រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin និងរដ្ឋមន្ត្រីការពារជាតិចិនលោក Dong Jun បានជួបប្រជុំដោយផ្ទាល់ជាលើកដំបូងនៅខាងក្រៅសន្និសីទកំពូល Shangri-La Dialogue នៅប្រទេសសិង្ហបុរីកាលពីថ្ងៃសុក្រ ទី៣១ ខែឧសភា។
មន្ត្រីទាំងពីររូបបានផ្លាស់ប្តូរទស្សនៈទៅលើបញ្ហាចម្រូងចម្រាសនានា រួមទាំងភាពតានតឹងដែលកំពុងកើនឡើងនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ដែលជាការប្រឈមមុខដាក់គ្នាដែលកំពុងបន្តកើតមានឡើងរវាងហ្វីលីពីននិងចិននៅសមុទ្រចិនខាងត្បូង ក៏ដូចជាជម្លោះសាកលធំៗនានាដូចជាសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែននិងជម្លោះនៅមជ្ឈិមបូព៌ា។
នៅក្នុងអំឡុងកិច្ចប្រជុំរយៈពេល៧៥នាទី ទាំងលោក Austin និងលោក Dong បានលើកឡើងពីសារៈសំខាន់នៃការបន្តរក្សាការប្រាស្រ័យទាក់ទងគ្នាដែលបើកចំហរវាងយោធាប្រទេសទាំងពីរ ហើយប្តេជ្ញាបន្តខ្សែទំនាក់ទំនងទាន់ហេតុការណ៍រវាងមេបញ្ជាការនៅសមរភូមិ រវាងភាគីទាំងសងខាងនៅប៉ុន្មានខែខាងមុខ។
លោក Austin បានអះអាងជាថ្មីនូវកង្វល់របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនអំពីសមយុទ្ធយោធារយៈពេល២ថ្ងៃ ឡោមព័ន្ធតៃវ៉ាន់ ហើយជំរុញកុំឱ្យចិនប្រើប្រាស់ការផ្លាស់ប្តូរនយោបាយរបស់តៃវ៉ាន់ ដែលលោកហៅថាជាផ្នែកដំណើរការប្រជាធិបតេយ្យធម្មតាមួយនោះ ជា«លេសមួយបង្ខិតបង្ខំ» ប្រឆាំងនឹងកោះប្រជាធិបតេយ្យមួយនេះ។
នៅឯសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៣១ ខែឧសភា ក្រោយកិច្ចប្រជុំរវាងមន្ត្រីការពារជាតិទាំងពីរ អ្នកនាំពាក្យក្រសួងការពារជាតិចិនលោក Wu Qian បានប្រាប់អ្នកសារព័ត៌មានមកពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មានចិននិងបរទេសរាប់សិប រួមទាំង VOA ផងដែរថា សំណួរពាក់ព័ន្ធតៃវ៉ាន់នៅតែជាកិច្ចការផ្ទៃក្នុងរបស់ចិនហើយថា កម្លាំងខាងក្រៅ «មិនមានសិទ្ធិលូកដៃក្នុងបញ្ហានេះទេ»។
ឥរិយាបទរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន «បានបំពានធ្ងន់ធ្ងរលើការប្តេជ្ញាដោយភាគីអាមេរិក» ហើយបានបញ្ជូនសញ្ញាខុសទៅកាន់ «កងកម្លាំងបំបែកឯករាជ្យតៃវ៉ាន់»។ នេះបើយោងតាមលោក Wu ដែលបានថ្លែងក្នុងអំឡុងសន្និសីទសារព័ត៌មានរយៈពេល៥០នាទី។
បន្ថែមពីលើការបង្កើនភាពតានតឹងនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ លោក Austin និងលោក Dong ក៏បានផ្លាស់ប្តូរទស្សនៈទៅលើការប្រឈមមុខដែលកំពុងកើតមានឡើងរវាងហ្វីលីពីននិងចិននៅសមុទ្រចិនខាងត្បូង។
លោក Austin បានថ្លែងថា សហរដ្ឋអាមេរិកនឹងបន្ត «ហោះហើរ ធ្វើនាវាចរណ៍ និងប្រតិបត្តិការ» នៅទីណាក៏ដោយឱ្យតែច្បាប់អន្តរជាតិអនុញ្ញាតដោយសុវត្ថិភាពនិងការទទួលខុសត្រូវ ខណៈសង្កត់បញ្ជាក់ពីសារៈសំខាន់នៃការគោរពសេរីភាពនៃការធ្វើនាវាចរណ៍នៅក្រោមច្បាប់អន្តរជាតិ ពិសេសនៅសមុទ្រចិនខាងត្បូង។
ក្នុងអំឡុងពេលប្រជុំ លោក Dong បានថ្លែងថា ហ្វីលីពីនមិនបានគោរពពាក្យសន្យា ដោយសារតែការគាំទ្រពី «កម្លាំងខាងក្រៅ» ហើយបន្តបង្ករឿងនៅតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal នៅសមុទ្រចិនខាងត្បូង ដែលទាំងរដ្ឋាភិបាលក្រុងប៉េកាំងនិងរដ្ឋាភិបាលក្រុងម៉ានីលមើលឃើញថា ជាទឹកដីរបស់ខ្លួន។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការពារជាតិចិនលោក Wu។
លោករដ្ឋមន្ត្រីការពារជាតិចិនក៏បានរិះគន់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនពីការពង្រាយប្រព័ន្ធមីស៊ីលខ្នាតកណ្តាលទៅឱ្យហ្វីលីពីន«ដោយសម្ងាត់តាមរយៈសមយុទ្ធយោធា» ដោយចិនព្រមានថា ចំណាត់ការនេះបង្កជាការគំរាមកំហែងពិតប្រាកដដល់សន្តិសុខតំបន់។
ក្រសួងការបរទេសចិនបានថ្លែងថា ភាគីទាំងពីរនឹងមានប្រឹក្សាជាបន្តបន្ទាប់អំពីការផ្លាស់ប្តូរទស្សនៈនាពេលអនាគតរវាងយោធាទាំងពីរ ជាមួយនឹងការចូលរួមរវាងបណ្ឌិតសភាយោធាទាំងពីរ ហើយកិច្ចចរចាគោលនយោបាយទ្វេភាគីអាចនឹងជាចំណុចចាប់ផ្តើម។
អ្នកវិភាគខ្លះថា កិច្ចប្រជុំរវាងលោក Austin និងលោក Donng ផ្តោតសំខាន់ទៅលើ «ការសម្តែងបង្ហាញ» និងចែករំលែកបញ្ជាក់អំពីប្រយោជន៍សំខាន់និងស្នូល និងបន្ទាត់ក្រហម ពីទស្សនៈរបស់រដ្ឋាភិបាលក្រុងប៉េកាំងនិងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។
លោក Stephen Nagy អ្នកជំនាញសន្តិសុខក្នុងតំបន់ម្នាក់នៅឯសាកលវិទ្យាល័យInternational Christian University នៅជប៉ុនបានប្រាប់ VOA ថា៖ «កិច្ចពិភាក្សានេះមិនមែនអំពីការចរចាគ្នាឬការទូតកម្រិតកំពូលអ្វីទេ ប៉ុន្តែមើលទៅដូចជាអំពីការបង្កើតខ្សែទំនាក់ទំនងសម្រាប់កិច្ចការដែលភាគច្រើនធ្វើឡើងនៅកម្រិតទាបជាង»។
ខណៈការប្រាស្រ័យទាក់ទងរវាងយោធានិងយោធា រវាងរដ្ឋាភិបាលក្រុងប៉េកាំងនិងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមានសារៈសំខាន់ ហើយមានផលប៉ះពាល់លើការពង្រីកភាពតានតឹងនៅក្នុងតំបន់ ចំណុចមួយដែលគេមិនទាន់ប្រាកដនោះគឺថា តើភាគីចិននឹង«លើកទូរស័ព្ទ» ទេក្នុងគ្រាមានវិបត្តិពិតប្រាកដ។
លោកបានថ្លែងបន្ថែមថា៖ «ដោយសារតែធម្មជាតិនៃប្រព័ន្ធនយោបាយរបស់ចិន អំណាចគឺស្ថិតក្នុងកណ្តាប់ដៃលោក Xi Jinping ដូច្នេះយើងមិនប្រាកដថា សមភាគីចិនរបស់យើងនឹងអាចលើកទូរស័ព្ទ ប្រាស្រ័យទាក់ទងគ្នានិងធ្វើការសម្រេចចិត្តក្នុងស្ថានការណ៍វិបត្តិណាមួយឬយ៉ាងណានោះទេ»។
បើទោះបីជាមានភាពមិនប្រាកដប្រជានេះក្តី អ្នកជំនាញខ្លះថា កិច្ចសន្ទនារវាងមេដឹកនាំការពារជាតិទាំងពីរនៅតែ «បានជួយច្រើន»។ មន្ត្រីទាំងពីរនេះ «អាចសន្ទនាអំពីចេតនាដែលអាចជួយដល់ស្ថិរភាពនៃទំនាក់ទំនងជាទូទៅ ប៉ុន្តែខ្ញុំមិនគិតថា វាអាចជួយអ្វីច្រើនក្នុងការសម្រួលបញ្ហាសំខាន់ៗជាបន្ទាត់ក្រហមសម្រាប់ភាគីនីមួយៗនោះទេ»។ នេះបើយោងតាមអ្នកស្រី Rorry Daniels នាយកផ្នែកគ្រប់គ្រងនៃវិទ្យាស្ថាន Asia Society Policy Institute ដែលបានថ្លែងប្រាប់ VOA តាមទូរស័ព្ទ។
ប៉ុន្តែជាមួយនឹងភាពតានតឹងដែលកំពុងកើនឡើងនៅផ្នែកជាច្រើននៅអាស៊ី រួមទាំងច្រកសមុទ្រតៃវ៉ាន់ សមុទ្រចិនខាងត្បូង ឧបទ្វីបកូរ៉េ អ្នកវិភាគមួយចំនួនថ្លែងថា កិច្ចចរចាកាលពីថ្ងៃទី៣១ ខែឧសភា រវាងលោក Austin និងលោក Dong នឹងកាន់តែសំខាន់សម្រាប់តំបន់ ពិសេសនៅពេលមួយដែលមានជម្លោះយោធាពីរកំពុងកើតមានឡើងនៅលើពិភពលោក៕
អ្នកឆ្លើយឆ្លងព័ត៌មានវីអូអេប្រចាំនៅទីក្រុងសេអ៊ូលលោក William Gallo រួមចំណែកដល់សេចក្តីរាយការណ៍នេះ។
ប្រែសម្រួលដោយ អ្នកនាង ស្រេង លក្ខិណា