាស់​នៅ​លើ​ទំព័រ ​Facebook ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ។

លោក ​ម៉ូសេ ​បន្ថែម​ទៀត​ថា ​សេរីភាព​តាម​បណ្ដាញ​អ៊ីនធឺណិត​នៅ​កម្ពុជា​ មើល​ពី​ខាង​ផ្ទៃ​ខាង​លើ​ទៅ​ ​ហាក់​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​នៅ​តាម​បណ្ដា​ប្រទេស​អាស៊ាន​ផ្សេង​ទៀត​ ប៉ុន្តែ​សម្រាប់​ការ​អនុវត្ត​ជាក់​ស្ដែង​វិញ ​វា​មិន​មែន​ដូច្នោះ​ឡើយ៕