រដ្ឋាភិបាលហ្វីលីពីនបានកោះហៅបេសកជនជាន់ខ្ពស់ចិនមួយរូបនៅថ្ងៃព្រហស្បតិ៍ទី២ ខែឧសភា ដើម្បីសម្ដែងនូវការប្រឆាំងចំពោះឧប្បត្តិហេតុដែលចិនប្រើកាណុងទឹកបាញ់ដាក់នាវាហ្វីលីពីនពីរគ្រឿងដោយធ្វើឱ្យខូចខាតក្នុងអំឡុងពេលល្បាតនៅសមុទ្រចិនខាងត្បូង។
នាវាឆ្មាំល្បាតសមុទ្រមួយគ្រឿងនិងនាវារដ្ឋាភិបាលមួយគ្រឿងរបស់ហ្វីលីពីនបានរងការខូចខាតនៅក្នុងឧប្បត្តិហេតុថ្ងៃទី ៣០ ខែមេសានៅជិតកោះ Scarborough Shoal ដែលមានជម្លោះនិងគ្រប់គ្រងដោយចិន។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងការបរទេសហ្វីលីពីន។
រដ្ឋាភិបាលក្រុងម៉ានីលនិងរដ្ឋាភិបាលក្រុងប៉េកាំងមានប្រវត្តិជម្លោះដែនទឹកជាមួយយូរណាស់មកហើយនៅសមុទ្រចិនខាងត្បូង ហើយប្រទេសក្បែរខាងទាំងពីរនេះមានឧប្បត្តិហេតុនៅដែនសមុទ្រជាច្រើនដងនៅប៉ុន្មានខែចុងក្រោយនេះ ខណៈពួកគេមានជំហរឹងមាំអះអាងទាមទារផ្លូវទឹកយុទ្ធសាស្ត្រនេះ។
ហេតុការណ៍លើកនេះបានកើតឡើងក្នុងអំឡុងបេសកកម្មទៅផ្គត់ផ្គង់ឡើងវិញដល់អ្នកនេសាទហ្វីលីពីន។
លោក Zhou Zhiyong មន្ត្រីធំទី២នៃស្ថានទូតចិនត្រូវបានកោះហៅដោយរដ្ឋាភិបាលក្រុងម៉ានីលអំពី«ការយាយី ការបុក ការឡោមព័ទ្ធ ការតាមដាននិងការរាំងខ្ទប់ កលល្បិចប្រកបដោយគ្រោះថ្នាក់ ការប្រើកាណុងទឹកនិងសកម្មភាពគឃ្លើនឯទៀតៗរបស់កងឆ្មាំសមុទ្រចិននិងនាវានៃកងជីវពលសមុទ្រចិន»។ នេះបើតាមសេចក្តីថ្លែងការណ៍មួយពីក្រសួងការបរទេសហ្វីលីពីន។
ក្រសួងនេះបានបន្ថែមថា«សកម្មភាពគឃ្លើនរបស់ចិន ជាពិសេសការប្រើកាណុងបាញ់ទឹក បានបណ្តាលឱ្យមានការខូចខាត»ដល់នាវាហ្វីលីពីន។ ក្រសួងនេះក៏បានទាមទារដែរឱ្យកប៉ាល់ចិនចាកចេញជាបន្ទាន់ពីទីខ្ពស់នៅក្រោមផ្ទៃទឹកនោះនិងទីជិតខាងទីនោះ។
ប្រទេសហ្វីលីពីនបាននិយាយថា សម្ពាធនៃឧប្បត្តិហេតុបាញ់កាណុងទឹកកាលពីថ្ងៃទី៣០ ខែមេសាខ្លាំងជាងឧប្បត្តិហេតុកាលពីពេលមុនៗ ហើយថាវាបានធ្វើឱ្យដាច់ឬធ្វើឱ្យកោងផ្នែកលោហធាតុនិងគ្រឿងឧបករណ៍នៅលើនាវាហ្វីលិពីន។
ក្រសួងការបរទេសបាននិយាយថាការតវ៉ាខាងការទូតកាលពីថ្ងៃព្រហស្បតិ៍ទី២ ខែឧសភាជាការតវ៉ាទី២០ដោយរដ្ឋាភិបាលក្រុងម៉ានីលក្នុងឆ្នាំនេះ ហើយជាការតវ៉ាលើកទី១៥៣តាំងពីលោកប្រធានាធិបតី Ferdinand Marcos កាន់អំណាចកាលពីពាក់កណ្តាលឆ្នាំ២០២២។
ស្ថានទូតចិនមិនបានឆ្លើយជាបន្ទាន់នឹងសំណើសុំអត្ថាធិប្បាយទេ។
កាលពីមុនកងឆ្មាំសមុទ្រចិនបាននិយាយថាខ្លួន«បានបណ្តេញ»នាវាហ្វីលីពីនពីរគ្រឿងចេញពីដែនទឹកខ្លួននៅជិតកោះ Huangyan ឈ្មោះដែលចិនហៅតំបន់ Scarborough Shoal។
តំបន់នោះគឺជាចំណុចក្តៅមួយរវាងប្រទេសទាំងពីរចាប់តាំងពីចិនបានរឹបយកពីហ្វីលីពីនក្នុងឆ្នាំ២០១២។
សមយុទ្ធយោធាទ្រង់ទ្រាយធំ
ប្រទេសចិនបានទាមទារយកសមុទ្រចិនខាងត្បូងសឹងតែទាំងស្រុងថាជារបស់ផងខ្លួន នាំឱ្យមានការទាមទារដែរពីប្រទេសឯទៀតៗ មានរួមទាំងហ្វីលីពីនដែរ ហើយមានការសម្រេចអន្តរជាតិមួយថាការអះអាងរបស់ចិនគ្មានមូលដ្ឋានផ្លូវច្បាប់ទេ។
តំបន់ត្រីកោណនៃសង្វាក់ផ្កាថ្មនិងថ្មដែលផ្សំជា Scarborough Shoal ស្ថិតនៅចម្ងាយ២៤០គ.ម.ខាងលិចកោះ Luzon ដែលជាកោះធំបំផុតនៃប្រទេសហ្វីលីពីន ហើយជិត៩០០គ.ម.ពីកោះ Hainan ដែលជាដែនដីចិនជិតបំផុតនឹងទីនោះ។
ចាប់តាំងពីបានកាន់កាប់ Scarborough Shoal មក រដ្ឋាភិបាលប៉េកាំងបានដាក់ពង្រាយកងឆ្មាំសមុទ្រនិងនាវាឯទៀតៗដែលរដ្ឋាភិបាលក្រុងម៉ានីលថាបានយាយីកប៉ាល់ហ្វីលីពីននិងរារាំងអ្នកនេសាទហ្វីលីពីនមិនចូលក្នុងតំបន់សំបូរត្រីនេះទេ។
ឧប្បត្តិហេតុថ្មីបំផុតនេះមានឡើងនៅពេលប្រទេសហ្វីលីពីននិងសហរដ្ឋអាមេរិកធ្វើសមយុទ្ធយោធាប្រចាំឆ្នាំធំមួយដែលធ្វើឱ្យរដ្ឋាភិបាលប៉េកាំងខឹងខ្លាំង។
រដ្ឋាភិបាលក្រុងម៉ានីលនិងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមានសន្ធិសញ្ញាការពារគ្នាទៅវិញទៅមក ហើយការប្រឈមមុខដាក់គ្នាកាលពីពេលថ្មីៗនេះរវាងនាវាហ្វីលីពីននិងចិនបានបង្កើនការនិយាយស្មានៗអំពីអ្វីដែលអាចកើតមានឡើង។
លោកប្រធានាធិបតី Marcos បានថ្លែងកាលពីខែមេសាថារដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បានធានារ៉ាប់រងថាសន្ធិសញ្ញានេះអាចយកមកប្រើប្រសិនបើ«មហាអំណាចបរទេស»មួយទៀតសម្លាប់ទាហានហ្វីលីពីនម្នាក់៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ
វេទិកាបញ្ចេញមតិ