ក្រុមរបស់លោក Alexei Navalny ធ្វើការងារឯករាជ្យធ្លាប់ទៅហើយ។ សត្រូវខ្លាំងក្លាបំផុតរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ជាញឹកញាប់តែងអវត្តមានក្នុងរយៈពេលយូរនៅក្រោយត្រូវបានចាប់ខ្លួន ត្រូវបានវាយប្រហារ ត្រូវបានដាក់ថ្នាំបំពុលឬត្រូវជាប់ក្នុងពន្ធនាគារជាដើម។
ប៉ុន្តែនៅពេលលោក Navalny បានទទួលអនិច្ចកម្មជាបន្ទាន់កាលពីខែកុម្ភៈក្នុងអាយុ៤៧ឆ្នាំនៅក្នុងគុកមួយនាកន្លែងដាច់ស្រយាលក្នុងតំបន់អាកទិក លោកបានបន្សល់ទុកបញ្ហាប្រឈមដ៏ធំមួយដល់ក្រុមរបស់លោក។ ពួកគេមានភារកិច្ចដ៏ធំមួយគឺបន្តចលនាប្រឆាំងនឹងលោក Putin ដែលលោកប្រាកដជាជាប់ឆ្នោតជាថ្មីទៀត បើទោះបីជាការតស៊ូរបស់ពួកគេមិនមានការចូលរួមពីសំណាក់មេដឹកនាំដ៏អង់អាចនិងគួរជាទីស្ងើចសរសើររបស់ពួកគេក៏ដោយ។
ក្រោយការរន្ធត់ចិត្តបានចុះថមថយ ពួកសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក Navalny ត្រឡប់មកបំពេញការងារដែលនាំឱ្យលោកបាត់បង់សេរីភាពនិងជីវិត គឺការធ្វើឱ្យអន្តរាយដល់ការក្តាប់អំណាចបែបកណ្តាប់ដៃដែករបស់លោក Putin។
ការធ្វើតេស្តសំខាន់មួយនឹងមាននៅថ្ងៃអាទិត្យនេះ ដែលជាថ្ងៃចុងក្រោយបង្អស់នៃរយៈពេលបីថ្ងៃដែលក្រុមអ្នកបោះឆ្នោតអាចទៅបោះឆ្នោតនៅក្នុងការបោះឆ្នោតមួយដែលត្រូវបានឃើញជាទូទៅថាគ្រាន់ជាការបង្គ្រប់កិច្ចជាជាងការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យ។
គ្រានោះហើយនៅពេលដែលក្រុមលោក Navalny គាំទ្រដោយលោកស្រី Yulia Navalnaya ភរិយារបស់លោក Navalnyអំពាវនាវឱ្យមានបាតុកម្មមានឈ្មោះថា «Noon Against Putin» ឬដែលមានន័យថា «ពេលថ្ងៃត្រង់ប្រឆាំងនឹង Putin»។ ពួកគេបានស្នើដល់ជនជាតិរុស្ស៊ីឱ្យទៅផ្តុំគ្នានៅមណ្ឌលបោះឆ្នោតនៅថ្ងៃអាទិត្យនៅម៉ោង១២ថ្ងៃត្រង់ម៉ោងក្នុងមូលដ្ឋាននៅទូទាំងប្រទេសដែលមានល្វែងម៉ោងខុសៗគ្នាចំនួន១១ ដើម្បីធ្វើបាតុកម្មបង្ហាញការមិនពេញចិត្តទៅលើការគ្រប់គ្រងរបស់លោក Putin និងសង្គ្រាមរបស់លោកប្រឆាំងនឹងអ៊ុយក្រែន។
លោកស្រី Navalnaya បានមានប្រសាសន៍ក្នុងសុន្ទរកថាមួយជាវីដេអូថា«វាជាសកម្មភាពសាមញ្ញខ្លាំងមួយ ហើយមានសុវត្ថិភាពផង វាមិនអាចត្រូវបានហាមប្រាមនោះទេ។ វានឹងជួយមនុស្សរាប់លាននាក់ឱ្យឃើញពួកសម្ព័ន្ធមិត្តគេដែលមានចិត្តគំនិតដូចគ្នានិងដឹងថាយើងមិនមែននៅឯកោទេ យើងមានគ្នីគ្នាជាមនុស្សដែលប្រឆាំងនឹងសង្គ្រាម ប្រឆាំងអំពើពុករលួយនិងប្រឆាំងនឹងការមិនគោរពច្បាប់»៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ