មនុស្សច្រើនរយនាក់បានធ្វើបាតុកម្មនៅទីក្រុង Melbourne ប្រទេសអូស្ត្រាលីនៅថ្ងៃសៅរ៍នេះ ក្រោយពីសំណើសុំជម្រកជនភៀសខ្លួន បាននាំឲ្យមានបាតុកម្មទាំងអ្នកប្រឆាំង ទាំងអ្នកគាំទ្រ។ បាតុកររបស់ក្រុមប្រឆាំងឥស្លាម និយាយថា ពួកគេប្រឆាំងនឹងផែនការតាំងលំនៅរបស់ជនភៀសខ្លួន១២០នាក់ពីប្រទេសស៊ីរីនិងអ៊ីរ៉ាក់ នៅក្នុងជម្រកមនុស្សចាស់ក្នុងតំបន់ Eltham។ ប៉ូលិសបានទៅបំបែកបាតុករប្រឆាំងនិងបាតុករគាំទ្រឲ្យនៅឆ្ងាយពីគ្នាដើម្បីកុំឲ្យមានការប៉ះទង្គិចគ្នា។
អ្នកគាំទ្រជនភៀសខ្លួន ដែលជាផ្នែកមួយនៃក្រុម Welcome to Eltham មានន័យថា Eltham សូមស្វាគមន៍ កាន់ស្លាកសញ្ញាពណ៌ដែលសរសេរថា Eltham says «yes» to refugees មានន័យថា Eltham ទទួលជនភៀសខ្លួន។ ទស្សនាវដ្តី The Sydney Morning Herald រាយការណ៍ថា មនុស្សក្នុងស្រុកបានពិភាក្សាគ្នាអំពីផែនការដោះស្រាយបញ្ហាជនភៀសខ្លួននៅជម្រក St. Vincent តែពួកគេភាគច្រើនមិនសប្បាយចិត្តទេ ដោយសារមានមនុស្សមកពីតំបន់ផ្សេងបានចូលមកធ្វើបាតុកម្មនៅ Eltham។
ប្រទេសអូស្ត្រាលីមាននយោបាយអន្តោប្រវេសន៍តឹងតែង ហើយអ្នកសុំសិទ្ធជ្រកកោនដែលព្យាយាមធ្វើដំណើរទៅទ្វីបនេះ ត្រូវគេដាក់ក្នុងជំរំនៅកោះ Nauru ឬនៅ Papua New Guinea ហើយឋានៈជាជនភៀសខ្លួនរបស់ពួកគេត្រូវបដិសេធ ឬទទួលស្គាល់។ កាលពីឆ្នាំ២០១៥ រដ្ឋាភិបាលអូស្ត្រាលីបានប្រកាសសំណើទទួលជនភៀសខ្លួន១ម៉ឺន២ពាន់នាក់ដែលគេចពីតំបន់មានជម្លោះ ដូចជាអ៊ីរ៉ាក់ និងស៊ីរី។ តែសប្តាហ៍មុន មន្ត្រីអូស្ត្រាលីបានប្រកាសជាអចិន្ត្រៃយ៍ហាមអ្នកសុំសិទ្ធជ្រក៕