ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុកម្ម​នៅ​ស៊ីមបាវ៉េ​​កាន់​តែ​តឹង​តែង​ ប៉ុន្តែ​តើ​វា​គ្រប់គ្រាន់​សម្រាប់​ការ​ផ្លាស់ប្តូរ​ដែរ​ឬ​ទេ?


អ្នក​គាំទ្រ​ក្រុម​ប្រឆាំង​ក្នុង​ប្រទេស​ស៊ីមបាវ៉េ​ដុត​សម្ភារៈ​នានា​ នៅ​ពេល​ពួកគេ​ប៉ះ​ទង្គិច​ជាមួយ​នឹង​ប៉ូលិស​ក្នុង​ពេល​តវ៉ា​មួយ​សម្រាប់​កំណែ​ទម្រង់​បោះឆ្នោត កាលពី​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ក្នុង​ក្រុង​ហារ៉ារ៉េ ប្រទេស​ស៊ីមបាវ៉េ។
អ្នក​គាំទ្រ​ក្រុម​ប្រឆាំង​ក្នុង​ប្រទេស​ស៊ីមបាវ៉េ​ដុត​សម្ភារៈ​នានា​ នៅ​ពេល​ពួកគេ​ប៉ះ​ទង្គិច​ជាមួយ​នឹង​ប៉ូលិស​ក្នុង​ពេល​តវ៉ា​មួយ​សម្រាប់​កំណែ​ទម្រង់​បោះឆ្នោត កាលពី​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ក្នុង​ក្រុង​ហារ៉ារ៉េ ប្រទេស​ស៊ីមបាវ៉េ។

បាតុករ​ជាច្រើន​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​រដ្ឋធានី​របស់​ប្រទេស​ស៊ីមបាវ៉េ ​(Zimbabwe) ​ដើម្បី​ចូលរួម​បាតុកម្ម​ជា​បន្ត​បន្ទាប់​នា​ពេល​ថ្មី​ៗ​នេះ ប្រឆាំង​នឹង​លោក​ប្រធានាធិបតី​ Robert Mugabe។ គណបក្ស​ប្រឆាំង​ចំនួន​១៨ ​បាន​ឧបត្ថម្ភ​ដល់​ការ​ធ្វើ​បាតុកម្ម​នេះ ទោះ​បី​ជា​មាន​វត្តមាន​របស់​ប៉ូលិស​ជា​ច្រើន ការ​វាយ​ដំ​ ហើយ​កាណុង​​បាញ់​ទឹក​ត្រូវ​បាន​គេ​តម្រង់​ទៅ​រក​ហ្វូង​មនុស្ស​ដ៏​ច្រើន​កក​កុញ​ក៏​ដោយ។ ប៉ុន្តែ​ចម្ងល់​នៅ​ពេល​​នេះគឺ​ថា ​តើ​នេះ​គឺ​ជា​ចំណុច​របត់​សម្រាប់​ប្រទេស​ស៊ីមបាវ៉េ​ ឬ​មួយ​ក៏​ការ​ផ្ទុះ​ឡើង​នៃ​បាតុកម្ម​ទាំង​នេះ​នឹង​ត្រូវ​បាន​គេ​បោស​សម្អាត?

ទុក្ខសោក​របស់​ក្រុម​បាតុករ​ប្រឆាំង​ដែល​បាន​ដើរ​ក្បួន​នៅ​ក្នុង​រដ្ឋធានី​របស់​ប្រទេស​ស៊ីមបាវ៉េ​ អាច​រៀប​រាប់​ដោយ​ពាក្យ​មួយ​ម៉ាត់​យ៉ាង​ខ្លី​ថា​ «គ្រប់​គ្រាន់​ហើយ»។

អស់​រយៈពេល​ជាច្រើន​ខែ​មក​ហើយ​រហូត​មក​ទល់​ពេល​នេះ​ ប្រជាជន​ស៊ីមបាវ៉េ​បាន​ធ្វើ​បាតុកម្ម​កាន់​តែ​ច្រើន​ឡើងៗ។

កាល​ពី​ខែ​មេសា អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ប្រមាណ ​៣.០០០នាក់​បាន​ដើរ​ក្បួន​នៅ​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​នេះ​ដោយ​សារ​តែការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច។ បាតុកម្ម​ជា​ច្រើន​ផ្សេង​ទៀត​ក៏​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ទីតាំង​ផ្សេងៗ​ ដោយ​រួម​មាន​ទាំង​នៅ​លើ​បណ្តាញ​សង្គម​ផង​ដែរ ​ដោយ​តវ៉ា​ពាក់​ព័ន្ធ​នឹង​បញ្ហាដែល​កំពុង​កើត​មាន​នា​ពេល​បច្ចុប្បន្ន។

បាតុកម្ម​ទាំង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីប្រជុំជន​នានា។ ប៉ុន្តែ​គេ​នៅរង់​ចាំ​មើល​ថា​ តើ​ការ​មិន​ពេញ​ចិត្ត​នេះ​នឹង​រីករាល​ដាល​ទៅ​ដល់​តំបន់​ជនបទ​ដែល​ជា​មូលដ្ឋាន​ដ៏​រឹង​មាំ​របស់​រដ្ឋាភិបាល​ដែរ​ឬ​ទេ។

បុព្វហេតុ​នៃ​បាតុកម្ម​ទាំង​នេះ​គឺ​ដូចគ្នា​ គឺក្រុម​បាតុករ​និយាយ​ថា ពួក​គេ​ហត់​នឿយ​នឹង​ភាព​ក្រីក្រ ការ​បង្ខិត​បង្ខំ ការ​បង្រ្កាប​ទៅ​លើ​អ្នក​ដែល​មាន​គំនិត​ផ្ទុយ​ និង​ហត់​នឿយ​នឹង​អំពើ​ពុករលួយ។ លើស​ពី​នេះទៀត​ ពលរដ្ឋ​ស៊ីមបាវ៉េ​កាន់​តែ​ច្រើន​ឡើយៗ​និយាយ​ថា ពួក​គេ​ហត់​នឿយ​នឹង​មនុស្ស​ម្នាក់ដែល​នាំ​ពួក​គេ​ឲ្យ​ធ្លាក់​ក្នុង​ស្ថានភាព​បែប​នេះ ​អ្នក​ដែល​ដឹកនាំ​ប្រទេស​នេះ​អស់​ជាង​៣៥​មក​ហើយ​ នោះ​គឺ​លោក Robert Mugabe។

លោក​ Robert Mugabe ប្រធានាធិបតី​ស៊ីមបាវ៉េ​ថ្លែង​ពី​សេចក្តី​សម្រេច​របស់​លោក​នៅ​ក្នុង​ក្រុង​ហារ៉ារ៉េ ប្រទេស​ស៊ីមបាវ៉េ កាលពី​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦។
លោក​ Robert Mugabe ប្រធានាធិបតី​ស៊ីមបាវ៉េ​ថ្លែង​ពី​សេចក្តី​សម្រេច​របស់​លោក​នៅ​ក្នុង​ក្រុង​ហារ៉ារ៉េ ប្រទេស​ស៊ីមបាវ៉េ កាលពី​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦។

នៅ​លើ​បណ្តាញ ​Twitter ​អ្នក​គាំទ្រ​ជាច្រើន​បាន​ពិពណ៌នា​ការ​ដើរ​ក្បួន​កាលពី​ថ្ងៃ​ទី២៦ ខែ​សីហា​ថា​ជា​ «បន្ទាត់​ក្រហម​ចុង​ក្រោយ»។ ​ក្នុង​ការ​ដើរ​ក្បួន​នៅ​ថ្ងៃ​នោះ ​ហ្វូង​បាតុករ​មាន​បំណង​ដើរ​ក្បួន​កាត់​តាម​ផ្លូវ​សំខាន់ៗ​នៅ​ក្នុង​ក្រុង​ហារ៉ារ៉េ និង​ឈប់​ដើម្បី​ដក​ស្លាក​សញ្ញា​នៅ​តាម​ផ្លូវ​ដែល​មាន​ឈ្មោះ​លោក​Robert Mugabe។

ប៉ុន្តែ​អ្នក​ស្រី​ Ciara ​Aucoin អ្នក​ស្រាវជ្រាវ​ម្នាក់​នៅ​វិទ្យាស្ថាន​សម្រាប់​ការ​សិក្សា​ពី​សន្តិសុខ​នៅ​ទីក្រុង​ប្រេតូរីយ៉ា (Pretoria) ប្រទេស​អាហ្វ្រិក​ខាង​ត្បូង និយាយ​ថា​ ទោះ​ជា​បាតុកម្ម​កាល​ពី​ថ្ងៃ​ទី២៦​ខែសីហា មាន​លក្ខណៈ​មិន​ធម្មតា​ដោយសារ​តែ​មាន​ការ​សហការ​គ្នា​រវាង​ក្រុម​ប្រឆាំង​ជា​ច្រើន​ក្តី វា​ប្រហែល​ជា​មិន​ទាន់​គ្រប់​គ្រាន់​ដើម្បី​ធ្វើឲ្យ​មាន​ការ​ផ្លាស់ប្តូរ​នោះ​ទេ។ ​

«ខ្ញុំ​មិន​គិត​ថា​ វា​ជា​ចំណុច​ផ្លាស់​ប្តូរ​នោះ​ទេ​ ពីព្រោះ​ថា​យើង​រង់​ចាំមើល​សិន​ថា តើ​វិធី​សាស្រ្ត​ដែល​រដ្ឋាភិបាល​ធ្វើ​ការ​បង្ក្រាប​នេះ​នឹង​ប៉ះ​ពាល់​ដល់ចលនា​បាតុកម្ម​នេះ​យ៉ាង​ណា។ ម្យ៉ាង​ ប្រសិន​បើ​ការ​បង្រ្កាប​ធ្វើ​ឲ្យ​ហ្វូង​បាតុករ​មាន​ការ​ខ្លាច​រអា​នោះ​ នេះ​ក៏​អាច​ជា​លទ្ធផល​មួយ​ដែល​កើត​ចេញ​ពី​ការ​បង្រា្កប​ដែរ។ ហើយ​ម្យ៉ាង​ទៀត​ប្រសិន​បើ​ការ​បង្ក្រាប​ធ្វើ​ឲ្យ​មាន​ការ​ប្រមូល​ផ្តុំ​គ្នា​កាន់​តែ​ច្រើន​ឡើង​នោះ​ យើង​ក៏​រង់​ចាំ​មើល​ថា​ នឹង​មាន​អ្វី​កើត​ឡើង​ទៀត»។

អ្នកស្រី​និយាយ​ថា ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្រហែល​ហ្វូង​បាតុករ​កំពុង​តែ​ធ្វើ​រឿង​មិន​ត្រឹមត្រូវ។ អ្នក​ស្រី​និយាយ​ថា ជា​ជាង​ការ​មើល​ឃើញ​នូវ​កំហុស​ថ្មីៗ​ចុង​ក្រោយ​នេះ ​ពួក​បាតុករ​គួរ​តែ​ពិនិត្យ​មើល​ដល់​ថវិកា​ចុង​ក្រោយ​របស់​រដ្ឋាភិបាល​ផង​ដែរ។

«ដោយ​តែ​មាន​ឱនភាព​ថវិកា​នៅ​ថ្នាក់​ជាតិ ក៏​មាន​ការ​ចោទ​ជា​សំណួរ​ពី​លទ្ធភាព​របស់​រដ្ឋ​ក្នុង​ការ​ផ្តល់ប្រាក់​បៀវត្សរ៍​ដល់​មន្រ្តី​ប៉ូលិស និង​ការ​ធានា​សណ្តាប់​ធ្នាប់​សាធារណៈ។ ដូច្នេះ ​ប្រសិន​បើ​បាតុកម្ម​នៅ​តែ​បន្ត​កើត​មាន ​នឹង​មាន​ការ​ចោទ​ជា​សំណួរ​អំពី​សមត្ថភាព​របស់​រដ្ឋ​ក្នុង​ការ​ផ្តល់​ប្រាក់​ខែ​ដល់​មន្រ្តី​ប៉ូលិស​ដែល​ការពារ​សណ្តាប់​ធ្នាប់​ទាំង​នោះ»។

ក្រុម​សិទ្ធិ​មនុស្ស​បាន​រិះគន់​វិធី​សាស្រ្តបង្រ្កាប​របស់ប្រទេស​ស៊ីមបាវ៉េ​ ជា​យូរ​មក​ហើយ។

ការ​ប្រើប្រាស់​ឧស្ម័ន​ទឹក​ភ្នែក​របស់​ប៉ូលិស​បាន​ក្លាយ​ជា​រឿង​ធម្មតា​នៅ​តាម​ផ្លូវ​នានា​ក្នុង​ក្រុង​ហារ៉ារ៉េ​ នៅ​ពេល​ដែល​ចលនា​បាតុកម្ម​ដែល​បាន​ចាប់​ផ្តើម​កាលពី​ខែ​កក្កដា​នៅ​តែ​បន្ត។
ការ​ប្រើប្រាស់​ឧស្ម័ន​ទឹក​ភ្នែក​របស់​ប៉ូលិស​បាន​ក្លាយ​ជា​រឿង​ធម្មតា​នៅ​តាម​ផ្លូវ​នានា​ក្នុង​ក្រុង​ហារ៉ារ៉េ​ នៅ​ពេល​ដែល​ចលនា​បាតុកម្ម​ដែល​បាន​ចាប់​ផ្តើម​កាលពី​ខែ​កក្កដា​នៅ​តែ​បន្ត។

លោក​ Dewa Mavhinga ​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ​Human Rights Watch ​និយាយ​ថា ​បាតុកម្ម​នៅ ឆ្នាំ​នេះ​អាច​បាន​ចាប់​ផ្តើម​ឡើង​ដោយសារ​តែ​បញ្ហា​សិទ្ធិ​មនុស្ស​ សិទ្ធិ​ស៊ីវិល​ជា​មូលដ្ឋាន និង​បញ្ហា​សេដ្ឋកិច្ច ប៉ុន្តែ​បាតុកម្ម​ទាំង​នោះ​បានកើត​មាន​កាន់​តែ​ច្រើន​ដោយសារ​តែ​ប្រតិកម្ម​របស់​រដ្ឋាភិបាល។​

«ពិត​ណាស់​ នេះ​គឺ​ដោយសារ​តែ​អភិបាលកិច្ច​មិន​ល្អ ​ការ​គ្រប់គ្រង​របស់​រដ្ឋ​មិន​បាន​ល្អ​ និងដោយ​សារ​តែ​អំពើ​ពុករលួយ​យ៉ាង​អនាធិបតេយ្យ។ ដូច្នេះ​ហើយ​ នេះ​ជា​អ្វី​ដែល​នាំ​ឲ្យ​ពលរដ្ឋ​នាំ​គ្នា​តវ៉ា​នៅ​តាម​ដង​ផ្លូវ។ គួរ​ឲ្យ​សោក​សា្តយ រដ្ឋាភិបាល​មិន​បាន​ធ្វើ​ការ​ឆ្លើយ​តប​ដោយ​ការ​ដោះស្រាយ​បញ្ហា​ដែល​ជា​ដើម​ចមនៃ​ការ​ធ្វើ​បាតុកម្ម​នោះ​ទេ ប៉ុន្តែ​ខ្លួន​បែរ​ជា​ធ្វើ​ការ​បង្ក្រាប​ដោយ​ហិង្សា​ទៅ​លើហ្វូង​បាតុករ​ទាំង​នោះ​ ដែល​រំលោភ​ដល់​សិទ្ធិ​មនុស្ស​កាន់​តែ​ខ្លាំង​ថែម​ទៀត»។

រដ្ឋាភិបាល​ស៊ីមបាវ៉េ​ បាន​សន្យា​ថា​ នឹង​ប្រកាន់​ជំហរ​ដ៏​រឹងមាំ​របស់​ខ្លួន​ប្រឆាំង​ទៅ​នឹង​អ្វី​ដែល​ខ្លួន​ហៅ​ថា ជា​ផែនការ​ប្រឆាំង​រដ្ឋាភិបាល​ ដែល​ដឹកនាំ​ដោយ​ប្រទេស​លោក​ខាង​លិច។

ប៉ុន្តែ​នៅ​ថ្ងៃទី២៦ ខែសីហា​ ក្រុម​ប្រឆាំង​ដែល​នៅ​ពី​ក្រោយ​បាតុកម្ម​ចុង​ក្រោយ​នេះ​បាន​ស្បថ​ថា​ «ចូរ​អ្នក​បង្រ្កាប​យើង​តាម​តែ​ចិត្ត​អ្នក​ចង់​ចុះ​ ប៉ុន្តែ​យើង​នឹង​មិន​ចុះ​ចាញ់​នោះ​ទេ»។ ​ពួកគេ​មាន​គម្រោងធ្វើ​បាតុកម្ម​រៀង​រាល់​សប្តាហ៍​នាង​ពេល​ខាង​មុខ៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG