ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន​សរសើរ​ពី​គោលបំណង​ពង្រីក​ការ​ឆ្លើយតប​បែប​មនុស្សធម៌​ក្នុង​ប្រទេស​ស៊ីរី


រួបភាព​ឯកសារ៖ អគ្គរដ្ឋទូត​សហរដ្ឋអាមេរិកអ្នកស្រី​ Jordan Alice Wells ថតរូបជាមួយ​និង​គ្រួសារ​ភៀសខ្លួន​ស៊ីរី Ahmad al Aboud នៅ​អាកាសយានដ្ឋាន​អន្តរជាតិQueen Alia ក្នុង​រដ្ឋធានី​អាម៉ាន់​ ប្រទេសហ៊្សកដានីកាលពី​ថ្ងៃទី ០៦ មេសា ២០១៦។
រួបភាព​ឯកសារ៖ អគ្គរដ្ឋទូត​សហរដ្ឋអាមេរិកអ្នកស្រី​ Jordan Alice Wells ថតរូបជាមួយ​និង​គ្រួសារ​ភៀសខ្លួន​ស៊ីរី Ahmad al Aboud នៅ​អាកាសយានដ្ឋាន​អន្តរជាតិQueen Alia ក្នុង​រដ្ឋធានី​អាម៉ាន់​ ប្រទេសហ៊្សកដានីកាលពី​ថ្ងៃទី ០៦ មេសា ២០១៦។

សហរដ្ឋ​អាមេរិក​សម្រេច​គោលដៅ​របស់​ខ្លួន​ក្នុង​ការ​ទទួល​យក​ជន​ភៀស​ខ្លួន​ស៊ីរី​ចំនួន ១ ម៉ឺន​នាក់ នៅ​ក្នុង​ឆ្នាំ ២០១៦ នេះ ដោយសារតែ​សេតវិមាន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ពី​គោលបំណង​ក្នុង​ការ​ពង្រីក​បន្ថែម​នូវ​គោលបំណង​របស់​ខ្លួន ដើម្បី​ឆ្លើយតប​ទៅ​នឹង​វិបត្តិ​នៅ​ក្នុង​ប្រទេស​ស៊ីរី និង​ដើម្បី​បញ្ជាក់​សារ​ជា​ថ្មី​នូវ​តម្រូវការ​ក្នុង​ការ​ស្វែងរក​នូវ​វិធី​ដើម្បី​បញ្ចប់​សង្គ្រាម​នៅ​ក្នុង​ប្រទេស​ស៊ីរី។

លោកស្រី Susan Rice ទីប្រឹក្សា​សន្តិសុខ​ជាតិ​បាន​លើកឡើង​នៅ​ក្នុង​របាយការណ៍​មួយ​ថា៖ «តាង​នាម​ឲ្យ​លោក​ប្រធានាធិបតី និង​រដ្ឋបាល​របស់​លោក ខ្ញុំ​សូម​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​ការ​ធ្វើ​ដំណើរ​មក​ដល់​ទឹកដី​សហរដ្ឋ​អាមេរិក​របស់​ជនជាតិ​ស៊ីរី​នីមួយៗ ក៏​ដូច​ជា​ចំពោះ​ជន​ភៀស​ខ្លួន​ដទៃ​ទៀត​មក​ពី​គ្រប់​ទិសទី ដែល​បាន​មក​តាំង​ទី​លំនៅ​ថ្មី​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​នេះ»។

ការ​វាយប្រយុទ្ធ​គ្នា​នៅ​ក្នុង​ប្រទេស​ស៊ីរី​ច្រើន​ជាង ៥ ឆ្នាំ​កន្លង​មក បណ្តាល​ឲ្យ​មាន​លំហូរ​ជន​ភៀស​ខ្លួន​ជា​ច្រើន​ចាក​ចេញ​ពី​ប្រទេស​ស៊ីរី ដែល​ក្នុង​នោះ ជន​ភៀស​ខ្លួន​ចំនួន​ជិត ៥ លាន​នាក់ ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​តួកគី ប្រទេស​លីបង់ និង​ប្រទេស​ហ៊្សកដានី។ លំហូរ​ចូល​ទៅ​កាន់​ប្រទេស​ទាំង​នោះ​នៃ​ជនជាតិ​ស៊ីរី ធ្វើ​ឲ្យ​សហគមន៍​នៅ​ក្នុង​ប្រទេស​ទាំង​នោះ​មិន​សប្បាយ​ចិត្ត និង​ធ្វើ​ឲ្យ​មាន​ការ​ជជែក​ដេញ​ដោល​នៅ​ក្នុង​ទី្វប​អឺរ៉ុប​អំពី​ថា​តើ​រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​នេះ គួរ​ទទួល​យក​ជន​ភៀស​ខ្លួន​ប៉ុន្មាន​នាក់។

ដើម្បី​ជា​ការ​ឆ្លើយតប​ទៅនឹង​ចម្ងល់​អំពី​ការ​ទទួល​យក​ជន​ភៀសខ្លួន​ស៊ីរី​ក្នុង​ចំនួន​តិចតួច​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ឆ្នាំ​ដំបូងៗ​បន្ទាប់ពី​សង្គ្រាម​នៅ​ស៊ីរី​បាន​ផ្ទុះ​ឡើង​នោះ លោក John Kirby អ្នក​នាំពាក្យ​ឲ្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​និយាយ​ថា គោលបំណង​ក្នុង​ការ​ទទួល​យក​ជន​ភៀស​ខ្លួន​ស៊ីរី​ចំនួន ១ ម៉ឺន​នាក់​ក្នុង​ឆ្នាំ​នេះ គឺ​មួយ​ផ្នែក ដោយសារ​តែ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ដឹង​ថា ខ្លួន​អាច​ទទួល​យក​ជន​ភៀស​ខ្លួន​ច្រើន​ជាង​លើកមុន។

ជា​សរុប សហរដ្ឋ​អាមេរិក​មាន​គោលបំណង​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​ជុំវិញ​ពិភពលោក​ចំនួន ៨ ម៉ឺន ៥ ពាន់​នាក់ នៅ​ក្នុង​ឆ្នាំ ២០១៦ នេះ។ លោក Kirby បាន​និយាយ​ថា នៅ​ក្នុង​ឆ្នាំ ២០១៧ សហរដ្ឋ​អាមេរិក​នឹង​ទទួល​យក​ជន​ភៀស​ខ្លួន​ទូទៅ​រហូត​ដល់ ១ សែន​នាក់ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា ក្នុង​ចំណោម​នោះ មាន​ជន​ភៀស​ខ្លួន​ស៊ីរី​ប៉ុន្មាន​នាក់​នោះ​ទេ៕

XS
SM
MD
LG