សកម្មជន លោក គង់ រ៉ៃយ៉ា និងសកម្មជននយោបាយ២នាក់ទៀតដែលស្នាក់នៅប្រទេសថៃក្នុងគោលបំណងគេចពីការចាប់ខ្លួន និងការធ្វើទុក្ខបុកម្នេញពីរដ្ឋាភិបាលកម្ពុជា ត្រូវបានឃាត់ខ្លួនក្នុងប្រទេសថៃ។
ការឃាត់ខ្លួនពួកគេធ្វើឡើងប៉ុន្មានថ្ងៃមុនដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ទៅកាន់ទីក្រុងបាងកក ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៧ ខែកុម្ភៈខាងមុខ។
សកម្មជនមួយចំនួនដែលគេចខ្លួនជ្រកកោនក្នុងប្រទេសថៃត្រូវបានរាយការណ៍ថាពួកគេត្រៀមខ្លួនតវ៉ាប្រឆាំងនឹងវត្តមានរបស់លោក ហ៊ុន ម៉ាណែត។
លោក គង់ រ៉ៃយ៉ា អតីតសកម្មជនរបស់គណបក្សភ្លើងទៀន ដែលគេចខ្លួនទៅនៅប្រទេសថៃកាលពីខែកក្កដា ឆ្នាំមុន ប្រាប់វីអូអេនៅថ្ងៃសៅរ៍ថា នៅវេលាម៉ោង១១និង៤៥នាទីព្រឹកនេះ លោកកំពុងស្ថិតក្នុងរថយន្តរបស់នគរបាលថៃដែលដឹករូបលោកនិងក្រុមគ្រួសារដែលមានភរិយានិងកូនពីរនាក់ចេញពីតុលាការ ដើម្បីយកទៅដាក់នៅមណ្ឌលឃុំឃាំងជនអន្តោប្រវេសន៍។ លោកបន្ថែមថា លោកនិងភរិយាត្រូវបានតុលាការពិន័យជាទឹកប្រាក់ចំនួន៧ពាន់បាត ដោយសារស្នាក់នៅហួសកំណត់ក្នុងប្រទេសថៃ។ លោកនិងក្រុមគ្រួសារដែលមានកូនស្រីអាយុ៥ឆ្នាំនិងកូនប្រុសអាយុ១ឆ្នាំ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី២ ខែកុម្ភៈ វេលាម៉ោងប្រមាណ៤រសៀល។
លោកថ្លែងមុនអាជ្ញាធរថៃដកទូរសព្ទរបស់លោកថា៖ «ព្រឹកនេះគេបញ្ជូនខ្ញុំទៅតុលាការ ហើយតុលាការបានផាកពិន័យខ្ញុំ និងប្រពន្ធខ្ញុំចំនួន៧ពាន់បាត ហើយឥឡូវខ្ញុំនៅលើឡាន គេបញ្ជូនចេញពីតុលាការទៅមណ្ឌលឃុំខ្លួន ឈ្មោះថាបាំងខែ ដែលជាកន្លែងឃុំខ្លួនជនអន្តោប្រវេសន៍រស់នៅខុសច្បាប់នៅប្រទេសថៃ»។
លោក គង់ រ៉ៃយ៉ា អាយុ៣២ឆ្នាំ បញ្ជាក់ថា ការចាប់ខ្លួនរូបលោកនិងសកម្មជន២នាក់ទៀតដែលកំពុងរស់នៅក្នុងប្រទេសថៃ ជា«ហេតុផលនយោបាយ» ដោយសារលោក ហ៊ុន ម៉ាណែត ជិតទៅបំពេញទស្សនកិច្ចនៅប្រទេសថៃ ហើយមិនចង់ឃើញការតវ៉ាណាមួយប្រឆាំងរូបលោក។
លោក គង់ រ៉ៃយ៉ា ដែលកាន់កាតជនភៀសខ្លួនដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិបានបញ្ជាក់ថា៖ «ខ្ញុំព្រួយបារម្ភពីសុវត្ថិភាពខ្លួនឯង កូនៗ ហើយនិងប្រពន្ធមែនទែន គឺព្រួយបារម្ភខ្លាចអាជ្ញាធរថៃបញ្ជូនរូបខ្ញុំទៅប្រទេសកម្ពុជាវិញ ដែលនឹងអាចជាប់ពន្ធនាគារឬក៏មានបញ្ហាធ្ងន់ធ្ងរជាងនេះ»។
លោក គង់ រ៉ៃយ៉ា អតីតសមាជិកគណបក្សភ្លើងទៀន ដែលធ្លាប់ជាប់ពន្ធនាគារ២ដងក្នុងប្រទេសកម្ពុជា បានចាកចេញពីប្រទេសកំណើត កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ នៅពេលលោកបានលាឈប់ពីសមាជិកគណបក្សប្រជាជនកម្ពុជា ដែលលោកបានចុះចូលជាមួយ។ លោកបានសម្រេចទៅប្រទេសថៃដើម្បីស្វែងរកសិទ្ធិផ្នែកជ្រកកោននយោបាយ ដោយសារបារម្ភអំពីការធ្វើទុក្ខបុកម្នេញក្នុងប្រទេសកម្ពុជា។
លោក ខឹម មុន្នីកុសល គណៈកម្មការសម្របសម្រួលជនភៀសខ្លួននៅប្រទេសថៃ ប្រាប់វីអូអេថាសកម្មជន៣នាក់ត្រូវបានចាប់ខ្លួនក្នុងប្រទេសថៃ រួមមានលោក គង់ រ៉ៃយ៉ា លោក ផន ផាន់ណា និងលោក លឹម សុខា។
លោកបន្ថែមថា ពួកគេទាំង៣នាក់សុទ្ធតែមានកាតជនភៀសខ្លួនទទួលស្គាល់ដោយអង្គការសហប្រជាជាតិ។លោកអះអាងថារដ្ឋាភិបាលខ្មែរបានពឹងរដ្ឋាភិបាលថៃឲ្យចាប់ខ្លួនពួកគេ ដោយសារបារម្ភអំពីការតវ៉ា ក្នុងពេលលោក ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចនៅទីក្រុងបាងកក នាសប្តាហ៍ក្រោយ។ លោកបញ្ជាក់ថានេះជាការប៉ុនប៉ងបិទសិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋកម្ពុជា។
លោកបញ្ជាក់ថា៖ «ទីមួយ[ការចាប់ខ្លួននេះ] ជាលេសរបស់រដ្ឋាភិបាលកម្ពុជាដើម្បីបោសសម្អាតអ្នកតស៊ូប្រជាធិបតេយ្យ ជាពិសេសជនភៀសខ្លួននយោបាយ ដែលកំពុងតែស្នាក់នៅក្នុងប្រទេសថៃ ក្រោមការគ្រប់គ្រងរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិ។ ទីពីរពួកគេខ្លាចរអា ធ្វើយ៉ាងណាឲ្យដំណើងទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត មកនេះ មិនមានបញ្ហាការតវ៉ាអីជាដើម»។
កាលពីខែសីហា ឆ្នាំ២០២៣ សកម្មជនលោក ផន ផាន់ណា ដែលត្រូវបានចាប់ខ្លួននាពេលនេះ ត្រូវបានមនុស្សមួយក្រុមវាយប្រហារក្នុងទីក្រុងបាងកក។ លោក ផន ផាន់ណា អាយុ៣៦ឆ្នាំ ជាអនុប្រធានយុវជនថ្នាក់ជាតិរបស់គណបក្សភ្លើងទៀនបានភៀសខ្លួនទៅរស់នៅប្រទេសថៃចាប់តាំងពីខែសីហា ឆ្នាំ២០២២ ដោយសារគេចពីការគំរាមកំហែងក្នុងប្រទេសកម្ពុជា នៅពេលលោកត្រូវបានកាត់ទោសជាប់ពន្ធនាគារ៥ឆ្នាំ ក្នុងសំណុំរឿងគាំទ្រការវិលត្រឡប់របស់លោក សម រង្ស៊ី។
គួរបញ្ជាក់ថាកាលពីចុងខែធ្នូ ឆ្នាំ២០២៣ សកម្មជនសង្គមនិងនយោបាយខ្មែរចំនួន៧ នាក់ ដែលជ្រកកោននៅប្រទេសថៃត្រូវបានអាជ្ញាធរថៃចាប់ខ្លួននិងឃុំខ្លួន បើទោះពួកគេមានបណ្ណស្នាក់នៅបណ្តោះអាសន្នក្នុងនាមជនភៀសខ្លួន ដែលចេញដោយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (UNHCR)ក៏ដោយ៕