សង្គ្រាម និង​ជំងឺ​កូវីឌ ១៩ ប៉ះពាល់​ដល់​មនុស្ស​រាប់​លាន​នាក់​នៅ​តំបន់​ខាង​លិច​និង​កណ្តាល​នៃ​ទ្វីប​អាហ្វ្រិក

  • Lisa Schlein

បុគ្គលិក​ពេទ្យ​​ម្នាក់​ក្នុ​ង​​ឯកសណ្ឋាន​ការពារ​ខ្លួន​កុំ​ឲ្យ​ឆ្លង​វីរុសកូរ៉ូណា យក​សំណាក​ពី​​អ្នក​ស្រុក​ម្នាក់​​ដើម្បី​ធ្វើ​តេស្ត​រក​វីរុស​កូរ៉ូណា ក្រុង Umlazi ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០២០។

ផ្នែក​ខាង​លិច​និង​កណ្តាល​នៃ​ទ្វីប​អាហ្វ្រិក​គឺ​ជា​តំបន់​ដែល​មាន​មនុស្ស​ភៀស​ខ្លួន​ពី​ផ្ទះ​សម្បែង​ច្រើន​បំផុត​មួយ​នៅ​ទ្វីប​អាហ្វ្រិក។ មនុស្ស​ជាង ៩ លាន​នាក់​ត្រូវ​បាន​បង្ខំ​ឱ្យ​ចាក​ចេញ​ពី​លំនៅដ្ឋាន​ដោយសារ​សង្គ្រាម​និង​បញ្ហា​អាកាសធាតុ​មិនល្អ​ដែល​បណ្តាល​មក​ពី​ការ​ប្រែប្រួល​អាកាស​ធាតុ។

ទីភ្នាក់ងារ​ជន​ភៀសខ្លួន​នៃ​អង្គការ​សហប្រជាជាតិ​ដែល​ហៅ​កាត់​ថា UNHCR បាន​ព្រមាន​ថា ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូរ៉ូណា​នឹង​ធ្វើ​ឱ្យ​អាក្រក់​ថែម​ទៀត​ដល់​វិបត្តិមនុស្សធម៌​ដែល​ធ្ងន់ធ្ងរ​ស្រាប់​នៅ​ក្នុង​តំបន់​នោះ។ កន្លង​មក មាន​ករណី​ឆ្លង​ជំងឺ​កូវីឌ ១៩ ជាង ៥ ពាន់​នាក់ ដែល​ក្នុង​នោះ​មាន​អ្នក​ស្លាប់​ជាង ១០០ នាក់​ផង​ដែរ ត្រូវ​បាន​រាយការណ៍​ពី​ប្រទេស​ចំនួន ២១ នៅ​ទ្វីប​អាហ្វ្រិក ដល់​អង្គការ​សុខភាព​ពិភពលោក។

លោក Babar Baloch អ្នក​នាំ​ពាក្យ​នៃ​អង្គការ UNHCR និយាយ​ថា ករណី​ឆ្លង​ជំងឺ​កូវីឌ ១៩ នេះ និង​អ្នក​ស្លាប់​ទាំង​អស់​កើត​ឡើង​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​នៃ​ប្រទេស​នានា​ដែល​បាន​ទទួល​ក្រុម​មនុស្ស​ភៀស​ខ្លួន​ពី​ផ្ទះ​សម្បែង​ឱ្យ​រស់នៅ។ ក៏​ប៉ុន្តែ​លោក​ព្រមាន​ថា ករណី​នេះ​អាច​ផ្លាស់ប្តូរ​យ៉ាង​ឆាប់​រហ័ស​ដោយសារតែ​វីរុស​នេះ​មិន​រើសអើង​មនុស្ស​នោះ​ទេ។

លោក​បាន​និយាយ​ប្រាប់​វីអូអេ​ថា ទីភ្នាក់​ងារ​ផ្តល់​ជំនួយ​នានា​ព្រួយ​បារម្ភ​ថា ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​ដ៏​ប្រល័យ​នេះ​អាច​រាតត្បាត​ខ្លាំង ប្រសិនបើ​គ្មាន​វិធានការ​ប្រុងប្រៀប​និង​បញ្ចៀស​វា​នោះ​ទេ។

លោក Baloch និយាយ​ដូច្នេះ​ថា៖ «នៅ​ពេល​ដែល​អំពើ​ហិង្សា​មាន​ជា​បន្ត នៅ​ពេល​ដែល​ការ​ភៀស​ខ្លួន​ពី​ផ្ទះ​សំបែង​មាន​ជា​បន្ត នៅ​ពេល​ដែល​មនុស្ស​ត្រូវ​បាន​បង្ខំ​ឱ្យ​រស់នៅ​ក្នុង​កន្លែង​ដែល​មាន​មនុស្ស​រស់នៅ​ណែនណាន់​តាន់តាប់ ដោយ​គ្មាន​ទឹក​និង​អនាម័យ សេដ្ឋកិច្ច​ក៏​មាន​ផល​ប៉ះពាល់ ហើយ​ការណ៍​នេះ​អាច​បង្ក​ជា​បញ្ហា​ដ៏​ប្រល័យ​រួច​ជាមួយ​នឹង​ជំងឺ​កូវីឌ ១៩»។

លោក Baloch និយាយ​ថា អង្គការ UNHCR កំពុង​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​នៅ​ទូទាំង​តំបន់​ខាង​លិច​និង​តំបន់​កណ្តាល​នៃ​ទ្វីប​អាហ្វ្រិក ដើម្បី​ការពារ​ជនភៀស​ខ្លួន និង​អ្នក​ភៀស​ខ្លួន​ពី​ផ្ទះ​សំបែង​នៅ​ក្នុង​ប្រទេស​ដែល​ងាយ​រងគ្រោះ។ ក៏​ប៉ុន្តែ ការ​អនុវត្តន៍​វិធានការ​បញ្ចៀស​កុំ​ឱ្យ​មាន​មហន្តរាយ​នេះ​កើត​ឡើង​គឺ​ជា​ការ​ប្រជែង​នឹង​ពេល​វេលា។

លោក​ថ្លែង​ដូច្នេះ​ថា៖ «ធនធាន និង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​រួម​គ្នា​គឺ​ត្រូវការ​ជា​ចាំបាច់។ ដោយសារតែ​ហេតុ​នេះ​ហើយ​បាន​ជា​យើង​អំពាវ​នាវ​កុំ​ឱ្យ​មាន​ការ​ទុក​ចោល​មនុស្ស​ក្រុម​ណា​មួយ​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីឌ ១៩ នេះ ពីព្រោះថា ការ​ទុក​ចោល​ក្រុម​ណា​មួយ​អាច​នាំ​ឱ្យ​មាន​ផល​វិបាក​ដ៏​ប្រល័យ​ដល់​យើង​គ្រប់គ្នា»។

លោក Baloch បញ្ជាក់​ថា ប្រតិបត្តិការ​ផ្តល់​ជំនួយ​ក្នុង​តំបន់​នោះ​ប្រឈម​នឹង​ឧបសគ្គ​ជា​ច្រើន។ លោក​បាន​បន្ត​ថា សង្គ្រាម​នៅ​ក្នុង​តំបន់ Sahel ភាគ​ខាង​លិច​នៃ​ទ្វីប​អាហ្វ្រិក បង្កើត​ឱ្យ​មាន​អស្ថិរភាព និង​នាំ​ឱ្យ​មាន​ការ​បង្អាក់​ដល់​ដំណើរការ​ជួយ​មនុស្ស​ដែល​ត្រូវការ​ជំនួយ។

លោក Baloch បាន​បន្ថែម​ថា ការ​ដាក់​កំហិត​ការ​ធ្វើ​ដំណើរ​អន្តរជាតិ​តាំង​ពី​ការ​បិទ​ព្រំដែន​ទាំង​ស្រុង រហូត​ដល់​ការ​បិទ​ព្រំដែន​មួយ​ផ្នែក និង​ការ​រឹត​ត្បិត​ផ្សេង​ទៀត​ទាក់​ទិន​នឹង​ជំងឺ​កូវីឌ ១៩ ក៏​បាន​បង្អាក់​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ខាង​មនុស្សធម៌​ផង​ដែរ៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ