ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនជាតិ​​ស៊ីមបាវ៉េ​​នៅ​​​អាហ្វ្រិក​ខាង​​​​​ត្បូង​ធូរចិត្ត​ដោយសារ​​​សេចក្តី​សម្រេច​របស់​តុលាការ


រូប​ឯកសារ៖ ជនជាតិ​​ស៊ីមបាវ៉េ​រង់​ចាំ​ឆ្លង​ព្រំដែន​ត្រង់​​ចំណុច​ទន្លេ Limpopo ដែល​រីងស្ងួត ដើម្បី​ឆ្លង​ដែន​ចូល​ទៅ​ទីក្រុង Musina នៃ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២០។
រូប​ឯកសារ៖ ជនជាតិ​​ស៊ីមបាវ៉េ​រង់​ចាំ​ឆ្លង​ព្រំដែន​ត្រង់​​ចំណុច​ទន្លេ Limpopo ដែល​រីងស្ងួត ដើម្បី​ឆ្លង​ដែន​ចូល​ទៅ​ទីក្រុង Musina នៃ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២០។

សេចក្តី​សម្រេច​នេះ​របស់​តុលាការ​ជាន់ខ្ពស់ជាបរាជ័យ​មួយរបស់​ក្រសួង​មហាផ្ទៃអាហ្វ្រិក​ខាង​ត្បូង​និង​ជាជ័យជម្នះមួយ​របស់​ជនជាតិ​ស៊ីមបាវ៉េ ដែល​ជា​ច្រើន​នាក់​បាន​ស្ថិត​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ជាង​មួយ​ទសវត្សរ៍ ដោយ​បាន​ចាកចេញពីប្រទេស​ស៊ីមបាវ៉េ​នៅជិតខាង​ដោយសារមាន​ចលាចល​ខាង​នយោបាយ​និងខាង​សេដ្ឋកិច្ចនៅក្នុង​ការគ្រប់គ្រង​របស់​អតីត​ប្រធានាធិបតី ​លោក​Robert Mugabe។​

ដើម្បី​ដោះស្រាយ​ការ​ហូរចូល​មនុស្ស​ច្រើន​នាក់​ឆ្លង​កាត់​ព្រំដែន ​អាជ្ញាធរ​អាហ្វ្រិក​ខាងត្បូង ដំបូង​ឡើយ ​បាន​ផ្តល់​ការ​អនុញ្ញាត​ពិសេសឱ្យ​ពួក​គេ​ធ្វើការ ​តែ​ក្នុង​ឆ្នាំ២០២១​បាន​និយាយ​ថាខ្លួន​បាន​បញ្ចប់​កម្មវិធី​នេះ។

សហព័ន្ធអន្តោប្រវេសន៍​ស៊ីមបាវ៉េ​បាន​ជំទាស់​នឹងបំណង​រដ្ឋាភិបាលក្នុង​កា​របង្ខំជនជាតិស៊ីមបាវ៉េ​ឱ្យ​វិលត្រឡប់ទៅ​ប្រទេស​ពួក​គេវិញ​។ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី២៩​ខែមិថុនា ​ប្រធានរបស់​ក្រុម​នេះ​គឺ​លោក Luke Dzviti ​បាន​ទទួល​ស្វាគមន៍សាលក្រមរបស់​តុលាការ​នេះ។
លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​ទទួល​ស្វាគមន៍សេចក្តី​សម្រេច​នេះរបស់​តុលាការ​ជាន់ខ្ពស់នៃប្រទេស​អាហ្វ្រិក​ខាងត្បូង​ដោយ​ដៃ​ទាំងពីរ ​ដោយ​អនុគ្រោះ​អង្គការ​យើង​គឺ​សហព័ន្ធអន្តោប្រវេសន៍​ស៊ីម​បាវ៉េ​ ហើយគោលជំហរឬ​កាយវិការ​នេះ​បង្ហាញ​ថា​នៅ​មានយុត្តិធម៌​នៅក្នុង​សាធារណរដ្ឋ​អាហ្វ្រិក​ខាងត្បូង ​ហើយយើង​ដឹង​គុណ​ពីព្រោះការ​បណ្តេញ​ចេញ​ជា​មហន្តរាយមនុស្សធម៌»។
លោក Dzviti ​បាន​ថ្លែង​ថាការ​បញ្ចប់​ការអនុញ្ញាតដោយ​មាន​ការលើកលែង​ដល់​ជនជាតិ​ស៊ីមបាវ៉េ​អាចបណ្តាល​ឱ្យ​មាន​លំហូរ​មនុស្ស​ច្រើន​នាក់ហើយ​មាន​ន័យ​ថាគ្រួសារ​ជា​ច្រើន​នៅ​ស៊ីម​បាវ៉េ​ដែលត្រូវ​បាន​គាំទ្រដោយ​អ្នករក​ប្រាក់ចំណូល​ម្នាក់​នៅ​អាហ្វ្រិក​ខាងត្បូង​នឹងត្រូវ​រុញ​ច្រាន​ឱ្យ​ធ្លាក់ក្នុង​ភាព​ក្រីក្រ​ជាង​មុន។

តុលាការ​បាន​សម្រេច​ថា​ការអនុញ្ញាត​នេះ​អាច​បន្ត​សុពលភាព​មួយ​ឆ្នាំ​ទៀត។ ​លោក​ Dzviti ​បានថ្លែង​ថាក្រោយ​ពេល​នោះ​អង្គការ​លោក​នឹង​ដាក់​ពាក្យ​សុំមួយទៀត។

លោក Siya Qoza ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃអាហ្វ្រិក​ខាងត្បូង​បាននិយាយថាមិនទាន់​ប្រាកដ​ទេ​ថា​តើ​រដ្ឋាភិបាល​នឹង​ប្តឹង​ឧទ្ធរណ៍​ឬ​ទេ។

លោក​ថ្លែងថា៖ «លោក​រដ្ឋមន្ត្រីកំពុងតែពិនិត្យ​មើល​សេចក្តី​សម្រេច​ទាំង​ពីរ​ហើយ​លោក​កំពុង​ស្វែងរក​ការ​ប្រឹក្សាខាងផ្លូវ​ច្បាប់​អំពី​សេចក្តី​សម្រេច​ទាំង​នេះ។ លោក​នឹង​ឆ្លើយតប​សព្វគ្រប់​អំពីបញ្ហា​នេះ។ លោក​នឹង​គូស​បញ្ជាក់​វិធានការ​ដែលនឹង​ធ្វើ ​មាន​រួម​ទាំង​ការប្តឹង​ឧទ្ធរណ៍​ផង​ ​ប្រសិនបើ​មាន»។

លោក Silous Sibanda ​ជា​អ្នក​បើក​ឡានម្នាក់​ដែល​បាន​រស់​នៅ​អាហ្វ្រិក​ខាងត្បូង​ជិត​២០ឆ្នាំ​មក​ហើយ ហើយនៅពេល​នេះ​លោក​មាន​បណ្ណ​អនុញ្ញាតពិសេស។

លោក​ថ្លែង​ថា៖ «នៅពេល​មិន​ទាន់​មាន​សាលក្រម​នេះ យើង​ស្ថិតនៅ​ក្នុង​ភាព​ងងឹត។ ​យើង​មិន​អាច​ធ្វើ​អ្វី​ទេ ​យើង​មិន​អាច​ធ្វើដំណើរ​ទេ យើង​ព្រួយ​បារម្ភ​ថា​យើង​ប្រហែល​បាត់បង់អ្វី​ដែល​យើង​បាន​ធ្វើ...វា​ជា​ការ​ល្អ​ប្រសើរ​សម្រាប់​ពួក​ជន​មាន​ការងារ​ធ្វើ​និង​ក្រុមជន​ដែល​កំពុង​ធ្វើការ។ តែ​យ៉ាង​ហោច​ណាស់​នៅ​ពេល​នេះ​គេ​ឱ្យ​យើង​មាន​ឱកាសដែល​យើង​អាច​ធ្វើអ្វីៗ​បាន​ដោយ​ត្រឹមត្រូវ​និង​មាន​ការរៀបចំ​ផែនការ​ផង​ដែរ ​ដូច្នេះ​នេះ​ជា​ការ​សម្រាលការលំបាកច្រើន​សម្រាប់​យើង​ភាគច្រើន»។

ដោយសារ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​មាន​សេដ្ឋកិច្ច​ផ្អែក​លើ​ឧស្សាហកម្មខ្លាំង​ជាងគេ​នៅ​ទ្វីបអាហ្វ្រិក ប្រទេស​នេះជាទីដៅសំខាន់​មួយ​របស់​ជនជាតិ​ស៊ីមបាវ៉េនិងក្រុម​ជន​អន្តោប្រវេសន៍ឯទៀតៗក្នុង​ទ្វីប​នេះ។ មាន​ឧប្បត្តិហេតុ​នៃ​អំពើ​ហិង្សាស្អប់​ជន​បរទេស ដោយ​សារជនជាតិ​អាហ្វ្រិក​ខាងត្បូងបានយក​ជនជាតិ​អាហ្វ្រិក​ឯ​ទៀតៗ​ជាទី​ដៅនៃ​ការវាយប្រហារ។ កាលពី​ឆ្នាំ​ទៅ​ បុរស​ស៊ីម​បាវ៉េ​ម្នាក់​ត្រូវ​បាន​សម្លាប់​ដោយ​មនុស្ស​មួយ​ហ្វូង៕

ប្រែសម្រួល​ដោយ​លោក​ ឈឹម សុមេធ

XS
SM
MD
LG