ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រធានាធិបតី​ស៊ីមបាវ៉េ​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ផ្ទះ បន្ទាប់​ពី​យោធា​ធ្វើ​សកម្មភាព


ទាហាន​ដើរ​ល្បាត​នៅ​លើ​ផ្លូវ​មួយ​នៅ​ក្នុង​ក្រុង Harare ស៊ីមបាវ៉េ កាលពី​ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧។

ប្រធានាធិបតី​រយៈពេល​យូរ​អង្វែង​នៃ​ប្រទេស​ស៊ីមបាវ៉េ កំពុង​ជាប់​ឃុំ​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក។ នេះ​បើយោង​តាម​សម្តី​របស់​ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង​កាល​ពី​ថ្ងៃ​ពុធ។ វាសនា​របស់​លោក​ប្រធានាធិបតី Robert Mugabe នៅ​មិន​ទាន់​ប្រាកដប្រជា​នៅ​ឡើយ​ទេ បន្ទាប់​ពី​ហេតុការណ៍​ដែល​ទំនង​ជា​កិច្ចខិតខំប្រឹងប្រែង​របស់​យោធា​ក្នុង​ការ​ទម្លាក់​លោក​ចេញ​ពី​តំណែង ក្រោយ​កាន់​អំណាច​អស់រយៈពេល​៣៧​ឆ្នាំ។

គណនីលើ​បណ្តាញ​សង្គម​រាយការណ៍​ថា ស្ថានភាព​មាន​ភាព​តានតឹង​នៅក្នុង​រដ្ឋធានី Harare ខណៈ​ដែល​អាជីវកម្ម​មួយ​ចំនួន​ត្រូវ​បិទទ្វារ​មុន​កំណត់។

រថក្រោះ​នានា​បាន​បើក​កាត់​រដ្ឋធានី Harare កាល​ពី​ថ្ងៃ​អង្គារ មួយ​ថ្ងៃ​បន្ទាប់​ពី​មេបញ្ជាការ​កងទ័ព​ស៊ីមបាវ៉េ លោក​ឧត្តមសេនីយ៍ Constantino Chiwenga បាន​ព្រមាន​ថា លោក​នឹង​លូកដៃ​ចូល លុះត្រា​ណា តែ​លោក​ប្រធានាធិបតី Mugabe ឈប់​ព្យាយាម​កម្ចាត់​អ្នក​គាំទ្រ​លោក​អតីត​អនុប្រធានាធិបតី Emmerson Mnangagwa នៃ​គណបក្ស​កាន់​អំណាច ZANU-PF។ មនុស្ស​រាប់​សិប​នាក់​ត្រូវ​បាន​ចាប់​ខ្លួន ចាប់​តាំង​ពី​លោក Mugabe បាន​បណ្តេញ​លោក​អនុប្រធានាធិបតី​ចេញ​ពី​តំណែង​កាល​ពី​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា​មក។ ​

គណបក្ស​កាន់​អំណាច​ស៊ីមបាវ៉េ បាន​ចោទប្រកាន់​លោក Chiwenga ថា «ធ្វើ​សកម្មភាព​ក្បត់ជាតិ» បន្ទាប់​ពី​លោក​បាន​ចេញ​សេចក្តីថ្លែងការណ៍​នោះ​មក៕

XS
SM
MD
LG