ព្រឹទ្ធសភាសហរដ្ឋ​អាមេរិកយល់​ស្រប​ដាក់​ទណ្ឌកម្ម​ប្រទេស​រុស្ស៊ី

ប្រធានាធិបតី​រុស្ស៊ី​លោក​ Vladimir Putin​ ចូលរួម​ក្នុងការ​ផ្សាយ​ផ្ទាល់​មួយ​ក្នុង​ទីក្រុង​ម៉ូស្គូ ប្រទេស​រុស្ស៊ីកាល​ពី​ថ្ងៃទិ​១៥ មិថុនា ២០១៧។

ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​បាន​បោះ​ឆ្នោត​៩៨​សំឡេង​ទល់​នឹង​២សំឡេង​ដើម្បី​អនុម័ត​ការ​ដាក់​ទណ្ឌកម្ម​ដ៏​ខ្លាំង​ប្រឆាំង​នឹង​ប្រទេស​រុស្ស៊ី​ហើយ​និង​ធ្វើ​ឲ្យ​មានការ​ពិបាក​កាន់តែ​ខ្លាំង​ឡើង​សម្រាប់​លោក​ប្រធានា​ធិបតី​អាមេរិក​ដូណាល់ ​ត្រាំ​ដើម្បី​បន្ធូរបន្ថយ​ច្បាប់​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​នោះ។

លោក John McCainសមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​មក​ពី​រដ្ឋ Arizona បាន​និយាយ​ថា «​យើង​មិន​មាន​ពេល​វេលា​ដើម្បី​ខ្ជះខ្ជាយ​ទេ។ សហរដ្ឋ​អាមេរិក​ចាំបាច់​បញ្ជូន​សារដ៏​ខ្លាំង​មួយ​ទៅ​ឲ្យ​ប្រធានា​ធិបតីVladimir Putinនៃ​ប្រទេស​រុស្ស៊ី​ហើយ​នឹង​អ្នក​ឈ្លានពាន​ផ្សេង​ទៀត​ថា ​យើង​នឹង​មិន​អត់ឱន​ការ​វាយ​ប្រហារ​លើលទ្ធិ​ប្រជា​ធិប តេយ្យ​របស់​យើង​ទេ‍»។

លោក Jeanne Shaheen ​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋ New Hampshire ​បាន​និយាយ​ថា «យើង​មិន​ត្រូវ​អនុញ្ញាតិ​ឲ្យមាន​ការជ្រៀត​ជ្រែកនៅ​ក្នុងការ​បោះ​ឆ្នោតរបស់​យើង​បែបនេះ​ក្លាយជា​ដំណើរ​ការ​ធម្មតា​មួយ​នោះ​ទេ‍»។

ដោយ​បាន​ទទួល​ការ​អនុម័ត​ដ៏​ច្រើន​លើសលប់​នៅពេល​ដែល​ធ្វើ​វិសោធនកម្មច្បាប់​ដាក់​ទណ្ឌកម្ម​ប្រទេស​អ៊ីរ៉ង់​នោះ ​វិធានការណ៍​នោះដៅ​លើ​អង្គភាព​ចារកម្ម​ខាង​សន្តិ សុខ​ប្រព័ន្ធ​កំព្យូទ័រ​របស់​រុស្ស៊ី ​ផ្នែក​ថាម​ពល​ ប្រយោជន៍​ហិរញ្ញវត្ថុ​និង​លំហូរ​អាវុធ​របស់​រុស្ស៊ី​ទៅ​កាន់​តំបន់​សង្គ្រាម​នានា​ដូចជា​ប្រទេស​ស៊ីរី។

លោកBen Cardinនៃ​រដ្ឋ​ម៉ារីឡេន​ដែលជា​សមាជិក​កំពូល​ខាង​គណបក្ស​ប្រជា​ធិប តេយ្យ​នៅ​គណៈកម្មា​ធិការទំនាក់​ទំនង​ការបរទេស​របស់​ព្រឹទ្ធ​សភា​ដែរ​នោះ​បាន​និយាយ​ថា «​ការ​ពង្រីក​បញ្ជី​នៃ​ការ​ដាក់​ទណ្ឌកម្ម​អាចអនុវត្ត​ដល់​គម្រោងថាម​ពល​និង​ស្ថាប័នហិរញ្ញវត្ថុ​បរទេស។ ការណ៍​នេះបញ្ជាក់​ថា ​អ្នក​ដែល​ធ្វើ​ឲ្យ​អន្តរាយប្រ​ព័ន្ធ​សន្តិ សុខ​កំព្យូទ័រ​ត្រូវ​តែ​ទទួលការ​ដាក់​ទណ្ឌកម្ម។ ច្បាប់​នេះ​ក៏ដាក់​ទណ្ឌកម្មប្រឆាំង​នឹង​ប្រទេស​រុស្ស៊ី​ដែល​ជា​អ្នក​ផ្គត់​ផ្គង់អាវុធ​ទៅ​ឲ្យ​ប្រទេស​ស៊ីរី​ដែរ‍»៕