ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវីធី «កៅអី​មិត្តភាព» ឬ Friendship Bench របស់​ស៊ីមបាវ៉េ​ផ្តល់​គម្រោង​​​​ព្យាបាល​សុខភាព​ផ្លូវ​ចិត្តនៅ​ទូទាំង​ទ្វីប​អាហ្រ្វិក


នេះ​ជា​កម្មវីធី «កៅអី​មិត្តភាព» ឬ Friendship Bench របស់​ស៊ីមបាវ៉េ។
នេះ​ជា​កម្មវីធី «កៅអី​មិត្តភាព» ឬ Friendship Bench របស់​ស៊ីមបាវ៉េ។

ក្រុម​វេជ្ជបណ្ឌិត​បាន​និយាយ​ថា​ បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ គឺ​ជា​វិបត្តិ​លាក់​កំបាំង​ក្នុង​ទ្វីប​អាហ្រ្វិក​ ប៉ុន្តែ​អ្នក​​ប្រឹក្សា​សុខភាព​នៅ​ក្នុង​ប្រទេស​ស៊ីមបាវ៉េ​ បាន​ផ្តល់​​វគ្គ​ព្យាបាល​ឯកជន ​នៅ​តាម​​មណ្ឌល​សុខភាព​នៅ​ក្នុងទីក្រុង​ហារ៉ារ៉េ (Harare)។ ការ​ពិសោធន៍​មួយ​ ធ្វើ​ឡើង​ដោយ​សាកលវិទ្យាល័យ​ស៊ីមបាវ៉េ​ រួម​ជាមួយ ​សាលាវេជ្ជសាស្រ្តត្រូពិក និងអនាម័យនៃទីក្រុងឡុងដ៏ឬ ​London School of Hygiene and Tropical Medicine និង សាកលវិទ្យាល័យ King's College London​ បាន​​​បង្ហាញ​ថា​ ការ​ព្យាបាល​នេះ ​​នាំ​ឱ្យ​មាន​​ភាព​ប្រសើរ​ឡើង​ច្រើន​ ផ្នែក​សុខភាព​ផ្លូវ​ចិត្ត។ ការ​ព្យាបាល​នេះ​អាច​ជា​គម្រោង​មួយ​​សម្រាប់​ដោះស្រាយ​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​នៅ​ក្នុង​ទ្វីប​អាហ្រ្វិក។

វេជ្ជបណ្ឌិត​ Victoria Simms ​នៅ​សាលាវេជ្ជសាស្រ្តត្រូពិក និងអនាម័យនៃទីក្រុងឡុងដ៏ បាន​និយាយ​ថា ក្រុម​វេជ្ជបណ្ឌិត បាន​ប៉ាន់​ស្មាន​ថា ​ពលរដ្ឋ​ស៊ីមបាវ៉េម្នាក់​ក្នុង​ចំណោម​បួននាក់​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត ​ឬ​ជំងឺថប់​អារម្មណ៍ ប៉ុន្តែ​មាន​គ្រូ​ពេទ្យ​ផ្លូវ​ចិត្ត​តែ​១២រូប​ប៉ុណ្ណោះ​ សម្រាប់ព្យាបាល​ពលរដ្ឋស៊ីមបាវ៉េ​ទាំងអស់​ដែលមានចំនួនដល់ទៅ​ ១៤​លាន​នាក់។

«យើង​មិន​អាច​ទៅបង្រៀនពេទ្យផ្លូវចិត្ត និង​ពេទ្យ​ចិត្តសាស្ត្រ​បាន​ទេ ព្រោះ​ថាវា​ត្រូវ​ការចំណាយ​ពេល ​ដល់ទៅ១៥ឆ្នាំ ដើម្បីបង្រៀនគ្រូពេទ្យទាំងនោះ។ ដូច្នេះហើយតើ​យើង​នឹង​ផ្តល់​ការ​ព្យាបាល​យ៉ាង​ដូច​ម្តេច​ទៅ?»

ក្រុម​គ្រូពេទ្យ​ក្នុង​តំបន់ ​បាន​រក​ឃើញវិធី​ដ៏​សាមញ្ញ​មួយ ​ប៉ុន្តែ​វា​មាន​ប្រសិទ្ធិភាព​ខ្ពស់។

វេជ្ជបណ្ឌិត​ Victoria Simms ​បាន​ឲ្យ​ដឹង​ថា ​កៅអី​ឈើ​ ឬ​ហៅ​ថា «កៅអី​មិត្តភាព»ជាច្រើន ​ត្រូវ​បាន​ដំឡើង​នៅតាម​មណ្ឌល​សុខភាពក្នុង​ទី​ក្រុង​ហារ៉ារ៉េ​។ អ្នក​ជំងឺ​មក​ទី​នេះ​ទទួល​បានការ​ប្រឹក្សា​យោបល់​តទល់ជាមួយអ្នកប្រឹក្សា​សុខភាដែល​គេ​ស្គាល់​ថា​ជា ​«លោក​យាយ​សេវា​សុខភាព»​ ចំនួន​ប្រាំ​មួយ​វគ្គ។

«យើងត្រូវបណ្តុះបណ្តាលចាប់តាំងពីកំរិងទាបបំផុតនៅ​ក្នុង​ប្រព័ន្ធ​សុខាភិបាល។ គឺបណ្តុះបណ្តាល​ស្ត្រី​ទាំង​នោះឲ្យមានសមត្ថភាព​អាចផ្តល់​ការ​ព្យាបាល​តាម​ការដោះស្រាយ​បញ្ហាបាន។ ដូច្នេះ​ហើយ ​អ្នក​ជំងឺ​នឹង​ពន្យល់ដោយបើកចំហរ ​នូវ​រាល់​បញ្ហា​របស់​ពួកគេ ហើយអ្នកជំងឺ ​មើ​លឃើញ​ថា ពួកគេ​អាច​ធ្វើ​អ្វី​មួយបាន ដើម្បី​ដោះ​ស្រាយបញ្ហាទាំងនោះ»។

​មាន​អ្នក​ជំងឺ​ជាង​៥៥០នាក់បាន​ចូលរួមការ​សិក្សា​នេះ។ បន្ទាប់​ពី​រយៈ​ពេល​ប្រាំមួយ​ខែ​ មាន​អ្នក​ជំងឺ​នៅក្នុង​ក្រុម​កៅអី​មិត្តភាពចំនួនតែ​១៤ ​ភាគរយប៉ុណ្ណោះ មាន​រោគ​សញ្ញា​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ ​បើ​ធៀប​ទៅ​នឹងក្រុម​អ្នកជំងឺដែល​មិន​បាន​ចូលរួម​ក្នុង​ក្រុម​កៅអី​មិត្តភាព ដែលមានចំនួនដល់ទៅ​៥០ភាគរយ​។ ការសិក្សានេះក៏បានបង្ហាញថា អាត្រានៃការធ្វើអត្តឃាតរបស់អ្នកជំងឺមានការថយចុះ ដល់ទៅ៥ដង។

វេជ្ជបណ្ឌិត​ Dixon Chibanda គឺសហស្ថាបនិក​នៃ​កម្មវិធី ​កៅអី​មិត្តភាព​ នៃ​សាកលវិទ្យាល័យ​ស៊ីមបាវ៉េ ​បាន​ប្រាប់ VOA តាម​ប្រព័ន្ធ​ Skype ថា ​គម្រោង​នេះបានផ្តល​អត្ថប្រយោជន៍​យ៉ាងធំ​ទូលាយ។

«វា​មិន​ត្រឹមតែ​ជា​កញ្ចប់​សេវា​ព្យាបាល​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ប៉ុណ្ណោះ​ទេ​ តែ​វា​ជា​កញ្ចប់​សេវាដែល​ធ្វើ​ឲ្យមាន​ភាពប្រសើរ​ឡើងនៃជំងឺជាច្រើន ​ដូចជា​ជំងឺ​លើស​ឈាម ជំងឺ​ទឹក​នោមផ្អែម និង​ការ​ប្រើប្រាស់​ថ្នាំ​របស់​អ្នកជំងឺ​ដែល​មានផ្ទុកមេរោគ​អេដស៍»។

ភាព​ជោគជ័យ​មួយ​នេះ បាន​ធ្វើឱ្យ​កម្មវិធី​កៅអី​មិត្តភាព​ ត្រូវ​បានដាក់​ពង្រាយ​ទៅតាម​មណ្ឌល​សុខភាព​ចំនួន​៦០ ក្នុង​ទីក្រុង​ហារ៉ារ៉េ ​និង​ទីក្រុង​ចំនួន​ពីរ​ផ្សេង​ទៀត។ ​រដ្ឋាភិបាល​ប្រទេស​កាណាដា កំពុង​ផ្តល់​ជំនួយ​ដើម្បីពង្រីកគម្រោងនេះ តាមរយៈ​កម្មវិធី​ជំនួយ​កាណាដា​របស់​ខ្លួន ឬ (Grand Challenges Canada)​ ដើម្បីធ្វើ​ឱ្យ​វា​ក្លាយ​ទៅ​ជា​កម្មវិធី​ធំ​បំផុត​នៅ​ក្នុងតំបន់​សាហារ៉ា​នៃ​ទ្វីប​អាហ្វ្រិក។

ក្រុម​អ្នក​ស្រាវ​ជ្រាវ​និយាយ​ថា​ វា​អាច​ជា​គម្រោងសម្រាប់​ជួយសុខភាព​ផ្លូវ​ចិត្ត បានយ៉ាងប្រសើរ​នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប និង​អាច​ផ្តល់​ជា​មេរៀន​ក្នុង​ការ​ព្យាបាល​ទៅកាន់​ប្រទេស​អ្នក​មានមួយចំនួន៕

ប្រែ​សម្រួល​ដោយ៖ ឆាយ ​គីមហ៊ង

XS
SM
MD
LG